ក្ដី​រង់ចាំ​អស់​ពេល​ ៦០​ ​ឆ្នាំ​របស់​គណបក្ស​ប្រឆាំង​នៅ​ប្រទេស​ម៉ាឡេស៊ី​នៅ​ទីបំផុត​ត្រូវ​បាន​សម្រេច​ដោយ​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​សប្តាហ៍​មុន ដោយ​បាន​យក​ឈ្នះ​ទៅ​លើ​គណបក្ស​កាន់​អំណាច Barisan Nasional ដែល​ដឹកនាំ​ដោយ​លោក​នាយក​រដ្ឋមន្ត្រី ណាជីប រ៉ាហ្សាក់ (Najib Razak)​។

តាមរយៈ​ជ័យជម្នះ​នេះ​បាន​ធ្វើឲ្យ​អ្នក​​គាំទ្រ​គណបក្ស​ប្រឆាំង​ហ៊ោកញ្ជ្រៀវ​ខ្ញៀវខ្ញារ​យ៉ាង​ភ្លូកទឹក​ភ្លូកដី បើ​ទោះបី​ជា​មេបក្ស​ប្រឆាំង​លោក Mahathir Mohamad ដែល​ជា​អតីត​នាយរដ្ឋមន្ត្រី​មាន​វ័យ​ជរា​ ៩២ ​ឆ្នាំ​ហើយ​ក៏ដោយ​។

អ្វី​ដែល​សំខាន់​គឺ​នៅ​ត្រង់​ការទទួល​ស្គាល់​នូវ​លទ្ធផល​នៃ​ការបោះឆ្នោត​​ពី​សំណាក់​លោក​ ណាជីប ​តំណាង​ឱ្យ​គណបក្ស​កាន់​អំណាច​ដែល​ព្រម​ទទួល​​យក​ដោយ​សុចរិត​ទៅ​តាម​ច្បាប់​ និង​តាម​ឆន្ទៈ​របស់​ពលរដ្ឋ​ម៉ាឡេស៊ី​ដោយ​គ្មាន​អំពើ​ហិង្សា​។ ​

ប៉ុន្តែ​​ ឥឡូវ​នេះ​ហាក់​ដូចជា ​តម្រិះ​ជិះ​ក​ឯង​របស់​លោក​ ណាជីប ទៅ​វិញ​ទេ​ចំពោះ​ករណី​ធ្វើ​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ដែល​​បង្កើតឡើង​កាលពី​ដើម​ខែ​មុន​ក្នុង​គោលបំណង​បំបិទ​មាត់​គណបក្ស​ប្រឆាំង​មុន​ការប្រកួតប្រជែង​បោះឆ្នោត​​ និង​រឿង​អាស្រូវ​ដែល​នៅ​សេសសល់​ពី​បញ្ហា​ពុករលួយ​ធ្ងន់ធ្ងរ​នៅ​អំឡុង​ពេល​ខ្លួន​កាន់​អំណាច​។

តាមរយៈ​ក្រសួង​​យុត្តិធម៌ សហរដ្ឋ​អាមេរិក ​បាន​លើក​ឡើង​ថា​ ទឹកប្រាក់​ចំនួន​ ៤,៥ ​ពាន់​លាន​ដុល្លារ​ត្រូវ​បាន​ប្លន់​យក​ពី​​ថវិកា​នៃ​ការវិនិយោគ​ 1MBD ​ទាក់ទិន​ជាមួយ​នឹង​លោក​ ណាជីប ​ក្នុង​ចន្លោះ​ឆ្នាំ​ ២០០៩ ​និង​ ២០១៤ បូករួម​ទាំង​ ៧០០ ​លាន​ដុល្លារ​ទៀត​ដែល​ជា​លុយ​ត្រូវ​បាន​លាង​នៅ​ក្នុង​គណនី​របស់​លោក (Al Jazeera, 2018)​។

មក​ទល់​ពេល​នេះ​ អាជ្ញាធរ​ម៉ាឡេស៊ី មិន​ទាន់​អនុញ្ញាត​ឲ្យ​លោក​ ណាជីប ចេញ​ក្រៅ​ប្រទេស​នៅ​ឡើយ​ទេ ដោយសារ​​កំពុង​ស៊ើប​អង្កេត​សើរើ​រឿង​ចាស់​ពាក់ព័ន្ធ​នឹង​បញ្ហា​ពុករលួយ​ដ៏ធំ​នេះ​។ ​យ៉ាង​ណា​ក៏ដោយ ក៏​ការបោះឆ្នោត​នៅ​ប្រទេស​ម៉ាឡេស៊ី​ត្រូវ​បាន​គេ​ទទួល​ស្គាល់​​ថា មាន​សេរី និង​យុត្តិធម៌​ហើយ​មាន​សន្តិភាព​ពិតប្រាកដ​។

