
ពិធីប្រគល់សម្ភារសម្រាប់វិស័យមីនរបស់ចិនដល់ភាគីកម្ពុជាកាលពីពេលកន្លងមក។ ហេង ជីវ័ន
មីនគឺជាវិញ្ញាណកំណាចដែលឆក់យកជីវិតមនុស្សលោក។ យោងតាមស្ថិតិមិនពេញលេញមួយបានបង្ហាញថា បច្ចុប្បន្នពិភពលោកមានបរិមាណមីនចំនួនជាង ១១០ លានគ្រាប់ ពង្រាយនៅតាមប្រទេសជាង ៧០ ហើយជារៀងរាល់ឆ្នាំមានមនុស្សជាង ២ ម៉ឺននាក់រងរបួស និងបាត់បង់ជីវិតដោយសារវា។
ក្នុងនោះមីនមួយចំនួនត្រូវបានបន្សល់តាំងពីសម័យសង្គ្រាមពិភពលោកលើកទី២ ដែលទីតាំងបង្កប់មីនជាច្រើនមិនត្រូវបានដឹងច្បាស់ឡើយ នាពេលបច្ចុប្បន្នជាហេតុបង្កការគំរាមកំហែងឥតស្រមោលយ៉ាងធ្ងន់ធ្ងរ។ អ្នកខ្លះធ្លាប់និយាយថា ស្លាកស្នាមសង្គ្រាមដែលពិបាកលុបបំបាត់ជាងគេ មិនមែនផ្ទះដែលរលំ និងស្ពានដែលបាក់បែកទេ តែជាមីនបង្កប់ក្រោមដី ។
គ្រោះថ្នាក់មីននៅតែជាឧបសគ្គសម្រាប់កិច្ចកសាងជាតិ និងអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជា។ ក្នុងអំឡុងពេល ៤០ ឆ្នាំកន្លងទៅនេះ គ្រោះថ្នាក់មីនបានបង្ករបួស និងឆក់យកជីវិតប្រជាជនកម្ពុជាជាង ៥ ម៉ឺននាក់ ក្នុងនោះត្រឹមតែឆ្នាំ ២០១៨ មានជាង ៣០ ករណី។ ខ្ញុំធ្លាប់បានអានអត្ថបទព័ត៌មានមួយនិយាយអំពីក្រុមគ្រួសារដែលមានសមាជិក ៣ នាក់រស់នៅជាយក្រុងភ្នំពេញដោយបុរសជាប្ដីឈ្មោះ Rangqi តែងក្រោកពីដំណេកនៅម៉ោង ៤ ទៀបភ្លឺជារាល់ថ្ងៃ និងចាប់ផ្ដើមរត់ហាត់កីឡាចម្ងាយ ៨ គីឡូម៉ែត្រ។
នៅពេលដែលព្រះអាទិត្យរះចាំងមកផែនដី គាត់ដោះចេញនូវជើងសិប្បនិម្មិតសំឡីកែវប្ដូរដាក់ជើងសិប្បនិម្មិតកៅស៊ូវិញម្ដង រួចចាប់ផ្ដើមការងារថ្ងៃថ្មីរបស់គាត់។កាលពីជាង ១០ ឆ្នាំមុន នៅពេលប្រពន្ធគាត់ចុះស្វែងរករ៉ែជាមួយគ្រួសារ នាងបានទទួលរងអកុសលជាន់ត្រូវមីនធ្វើឲ្យបាត់បង់ជើងខាងស្ដាំ។ រាល់ពេលខ្ញុំឮអំពីគ្រោះថ្នាក់ផ្ទុះមីនម្ដងៗ ខ្ញុំតែងតែនឹកឃើញដល់ព័ត៌មានមួយនេះ និងមានអារម្មណ៍កម្សត់ជាខ្លាំងចំពោះសេចក្ដីទុក្ខដ៏សែនពិបាកថ្លែងរបស់ក្រុមគ្រួសារទាំងនោះ។
