
ផ្លូវស្អាតនៅសិង្ហបុរី និងសំរាមគរចោលតាមផ្លូវលេខ ៣៦០ នៅរាជធានីភ្នំពេញ។ រូបថត តុង សុប្រាជ្ញ
នៅពេលមនុស្សឈ្លោះគ្នា ឬក៏ស្អប់គ្នាមានខ្លះបានដៀលគ្នាសុទ្ធតែអាសំរាម ដែលមានន័យថា គគ្រិចស្មោកគ្រោកហើយនាំគ្នាដើរចៀសដោយមិនចង់ជួបមុខ ឬរាប់អានគ្នាឡើយ។
ស្រដៀងគ្នានេះដែរនៅពេលសំរាមកាន់តែសល់គរច្រើនឡើងៗនៅតាមដងផ្លូវ លូ និងប្រឡាយ ធ្វើឲ្យជះក្លិនស្អុយផងគគ្រិចផង ធ្វើឲ្យមនុស្សចាប់ផ្តើមធុញទ្រាន់នឹងការឃើញសំរាម និងក្លិនស្អុយរបស់វា ជាពិសេសនៅពេលឈប់បុណ្យទានម្តងៗ បន្ទាប់មកក៏ចាប់ផ្តើមបន្ទោសគ្នាទៅវិញទៅមកជាហូរហែ។
បើនៅរាជធានីភ្នំពេញវិញការបន្ទោសគ្នានោះគឺពលរដ្ឋបានចាប់ផ្ដើមមុនគេ ដោយដំបូងសំដៅលើក្រុមហ៊ុនស៊ីនទ្រីដែលមានភារកិច្ចប្រមូលសំរាមរាល់ថ្ងៃតាមកំណត់យ៉ាងហោចណាស់ក៏ ៣ ថ្ងៃម្តងដែរព្រោះក្រុមហ៊ុនយកលុយពីតាមផ្ទះ តាមក្រុមហ៊ុន និងតាមដីឡូត៍ធំៗ តែបែរជាមិនមកប្រមូលសំរាម ជាពិសេសពេលមានបុណ្យទាន ឬក៏ក្រោយបុណ្យដោយទុកដល់ជិត ១ សប្តាហ៍សំរាមឡើងរលួយចេញដង្កូវ ទើបឃើញមកប្រមូលម្ដង។
ករណីដូចកាលពីបុណ្យភ្ជុំបិណ្ឌថ្មីៗនេះគឺពលរដ្ឋនៅរាជធានីមានការខឹងសម្បាស្ទើរគ្រប់កន្លែងនៅពេលមិនបានឃើញក្រុមហ៊ុនស៊ីនទ្រីមកប្រមូលសំរាមរហូតដល់ក្រោយភ្ជុំរួចក៏នៅមិនទាន់ឃើញមកប្រមូលធ្វើឱ្យសំរាមស្អុយជាពិសេសបើសំណល់ម្ហូបគ្រឿងសមុទ្រវិញគឺស្អុយ និងមានទាំងដង្កូវទៀតផង ហើយពេលមានភ្លៀងធ្លាក់សឹងតែរាល់ថ្ងៃទៀតនោះ សំរាមខ្លះក៏បានអណ្តែតពាសវាលពាសកាលធ្វើឱ្យស្ទះលូ និងប្រឡាយបង្កទៅជាទឹកជន់លិចផ្លូវក៏មាន។
ងាកមកស្ដាប់ការបកស្រាយរបស់ក្រុមហ៊ុនវិញគឺជារឿយៗតែងលើកឡើងថា ខ្វះបុគ្គលិកហើយថា បុគ្គលិកខ្លះជាប់ឈប់បុណ្យទានដែរ តែបើក្រឡេកមើលវេបសាយរបស់ក្រុមហ៊ុនស៊ីនទ្រីគឺសុទ្ធតែបញ្ជាក់ច្បាស់ៗថា៖ «ប្រតិបត្ដិការលាងសម្អាតនេះត្រូវបានធ្វើឡើងជាមូលដ្ឋានចេញរៀងរាល់ថ្ងៃនៅតាមបណ្តោយមហាវិថី និងតាមដងផ្លូវសំខាន់ជាច្រើនទៀត និងក្នុងអំឡុងពេលព្រឹត្តិការណ៍ធំដូចជាពិធីបុណ្យអុំទូក ចូលឆ្នាំខ្មែរបុណ្យភ្ជុំបិណ្ឌ និងព្រឹត្តិការណ៍ជាតិ និងអន្តរជាតិជាច្រើនផ្សេងទៀត»។ ប៉ុន្តែចំពោះការអនុវត្តជាក់ស្ដែងវិញ គឺផ្ទុយស្រឡះនឹងគោលការណ៍របស់ក្រុមហ៊ុន។
គេសួរថា តើនេះជាកំហុសនៃការគ្រប់គ្រង់របស់ក្រុមហ៊ុនស៊ីនទ្រីខ្លួនឯងចំពោះការខកខានមកប្រមូលសំរាមពេលបុណ្យទានទាំងនេះ ឬមកពីស្ថាប័នណា?
បន្ទាប់មកទៀតពលរដ្ឋក៏ចាប់ផ្តើមរិះគន់រាលដាលដល់សាលារាជធានីភ្នំពេញថា មិនបានគ្រប់គ្រងដំណើរការប្រមូលសំរាមក្រុមហ៊ុនស៊ីនទ្រីបានល្អ ប៉ុន្តែត្រូវបានដោះសាវិញថា រឿងសំរាមនេះគឺបានធ្វើប្រតិភូកម្មមុខងារគ្រប់គ្រងទៅតាមខណ្ឌទាំង ១២ រួចហើយ ហើយខណ្ឌនីមួយៗក៏បានចុះកិច្ចព្រមព្រៀងជាមួយនឹងក្រុមហ៊ុនស៊ីនទ្រីហើយដែរ ដោយមានការឯកភាពពីសាលារាជធានីភ្នំពេញតាំងពីឆ្នាំ ២០១៦ ស្តីពីកម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនសំរាមសំណល់រឹង។
អ៊ីចឹងខណ្ឌជាអ្នកទទួលខុសត្រូវក្នុងការគ្រប់គ្រងសំរាម និងសំណល់រឹង។ ជាងនេះទៀតក្រុមហ៊ុនស៊ីនទ្រីក៏បានធ្វើកិច្ចសន្យាជាមួយរាជរដ្ឋាភិបាលរយៈពេលវែងមិនមែនត្រឹមតែចុះកិច្ចសន្យាជាមួយសាលារាជធានីទេ អ៊ីចឹងវាអាចជាការពិបាកក្នុងការកែសម្រួលរឿងបញ្ហាសំរាមនេះ។
នៅពេលការគ្រប់គ្រងសំរាមធ្លាក់មកដល់ថ្នាក់ខណ្ឌដែលនៅក្បែរពលរដ្ឋផង និងក្រុមហ៊ុនផង តែការបម្រើសេវាសាធារណៈហាក់មិនបានប្រសើរហាក់ដូចជា ខ្វះសមត្ថភាព ឬក៏ធ្វើមិនដឹងមិនឮទៅវិញ។
ពេលខ្លះអាជ្ញាធរបែរជាទម្លាក់កំហុសលើពលរដ្ឋពីរឿងទុកដាក់សំរាមហើយមានមន្ត្រីខ្លះធ្វើជាប្រមូលសំរាមពេលមានភ្លៀងម្តងៗរួចថតបង្ហោះតាមហ្វេសប៊ុកបង្ហាញថ្នាក់ដឹកនាំ និងមហាជនក៏មាន។
អ្នកដែលទទួលរងគ្រោះជាងគេគឺអ្នកបារសំរាមចេញពីលូក្រោយពេលភ្លៀង ដោយពួកគាត់បានត្អូញត្អែរផង និងរិះគន់អ្នកចោលសំរាមឥតសណ្តាប់ធ្នាប់ និងអាជ្ញាធរដែលមិនយកចិត្តទុកដាក់រឿងសំរាមនេះផង។
ម្តងម្កាលក្រសួងបរិស្ថានក៏ត្រូវបានសាធារណជនរិះគន់ថា ក្រសួងហ្នឹងធ្វើអ្វីខ្លះផងដែរ ខណៈឃើញសំរាមនៅរាយប៉ាយ ហើយក្រសួងធ្វើមិនដឹងមិនឮនោះ។
ជាការពិតតាមរយៈគណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិគឺក្រសួងបរិស្ថានបានផ្ទេរមុខងារការគ្រប់គ្រងសំរាម និងសំណល់រឹងមករដ្ឋបាលថ្នាក់ក្រោមជាតិគឺទីក្រុងនៃខេត្តចំនួន ២៤ និងក្រុងបាវិត ក្រុងប៉ោយប៉ែតតាំងពីឆ្នាំ ២០១៥ មកម្ល៉េះ ហើយមកទល់ឆ្នាំនេះក្រសួងបានផ្ទេរទឹកប្រាក់ចំនួន ៨ ពាន់លានរៀលបន្ថែមទៀតមកទីក្រុងទាំង ២៦ នេះ តែមិនមានថវិកាសម្រាប់រាជធានីភ្នំពេញទេ។