ប៉ុន្តែ​ផ្ទុយ​ទៅ​វិញ​នៅក្នុង​ប្រទេស​កម្ពុជា​កាលពី​ម្សិលមិញ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត​បាន​បិទ​បញ្ជី​ចុះ​ឈ្មោះ​គណបក្ស​នយោបាយ​សម្រាប់​ប្រកួតប្រជែង​បោះឆ្នោត​ជាតិ​អាណត្តិ​ទី​ ៦ ​នៅ​ខែ​កក្កដា​ខាង​មុខ​នេះ​ដែល​មាន​គណបក្ស​មក​សុំ​ចុះបញ្ជី​​ច្រើន តែ​គ្មាន​ឈ្មោះ​អតីត​គណបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ឈ្មោះ​សង្គ្រោះ​ជាតិ​ (CNRP) ​ដែល​ត្រូវ​បាន​គេ​រំលាយ​កាលពី​ឆ្នាំ​ទៅ​នោះ​ទេ​។

ករណី​អវត្តមាន​អតីត CNRP ក្នុង​ការចូលរួម​ប្រកួត​ប្រជែង​ការបោះឆ្នោត​ខាង​មុខ​នេះ​ជា​សញ្ញា​នៃ​ការបាក់បែក​ខ្មែរ​កាន់តែ​ខ្លាំង​ហើយ​ត្រូវ​បាន​គេ​ហៅថា ជា​ការ​ប្រកួតប្រជែង​មិន​ស្មោះត្រង់​។

រីឯ​ សហគមន៍​អន្តរជាតិ​ក៏​ធ្លាប់​បាន​ព្រមាន​ថា​នឹង​មិន​ទទួល​ស្គាល់​ការបោះឆ្នោត​នៅ​កម្ពុជា​ដែរ តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ក៏​ធ្លាប់​បាន​បញ្ជាក់​រួច​ហើយ​​ដែរ​ថា មិន​ខ្វល់​ពី​រឿង​ទទួល​ស្គាល់​​ ឬ​ មិន​ទទួល​ស្គាល់​ទេ ហើយ​តែងតែ​ប្រកាស​ថា​បើ​គណបក្ស​ប្រជាជន ចាញ់​ឆ្នោត គឺ​នឹង​ផ្ទុះ​សង្គ្រាម​ជាដើម​។ ម្យ៉ាង​វិញ​ទៀត​ការ​កាត់​ផ្តាច់​ជំនួយ​​របស់​សហគមន៍​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក​មួយ​ចំនួន​មកលើ គ.ជ.ប និង​កម្មវិធី​កំណែទម្រង់​រដ្ឋបាល​សាធារណៈ មិនមែន​ជា​ដំណោះស្រាយ​នោះ​ទេ ព្រោះ​ប៉ះពាល់​រដ្ឋាភិបាល​តែ​បន្តិចបន្តួច​ប៉ុណ្ណោះ តែ​ប៉ះពាល់​ពលរដ្ឋ​ក្រីក្រ​ពោល​គឺ​ភាគច្រើន​គ្មាន​អ្វី​ក្រៅ​តែ​ពី​ការធ្វើ​ចំណាកស្រុក​នោះ​ទេ​។

ចំណុច​ដែល​ត្រូវ​យក​មក​ដាក់​លើ​តុ​ដើម្បី​ពិភាក្សា​គ្នា​នោះ​គឺ​ការតាមដាន​ការអនុវត្ត​កិច្ចព្រមព្រៀង​សន្តិភាព​នៅ​ទីក្រុង​ប៉ារីស​ថ្ងៃទី​ ២៣ ខែ​តុលា​ឆ្នាំ​ ១៩៩១ ថា តើ​កម្ពុជា​ដើរ​ដល់​កម្រិត​ណា​ហើយ​? មិនមែន​មាន​ន័យ​ថា​​សហគមន៍​អន្តរជាតិ​ដែល​ជា​ម្ចាស់​ហត្ថលេខី​គ្រាន់តែ​ឲ្យ​អ៊ុនតាក់​ (UNTAC) ​ជួយ​រៀបចំ​ដោយ​ការបោះឆ្នោត​ និង​សភា​បង្កើត​ច្បាប់​រដ្ឋធម្មនុញ្ញ​នោះ​រួច​ខ្លួន​ទេ​។ ប៉ុន្តែ​នៅ​មាន​ចំណុច​ដែល​សហគមន៍​នេះ​ត្រូវ​តាមដាន​លើ​ការអនុវត្ត​សិទ្ធិមនុស្ស​តាម​ស្តង់ដារ និង​ធម្មនុញ្ញភាព​។

