
សកម្មភាពអាជ្ញាធរខណ្ឌដូនពេញចុះរុះរើស្លាកសញ្ញានិងសំយាបសង់រំលោភចិញ្ចើមថ្នល់ នាពេលកន្លងមក។ ហ្វេសប៊ុក
មិនមែនតែអភិបាលរាជធានីភ្នំពេញថ្មីទេ ដែលមានគំនិតដោះស្រាយសណ្តាប់ធ្នាប់នៅលើផ្លូវសាធារណៈ និងករណីសង់រោងការ ឬបុណ្យកណ្តាលផ្លូវនោះ។ ប៉ុន្តែលោកអភិបាលរាជធានីភ្នំពេញមុនៗ ក៏បានដាក់ផែនការសកម្មភាពដោះស្រាយបញ្ហានេះដែរ តែអាចធ្វើបានតែ ១ ប្រាវ ឬ ១ ភ្លើងចំបើងប៉ុណ្ណោះ ហើយបន្ទាប់មកអ្វីៗ ក៏ត្រឡប់មកសភាពដើមវិញ និងលើសដើមទៀតផង។
យើងសួរថាតើនេះមកពីការធ្វើយុទ្ធនាការដោះស្រាយករណីនេះមិនបានជ្រើសរើសយកសូចនាករសម្រាប់វាស់វែងត្រឹមត្រូវឬក៏មិនបានកំណត់ទីតាំងជំនួសកន្លែងដែលគ្មានសណ្តាប់ធ្នាប់នោះ?និងមិនបានកំណត់ពេលវេលាជាក់លាក់ថា តើត្រូវធ្វើយ៉ាងណា ទើបដោះស្រាយបញ្ហាតាមផ្នែកនីមួយៗបាន ?
ត្រង់ចំណុចនេះគឺសឹងតែគ្រប់អភិបាលរាជធានីភ្នំពេញទៅហើយដែលចង់ស្តារមុខមាត់តាមរយៈដោះស្រាយបញ្ហាសណ្តាប់ធ្នាប់លើដងវិថីនេះ។
បញ្ហាដែលចេះតែរីកដុះដាលនូវការសង់ផ្ទះលយចូលចិញ្ចើមផ្លូវនិងលក់ហៀរមកចូលចិញ្ចើមផ្លូវ។ អ្វីដែលលេចធ្លោនោះគឺនៅទីតាំងណាដែលមានផ្សារឬក៏ជិតមន្ទីរពេទ្យគឺនៅលើផ្លូវម្ដុំនោះកាន់តែស្ទះចរាចរណ៍និងងាយគ្រោះថ្នាក់ចរាចរណ៍ផងដែរ។ដូចនៅផ្សារដើមគ និងនៅមុខពេទ្យរុស្ស៊ី ជាឧទាហរណ៍ស្រាប់គឺពេលធ្វើដំណើរឆ្លងកាត់ទៅឃើញហើយ ស្ទះក៏ស្ទះ ក្លិនក៏ក្លិន។
រីឯការសង់រោងការឬរោងបុណ្យនៅលើផ្លូវវិញក៏នៅតែមានព្រោងព្រាតដែរ ដោយសារឋានៈអ្នកសង់រោងលើដងផ្លូវរហូតខ្លះឈានដល់បិទផ្លូវទាំងនោះ មានអំណាចធំ និងមានវប្បធម៌អន្តរាគមន៍ដោយបិទភ្នែកធ្វើមិនឃើញចំពោះគ្នាឯង។
ប៉ុន្តែទោះបីជាយ៉ាងណា បច្ចុប្បន្ននេះមានពលរដ្ឋមួយចំនួនមានការភ្ញាក់រឭកចំពោះសិទ្ធិនិងសេរីភាពស្មើគ្នាក្នុងរស់នៅក្នុងសហគមន៍ និងសង្គម ពោលគឺពួកគាត់ដែលមានលុយគ្រប់គ្រាន់បានបង្វែរគោលដៅទៅជួលកន្លែងមជ្ឈមណ្ឌលរៀបចំរោងការពីព្រឹកទល់ល្ងាចតែម្តង ព្រោះជាកន្លែងធំទូលាយហើយមិនរំខានផ្លូវសាធារណៈទៀត។ ចំណែកបុណ្យទានមួយចំនួនក៏ត្រូវបានគេធ្វើបុណ្យនៅវត្តហើយ ព្រោះកន្លែងធំទូលាយ និងងាយស្រួលសហការជាមួយព្រះសង្ឃទៀតផង។
បើតាមបទពិសោធនៅទីក្រុងបាងកកអាជ្ញាធរថៃគេដោះស្រាយបានល្អ ហើយក៏ផ្តល់លទ្ធភាពដល់អ្នកលក់តាមចិញ្ចើមផ្លូវផងដែរ តែមិនមាននរណាម្នាក់ឈប់ចតរថយន្តឬក៏ម៉ូតូនៅលើផ្លូវធំ ហើយចូលហូបអីឬក៏ចតនៅលើផ្លូវទិញរបស់អ្វីនោះដែរ។ បើចង់ទិញគឺត្រូវរកកន្លែងបត់និងចតបង់លុយឲ្យបានត្រឹមត្រូវសិនទើបអាចដើរទៅទិញបានហើយហាងលក់ក៏មានកន្លែងចតផងដែរ។ នៅលើចិញ្ចើមផ្លូវគឺមានផ្លូវសម្រាប់អ្នកពិការភ្នែកក៏អាចដើរបានជាមួយនឹងឈើគោះឬឈើច្រត់ផងដែរ។ ម្យ៉ាងទៀតគ្មានកន្លែងសង់រោងការ ឬរោងបុណ្យនៅលើដងផ្លូវឬក៏មានករណីបិទផ្លូវនោះទេ។
ទោះយ៉ាងណានៅពេលសាលារាជធានីភ្នំពេញអនុវត្តនូវសេចក្តីជូនដំណឹងនេះធ្វើយុទ្ធនាការដើម្បីសណ្តាប់ធ្នាប់តាមដងផ្លូវបាន ១១ ខ្សែមកនេះគឺមានការគាំទ្រជាខ្លាំង បើទោះបីជាចំនួនយានយន្តគ្រប់ប្រភេទកំពុងកើនឡើងក្ដី។ ប៉ុន្តែសាលារាជធានីគួរមានយុទ្ធសាស្ត្រជាក់លាក់រៀបចំនូវសូចនាករឲ្យបានត្រឹមត្រូវថា តើរយៈពេលត្រីមាសដំបូងនេះ ចង់សម្រេចបានអ្វីខ្លះ?
ឆមាសទី ១ និងដំណាច់ឆ្នាំនេះនឹងសម្រេចបានអ្វីខ្លះ? ជាពិសេសគឺការបញ្ជាក់ទីតាំងកន្លែងចតរថយន្តបង់លុយមិនមែនឲ្យតែនៅជុំវិញផ្សារអូឡាំពិកហើយបង់លុយឲ្យអ្នកយាមខាងក្រៅរួចឆ្លើយថាដោះស្រាយបញ្ហាកកស្ទះនោះទេ បើធ្វើអ៊ីចឹងដដែលគឺនៅតែស្ទះដដែលហ្នឹង។
ចំណុចកន្លែងចតនេះ មានន័យថា សាលារាជធានីគួរដាក់ចេញនូវសូចនាករ ទី១) ដាក់ថា បង្ហាញកន្លែងចតរថយន្ត និងម៉ូតូដោយបង់លុយដល់ពលរដ្ឋដែលមានយានយន្ត។ ឧទាហរណ៍ ពលរដ្ឋដែលចតឡាននៅលើផ្លូវ និងលើចិញ្ចើមផ្លូវសុធារសទាំងអស់អាចចូលចតរថយន្តបង់លុយគិតតាមម៉ោងនៅភ្នំពេញសិនធើរ ឬក៏នៅផ្សារទំនើបអ៊ីអនបានហើយដើរទៅកន្លែងធ្វើការ ឬក៏កន្លែងហាងដែលចង់ចូល។
សូចនាករទី ២) ផ្តល់ចំណេះដឹងដល់ពលរដ្ឋដែលមានរៀបចំពិធីការកូនរស់នៅជិតផ្លូវត្រូវបញ្ចូលទៅកន្លែងធំទូលាយផ្តល់សេវារៀបអាពាហ៍ពិពាហ៍។ ឧទាហរណ៍ ពលរដ្ឋរស់នៅលើមហាវិថីម៉ៅ សេទុង គឺអាចរៀបចំកម្មវិធីនៅមជ្ឈមណ្ឌលម៉ុងឌីយ៉ាល់ទើបបានធំទូលាយ។
សូចនាករទី ៣) ពលរដ្ឋដែលមានកម្មវិធីបុណ្យទាន គួរតែទៅរៀបចំនៅវត្តឬបើបុណ្យផ្កាឬកឋិនទានអាចធ្វើនៅសាលារៀនបានពេលថ្ងៃសម្រាក។ ឧ. នៅលើមហាវិថីនរោត្តម មានវត្តលង្ការ និងវត្តថាន់ ដែលអាចជាកន្លែងសមរម្យសម្រាប់បុណ្យទាន។
សូចនាករទី ៤) កន្លែងលក់នៅលើផ្លូវ អាចងាយនឹងគ្រោះថ្នាក់ចរាចរណ៍ អ៊ីចឹងទេ អ្នកលក់អាចរកកន្លែងប្រមូលផ្តុំមួយកន្លែង ដែលមិននៅជិតនឹងដងផ្លូវ។
សរុបមកវិញ បើសាលារាជធានីភ្នំពេញចង់អនុវត្តទៅតាមសេចក្តីជូនដំណឹងរបស់ខ្លួនដែលបានចេញកាលពីខែមុននេះហើយបើមិនបានដាក់សូចនាករកំណត់ទីតាំងនិងពេលវេលាជាក់លាក់ដើម្បីដោះស្រាយបន្តិចម្តងៗឬក៏មិនមានកន្លែងសមរម្យឲ្យគេទេនោះ គឺការអនុវត្តប្រៀបដូចជាវែកចកអ៊ីចឹង ដូចជាអតីតអភិបាលរាជធានីមុនៗគឺអនុវត្តគ្មានប្រសិទ្ធភាពនោះទេ បានត្រឹមតែចំណាយពេលអត់ប្រយោជន៍តែការធ្វើមិនបានផល៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com