ទិវាទស្សនវិជ្ជា ត្រូវបានគេប្រារព្ធធ្វើលើកដំបូងនៅថ្ងៃទី ២១ ខែ វិចិ្ឆកា ឆ្នាំ ២០០២ ហើយត្រូវបានអង្គការយូណេស្កូ (UNE-SCO) បានផ្តួចផ្តើមបង្កើតឱ្យទិវានេះក្លាយជាទិវាទស្សនវិជ្ជាពិភពលោកផ្លូវការនៅឆ្នាំ ២០០៥ ដែលធ្វើឡើងជារៀងរាល់ឆ្នាំ ក្នុងថ្ងៃព្រហស្បតិ៍សប្តាហ៍ទី ៣ ក្នុងខែវិច្ឆិកា។
ទិវានេះត្រូវបានប្រារព្ធធ្វើជារៀងរាល់ឆ្នាំក្នុងថ្នាក់តំបន់ និងអន្តរជាតិក្នុងការគូសបញ្ជាក់ពីគុណតម្លៃនៃទស្សនវិជ្ជា ទីតាំង និងតួនាទីស្នូលរបស់ទស្សនវិជ្ជានៅក្នុងសង្គមមនុស្សភាពចាំបាច់គោលការណ៍នៃលទ្ធិប្រជាធិបតេយ្យ សន្តិភាពសីលធម៌ យុត្តិធម៌ សមភាព ការគោរពសិទ្ធិមនុស្ស ការគិតត្រិះរិះពិចារណា និងដើម្បីដោះស្រាយបញ្ហាកំពុងប្រឈមរបស់ពិភពលោកនាពេលបច្ចុប្បន្ន។
ក្នុងឱកាសនោះដែរ វាក៏ជាថ្ងៃដែលមនុស្សគ្រប់និន្នាការមកជួបជុំគ្នាបានចែករំលែក និងបង្ហាញពីការគិត ការជជែក និងរុករកពីគំនិតដោយបើកចំហ ការទាញចំណាប់អារម្មណ៍ពីសាធារណជនមកជជែកដេញដោលពីបញ្ហាប្រឈមក្នុងសង្គមជាតិ បញ្ហាគំនិត ទ្រឹស្តី ការអនុវត្ត និងបញ្ហារសើបបច្ចុប្បន្នរបស់ពិភពលោក។ តាមរយៈទស្សនវិជ្ជាគឺជាកូនសោនៃដំណោះស្រាយបញ្ញា។
យូណេស្កូ បានផ្តល់តម្លៃខ្លាំងចំពោះមុខវិជ្ជាមួយនេះដោយឆ្លុះបញ្ចាំងពីពិភពលោក បើកចំហ និងលើកទឹកចិត្តចែករំលែកពីមរតកទស្សនវិជ្ជារបស់ខ្លួន បើកចិត្តឱ្យទូលាយទទួលយកគំនិតផ្តួចផ្តើមបង្កើតថ្មី និងចូលរួមឈឺឆ្អាលពីសុខទុក្ខរបស់ជាតិ និងបញ្ហាសកល។ ជាលទ្ធផលជាក់ស្តែងនៅពេលដែលសង្គមមនុស្សប្រកាន់យកមាគ៌ាដឹកនាំ មាគ៌ាជីវិតតាមគោលការណ៍ល្អៗទាំងនោះហើយបញ្ហាជាច្រើនត្រូវបានដោះស្រាយ និងឆ្លើយតបយ៉ាងមានប្រសិទ្ធភាព។ ទស្សនវិជ្ជា ជាបេះដូងនៃការដោះស្រាយ ការវិភាគ និងគុណភាពនៃការគិត។
ទិវាទស្សនវិជ្ជាត្រូវបានគេរៀបចំក្នុងរូបភាពផ្សេងៗគ្នាដើម្បីផ្តល់ការសាទរក្នុងទម្រង់រូបភាពជាច្រើនដូចជា ការតាំងពិព័រណ៍សៀវភៅ ស្នាដៃស្រាវជ្រាវ បាឋកថា សិក្ខាសាលា ភាពយន្តឆ្លុះបញ្ចាំង សំវាទបែបទស្សនវិជ្ជាបណ្តុះបណ្តាល និងសន្និបាតពិភពលោកជាដើម។ មានស្នាដៃ គំនិតទស្សនវិទូ ទ្រឹស្តីសង្គម សាសនា និងសេដ្ឋកិច្ចនយោបាយជាច្រើននៅបន្តមានឥទ្ធិពល និងមានគុណតម្លៃជាសកលផង តាមកាលឱកាសផងត្រូវបានគេយកមកពិភាក្សា រិះគន់ ស្រាវជ្រាវបន្ត និងការអនុវត្តជាប្រចាំដើម្បីជាមាគ៌ាជីវិតផ្ទាល់ខ្លួន គ្រួសារ និងសង្គមជាតិ។
ក្នុងនោះដែរទិវានេះក៏ជាយន្តការមួយដើម្បីទាក់ទាញការយកចិត្តទុកដាក់ពីយុវជនជំនាន់ក្រោយឱ្យចេះខ្វាយខ្វល់ពីបញ្ហាជាតិ និងអន្តរជាតិ, គោលដៅនៃការអភិវឌ្ឍប្រកបដោយនិរន្តរភាព លើកកម្ពស់ការរៀន បង្រៀន ការស្រាវជ្រាវ និងការកសាងគុណភាពមនុស្ស ជាពិសេសការបញ្ជ្រាបការបង្រៀនទស្សនវិជ្ជាទៅក្នុងកម្មវិធីសិក្សា និងផ្នែកខ្លះទៅលើគោលនយោបាយរបស់ជាតិ។
ដូចឆ្នាំមុនដែរ ពិធីនេះនឹងប្រារព្ធធ្វើឡើងនៅថ្ងៃទី ១៨ វិច្ឆិកា ឆ្នាំ ២០១៩ នៅសាកលវិទ្យាល័យភូមិន្ទភ្នំពេញ (RUPP-CJCC) ដែលមានដេប៉ាតឺម៉ង់ទស្សនវិជ្ជានៃមហាវិទ្យាល័យសង្គមសាស្ត្រ និងមនុស្សសាស្ត្រនឹងរៀបចំទិវានេះក្រោមប្រធានបទ «ការស្វែងរកទស្សនវិជ្ជាខ្មែរ» ក្នុងគោលបំណងដើម្បី (១) អបអរទិវាទស្សនវិជ្ជាជាមួយពិភពលោក (២) ពង្រឹងតួនាទីដ៏សំខាន់របស់ទស្សនវិជ្ជាក្នុងការឆ្លុះបញ្ចាំងបែបអនុវត្តជាក់ស្តែង (៣) ផ្តល់ឱកាសឱ្យនិស្សិត និងសាធារណជនចូលរួមក្នុងកិច្ចសន្ទនា សិក្សា និងស្រាវជ្រាវ (៤) បង្កើតការទទួលស្គាល់ និងការឱ្យតម្លៃរបស់មុខវិជ្ជានេះនៅក្នុងការគិត និងជីវិតជាក់ស្តែង (៥) ជំរុញឱ្យបញ្ញវន្តរួមចំណែកអភិវឌ្ឍសង្គម និងទ្រទ្រង់ទស្សនវិជ្ជាខ្មែរ។
តាមរយៈនៃទស្សនវិជ្ជា និងការសន្ទនាដើម្បីស្វែងរកទស្សនវិជ្ជាខ្មែរនេះបង្ហាញថា វប្បធម៌សំវាទ ឬការបណ្តុះឱ្យមាននូវវប្បធម៌សន្ទនានៅតែជាគោលការណ៍មូលដ្ឋានចម្បងក្នុងសង្គមខ្មែរ។ ខ្មែរត្រូវចេះសន្ទនា ហើយវប្បធម៌សន្ទនាក៏ជាព្រលឹងរបស់ខ្មែរ។ ក្នុងនោះវារួមបញ្ចូលនូវការថែរក្សា និងធ្វើឱ្យគុណតម្លៃរបស់ខ្មែរនឹងពណ្ណរាយឡើង។
តាមរយៈនៃការចែករំលែក ការកសាងធនធានមនុស្ស, ការសន្ទនាក៏ជាផ្នែកមួយ។ ដើម្បីសន្ទនាឱ្យមានប្រសិទ្ធភាព និងផល ខ្មែរចាំបាច់មានមូលធនគំនិត កសាងយុទ្ធសាស្ត្រមកកំណត់ពាក្យសន្ទនា ទង្វើនិងមាគ៌ារបស់ខ្លួន។ ដូច្នេះការបណ្តុះទស្សនវិជ្ជាខ្មែរជាផ្នែកមួយសំខាន់។ វាកើតឡើងតាមរយៈតាមទម្រង់នៃការលះបង់ និងចូលរួមដើម្បីស្វះស្វែងរកខ្លឹមសារ។ ការស្វែងរកខ្លឹមសារបានលុះត្រាតែមានអ្នកចូលរួមឯកភាពជីកកកាយរួមគ្នា មានឧត្តមគតិជាតិ និងមាគ៌ាកសាងជាតិដូចគ្នា។
អ្នកចូលរួមជីកជាបុគ្គលដែលមានមូលធនគំនិត មានលទ្ធភាព សមត្ថភាពផ្តល់ជាបច្ច័យធាតុចូលក្នុងការលះបង់ និងរួមដំណើរជាមួយគ្នា។ សន្ទនាជាវប្បធម៌កសាងសន្តិភាពឯកភាព សាមគ្គី និងភាតរភាពក្នុងនាមជាមនុស្ស ជាសភាវរស់ក្នុងលោកដែលមានអន្តរទំនាក់ទំនងជាមួយគ្នា។...ទោះបីយើងអាចមានមធ្យោបាយផ្សេងគ្នា តែយើងមានគោលដៅតែមួយគោលដៅខ្មែរនិយមយើងជាខ្មែរតែមួយ។
ភ័ស្តុតាង និងមេរៀនប្រវត្តិសាស្ត្ររបស់ខ្មែរបានបន្សល់គុណតម្លៃជាប្រយោជន៍សម្រាប់កូនខ្មែរជំនាន់ក្រោយទាំងក្នុងស្រមោលវិជ្ជមាន និងអវិជ្ជមាន។ ខ្មែរមានទស្សនវិជ្ជានៃការដឹកនាំ និងកសាងជាតិរបស់ខ្លួនប្រកបដោយអច្ឆរិយៈ រុងរឿង និងថ្លៃថ្នូរ។ ក្នុងនោះដែរ គំនិតទស្សនវិជ្ជាបានបង្កប់ខ្លួននៅស្ទើរគ្រប់ផ្នែករួមមានសាសនា ការសាងប្រាសាទ សិល្បៈ ក្បួនសាស្ត្រា នីតិសាស្ត្រ ការធ្វើសង្គ្រាម។ល។ ដើម្បីរក្សាសន្តិភាព និងសន្តិសុខ សុខុមាលភាពប្រជាជន ហើយសុខទុក្ខប្រជារាស្ត្រត្រូវបានធានា និងផ្តល់ឱ្យ។ ឆ្លងកាត់ពីសម័យមួយទៅមួយ ភ័ស្តុតាង និងគំនិតខ្លះត្រូវបានកប់ទុក ខ្លះបាត់បង់ ខ្លះទៀតខ្វះខាតការចងក្រង និងដោយបុព្វហេតុផ្សេងៗ។
ក្នុងន័យនេះផងដែរ ដល់ពេលដែលខ្មែរចេះកសាងជាតិនិយម និងចូលរួមមិនធ្វើឱ្យជាតិយំ។ ដោយក្រាលកម្រាលព្រំក្រហមដើររួមគ្នាដើម្បីកម្ពុជា។ គឺម៌ាគារបស់កម្ពុជា។ ដោយផ្តើមពីការស្គាល់ខ្លួនឯង ស្គាល់អ្វីជាខ្មែរ ឯកភាព និងខ្មែរនិយម។ រួមគ្នាសិក្សាស្រាវជ្រាវ ចងក្រងគំនិតទស្សនវិជ្ជាដែលមានតម្លៃជាប្រវត្តិសាស្ត្រ និងផ្តល់ជាគំរូភាពសម្រាប់ជាធនធានដល់មនុស្សជំនាន់ក្រោយ។ ទោះបីខ្មែរមិនទាន់បានកសាងអត្តសញ្ញាណជាតិនិយមរបស់ខ្លួនឱ្យបានរឹងមាំក៏ដោយ តែវាគ្មានឡើយពីភាពយឺតពេលក្នុងការរួបរួមដើម្បីជាតិដើម្បីអត្តសញ្ញាណទស្សនវិជ្ជាខ្មែរ និងដើម្បីធ្វើឱ្យជាតិរឹងមាំ។ ទស្សនវិជ្ជាជាបិតានៃមុខវិជ្ជានានាដែលត្រូវបានគេឱ្យនិយមន័យថា ជាការស្រឡាញ់គតិបណ្ឌិត ឬគតិវិញ្ញូដែលដំបូងមានដើមកំណើតនៅក្រិកក្នុងអំឡុង ស.វ. ទី ៦ មុនគ.ស។
ក្រោយមកអ្នកគិតមួយចំនួនព្យាយាមធ្វើឯកទេសកម្មមុខវិជ្ជាផ្សេងៗដោយឡែកៗជាបន្តបន្ទាប់ដូចជាមុខវិជ្ជារូបវិទ្យា គីមី និងធរណីមាត្រធ្វើឯកទេសកម្មពីទស្សនវិជ្ជានៅ ស.វ. ទី ១៧។ ជីវវិទ្យា ស.វ. ទី ១៨ និងសង្គមវិជ្ជានៅ ស.វ. ទី ១៩ និងបន្តបន្ទាប់មកទៀត។ ទស្សនវិទូ សូក្រាតដែលជាបិតានៃទស្សនវិជ្ជាគាត់ហៅខ្លួនគាត់ថា ជាសត្វរបោមជាប្រភេទសត្វដែលតែងហើរទៅក្រេបជញ្ជក់ឈាមពីគេ។ ក្នុងន័យនេះគាត់ចង់សំដៅថា មនុស្សប្រពៃគឺតែងដើរត្រាច់ចរស្វះស្វែងរកគតិបណ្ឌិត ចំណេះដឹង គុណធម៌ សីលធម៌មកភ្ជាប់នឹងជីវិត។ កើតជាមនុស្សត្រូវចេះឈឺឆ្អាលពីសង្គម និងនយោបាយ។ បា្លតុង និងអារីស្តូតដែលត្រូវបានគេផ្តល់តម្លៃថាជាអ្នកគិតដ៏អស្ចារ្យផ្នែកតក្កវិទ្យា វិទ្យាសាស្ត្រ ទ្រឹស្តីសីលធម៌ នយោបាយ និងផ្នែកសំខាន់ៗជាច្រើនផ្សេងទៀត ហើយគំនិតរបស់គាត់បន្តមានអត្ថិភាពរហូតមកដល់សព្វថ្ងៃ។ របៀបគិត និងគំនិតទស្សនវិជ្ជាមានការប្រែប្រួលតាមសម័យកាល និងទីកន្លែង។
និយាយត្រង់ទស្សនវិជ្ជាកើតឡើងជាមគ្គុទ្ទេសក៍សម្រាប់មនុស្ស និងសង្គម វាកើតឡើងស្រប ឬមុនតាមបញ្ហាសង្គម។ បញ្ហាសង្គមបានដោះស្រាយដោយទ្រឹស្តីជាក់លាក់របស់គំនិតទស្សនវិជ្ជា។ ដោយឡែកខ្មែរក៏មានទស្សនវិជ្ជាដោយឡែករបស់ខ្លួនដែរ។
ក្នុងន័យដែលមានការរីកលូតលាស់មានបដិវត្តន៍វិទ្យាសាស្ត្រ និងបច្ចេកវិទ្យារីកចម្រើន មានបញ្ហាមនុស្ស និងបញ្ហាសង្គមជាច្រើនបានលេចឡើងហើយនៅពេលដែលអវត្តមានទស្សនវិជ្ជា ឬការមិនឱ្យតម្លៃទៅលើមុខវិជ្ជាមួយនេះ។ អយុត្តិធម៌សង្គម សង្គ្រាម ជម្លោះសាសនា ជម្លោះនយោបាយ ខ្វះការអត់ឱននិងអធ្យាស្រ័យ វិសមភាពសង្គម និងសេដ្ឋកិច្ច សម្ភារនិយមខ្វះតម្លៃសីលធម៌ និងការមិនខ្វាយខ្វល់ពីមនុស្ស។ មនុស្សព្យាយាមដណ្តើមគ្នារស់ តែមិនចែកគ្នារស់។ រស់ដើម្បីខ្លួនឯង មិនរស់ដើម្បីមនុស្សដូចគ្នា។ តម្លៃមនុស្សធ្លាក់ចុះ លើកតម្កើងតម្លៃសម្ភារៈ និងភាពហ៊ឺហា។ ទង្វើអមនុស្សធម៌ និងការរើសអើង។ បច្ចេកវិទ្យាសាស្ត្រ និងទស្សនវិជ្ជាប្រៀបដូចទៅនឹងរទេះដែលមិនអាចឱ្យកង់មួយណាវិលលឿនជាងកង់មួយផ្សេងទៀតឡើយ។ ក្នុងពេលដែលមនុស្សស្រេកឃ្លានដុំបាយ មនុស្សក៏ត្រូវគិត/មានសីលធម៌។ បើគ្មានសីលធម៌ មនុស្សអាក្រក់ជាងរស់នៅក្នុងសង្គមសត្វ ដូចសត្វសាហាវមិនស្គាល់ល្អអាក្រក់ មិនស្គាល់ភាពថ្លៃថ្នូរ។ គឺរស់នៅដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ មនុស្សមើលគ្នាក្នុងនាមវត្ថុ មើលគ្នាក្នុងនាមផលប្រយោជន៍ មើលគ្នាក្នុងនាមជាគេ មិនមើលគ្នាក្នុងនាមជាយើង។ នោះមនុស្សសម្លឹងឃើញពិភពខ្លួនឯងដ៏ចង្អៀត។
នេះមិនមែនខ្ទប់កង់វិទ្យាសាស្ត្រមិនឱ្យវិលទៅមុខនោះទេ តែមនុស្សត្រូវចាំបាច់រុញកង់សីលធម៌ និងកង់រីកចម្រើននៃទស្សនវិជ្ជាឱ្យវិលទៅទន្ទឹមគ្នា។ នោះសង្គម និងពិភពលោកនឹងវិលវិវត្តដោយតុល្យាភាព និងថ្លៃថ្នូរ។ វឌ្ឍនភាពនៃសង្គម គឺត្រូវធានាឱ្យមានវឌ្ឍនភាពនៃមនុស្ស។ គឺមនុស្សមានសុខភាពល្អនៃគំនិត សុភវិនិច្ឆ័យ ឧត្តមគតិជាតិ កសាងជាតិតាមមាគ៌ាថ្លៃថ្នូរ។
ជារួមទស្សនវិជ្ជាគឺមិនត្រឹមតែខិតខំរៀនទស្សនវិជ្ជា យើងត្រូវធ្វើទស្សនវិជ្ជា។ មិនមែនបង្កើតស្ថាប័នសន្តិភាព យើងត្រូវបង្កើតមនុស្សសនិ្តភាព។ បង្កើតមនុស្សយុត្តិធម៌ ប្រសើរជាងបង្កើតស្ថាប័នយុត្តិធម៌។
សរុបមក ដើម្បីឆ្លើយតបទៅនឹងការប្តេជ្ញាចិត្តរបស់អង្គការយូណេស្កូដែលបានដាក់ទិសដៅ កម្ពុជាគួរលើកកម្ពស់ការរៀន និងបង្រៀនទស្សនវិជ្ជា។ តាមរយៈក្រសួងអប់រំ យុវជន និងកីឡា ជាសេនាធិការកសាងថ្នាលបណ្តុះបណ្តាលគុណភាពវិស័យអប់រំ និងអភិវឌ្ឍធនធានមនុស្ស។ ការបញ្ជ្រាបទស្សនវិជ្ជាបញ្ជាក់ពីវត្តមានមុខវិជ្ជាទស្សនវិជ្ជាក្នុងកម្រិតអប់រំថ្នាក់ក្រោមអាចបង្ហាញពីជំហានដ៏មានតម្លៃ។ លើកកម្ពស់ការស្រាវជ្រាវ និងការសិក្សាទស្សនវិជ្ជាជាពិសេសមរតកទស្សនវិជ្ជាខ្មែរ មរតកដូនតារបស់ខ្លួន។ ដើម្បីស្គាល់ខ្លួនឯងស្គាល់អត្តសញ្ញាណនៃទស្សនវិជ្ជា និងគ្រឹះនៃកេរមរតកវប្បធម៌ និងគំនិតទស្សនដូនតារបស់ខ្មែរ។
តាមរយៈនៃការលើកកម្ពស់ការស្រាវជ្រាវ និងបង្រៀនយើងក៏ត្រូវបើកទ្វារ បើកបង្អួចមើលផងដែរ មើលអ្នកជិតខាង និងខាងក្រៅរបងផ្ទះ។ មើលពីការរីកចម្រើនទស្សនវិជ្ជារបស់គេ។ តើយើងស្ថិតនៅចំណុចណា? យើងអាចចែករំលែក និងទទួលយកអ្វី? ចុងក្រោយមានមនុស្សជាច្រើននៅតាមដងផ្លូវដែលអាចទៅជាមួយយើង និងអាចរងគ្រោះព្រោះយើងនៅក្នុងដំណើរនៃ «ការស្វែងរកទស្សនវិជ្ជាខ្មែរ» បើយើងមិនខ្វល់ពីជាតិ និងមិនធ្វើដំណើររួមគ្នា៕
ដោយ ធួន មុន្នី អតីតនិស្សិតបរិញ្ញាបត្រជាន់ខ្ពស់ទស្សនវិជ្ជា អ៊ីមែលៈ thuonmunny22@gmail.com