ចុះ​បើ​ឥឡូវ​ច្បាប់​រដ្ឋធម្មនុញ្ញ​ហ្នឹង​​ត្រូវ​បាន​កែប្រែ​មាត្រា​មួយ​ចំនួន​ដោយ​រដ្ឋាភិបាល​កើត​ចេញ​ពី CPP បន្ទាប់ពី CNRP ត្រូវ​បាន​គេ​រំលាយ​រួច​ហើយ​នោះ តើ​ច្បាប់​ធម្មនុញ្ញ​ថ្មី​ឆ្លើយតប​នឹង​កិច្ច​ព្រម​សន្តិភាព​ទីក្រុង​ប៉ារីស​ដែរ​ឬ​ទេ​? នេះ​ជា​ចំណុច​ដែល​ម្ចាស់​ហត្ថលេខី​ត្រូវ​ការ​ពិនិត្យ​មិនមែន​ចេះ​យល់​ស្រប​ទៅតាម​ការលើក​ឡើង​ដែល​ថា​បាន​បញ្ចូល​ទៅក្នុង​ច្បាប់​រដ្ឋធម្មនុញ្ញ​អស់​ហើយ​ចប់​នោះ​ទេ ដូច​មាន​ចំណុច​ខ្វះខាត​ខ្លះ​ក្នុង​កិច្ចព្រមព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​រួម​មាន​ជំពូក​ទី​ ២ ​ទាក់ទង​នឹង​ការបោះឆ្នោត ​ទី​៣) ​ទាក់ទង​នឹង​សិទ្ធិមនុស្ស និង​​ឧបសម្ព័ន្ធ​ទី​ ៥ អំពី​គោលការណ៍​របស់​រដ្ឋធម្មនុញ្ញ​ជាតិ​ថ្មី​។

ម្យ៉ាង​វិញ​ទៀត​ការកសាង​សន្តិភាព​ពិត​មិនមែន​បាន​ត្រឹម​តែ​ថា​នោះ​ទេ​គឺ​ត្រូវ​ពិនិត្យ​តាមដាន​ឲ្យ​បាន​ជាប់លាប់ ហើយ​ប្រសិន​បើ​មាន​ការ​រអាក់រអួល​ត្រង់​ចំណុច​ណា​មួយ​នោះ​គឺ​សហគមន៍​អន្តរជាតិ​គួរតែ​សម្របសម្រួល ដើម្បី​ការពារ​កុំ​ឲ្យ​កម្ពុជា​ធ្លាក់​ចូល​ទៅក្នុង​ភ្លើងសង្គ្រាម​សាជាថ្មី ជាពិសេស​ការ​ប្រេះឆា​ដូច​ថ្មីៗ​នេះ​គួរ​តែ​មាន​ប្រទេស​ណា​មួយ​ធ្វើ​ជា​អ្នក​ទី​ ៣ ដូចជា ជប៉ុន​អាច​ចាប់ផ្តើម​ផ្សះផ្សា​រវាង​មេដឹកនាំ​គណបក្ស​ទាំង​ ២ CPP និង CNRP ដែល​កំពុង​មាន​អរិភាព​នឹង​គ្នា​ដោយ​​ធ្វើ​យ៉ាង​ណា​ឲ្យ​មាន​ឱកាស​ចូលរួម​ក្នុង​ការ​បោះឆ្នោត​ខាង​មុខ​នេះ​។ ​

ការកសាង​សន្តិភាព​នៅ​កម្ពុជា បែរ​ជា​ធ្លាក់​ទៅ​រក​ការ​បាក់បែក​គ្នា​ជាតិ​សាសន៍​​សាជាថ្មី​ ខណៈ​មេរៀន​ល្អ​ថ្មីៗ​រវាង​បងប្អូន​កូរ៉េ​ខាង​ជើង និង​ខាង​ត្បូង​ដែល​ធ្លាប់​តែ​បាក់បែក​គ្នា​តាំង​ពី​សង្គ្រាម​លោក​លើកទី​ ២ ​ហើយ​តែង​កំញើញ​គ្នា​លេង​សុទ្ធ​តែ​មីស៊ីល និង​នុយក្លេអ៊ែរ​ហោះ​កាត់​ដំបូល​ផ្ទះ​គ្នា​ទៅវិញ​ទៅមក បែរ​ជា​មក​ចាប់ផ្តើម​ចាប់ដៃ​គ្នា​រឹត​ចំណង​សាមគ្គីភាព​គ្នា​ជា​ធ្លុង​មួយ​ទៅវិញ ជា​ចំណុច​ដែល​ពិភពលោក​ពេញចិត្ត និង​អបអរសាទរ​យ៉ាង​ខ្លាំង​។

ជាជាង​ការ​រក​ដំណោះស្រាយ​បែប​បុរាណ​របស់​រដ្ឋាភិបាល​កម្ពុជា​ដែល​ធ្លាប់​រង់ចាំ​រហូត​ទាល់​តែ​ការប្រកាស​លទ្ធផល​បោះឆ្នោត​រួចរាល់​សិន​ទើប​មាន​ការ​ដោះលែង​ ឬ​ក៏​អនុញ្ញាត​ឲ្យ​ត្រឡប់​ចូល​ស្រុក​វិញ​នៃ​មេដឹកនាំ និង​មន្ត្រី​​បក្ស​ប្រឆាំង​។ ចំពោះ​ឧបសគ្គ​នៃ​ការកសាង​សន្តិភាព​នៅ​កម្ពុជា​នេះ​គឺ​មិនមែន​ត្រឹម​តែ​សមាជិក​អាស៊ាន​ហ្នឹង​ឈ្លោះ​តែ​គ្នាឯង​នោះ​ទេ ប៉ុន្តែ​ជាង​នេះ​ទៅ​ទៀត​គឺ​ការជះឥទ្ធិពល​អាក្រក់ៗ​ពី​សមាជិក​អាស៊ាន​ដែល​ធ្វើ​កន្លង​មក​ដូចជា ការរំលាយ​គណបក្ស​នៅ​ប្រទេស​ថៃ​ដែល​ធ្វើ​បាន​ដោយ​ជោគជ័យ​ និង​និន្នាការ​ដឹកនាំ​ឯកបក្ស​ធំ​ដូច​នៅ​ប្រទេស​វៀតណាម និង​ប្រទេស​សិង្ហបុរី និង​ការបង្កើត​ច្បាប់​ប្រឆាំង​នឹង​ព័ត៌មាន​ក្លែងក្លាយ​ ឬ​ មិន​ពិត​នៅ​ប្រទេស​ម៉ាឡេស៊ី​ជាដើម​។

ផ្ទុយ​ទៅ​វិញ​ កម្ពុជា ​ហាក់​មិន​បាន​យក​គំរូ​ល្អៗ​ដូចជា ការ​បើក​ឲ្យ​មាន​គ្រប់​គណបក្ស​ចូលរួម​ការប្រកួត​ប្រជែង​ក្នុងការ​បោះឆ្នោត​ប្រកប​ដោយ​សមធម៌​ពិតប្រាកដ​ដែល​អាច​នាំ​ទៅ​ដល់​ការ​ទទួល​យក​បាន​នូវ​លទ្ធផល​ឆ្នោត​ដូច​នៅក្នុង​ប្រទេស​ ម៉ាឡេស៊ី​ កាលពី​សប្តាហ៍​កន្លង​ទៅ ​នោះ​ទេ​។ ចំណុច​ទាំង​នេះ​ហើយ​ដែល​ធ្វើឱ្យ​នៅ​តែ​មាន​ចម្ងល់​ថា ចុះ​ហេតុអ្វី​ទើប​បាន​ជនជាតិ​ខ្មែរ​នៅ​តែ​មិន​អាច​រក​រូបមន្ត​ល្អ​មួយ​ដើម្បី​រួបរួម​គ្នា​មិន​បាន ?

ចូលរួម​ផ្តល់យោបល់​តាមរយៈ soprach.tong@phnompenhpost.com