
ទិដ្ឋភាពគ្រោះថ្នាក់ចរាចរណ៍នៅខេត្តកំពង់ស្ពឺកាលពីពេលថ្មីៗកន្លងមកនេះ។ ប៉ូលិស
ប្រទេស ថៃ គឺជាប្រទេសជាប់ចំណាត់ថ្នាក់រឿងគ្រោះថ្នាក់ចរាចរណ៍ច្រើនជាងគេក្នុងចំណោម ១០ ប្រទេសនៅលើសកលលោកដោយនៅពេលចូលឆ្នាំថ្មីម្តងៗយ៉ាងហោចណាស់ក៏មានមនុស្សស្លាប់ប្រមាណជា ៥០០ នាក់ដែរ។
តែកាលពីឆ្នាំមុនមានអ្នកស្លាប់ធ្លាក់ចុះមកត្រឹម ៤០០ នាក់ ខណៈនៅក្នុងឆ្នាំនេះអាជ្ញាធរថៃដឹកនាំដោយលោក ប្រាយុធ ចាន់អូចា កំពុងតែពិចារណា យកយុទ្ធនាការថ្មីដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ក្នុងអំឡុងចូលឆ្នាំថ្មីខាងមុខគឺហាមលក់គ្រឿងស្រវឹងទូទាំងប្រទេស ហើយអ្នកលក់ស្រានៅចំថ្ងៃបម្រាមនោះអាចប្រឈមមុខនឹងការជាប់ពន្ធនាគារដល់ទៅ ៦ ខែ និងពិន័យ ១ ម៉ឺនបាតដែលគិតជាលុយរៀលជិត ១ លាន ៣ សែនរៀល។ នេះបើតាមកាសែត The Nation ចុះផ្សាយកាលពីថ្ងៃទី ២៩ ខែ មីនា។
ចំណែកឯប្រទេស កម្ពុជា វិញក៏មានអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍ច្រើនផងដែរក្នុងអំឡុងចូលឆ្នាំខ្មែរ ដោយកាលពីឆ្នាំ ២០១៧ ស្លាប់ចំនួន ៤៣ នាក់ រីឯនៅក្នុងឆ្នាំ ២០១៨ អ្នកស្លាប់បានថយមកត្រឹម ២៦ នាក់ តែចំនួននេះក៏នៅតែខ្ពស់ដដែល។
ដោយឡែកគ្រោះថ្នាក់ចរាចរណ៍កាលពីសប្តាហ៍កន្លងទៅថ្មីៗនេះ គឺមានលក្ខណៈដ៏រន្ធត់ខ្លាំងដោយមានតាំងពីការធ្វេសប្រហែស មានតាំងពីមានចេតនាបើកបំបុកចូលហ្វូងមនុស្សយកតែម្តង។ ដូចជាករណីឈ្មោះ យិន ឃុនម៉ី ហៅ ម៉ាណា បានបើករថយន្តម៉ាក Range Rover ទៅបុកលើម៉ូតូមួយគ្រឿងដែលបើកបរដោយកញ្ញា ឌុំ រីដា ជានិស្សិតធ្វើឲ្យប៉ើងហោះដូចក្រដាសស្លាប់ភ្លាមៗ ជាករណីដែលត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានហៅថាការបើកបរដោយគ្មានគុណធម៌ និងជំរុញឲ្យរកមុខអ្នកបើកបរឲ្យឃើញ ហើយមកទល់ពេលនេះ កញ្ញា ឃុនម៉ី ត្រូវបានតុលាការបង្គាប់ឲ្យឃុំខ្លួន។
កន្លងផុតបាន២ថ្ងៃបន្ទាប់មកក៏ស្រាប់តែមានករណីខឹងគេមិនហៅផឹកស៊ីពេលបុណ្យអ្នកតានៅសង្កាត់បឹងសាឡាងខណ្ឌទួល គោកក៏យករថយន្តម៉ាក Lexus 300 បើកបំបុកមនុស្សកំពុងទទួលទានអាហារថ្ងៃត្រង់ស្លាប់អស់ ២ នាក់ ខណៈ ៦ នាក់ទៀតរបួសធ្ងន់ រីឯជនបង្កក៏ត្រូវបានចាប់ខ្លួនភ្លាមៗផងដែរ។
ចំណុចមួយទៀតនៅពេលទំនោរបង្ហាញភាពហ៊ឺហាជាមួយនឹងសម្ភារនិយមយូរៗទៅមានអ្នកបើកបរខ្លះថែមទាំងលែងស្គាល់ លែងគោរពសិទ្ធិអាទិភាពរបស់រថយន្តស៊ីរ៉ែនជូនដំណើរគណៈប្រតិភូដែលមកទស្សនកិច្ចនៅកម្ពុជាទៅទៀត។ ដូចជា ថ្មីៗនេះនៅខេត្តកោះកុងមានរថយន្តម៉ាក Lexus 300 មួយគ្រឿងរបស់មន្ត្រីនៃមន្ទីរកសិកម្មខេត្តកោះកុងបានបើកបរចូលក្នុងក្បួនអមដំណើរគណៈប្រតិភូវៀតណាមខណៈកំពុងបំពេញទស្សនកិច្ចនៅខេត្តកោះកុងហើយបានបុកជាមួយរថយន្តស៊ីរ៉ែនធ្វើឲ្យមន្ត្រីកងរាជអាវុធហត្ថចំនួន ៣ នាក់រងរបួស តែស៊ីសងគ្នាក្រៅតុលាការ ស្របពេលដែលនៅខេត្តក្រចេះឯណោះវិញមានរថយន្តស៊ាំងយ៉ុងមីនីបឹស ១ គ្រឿងដែលកំពុងដឹកអង្ករបានក្រឡាប់ម្នាក់ឯង បណ្ដាលឲ្យស្លាប់មនុស្សម្នាក់។
ការដែលមានករណីគ្រោះថ្នាក់ចរាចរណ៍ផ្ទួនៗគួរឲ្យរន្ធត់នាប៉ុន្មានថ្ងៃនេះ បានធ្វើឲ្យពលរដ្ឋខ្លះខ្លាចរអានឹងការធ្វើចរាចរណ៍តាមផ្លូវក្នុងអំឡុងថ្ងៃចូលឆ្នាំខ្មែរដែលតាមធម្មតាយើងតែងតែរីករាយនាំគ្នាទៅលេងស្រុកកំណើតរៀងៗខ្លួន។
បើធ្វើការប្រៀបធៀបរវាងអ្នកស្លាប់ដោយសារគ្រោះថ្នាក់ចរាចរណ៍កាលពីឆ្នាំ ២០១៨ គឺមានចំនួន ១ ៨០០ នាក់ ខណៈគ្រោះថ្នាក់ដោយសារមីនមានតែ ៥៨ នាក់ (CMAC, 2019) ហើយករណីជំងឺគ្រុនឈាមគឺមានកុមារស្លាប់តែម្នាក់ ស្របពេលដែលជំងឺគ្រុនចាញ់មានអ្នកស្លាប់ ៣ នាក់ (MOH, 2018)។
ម្យ៉ាងវិញទៀតការផ្សព្វផ្សាយអប់រំអំពីចំណេះដឹង និងគ្រោះថ្នាក់ចរាចរណ៍នៅលើផ្ទាំងរូបភាពធំៗតាមទីសាធារណៈក្តីនិងទូរទស្សន៍ក្តីគឺមានចំនួនតិចតួចបំផុត ហើយមានកន្លែងខ្លះគឺផ្ទាំងសារនោះថែមទាំងស្លេកពណ៌មើលលែងស្គាល់ ហើយបែរ មកមើលស្លាកផ្សាយពាណិជ្ជកម្មស្រា និងស្រាបៀរដែលជាសារធាតុបណ្តាលឲ្យមានគ្រោះថ្នាក់ចរាចរណ៍វិញគឺដំឡើងតាមដងផ្លូវដោយមានគ្រប់ពណ៌ហើយស្លាកមានលក្ខណៈទំនើបបែបដេញជើងគ្នាទៀតផង។
បើនិយាយពីពាណិជ្ជកម្មស្រានិងស្រាបៀរតាមទូរទស្សន៍វិញហាក់បានពង្វក់យុវជនឡើងវីវក់អស់ទៅហើយ ដោយមានចេញគ្រប់ឈុតគ្រប់ឆាកតាមឌីជីលទំនើបៗ អនឡាញព្រោងព្រាតពោលគឺងាកទៅណាក៏ឃើញដែរ។
ជុំវិញករណីនេះ មានសំណួរដ៏សាមញ្ញមួយថា តើ គ្រោះថ្នាក់ចរាចរណ៍កាន់តែកើនឡើងនិងអ្នកបើកបរលែងគិតគូរពីគុណធម៌ហ្នឹងមកពីការសង់ផ្លូវល្អៗស្រួលបើកពេក? មានន័យថា ផ្លូវកាន់តែល្អ ករណីគ្រោះថ្នាក់កាន់តែកើនឡើង?
បញ្ហានេះមិនទាន់មានការសិក្សាស្រាវជ្រាវជាក់លាក់ល្អិតអំពីទំនាក់ទំនងគ្នារវាងផ្លូវល្អ និងករណីគ្រោះថ្នាក់ចរាចរណ៍នេះនៅឡើយទេ។ ទោះជាយ៉ាងណាក៏មានរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី ADB ចេញផ្សាយកាលពីឆ្នាំ ២០០៨ បានលើកឡើងពីផលប៉ះពាល់ពីការសង់ផ្លូវបានល្អ ធ្វើឲ្យមានការរីករាលដាលនៃជំងឺឆ្លងមកស្រុកភូមិផងដែរ ដូចជាជំងឺអេដស៍ និងជំងឺគ្រុនចាញ់ជាដើម នៅពេលពលរដ្ឋមានឱកាសធ្វើចំណាកស្រុករកការងារធ្វើនៅក្រៅស្រុករបស់ខ្លួននោះ។
សរុបមកវិញ អំឡុងពេលចូលឆ្នាំខ្មែរខាងមុខនេះ គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោកគួររៀបចំមុនករណីគ្រោះថ្នាក់ចរាចរណ៍កើតឡើងគឺទី១) គួររឹតបន្តឹងទៅអ្នកបើកបរដោយមានលក្ខណៈស្រវឹងចាប់ផាកពិន័យ ដាក់គុកទៅតាមច្បាប់ដែលមានចែង។
ទី២) កាត់បន្ថយការផ្សព្វផ្សាយពាណិជ្ជកម្មស្រា និងស្រាបៀរដែលប្រកាសពីត្រូវរង្វាន់ច្រើនពេក។
ទី៣) បង្កើនថវិកាចំណាយបន្ថែមចំពោះការរៀបចំផ្សព្វផ្សាយសារអប់រំអំពីចរាចរណ៍តាមកញ្ចក់ទូរទស្សន៍តាមកាសែតនិងអនឡាញដើម្បីជួយទប់ស្កាត់ទាំងអស់គ្នាជាជាងចាំតែស្រង់តែទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ គ្មានសារអប់រំនោះ។
ទី៤) ប្រសិនបើកូនមិនទាន់ដល់អាយុបើកបរឬក៏មានជំងឺផ្លូវចិត្ត ឪពុកម្តាយត្រូវតែរកអ្នកបើកឲ្យកូនទៅណាមកណានោះជាជាងបុកគេស្លាប់ហើយបានមកបង្ហាញសមត្ថកិច្ចថាកូនមានរោគចិត្តគឺវាយឺតពេលទៅហើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com