ប៉ុន្តែអ្វីដែលជាកម្លាំងចិត្តរបស់មនុស្សទាំងឡាយនោះ គឺកិច្ចការសម្អាតមីន និងរក្សាភាព ស្ងប់សុខបានក្លាយជារបៀបវារៈសំខាន់មួយរបស់រាជរដ្ឋាភិបាលកម្ពុជា ហើយទទួលបានភាពរីកចម្រើនប្រកបដោយវិជ្ជមានក្នុងការងារនេះ។ ចាប់តាំងពីឆ្នាំ ១៩៩២ មកកម្ពុជាបានស្វែងរក និងកម្ទេចចោលគ្រាប់មីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះបានចំនួន ៣,៨ លានគ្រាប់, ជនរងគ្រោះដោយសារមីនមានការថយចុះជាបន្តបន្ទាប់រាល់ឆ្នាំ, ផ្ទៃដីមួយចំនួនធំដែលទទួលរងអំពល់ពីគ្រាប់មីនត្រូវបានសម្អាតរួចរាល់ និងប្រគល់ជូនប្រជាពលរដ្ឋដើម្បីធ្វើជាមូលដ្ឋានគ្រឹះក្នុងការស្ដារ កសាង និងអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជាក្រោយសម័យសង្គ្រាម។
យោងតាម “ផែនការយុទ្ធសាស្ត្រ សកម្មភាពបោសសម្អាតមីនឆ្នាំ ២០១៨-២០២៥” កម្ពុជានឹងសម្រេចបានការងារបោសសម្អាតមីនទាំងស្រុងនៅឆ្នាំ ២០២៥។ នេះបង្ហាញច្បាស់អំពីការប្ដេជ្ញាចិត្តក្នុងការកម្ចាត់មីនឲ្យបានទាំងស្រុង និងទស្សនៈដឹកនាំដែលតែងចាត់ទុកសុវត្ថិភាព សុខុមាលភាព ប្រជាជន ជាកិច្ចការចម្បងរបស់រាជរដ្ឋាភិបាលកម្ពុជា។
សកម្មភាពបោសសម្អាតមីនរបស់ចិន “ចេញដំណើរជាថ្មីម្ដងទៀត” ចិនតែងប្រកាន់ខ្ជាប់ទស្សនបុរាណមួយថា “កាលណាយើងក្រលំបាក យើងត្រូវខិតខំប្រឹងប្រែងអភិវឌ្ឍខ្លួនឯង កាលណាយើងមានបាន យើងត្រូវព្យាយាមនាំផលប្រយោជន៍ជូនអ្នកជិតខាងវិញ” ហើយការប្រព្រឹត្តអំពើល្អ និងចេះជួយយកអាសាគ្នាគឺជាគុណធម៌ ប្រពៃណីរបស់ចិន។
ប្រទេស ចិន ក៏ធ្លាប់ទទួលរងគ្រោះដោយសារមីនដែរ តំបន់ព្រំដែនខេត្តយូណាន និងខេត្តក្វាងស៊ី នៅមានកាកសំណល់មីន និងគ្រឿងផ្ទុះជាច្រើន។ ដើម្បីអភិវឌ្ឍតំបន់ព្រំដែនលើកកម្ពស់ជីវភាពប្រជាជន ចាប់តាំងពីទសវត្សរ៍ ៩០ សតវត្សរ៍មុន ចិនបានបង្កើតសកម្មភាពបោសសម្អាតមីនតាមព្រំដែនទ្រង់ទ្រាយធំចំនួន ៣ លើក ហើយបច្ចុប្បន្នគ្រោះហានិភ័យមីនត្រូវបានសម្អាតរួចជាស្ថាពរ។
សកម្មភាពបោសសម្អាតមីនផ្សេងៗ បានសន្សំជាបទពិសោធសម្រាប់យើង និងបញ្ជាក់អំពីភាពអាចសម្រេចបាន ទុកចិត្តបាន និងសុវត្ថិភាពបរិក្ខារបច្ចេកទេសក្នុងវិស័យសម្អាតមីនរបស់ចិនផងដែរ។
ដើម្បីជាជំនួយដល់ប្រទេសរងគ្រោះដោយសារមីន លោកប្រធានាធិបតី ស៊ី ជីនភីង កាលពីឆ្នាំ ២០១៥ ធ្លាប់បានប្រកាសអំពីវិធានការសំខាន់ជាច្រើនសម្រាប់គាំទ្រ និងពង្រឹងបន្ថែមលើសកម្មភាពរក្សាសន្តិភាពក្នុងក្របខ័ណ្ឌអង្គការសហប្រជាជាតិ ក្នុងកិច្ចប្រជុំកំពូលបុព្វហេតុសន្តិភាពអង្គការសហប្រជាជាតិក្នុងនោះរួមមានគម្រោងជំនួយសម្អាតមីន ១០ ដង ក្នុងរយៈពេល ៥ ឆ្នាំផងដែរ។
ជាការពិត មុនពេលលោកប្រធានាធិបតី ស៊ី ជីនភីង ប្រកាសវិធានការទាំងនេះ ប្រទេស ចិន តែងចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការអន្តរជាតិ វិស័យមីនគោលដៅមនុស្សធម៌ និងបានផ្ដល់ជាជំនួយបោសសម្អាតមីនដល់ប្រទេសកំពុងអភិវឌ្ឍន៍ដែលមានបញ្ហាមីនធ្ងន់ធ្ងរ តែមិនមានលទ្ធភាពផ្ទាល់ខ្លួនគ្រប់គ្រាន់យើងប្រឹងប្រែងជួយពួកគេឲ្យសម្រេចបានកិច្ចអភិវឌ្ឍន៍ដោយចីរភាពក្នុងសកម្មភាពសម្អាតមីន។
ចាប់ពីឆ្នាំ ១៩៩៨ មក ចិនតែងផ្ដល់ជំនួយមនុស្សធម៌ក្នុងវិស័យមីនតាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាលបច្ចេកទេស បញ្ជូនអ្នកជំនាញចុះណែនាំហ្វឹកហាត់ដល់ទីតាំងផ្ទាល់ និងជំនួយសម្ភារសម្អាតមីនផ្សេងៗជារៀងរាល់ឆ្នាំ។ស្ថិតិបង្ហាញថា មកទល់សព្វថ្ងៃ ចិនបានផ្ដល់ជំនួយប្រភេទនេះ និងបណ្ដុះបណ្ដាលអ្នកជំនាញសម្អាតមីនជិត ១ ០០០ នាក់ សម្រាប់ប្រទេសជាង ៤០ នៅអាស៊ី អាហ្រ្វិក និងអាមេរិកឡាទីន ដែលក្នុងនោះរួមមានទាំងកម្ពុជាផងដែរ។
បង្កើតយុគសម័យថ្មីលើកិច្ចសហប្រតិបត្តិការរវាងចិន និងកម្ពុជាក្នុងវិស័យសម្អាតមីនក្នុងនាមជាបងប្អូនល្អ មិត្តភក្ដិល្អ កម្ពុជាគឺជាគោលដៅសំខាន់នៃជំនួយ និងកិច្ចសហប្រតិបត្តិការសម្អាតមីនរបស់ចិន។ កិច្ចសហប្រតិបត្តិការសម្អាតមីនរវាងចិន និងកម្ពុជា គឺជាខ្លឹមសារសំខាន់ក្នុងទំនាក់ទំនងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរបស់ប្រទេសទាំង ២ និងជាការងារសំខាន់មួយដែលខ្ញុំផ្ទាល់ជាឯកអគ្គរដ្ឋទូតចិនត្រូវតែជំរុញទៅមុខ។
ក្រោមការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំប្រទេសទាំង ២ ភាគីទាំងសងខាងសម្រេចបានកាន់តែស៊ីជម្រៅលើកិច្ចសហប្រតិបត្តិការវិស័យមីនក្នុងប៉ុន្មានឆ្នាំនេះ។ ចិនទាំងកម្រិតរដ្ឋាភិបាលយោធា និងសង្គមស៊ីវិលបានបន្តពង្រីកកម្លាំងគាំទ្រ និងជួយដល់រដ្ឋាភិបាលកម្ពុជាក្នុងការ សង្គ្រោះអាយុជីវិត និងអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការរៀបចំវគ្គបណ្ដុះបណ្ដាល ការផ្ដល់បរិក្ខារសម្អាតមីន និងសម្ភារជំនួយមនុស្សធម៌ផ្សេងៗ។
