តាំងពីការមកបំពេញការងាររបស់ខ្ញុំនៅកម្ពុជាជាលើកដំបូងនៅចុងទសវត្សរ៍ឆ្នាំ ១៩៩០ ខ្ញុំមានការជឿជាក់ថា ប្រទេសកម្ពុជាមានធនធានចាំបាច់សម្រាប់ក្លាយជាប្រទេសខ្លាំងខាងសេដ្ឋកិច្ចដូចប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឬថៃ។ តែខ្ញុំក៏បានដឹងដែរថា ធនធានទាំងនោះដែលមានដូចជាកម្លាំងពលកម្មនៅវ័យក្មេង ទីតាំងជាយុទ្ធសាស្ត្រ ភាពសម្បូរផ្នែកកសិកម្ម និងឧស្សាហកម្មវាយនភណ្ឌដែលមានសមត្ថភាពប្រកួតប្រជែងត្រូវការការតម្រែតម្រង់ និងការជួយឧបត្ថម្ភ ដើម្បីជួយឲ្យប្រទេសកម្ពុជាអាចសម្រេចសក្តានុពលសេដ្ឋកិច្ចដោយខ្លួនឯងបាន។
ចំណុចផ្តោតសំខាន់ធំជាងគេរបស់ខ្ញុំនៅកម្ពុជាគឺត្រូវរកមើលវិស័យដែលអាចចម្រុងចម្រើន ដោយមានការជួយពីបណ្តាញនានា ក្រុមហ៊ុន និងអ្នកឯកទេសពីសហរដ្ឋអាមេរិក។ ខ្ញុំមានមោទនភាពខ្លាំង និងនិយាយថាធ្វើការជាមួយយុវជន និងស្ត្រីកម្ពុជាក្នុងវិស័យឯកជន ព្រមទាំងជាមួយរដ្ឋាភិបាល យើងទទួលបានជោគជ័យមួយចំនួននៅក្នុងការទ្រទ្រង់ការផ្លាស់ប្តូរផ្នែកសេដ្ឋកិច្ចរបស់កម្ពុជា។
នៅឆ្នាំ ២០១៦ យើងបានធ្វើឲ្យតំណាងពាណិជ្ជកម្មសហរដ្ឋអាមេរិកព្រមពង្រីកលទ្ធភាពរបស់កម្ពុជាក្នុងការនាំទំនិញចូលក្នុងទីផ្សារសហរដ្ឋអាមេរិក ដោយគ្មានការបង់ពន្ធគយ ដោយបញ្ចូលបន្ថែមទំនិញសម្រាប់ការធ្វើដំណើរ គឺមានកាបូបស្ពាយ វ៉ាលិស និងផលិតផលដូចគ្នានេះ។ ដោយសហការជាមួយក្រសួងពាណិជ្ជកម្មកម្ពុជា ស្ថានទូតអាមេរិកបានរៀបចំការដើរផ្សព្វផ្សាយនៅហុងកុង ដើម្បីលើកទឹកចិត្តឲ្យផលិតករនៅទីនោះធ្វើការវិនិយោគនៅកម្ពុជា។
លទ្ធផលបានមកមានច្រើន។ ទំនិញសម្រាប់ការធ្វើដំណើររបស់កម្ពុជាដែលនាំទៅកាន់សហរដ្ឋអាមេរិកមានការកើនឡើងពី ៤៨ លានដុល្លារក្នុងឆ្នាំ ២០១៥ ទៅជាង ២០០ លានដុល្លារក្នុងឆ្នាំ ២០១៧ ហើយអាចនឹងកើនឡើងដល់តម្លៃ ៥០០ លានដុល្លារនៅឆ្នាំនេះ។ ការវិនិយោគបរទេសលើទំនិញសម្រាប់ការធ្វើដំណើរមានសម្ទុះកើនឡើងដោយបានបង្កើតការងារថ្មីសម្រាប់កម្មកររាប់ពាន់នាក់។
ខ្ញុំមានសេចក្តីរីករាយដែលកិច្ចសហប្រតិបត្តិការរឹងមាំជាមួយរដ្ឋាភិបាល និងអំណាចនៃទីផ្សាររបស់សហរដ្ឋអាមេរិកបានជួយបង្កើតឧស្សាហកម្មដំបូងបន្ទាប់ពីវាយនភណ្ឌរបស់កម្ពុជា។
យើងបានខិតខំធ្វើការផងដែរដើម្បីលើកកម្ពស់មុខមាត់នៃឧស្សាហកម្មទាក់ទងនឹងបច្ចេកវិទ្យាដ៏តូចតែមានការវិវឌ្ឍទៅមុខខ្លាំងរបស់កម្ពុជា។ យើងបាននាំក្រុមហ៊ុនបច្ចេកវិទ្យា និងក្រុមហ៊ុនដែលចាប់ផ្តើមរកស៊ីលើផ្នែកបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិក បញ្ជូនអ្នកដឹកនាំកម្ពុជាដែលឈានមុខគេផ្នែកបច្ចេកវិទ្យាទៅសហរដ្ឋអាមេរិក ដើម្បីឲ្យរៀនសូត្រពីអ្នកជំនាញនៅ Silicon Valley ហើយបានជួយបញ្ចូលក្រុមហ៊ុនក្នុងស្រុកនៅកម្ពុជាឲ្យចូលរួមផ្នែកបច្ចេកវិទ្យាសំខាន់ៗនៅអាស៊ីអាគ្នេយ៍។ ជាលទ្ធផល ក្រុមហ៊ុនបច្ចេកវិទ្យាកកើតថ្មីរបស់កម្ពុជាលែងជារឿងសម្ងាត់ដែលត្រូវបានលាក់ជិតទៀតហើយ នៅអាស៊ីអាគ្នេយ៍។
ឧស្សាហកម្មនេះកំពុងដើរទៅមុខដែលជាការផ្តល់ឱកាសកាន់តែច្រើនសម្រាប់យុវជន ហើយរួមចំណែកដល់ការអភិវឌ្ឍសេដ្ឋកិច្ចរបស់កម្ពុជាបានកាន់តែទូលំទូលាយ។
ប្រទេសកម្ពុជាមានវិស័យកសិកម្មធំទូលាយ ហើយត្រូវការបច្ចេកវិទ្យាបន្ថែម។ បេសកកម្មពាណិជ្ជកម្មដែលបានមកកម្ពុជាកាលពីខែកញ្ញាបាននាំក្រុមហ៊ុនល្បីៗក្នុងផ្នែកកសិកម្មរបស់សហរដ្ឋអាមេរិកមកធ្វើទស្សនកិច្ចនៅភ្នំពេញដែលក្រុមហ៊ុនទាំងនោះមានដូចជា ក្រុមហ៊ុន ADM, Cargill, John Deere, 3M ជាដើម។
បេសកកម្មនេះបានបង្កើតឲ្យមានទំនាក់ទំនងរវាងក្រុមហ៊ុនទាំងនោះ ជាមួយនឹងក្រុមហ៊ុននាំមុខក្នុងទីផ្សារកម្ពុជា ហើយបានបញ្ជាក់ពីការប្រែប្រួលវិជ្ជមាន ដែលកំពុងមាននៅក្នុងវិស័យកសិកម្មរបស់កម្ពុជា។ តាមរយៈការណែនាំសេវា និងផលិតផលថ្នាក់ពិភពលោកបន្ថែមទៀតពីសហរដ្ឋអាមេរិកដល់ទីផ្សារកសិកម្មកម្ពុជា យើងសង្ឃឹមថាផលិតភាព និងទិន្នផលនឹងមានកំណើនកើនឡើង ហើយប្រទេសកម្ពុជានឹងមានភាពជឿនលឿនច្រើននៅក្នុងការកែច្នៃផ្នែកកសិកម្ម ហើយការវិនិយោគនៅក្នុងវិស័យនេះនឹងមានការកើនឡើង។
សហគ្រិនស្ត្រីដ៏អង់អាចរបស់ប្រទេសកម្ពុជាគឺពិតជាប្រភពធនធានដ៏មានអំណាច និងសក្តានុពលនៃការអភិវឌ្ឍ ហើយស្ថានទូតបានធ្វើការយ៉ាងខ្លាំងក្លាក្នុងការជួយគាំទ្រពួកគេ។
កាលពីឆ្នាំមុន យើងបានឧបត្ថម្ភគណៈប្រតិភូមួយក្រុមជាស្ត្រី ដើម្បីឲ្យចូលរួមកម្មវិធីកិច្ចប្រជុំកំពូលសហគ្រិនភាពជាសកល (GES) នៅទីក្រុង Hyderabrad ប្រទេសឥណ្ឌា និងកាលពីពេលថ្មីៗនេះ យើងបានបញ្ជូនក្រុមស្ត្រីលំដាប់ខ្ពស់មួយក្រុមទៅសហរដ្ឋអាមេរិកដើម្បីរៀនពីរបៀបសហរដ្ឋអាមេរិក ទីក្រុង និងរដ្ឋនៅទីនោះ លើកកម្ពស់សហគ្រិនភាព។ ទីភ្នាក់ងារសហរដ្ឋអាមេរិកសម្រាប់អភិវឌ្ឍន៍អន្តរជាតិ (USAID) ក៏បានសម្ពោធកម្មវិធីថ្មីមួយរយៈពេល ៥ ឆ្នាំ ដើម្បីជួយដល់សហគ្រិនស្ត្រីនៅកម្ពុជា។
ខ្ញុំបានរៀនសូត្រពីរបៀបផ្សារភ្ជាប់គ្នារវាងសហគ្រិនស្ត្រីកម្ពុជាជាមួយក្រុមហ៊ុននៅសហរដ្ឋអាមេរិក និងបណ្តាញវិជ្ជាជីវៈដទៃទៀតដែលអាចផ្តល់អំណាច និងលើកទឹកចិត្តដល់ពួកគេឲ្យធ្វើដំណើរទៅមុខ។ ការផ្សារភ្ជាប់ទាំងនេះអាចជួយធុរជនស្ត្រីកម្ពុជា រំដោះរបាំងឧបសគ្គដឹកនាំទៅកាន់ឱកាសបណ្តុះបណ្តាលកម្រិតពិភពលោក។ ជាមួយនឹងការបន្តជួយគាំទ្របន្ថែមទៀត ប្រទេសកម្ពុជាអាចធ្វើទីផ្សារខ្លួនឯងជាប្រទេសដ៏ល្អបំផុតសម្រាប់សហគ្រិនស្ត្រីនៅក្នុងតំបន់អាស៊ាន។
ក្នុងពេលដែលខ្ញុំរៀបចំចេញដំណើរពីប្រទេសកម្ពុជា ការងាររបស់យើងដែលកំពុងជំរុញនូវចំណងផ្នែកសេដ្ឋកិច្ចរវាងសហរដ្ឋអាមេរិក និងកម្ពុជា បានបង្ហាញនូវប្រយោជន៍នៃភាពជាដៃគូដ៏ខ្លាំង និងមានការប្តេជ្ញាចិត្តពីប្រទេសទាំង ២។
ការផ្សារភ្ជាប់របស់យើងចំពោះប្រទេសកម្ពុជាមានកម្រិតខ្លាំង។ យើងអាចសម្រេចនូវដំណោះស្រាយដ៏អស្ចារ្យមួយដោយធ្វើការរួមគ្នា តាមរយៈកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូ ហើយនៅពេលដែលខ្ញុំត្រឡប់មកកាន់ប្រទេសកម្ពុជាវិញក្នុងពេលណាមួយនាអនាគតដ៏ខ្លីនេះ ខ្ញុំរង់ចាំមើល នូវឥទ្ធិពលជាវិជ្ជមាននៃទំនាក់ទំនងដែលយើងបានជួយសម្រួច និងមានបញ្ហាជាច្រើនទៀតដែលនឹងត្រូវអភិវឌ្ឍនាពេលអនាគត៕
ដោយ William A. Heidt ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា