
ឆ្នេរព្រែកត្រែងដែលត្រូវបានគេចាក់ដីលុប។ រូបថត ក្រសួងទេសចរណ៍
មានមនុស្សមិនតិចគ្នាទេ ដែលបានសើចចំអកទៅលោក ក្រវ៉ាញ ដារ៉ន ប្រធានគណបក្សខ្មែរឈប់ក្រដែលបានឃោសនាជាលើកដំបូងកាលពីអាណត្តិទី ៤ នៅឆ្នាំ ២០០៨ លោក ដារ៉ន បានឃោសនាថា បើបក្សលោកឈ្នះឆ្នោតនោះពលរដ្ឋខ្មែរនឹងទទួលបានការប្រើប្រាស់សេវា WiFi ដោយសេរី។
មុនលោកក្រវ៉ាញ ដារ៉ន ក៏មានលោក ព្រហ្ម នាគរាជ អតីតប្រធានគណបក្សម៉ូលីណាកា ត្រូវបានគេសើចចំអកលោកដែរកាលពីអំឡុងពេលដែលលោកឈរឈ្មោះបោះឆ្នោតតាំងពីអាណត្តិទី ១ ឆ្នាំ ១៩៩៣ មកម្ល៉េះ ដែលសន្យាថានឹងទប់ទឹកសមុទ្រយកដី ដើម្បីឲ្យប្រជាពលរដ្ឋរស់នៅមានដី និងជម្រកសមរម្យ។
ឥឡូវនេះគោលនយោបាយរបស់គណបក្សលោកទាំង ២ ត្រូវបានគេយកមកអនុវត្តបណ្តើរៗហើយគឺកាលពីខែឧសភាកន្លងទៅនេះក្រសួងប្រៃសណីយ៍ សហការជាមួយក្រុមហ៊ុនកូរ៉េ (Korea Telecom) បានដាក់ឲ្យដំណើរការជាផ្លូវការ សេវាអ៊ីនធឺណិតសាធារណៈ (Public Wifi) ដែលអាចឲ្យប្រជាពលរដ្ឋទូទៅអាចប្រើប្រាស់ដោយឥតគិតថ្លៃនៅសួនច្បារសម្ដេច ហ៊ុន សែន និងសួនច្បារមុខព្រះបរមរាជវាំង និងនៅវិទ្យាល័យចំនួន ៥ ទៀតគឺនៅភ្នំពេញ ៣ សាលា និង ២ ទៀតនៅខេត្តកំពង់ឆ្នាំង និងខេត្តកំពង់ស្ពឺ។
រីឯការប្រើសេវាតាមទូរស័ព្ទក៏មានតម្លៃថោកទទួលយកបានសម្រាប់ប្រជាពលរដ្ឋទូទៅតាមរយៈ ១ ដុល្លារ ដូរបាន ១០០ ដុល្លារប្រើបានកន្លះខែផងក៏មានដែរ ខណៈដែលបច្ចុប្បន្នប្រជាពលរដ្ឋជាច្រើនប្រើអ៊ីនធឺណិត និងលេងហ្វេសប៊ុក។
ចំណែកឯគំនិតដែលទប់ទឹកសមុទ្ររបស់លោក ព្រហ្ម នាគរាជ ឥឡូវក៏មានក្រុមហ៊ុនធំៗខ្លះក៏បានទន្ទ្រានយកដីឆ្នេរសមុទ្រផងដែរគឺដោយកេងផលចំណេញទីធ្លាបានធំចាក់ដីចូលក្នុងឆ្នេរ និងទឹកសមុទ្រនៅខេត្តព្រះសីហនុ រហូតដល់ដីដែលចាក់ចូលក្នុងទឹកសមុទ្រនោះធ្វើឲ្យទឹកសមុទ្រដែលធ្លាប់តែថ្លាឆ្វង់ឡើងប្រែពណ៌ទៅជាល្អក់វល់គគ្រិចខុសពីរូបភាពដើម។
ដោយមានការរិះគន់ថ្មីៗពីសំណាក់មហាជនយ៉ាងខ្លាំងចំពោះការចាក់ដីរំលោភទៅក្នុងឆ្នេរសមុទ្រធ្វើឲ្យខូចទឹកសមុទ្រ និងខូចទ្រង់ទ្រាយដើមរបស់ឆ្នេរដែលផ្ទុយទៅនឹងសារាចរណែនាំរបស់រាជរដ្ឋាភិបាលលេខ ០១ ស.រ.ណ.ន ស្តីពីការអភិវឌ្ឍតំបន់ឆ្នេរសមុទ្រនៃព្រះរាជាណាចក្រកម្ពុជានៅត្រង់មាត្រា ១ ដែលហាមឃាត់ការកាន់កាប់ ឬសាងសង់នានាជាថ្ម ដី ឬខ្សាច់ ដែលបានកំណត់ទុកជាតំបន់សម្រាប់ប្រើប្រាស់ជាសាធារណៈ និងត្រូវចាត់ថ្នាក់ជាដីសាធារណៈរបស់រដ្ឋ។
ជារួមការទៅលម្ហែកាយនៅឆ្នេរសមុទ្រកំពង់សោមនេះមិនមែនមានតែភ្ញៀវបរទេស ភ្ញៀវក្នុងស្រុកនោះទេ សូម្បីតែលោកនាយករដ្ឋមន្ត្រីក៏ឧស្សាហ៍ទៅសម្រាកកម្សាន្តលម្ហែកាយនៅទីនោះដែរ។ ក្រៅពីការសាងសង់មួយចំនួន ដែលធ្វើឲ្យប៉ះពាល់ដល់តំបន់ឆ្នេរ ការគ្រប់គ្រងនូវប្រព័ន្ធទឹកសម្អុយដែលបង្ហូរចេញពីការដ្ឋានសាងសង់ពីសណ្ឋាគារ និងចេញពីរោងចក្រនានាក៏បានធ្វើឲ្យប៉ះពាល់យ៉ាងខ្លាំងដល់ទឹកសមុទ្រ និងឆ្នេរដ៏ស្រស់ស្អាត និងផលប៉ះពាល់ទៅនឹងអេកូទេសចរណ៍នៅកម្ពុជាផងដែរ។
កាលពីសប្តាហ៍មុនលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យលោក ជា សុផារ៉ា រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ចុះទៅខេត្តព្រះសីហនុដោយផ្ទាល់ហើយបានបញ្ជាឲ្យក្រុមហ៊ុនដែលចាក់ដីចូលតំបន់ឆ្នេរ ព្រែកត្រែងឲ្យកាយដីចេញវិញ និងត្រូវថែរក្សាឆ្នេរធម្មជាតិឲ្យនៅដូចដើមវិញ។
ប៉ុន្តែទោះជាយ៉ាងណានៅពេលនេះបញ្ហាទាំងឆ្នេរ ទាំងទឹកសមុទ្រទាំងសុវត្ថិភាពបានក្លាយទៅជាឧបសគ្គសម្រាប់អ្នកដែលចង់ទៅកម្សាន្តនៅខេត្តព្រះសីហនុ ដោយសារតែការសាងសង់ ការដំឡើងថ្លៃ ការស្នាក់នៅ និងសុវត្ថិភាពដែលបង្កដោយក្រុមម៉ាហ្វីយ៉ា ជនជាតិចិន វ៉ៃគ្នា កាប់ចាក់គ្នា រហូតដល់មានអាវុធបាញ់បោះក៏មានដូច្នេះ តើនៅពេលទំនេរមាននរណាចង់ទៅលេងកំពង់សោមទៀតអត់?
កន្លងមកកាលពីឆ្នាំ ២០១១ គណៈកម្មាធិការវាយតម្លៃឆ្នេរស្អាតនៅលើពិភពលោកដែលមានទីតាំងនៅទីក្រុងប៉ារីសបានផ្តល់ចំណាត់ថ្នាក់ឆ្នេរកំពង់សោមជាប់លំដាប់ឆ្នេរស្អាតជាងគេនៅលើពិភពលោក។
ចុះមកដល់បច្ចុប្បន្ន តើគណៈកម្មាធិការក្លិបនេះនឹងផ្តល់ចំណាត់ថ្នាក់លំដាប់ឆ្នេរស្អាតជាងគេនៅលើពិភពលោកបន្តទៀតឬអត់? បើការសាងសង់ចូលឆ្នេរ ធ្វើឲ្យខូចទ្រង់ទ្រាយឆ្នេរ និងទឹកសម្អុយបង្ហូរចូលសមុទ្រ ធ្វើឲ្យល្អក់កករដល់ទឹកសមុទ្រដូចនេះនោះ?
យ៉ាងណាមិញតាមរយៈគំនិតផ្តួចផ្តើមខ្សែក្រវាត់មួយផ្លូវមួយរបស់ប្រទេសចិន (OBORI) គឺប្រទេសចិន ចង់ធ្វើឲ្យខេត្តព្រះសីហនុនេះរីកចម្រើនលឿនដូចទីក្រុង Shenzhen នៃប្រទេសចិន។ តែការអនុវត្តជាក់ស្តែងត្រូវបានគេមើលឃើញថា ក្រុងព្រះសីហនុដូចទៅនឹងទីក្រុងម៉ាកាវនៅស្រុកចិនដែលជាកន្លែងបនល្បែងល្បី ១ នៅលើពិភពលោកទៅវិញ។
សរុបមកវិញរាជរដ្ឋាភិបាលគួរតែបង្ហាញ ឬក៏កែច្នៃឡើងវិញនូវផែនការមេ (Master Plan) នៅខេត្តព្រះសីហនុក្នុងការអភិវឌ្ឍឲ្យបានច្បាស់លាស់ ដើម្បីរក្សាចំណាត់ថ្នាក់លំដាប់ឆ្នេរស្អាតជាងគេនៅលើពិភពលោកនៅកំពង់សោមនៅដដែល និងធានាថាមានកន្លែងឆ្នេរសប្បាយសម្រាប់ប្រជាពលរដ្ឋខ្មែរទូទៅសម្រាប់បរទេសលោកខាងលិច និងជនជាតិចិន ព្រោះជាតិសាសន៍ទាំងនេះមានវប្បធម៌ និងទម្លាប់ខុសគ្នា ពិបាកក្នុងការដាក់បញ្ចូលគ្នាណាស់។ រីឯកន្លែងលេងល្បែងគួរដាក់ឲ្យឆ្ងាយពីកន្លែងឆ្នេរកម្សាន្តទូទៅ បែងចែកកន្លែងមានតម្លៃឲ្យសមរម្យ មានកន្លែងថ្លៃ មានតម្លៃល្មម និងតម្លៃថោក សម្រាប់ពលរដ្ឋក្រីក្រក៏អាចទៅកម្សាន្តនៅទីនោះបានដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com