ជំនួយរដ្ឋាភិបាលចិនគឺជាជំនួយស្មោះត្រង់ និងគ្មានភាពអាត្មានិយមក្នុងនោះទេ ភាគីចិនរីករាយនាំយកបទពិសោធ និងវិធីសាស្ត្រសម្អាតមីនដែលខ្លួនដកពិសោធន៍បានដើម្បី ចែក រំលែកជូនកម្ពុជាដោយមិនលាក់លៀម។ នេះមិនត្រឹមជាសញ្ញាណតំណាងឲ្យការចូលរួមការពារ សន្តិភាពពិភពលោកផ្សព្វផ្សាយទស្សនៈមនុស្សធម៌ទេ ប៉ុន្តែថែមទាំងជាភ័ស្ដុតាងជាក់ច្បាស់នៃទំនាក់ទំនងមិត្តភាពចិន និងកម្ពុជាផងដែរ។
ឆ្នាំនេះ រដ្ឋាភិបាលចិនសម្រេចផ្ដល់ជំនួយបរិក្ខារសម្អាតមីន និងសម្ភារមនុស្សធម៌សរុបជាទឹកប្រាក់ប្រមាណ ៥ លានយន់ និងបន្តបើកវគ្គបណ្ដុះបណ្ដាលអ្នកជំនាញស្វែងរក និងសម្អាតមីនចំនួន ៤០ នាក់ ជូនដល់ភាគីកម្ពុជាដើម្បីជាកម្លាំងជំនួយក្នុងសកម្មភាពសម្អាតមីន និងកិច្ចការសង្គ្រោះផ្នែកមនុស្សធម៌របស់កម្ពុជា។ នេះមិនត្រឹមជាវិធានការសំខាន់ក្នុងការអនុវត្តកុងសង់ស៊ីសថ្នាក់ដឹកនាំប្រទេសទាំង ២ ទេ តែថែមទាំងជាការសន្យាយ៉ាងម៉ឺងម៉ាត់របស់ចិនក្នុងការជួយកម្ពុជាឲ្យសម្រេចបានកិច្ចការសម្អាតគ្រោះថ្នាក់មីនសង្គ្រោះអាយុជីវិត និងកសាងសហគមន៍គ្រួសារស្រស់ស្អាតថ្មីម្ដងទៀត។
ប្រទេស ចិន មានពាក្យស្លោកមួយពោលថា “ប្រសិនបងប្អូនមានចិត្តរួមគ្នា កម្លាំងសាមគ្គី អាចកាត់ផ្ដាច់មាសបាន” ។
ទោះបីជាចិននៅជាប្រទេសកំពុងអភិវឌ្ឍន៍ មិនមានសមត្ថភាពហិរញ្ញវត្ថុខ្លាំងក្លា ប៉ុន្តែយើងស្ម័គ្រចិត្តចូលរួមជាកម្លាំងមួយចំណែកក្នុងភារកិច្ច និងបេសកកម្មយ៉ាងខ្ពង់ខ្ពស់របស់បងប្អូនល្អយើង។ ខ្ញុំជឿជាក់ថា ក្រោមកិច្ចខិតខំរួមគ្នារវាងចិន និងកម្ពុជារឿងអកុសលដែលបាន កើតលើគ្រួសារ Rangqi នឹងមិនមានជាថ្មីទេ ទំនាក់ទំនងទ្វេភាគី និងសហគមន៍ជោគវាសនារួម ចិន និងកម្ពុជាច្បាស់ជានឹងរីកចម្រើន ទៅមុខយ៉ាងរឹងមាំ៕
Wang Wentian, ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពុជា