«ពុតគ្រូកុំត្រាប់ ច្បាប់គ្រូសឹមយក!» នេះគឺជាពាក្យសម្តីរបស់អ្នកដឹកនាំ អ្នកអប់រំ និងអ្នកប្រៀនប្រដៅផ្នែកសាសនា តែងតែលើកទឡ្ហីករណ៍មកធ្វើជាអំណះអំណាងរបស់ខ្លួនដែលខំប្រដៅគេឲ្យដើរផ្លូវល្អ ឬក៏សុខភាពល្អ នៅពេលខ្លួនឯងប្រព្រឹត្តផ្ទុយទៅនឹងទ្រឹស្តី ដូចជា ព្រះសង្ឃប្រៀនប្រដៅពុទ្ធបរិស័ទ កុំឲ្យឆ្កួត ៣ គឺឆ្កួតស្រី ឆ្កួតស្រា ឆ្កួតល្បែងពាលាអាវាសែ។ តែព្រះសង្ឃមួយចំនួនតូចបែរជាលួចផឹកស្រា មានស្នេហាលួចលាក់ទៅវិញ ម្យ៉ាងវិញទៀតគ្រូពេទ្យខំប្រដៅប្រជាពលរដ្ឋ កុំឲ្យជក់បារីបណ្តាលឲ្យខូចសុខភាព តែខ្លួនឯងលួចជក់បារីទៅវិញ។
ករណីឃើញគេប្រព្រឹត្តខុសផ្ទុយពីទ្រឹស្តីបែបនេះ ដូចមានប្រវត្តិស្នេហារឿងទុំទាវ ដែលនេនទុំ ខ្លួនជាព្រះសង្ឃត្រងត្រាប់អនុវត្តទៅតាមគន្លងទ្រឹស្តីព្រះពុទ្ធ បែរជាលាចាកសិក្ខាបទពីសង្ឃ ទៅជាពលរដ្ឋធម្មតា ដោយសារក្តីស្រើបស្រាលស្នេហ៍ជាមួយនាងទាវ។ ឥឡូវនេះក្តីរំជើបរំជួលពីប្រវត្តិដើមនៃសាច់រឿងស្នេហាទុំទាវនេះហើយ ធ្វើឲ្យព្រះសង្ឃខ្លះ បែកគំនិតថាហេតុអ្វីបាននេនទុំ មានស្នេហាបាន តែអត្មាអញម៉េចធ្វើមិនបានដូចនេនទុំ? ជាមួយនឹងហេតុផលអ្នកដឹកនាំសាសនាផ្សេងប្រព្រឹត្តបាន ដូចជារឿងអាស្រូវរបស់មេដឹកនាំសាសនាកាតូលិកលោក Pope Francis ដែលត្រូវបានគេរាយការណ៍បានរួមភេទជាមួយកុមារប្រព្រឹត្តតាំងពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦។ មកទល់ពេលនេះ បើទោះបីជាមានមហាជនបានរិះគន់យ៉ាងចាស់ដៃ និងផ្ញើលិខិតចំហឲ្យលោកចុះចេញពីតំណែង ក៏លោកធ្វើមិនដឹងមិនឮដែរ។
ផ្គួបផ្សុំជាមួយនឹងសម័យបច្ចេកវិទ្យាទំនើបៗកុំព្យូទ័រ និងស្មាតហ្វូនភ្ជាប់ជាមួយ Wifi ដែលងាយស្រួលនឹងទទួលយកបាននូវគ្រប់រូបភាពនៅទីណាក៏បានដែរឲ្យតែមានសេវាទូរស័ព្ទ ឬក៏ Wifi ទៅដល់ តាមរយៈអ៊ីនធឺណិត យូធូប តេឡេក្រាម WhatsApp បណ្តាញសង្គមហ្វេសប៊ុក និង Messenger ជាដើម។ រីឯការប្រាស្រ័យទាក់ទងគ្នាក៏លែងជាការលំបាកផងដែរ ចង់និយាយមើលមុខគ្នាក៏បាន ចង់ថតសែលហ្វ៊ីជាមួយគ្នាក៏បានមិនចាំបាច់ពឹងគេថតឲ្យនាំតែបែកការនូវរឿងរ៉ាវស្នេហារបស់ខ្លួននោះ។
ករណីនេះកាលពីសម័យមិនទាន់ល្បីស្មាតហ្វូន គឺមានតែទូរស័ព្ទ Nokia N395 ដែលអាចនិយាយហើយមើលមុខគ្នាផ្ទាល់បាននាំចូលស្រុកខ្មែរដំបូងត្រូវបានរាជរដ្ឋាភិបាលហាមនាំចូល ព្រោះវាធ្វើឲ្យប៉ះពាល់ប្រពៃណី សាសនា និងការស្រើបស្រាលទំនាក់ទំនងស្នេហារវាងបុរស និងស្រី កាន់តែងាយស្រួល និងអាចបង្កឲ្យស្នេហាផិតក្បត់គ្នា។ ស្រាប់តែពេលនេះ គឺចង់ប្រើបាន សារ និងរូបភាពទំនាក់ទំនងគ្នាភាពសិចស៊ីមើលឃើញគ្នាដោយឥតមានរអាក់រអួលនោះទេ ដែលគេប្រើពេញនិយមជាងគេនៅកម្ពុជាគឺ Messenger ដែលរដ្ឋាភិបាលឃាត់លែងឈ្នះ ឲ្យទៅតាមដំណើរតែម្តង សូម្បីតែព្រះសង្ឃក៏មានស្មាតហ្វូននៅនឹងដៃប្រើសឹងតែគ្រប់អង្គដែរ។ អង្គខ្លះមានប្រើទូរស័ព្ទទំនើបម៉ាក Vertus ដល់ទៅតម្លៃ ២ ម៉ឺនដុល្លារ ក៏មានដែរ ហើយបង្ហោះតាមហ្វេសប៊ុកជាសាធារណៈនូវភាពស៊ីវិល័យរបស់ព្រះអង្គទៀតផង។
បច្ចុប្បន្ននេះមិនថាឧបាសក មិនថាព្រះសង្ឃទេ គឺលេងហ្វេសប៊ុកជាកញ្ចប់ទៅហើយ ការបង្ហោះរូបភាពហិង្សាសាហាវ រឿងរ៉ាវស្នេហា រឿងបែកធា្លយរឿងអាស្រូវតារា រាជការ និងព្រះសង្ឃជាមួយស្រីកំណាន់ជាដើម។ រឿងឧបាសក និងឧបាសិកាទំនាក់ទំនងស្នេហាសហាយស្មន់ជាកំហុសឆ្គងមួយ តែសម្រាប់ព្រះសង្ឃមានស្នេហ៍នែបនិត្យគ្នា សង្ឃខ្លះរហូតឈានដល់ការរួមភេទមានគភ៌ទៀត នេះមិនមែនជាលើកទី១ នោះទេ។
ដូចករណីព្រះសង្ឃចៅអធិការដែលពូកែ ចេះមន្តអាគមទស្សន៍ទាយ ស្រោចទឹក បានឆាន់ពោតស្ងោរជាមួយស្រីស្នេហ៍នៅខេត្តបន្ទាយមានជ័យឡើងល្បី។
កាលពីសប្តាហ៍មុននេះមានករណីព្រះសង្ឃចៅអធិការវត្តពោធិ៍ចិនតុងរាជធានីភ្នំពេញក៏មានរឿងអាស្រូវជាមួយស្រីស្នេហ៍រហូតដល់មានគភ៌ហើយចង់ដោះដៃចេញ តែត្រូវស្រីស្នេហ៍បង្ហោះរូបថតកាលនៅល្អូកល្អិនជាមួយគ្នាហើយវាយប្រហារមកសង្ឃវិញ។
នៅទីបញ្ចប់សង្ឃដែលប្រព្រឹត្តខុសនឹងធម៌វិន័យសង្ឃ គឺបានត្រឹមតែគណៈសង្ឃចាប់ផ្សឹកតែប៉ុណ្ណោះ។ នេះគឺជាអំពើប្រឆាំងនឹងសាសនាតែម្តងដែលធ្វើឲ្យបាត់បង់ជំនឿទុកចិត្តពីឧបាសក ឧបាសិកា ដែលប្រព្រឹត្តដោយព្រះសង្ឃខិលខូចមួយចំនួនតូច។ រីឯខាងស្រីស្នេហ៍វិញម្តង គឺពួកគេដឹងហើយ ឮហើយថាព្រះសង្ឃមិនត្រូវឲ្យពាក់ព័ន្ធជាមួយបញ្ហាស្រីញីនោះ ចុះហេតុអ្វីបានជាពួកគេសម្លឹងមើលឲ្យតែ សង្ឃណា រកបច្ច័យបានច្រើនៗ ចេះស្រោចទឹកទស្សន៍ទាយដាក់ស្នេហ៍ គឺពួកគេទៅចែចង់ ទំនាក់ទំនងតាមទូរស័ព្ទស្មាតហ្វូន ដើម្បីឈានដល់សេចក្តីស្រើបស្រាលទៅតាមសម្ផស្សសិចស៊ីខើចអេនអន ដើម្បីចង់បានផលប្រយោជន៍ពីលោកសង្ឃដែលកំពុងតែជាប់ស្បង់ចីពរហ្នឹងឱបថើបគ្នា ដោយមិនចេះខ្មាសអៀនលែងគិតគូររឿងដាច់សីលដាច់អាបត្តិទេ។ នៅពេលដែលបែករឿងបានបង្ហោះចេញឲ្យគេឃើញជាសាធារណៈដោយសារតែចង់ឈ្នះចិត្តសង្ឃដែលធ្វើឲ្យខ្លួនឈឺចាប់នោះមានជាប់ទាំងហង្សសាក់។ នេះគឺជាកំហុសផ្នែកខាងឧបាសិកា ដែលគ្មានទោសពៃរ៍នោះប្រឆាំងនឹងសាសនាព្រះពុទ្ធទៅវិញ។
មានចម្ងល់សួរថា ហេតុអ្វីបានជាព្រះសង្ឃ និងស្រីស្នេហ៍ស្រឡាញ់គ្នាហ្នឹងជាអ្នកបំផ្លាញសាសនាព្រះពុទ្ធដែលជាបាវចនារបស់ប្រទេសជាតិមួយទាំងមូលបែបនេះ? អ្វីដែលសំខាន់នោះគឺមិនថាព្រះសង្ឃគ្នាឯង កូនសេក្ខលោក តាអាចារ្យ និងដូនជី ក៏គ្មាននរណាហ៊ានរាយការណ៍ទៅគណៈសង្ឃរាជធានីភ្នំពេញ ឬក៏ខេត្តនោះទេ ពេលខ្លះមានតែជួយលាក់គ្នា ឬក៏ខ្លាចអំណាចចៅអធិការវត្តដែលប្រព្រឹត្តស្នេហាខុសទៅនឹងពុទ្ធប្បញ្ញត្តិ? ហេតុដូចនេះហើយ បញ្ហានេះគឺត្រូវតែមានការចូលរួមទាំងអស់គ្នាដើម្បីកុំឲ្យបាត់បង់ជំនឿ និងប៉ះពាល់មុខមាត់សាសនាព្រះពុទ្ធដែលពុទ្ធសាសនិកខ្មែរជាង ៩៥ ភាគរយ ជាអ្នកកាន់ព្រះពុទ្ធសាសនានោះ៖
១) ព្រះសង្ឃអង្គឯងត្រូវតែដាក់កម្រិតក្នុងការប្រើប្រាស់សម្ភារបចេ្ចកវិទ្យាទូរស័ព្ទស្មាតហ្វូនសម្រាប់តែការងារ ឬក៏តម្រូវការចាំបាច់ ដើម្បីចៀសវាងកុំឲ្យបែកឆ្វេង ទាក់ទងស្រីស្នេហ៍តាមទូរស័ព្ទនោះ។
២) គណៈសង្ឃរាជធានី-ខេត្ត គួរតែពញ្ញាក់ស្មារតីក្រើនរំឭកព្រះសង្ឃ ចៅអធិការវត្ត ឬក៏ព្រះសង្ឃ ដែលល្បីរឿងអូមអាមមន្តអាគមរាល់ពេលប្រជុំប្រចាំខែ ឬក៏ត្រីមាសម្តងៗ។
៣) អ្នកដែលដឹងថាព្រះសង្ឃមានទំនាក់ទំនងស្រីស្នេហ៍ មិនថា ព្រះសង្ឃគ្នាឯង មិនថាកូនសេក្ខលោក មិនថាតាអាចារ្យ និងយាយជីនោះទេគឺត្រូវតែរាយការណ៍ទៅគណៈសង្ឃប្រចាំខេត្ត-រាជធានី និងការពារកុំឲ្យខូចឈ្មោះវត្តអារាមហ្នឹងផង។ កុំឲ្យតែគេជិះកាត់គេថាលោកវត្តហ្នឹងមានស្រីនោះ។
៤) អនុវត្តដូចគ្នានេះដែរចំពោះស្រ្តី ក៏ត្រូវតែរាយការណ៍ដែរ នៅពេលដែលដឹងថាស្ត្រីមានទំនាក់ទំនងស្នេហាជាមួយព្រះសង្ឃហើយនោះ ជាពិសេសមិត្តភក្តិ ឬក៏បងប្អូនសាច់ញាតិ ឬក៏ឪពុកម្តាយ គឺត្រូវហាមឃាត់កូន ឬមិត្តភក្តិ កុំបំផ្លាញទាំងសាសនាផង និងបំផ្លាញកិត្តិយសគ្រួសារស្ត្រីខ្លួនឯងផង។
៥) ការលើកកម្ពស់ស្ត្រីនៅក្នុងសង្គមជារឿងចាំបាច់មួយ គឺក្រសួងកិច្ចការនារីត្រូវថ្កោលទោសចំពោះស្ត្រីដែលបំផ្លាញសាសនាផងដែរតាមរយៈស្នេហាសហាយស្មន់នឹងព្រះសង្ឃដែលកាលីបៗនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com