ទោះបីជាយ៉ាងណា ក្រសួងបរិស្ថាននៅតែបានផ្តល់បច្ចេកទេស និងផ្តល់ការប្រឹក្សាដដែល ព្រោះបើទីក្រុងមិនស្អាតក៏ប៉ះពាល់ទៅនឹងមុខមាត់ក្រសួងផងដែរ ជាពិសេសគ្មានយន្តការ និងប្រព័ន្ធតាមដាន និងវាយតម្លៃច្បាស់លាស់ពីការប្រមូលសំរាមពេលមានបុណ្យទាន និងក្រោយបុណ្យទានម្តងៗ។
ចំពោះការលើកឡើងថា ខ្វះកម្មករពេលបុណ្យទាននេះ គឺមិនសមហេតុសមផលទេ ព្រោះហេតុអ្វីបានជាមន្ទីរពេទ្យរដ្ឋ និងឯកជនមិនបានបិទទ្វារដោយសារខ្វះបុគ្គលិកធ្វើការពេលមានបុណ្យទាននោះ?
ម្យ៉ាងទៀតប៉ូលិស និងទាហានក៏ដូចគ្នាដែរគឺមន្ត្រីទាំងនោះក៏ឈប់ពេលបុណ្យទានដែរ តែបើយកលេសដូចក្រុមហ៊ុនប្រមូលសំរាម តើពេលគ្រោះថ្នាក់ចរាចរណ៍បាននរណាអន្តរាគមន៍?
ចុះបើមានអគ្គិភ័យ បើមន្ត្រីឡានទឹកនាំគ្នាឈប់ពេលបុណ្យដែរធ្វើម៉េចមានអ្នកជួយពន្លត់ភ្លើងទៅ? ហើយបើមានបរទេសឈ្លានពានទឹកដីតើបានកងទ័ពណាមកប្រយុទ្ធជាមួយសត្រូវបើនាំគ្នារវល់តែមកបុណ្យទាននោះ? សួរថាហេតុអ្វីបានជាសេវារដ្ឋប្រចាំការអាចធ្វើបាន? តែក្រុមហ៊ុនស៊ីនទ្រីបែរជាធ្វើមិនបានយ៉ាងនេះ?
ហេតុដូច្នេះហើយរាល់សេវាតម្រូវឲ្យមានប្រចាំការនោះគឺត្រូវតែឆ្លាស់វេនគ្នាមិនថា សេវារដ្ឋ ឬក៏ឯកជននោះទេ មិនមែនមានន័យថាឲ្យតែមានកម្មវិធីបុណ្យនាំគ្នាឈប់អស់ពីកន្លែងទេ ជាពិសេសរឿងសំរាមហ្នឹងតែម្តងគឺប៉ះពាល់សុខភាពខ្លាំងណាស់។
ម្យ៉ាងទៀតស្ថាប័នរដ្ឋដែលពាក់ព័ន្ធនឹងក្រុមហ៊ុនស៊ីនទ្រីគួរបង្កើតគណៈកម្មការមួយសម្រាប់គ្រប់គ្រងសំរាមពេលមានបុណ្យទានដើម្បីឲ្យមានការទទួលខុសត្រូវច្បាស់លាស់ជាជាងទម្លាក់កំហុសដាក់គ្នាឡើងវីវក់ចោទគ្នាទៅវិញទៅមកយករួចខ្លួនដោយនៅខែក្រោយដល់បុណ្យអុំទូកហើយ។
ជាបទពិសោធនៅប្រទេសសិង្ហបុរីដែលធ្លាប់រៀនគ្រប់គ្រងទីក្រុងស្អាតពីរាជធានីភ្នំពេញនៅទសវត្សរ៍ឆ្នាំ ៦០ សោះ តែឥឡូវប្រទេសគេក្លាយជាប្រទេសគ្មានសំរាម គ្មានទឹកស្អុយហូរពីឡានដឹកសំរាមតាមផ្លូវទេ ហើយពេលបុណ្យម្តងៗគ្មានពលរដ្ឋសិង្ហបុរីត្អូញត្អែរពីរឿងសំរាមឡើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com