ពាក្យ​ «​កាតព្វកិច្ច​ឧត្តមជន» (noblesse oblige) ​នេះ​មាន​ប្រភព​ដើម​ពី​ភាសា​បារាំង និង​ជា​ផ្នត់គំនិត​ទូទៅ​នៅ​អឺរ៉ុប​ដែល​គេ​សំដៅ​ទៅលើ​តួនាទី​របស់​ត្រកូល​អភិជន (noble) ក្នុង​ការតបស្នង និង​ទំនុកបម្រុង​សង្គម​។ កាតព្វកិច្ច​ឧត្តមជន មិនមែន​ជា​ការទទួល​ខុសត្រូវ​ខាង​ផ្លូវច្បាប់​ទេ តែ​ជា​មនសិការ​ខាង​សីលធម៌​ទូទៅ​សម្រាប់​អភិជន ឬ​ឧត្តមជន​។

ពាក្យ «​កាតព្វកិច្ច​ឧត្តមជន​» ត្រូវបាន​បង្កើតឡើង​ដោយ​អ្នកនយោបាយ​បារាំង Pierre-Marc-Gaston de Le''vis (១៧៦៤-១៨៣០) ​ដែល​ជំរុញ​ឱ្យ​មាន​កាតព្វកិច្ច​ផ្នែក​មនសិការ​ទៅលើ​បុគ្គល​ដែល​មាន​ឋានៈ តួនាទី​ខ្ពង់ខ្ពស់​។ ទន្ទឹមនឹង​ការទទួល​បាន​អភ័យឯកសិទ្ធិ​សង្គម បុគ្គល​ទាំងនោះ​ត្រូវ​ដើរតួ​ជា​គំរូ ឱ្យ​ប្រដំប្រសង​នឹង​ឋានៈ​សង្គម​របស់ខ្លួន​ដោយ​ធ្វើ​ការងារ​សប្បុរសធម៌ មនុស្សធម៌ ឬ​កិច្ចការ​នានា​ក្នុង​បុព្វហេតុ​នៃ​ការអភិវឌ្ឍ​សង្គម​លើសពី​ការស្វែងរក​ផលប្រយោជន៍​បុគ្គល​។

ក្នុង​សម័យ​ទំនើប​ពាក្យ​នេះ​ក៏ត្រូវ​បាន​គេ​បកស្រាយ​ឱ្យ​ទូលំទូលាយ​ដោយ​មិន​សំដៅ​តែ​ទៅលើ​ត្រកូល​អភិជន​ដូច​ក្នុង​សតវត្សរ៍​ទី​ ១៩ នោះទេ​។ ការបកស្រាយ​ទូលាយ​ទៅលើ​ពាក្យ​នេះ​គឺ​ចង់​និយាយ​ថា អ្នក​ដែល​កើតឡើង​ក្នុង​ត្រកូល​ស្តុកស្តម្ភ ឬ​បុគ្គល​ដែលមាន​ឋានៈ​ខ្ពង់ខ្ពស់​ក្នុងសង្គម​ ឬ​អ្នកមាន​ឧបនិស្ស័យ​ពិសេស​ពី​ធម្មជាតិ មាន​កាតព្វកិច្ច​ធ្វើ​កិច្ច​ការដែល​បម្រើ​ដល់​សង្គម​ទូទៅ​លើសពី​ផលប្រយោជន៍​បុគ្គល​ផ្ទាល់ខ្លួន​។

ឧបមា​ថា បើ​យើង​ជា​បញ្ញវន្ត​រៀន​បាន​ខ្ពង់ខ្ពស់ នោះ​យើង​គួរ​ដឹង​ខ្លួនឯង​ថា​យើង​ជា​បុគ្គល​ដែល​មាន​ទេពកោសល្យ​ផ្នែក​ចំណេះដឹង ដូច្នេះ​ត្រូវ​ប្រើ​ចំណេះដឹង​នេះ​ឱ្យ​ជា​ប្រយោជន៍​ដល់​ការអភិវឌ្ឍ​សង្គម លើស​ពី​ផលប្រយោជន៍​ផ្ទាល់ខ្លួន​។ មនុស្ស​កើត​មក​មិនមាន​សមត្ថភាព​ដូចគ្នា​នោះទេ ដូច្នេះ​កាលបើ​យើង​មាន​ទេពកោសល្យ​អ្វីមួយ​លើស​ពី​អ្នកដទៃ​យើង​ត្រូវ​ចេះ​ប្រើ​ទេពកោសល្យ​នោះ​ដើម្បី​ជា​ប្រយោជន៍​សង្គម​។ ទេពកោសល្យ​ពី​កំណើត​មិនមែន​សំដៅ​តែ​លើ​សមត្ថភាព​ចំណេះវិជ្ជា​នោះទេ អ្នកខ្លះ​អាចមាន​ទេពកោសល្យ​ពិសេស​ក្នុង​ការរក​ជំនួញ​ជួញដូរ សិល្បៈ​វប្បធម៌​ជាដើម​។

ជាទូទៅ​អ្នក​ដែល​មាន​សមត្ថភាព​គឺ​អាចមាន​បញ្ញាញាណ​គ្រប់គ្រាន់​ក្នុង​ការប្រកបរបរ​ចិញ្ចឹមជីវិត ឬ​រក​សេចក្តីសុខ​ដល់​ខ្លួនឯង​បាន ប៉ុន្តែ​បើ​មាន​ទេពកោសល្យ​លើស​មនុស្ស​ដទៃ​ហើយ​បែរ​ជា​មិន​ប្រើ​ទេពកោសល្យ​នេះ​ឱ្យមាន​ប្រយោជន៍​ដល់​សង្គម​នោះ​បានន័យថា មិនបាន​បំពេញ​កាតព្វកិច្ច​ឧត្តមជន​។ បើ​មាន​ងារ​ថា ជា​អ្នកប្រាជ្ញ ប៉ុន្តែ​អ្នកប្រាជ្ញ​នោះ​មិនបាន​បន្សល់ទុក​ស្នាដៃ​អ្វី​ដល់​សង្គមជាតិ តើ​មាន​ឈ្មោះ​ថា​ជា​អ្នកប្រាជ្ញ​ដើម្បី​អ្វី​? បើ​មាន​សមត្ថភាព​ខ្ពស់​ហើយ តែ​សុខចិត្ត​ទៅ​ធ្វើ​ការងារ​ងាយៗ​ស្រណុកៗ​ដោយ​មិនបាន​ប្រើ​អស់​ទេពកោសល្យ​របស់​ខ្លួន​នោះ​គឺ​ស្មើនឹង​មិនបាន​បំពេញ​កាតព្វកិច្ច​ឧត្តមជន​។

ឧបមា​ថា បើ​យើង​កើត​ក្នុង​ត្រកូល​ដែល​មាន​ទ្រព្យ​ស្តុកស្តម្ភ​មាន​អ្វី​គ្រប់យ៉ាង​ទោះ​ចាយ​ប៉ុន្មាន​ជំនាន់​មនុស្ស​ក៏​មិន​អស់ ប៉ុន្តែ បើ​យើង​មិនបាន​បំពេញ​កាតព្វកិច្ច​ឧត្តមជន​គឺ​យើង​គ្រាន់​តែមាន​ឈ្មោះថា ទទួល​កេរ​ពី​បុព្វបុរស មិនបាន​ធ្វើ​អ្វី​ជា​ចម្រើន​ដល់​សង្គម​នោះឡើយ​។ ផ្នត់គំនិត “​កាតព្វកិច្ច​ឧត្តមជន​” មានការ​អនុវត្ត​ច្រើនណាស់​នៅ​បស្ចិមប្រទេស​។

ឧទាហរណ៍​ងាយ​យល់​គឺ​លោក អាល់ហ្វ្រេដ ណូបែល ដែលមាន​ទ្រព្យសម្បតិ្ត​មហាសាល ហើយ​គាត់​បាន​បង្កើត​មូលនិធិ​ដើម្បី​ផ្តល់​ជា​រង្វាន់​ណូបែល លើកទឹកចិត្ត​ដល់​អ្នកវិទ្យាសាស្ត្រ​ដែល​បាន​អភិវឌ្ឍ​អ្វីមួយ​ថ្មី បម្រើ​ដល់​សេចក្តី​សុខសាន្ត​របស់​មនុស្ស​ជាតិ ឬ​អ្នក​ដែល​ធ្វើ​វិភាគទាន​ដល់​សន្តិភាព​ក្នុង​ពិភពលោក​។ ប្រធាន​ក្រុមហ៊ុន Microsoft លោក ប៊ីល ហ្គេត បាន​បង្កើត​មូលនិធិ​ទ្រទ្រង់​ដល់​សកម្មភាព​កម្ចាត់​ជំងឺ​ស្វិតដៃជើង និង​ជំងឺគ្រុនចាញ់​ជាដើម​។

មាន​ឧទាហរណ៍​បែបនេះ​ច្រើនណាស់​នៅក្នុង​សង្គម​បស្ចិមប្រទេស​។ ក្រុមហ៊ុន​ល្បីៗ​ធំៗ​តែងតែ​មាន​បង្កើត​មូលនិធិ​អាហារូបករណ៍ ឬ​មូលនិធិ​សម្រាប់​ទ្រទ្រង់​ដល់​ការសិក្សា​ស្រាវជ្រាវ​ជាន់ខ្ពស់ ដែល​ជា​កត្តា​ជំរុញ​ឱ្យមាន​ការរីកចម្រើន​ផ្នែក​វិទ្យាសាស្ត្រ​ និង​បច្ចេកវិទ្យា​។

តារាសម្តែង អេនជេលីណា ជោលី មាន​កេរិ៍្តឈ្មោះ​ល្បី​ពេញ​ពិភពលោក មានទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ តើ​នឹង​មាន​ប្រយោជន៍​អ្វីដែល​គាត់​ត្រូវ​ទៅ​លំបាកលំបិន​ដើរទៅ​ក្នុង​តំបន់​សង្គ្រាម​ក្នុង​ការងារ​ជា​ទូត​សុច្ឆន្ទៈ​សម្រាប់​ជនភៀសខ្លួន ឬ​ក៏​ត្រូវ​មកជួយ​ផ្សព្វផ្សាយ​វប្បធម៌ និង​ប្រវត្តិសាស្ត្រ​របស់​កម្ពុជា​នោះ​? នេះហើយ​ដែល​គេ​ហៅថា​ «​កាតព្វកិច្ច​ឧត្តមជន​»​។

គួរឱ្យ​សោកស្តាយ​ដែល​នៅក្នុង​សង្គម​អាស៊ី ឧទាហរណ៍​គំរូ​នៃ​ការអនុវត្ត​កាតព្វកិច្ច​ឧត្តមជន​ក្នុង​ត្រកូល​អភិជន​នៅមាន​កម្រិត​តិចតួច​។ ខ្ញុំ​តែងតែ​ស្រមៃ​ថា បើ​អភិជន​របស់​កម្ពុជា ប្រកួតប្រជែង​គ្នា​ក្នុង​ការបង្កើត​រោងចក្រ បង្កើត​ការងារ​បង្កើត​ឧស្សាហកម្ម​ថ្មី​ណាមួយ​ដែល​ពុំ​ធ្លាប់​មាន​ពីមុនមក​ក្នុង​សង្គម​ជាតិខ្មែរ នោះ​មិនដឹង​ជា​ល្អ​យ៉ាងណាទេ​។

បច្ចុប្បន្ន​អភិជន​កម្ពុជា​ចំណាយលុយ​រាប់សិប​លាន​ដុល្លារ​ទៅ​ព្យាបាល​ជំងឺ​នៅ​ក្រៅ​ប្រទេស ដូច្នេះ​ខ្ញុំ​ក៏​តែងតែ​ស្រមៃ​ដែរ​ថា បើ​ពួកគាត់​ប្រកួត​គ្នា​បង្កើត​មន្ទីរពេទ្យ ឬ​មន្ទីរពិសោធន៍​កម្រិត​អន្តរជាតិ​ក្នុង​ស្រុក​មិន​ដឹង​ជា​សង្គមជាតិ​ចងចាំ​គាត់​ប៉ុនណា​ទេ​។

តើ​យើង​គ្រាន់តែ​ចង់ឱ្យ​គេ​ចងចាំ​ថា យើង​ជា​អ្នកមាន​ទ្រព្យ​ច្រើន​បំផុត​លើសគេ​? ប្រើ​របស់​ថ្លៃ​បំផុត​លើ​លោក​? រស់នៅ​ក្នុង​វិមាន​ធំ​បំផុត​លើ​លោក​? តើ​យើង​គ្រាន់តែ​ចង់ឱ្យ​គេ​ចាំ​ថា​ជា​អ្នក​ដែល​រៀន​បាន​សញ្ញាបត្រ​ច្រើនជាងគេ​? ឬមួយ​ក៏​យើង​ចង់​ឱ្យគេ​ចងចាំ​ថា គាត់​គឺជា​អ្នក​នាំមក​នូវ​សេចក្តី​ចម្រើន​ក្នុង​វិស័យ​កុំព្យូទ័រ សុខាភិបាល​ស្រាវជ្រាវ​វិទ្យាសាស្ត្រ​ជា​អ្នកបង្កើត​រោងចក្រ​ផលិត​អ្វីមួយ​ដំបូង​បំផុត​របស់​កម្ពុជា​ជា​អ្នក​នាំមុខ​ក្នុង​ការផ្តល់​សេវាសាធារណៈ​ជា​បុគ្គល​គំរូ​ក្នុងការ​ធ្វើកំណែទម្រង់​ស្ថាប័នរដ្ឋ​ជា​អ្នក​នាំចេញ​កសិផល​កម្ពុជា​ទៅកាន់​ទីផ្សារ​ពិភពលោក ជា​ម្ចាស់​ឧស្សាហកម្ម​ខ្មែរ​ដែល​ល្បីឈ្មោះ​ក្នុង​កម្រិត​តំបន់ និង​ពិភពលោក​?

កម្ពុជា​ឆ្លងកាត់​សង្គ្រាមរ៉ាំរ៉ៃ​ច្រើន​ទសវត្សរ៍ ដូច្នេះ​ប្រហែល​ជា​តថភាព​សង្គម «​ប៊ិះ​រស់ ប៊ិះ​ស្លាប់​» បាន​បង្ខំ​ឱ្យ​មនុស្ស​ម្នាក់ៗ​ខំប្រឹង​យក​រស់​តែ​ខ្លួនឯង​។ ប៉ុន្តែ បច្ចុប្បន្ន​កម្ពុជា​ប្រហែល​ជា​ឆ្លង​ផុត​របត់​សង្គម​បែប​នេះ​ហើយ​។ យើង​ឈានដល់​សម័យកាល​ដែល​មាន​សន្តិភាព និង​មាន​កម្លាំង​សេដ្ឋកិច្ច​ដែល​ត្រូវ​សាង​ស្នាដៃ​ និង​កេរិ៍្តឈ្មោះ​ដល់​ជន​ជំនាន់​ក្រោយ​ហើយ​។

ដូច្នេះ​ក្នុង​នាម​ជា​ឧត្តមជន គួរ​បំពេញ​កាតព្វកិច្ច​មនសិការ​ដោយ​ប្រើ​សមត្ថភាព ទេពកោសល្យ ឬ​ប្រើ​ធនធាន​ទ្រព្យសម្បត្តិ​របស់ខ្លួន ដើម្បី​ការរីកចម្រើន និង​ផលប្រយោជន៍​រួម​របស់​ស្ថាប័ន និង​សង្គមជាតិ​លើស​ពី​ការស្វែងរក​ត្រឹមតែ​ផលប្រយោជន៍ សេចក្តីសុខ និង​ភាព​ស្រណុក​ផ្ទាល់ខ្លួន​៕

ដោយ​ស៊ឹម វីរៈ ទីប្រឹក្សា​នៃ​វិទ្យាស្ថាន​ចក្ខុវិស័យ​អាស៊ី (AVI)