បញ្ហា​សុវត្ថិភាព និង​សុខុមាលភាព​កុមារ​នៅ​តាម​សាលារៀន​គឺជា​កត្តាចាំបាច់​បំផុត​សម្រាប់​ការសិក្សា​របស់​ពួកគេ​ឲ្យ​កាន់តែ​រឹងមាំ​បន្ថែម​ទៅ​មុខ​ទៀត ធ្វើ​យ៉ាងណា​ដើម្បី​លុបបំបាត់​អត្រា​បោះបង់​ការសិក្សា​របស់​កុមារ​ទាំង​នៅក្នុង​ប្រព័ន្ធ​ទាំង​នៅក្រៅ​ប្រព័ន្ធ​អប់រំ​ក្តី​។

ម្ល៉ោះ​ហើយ​ការផ្តល់​ការថែទាំ​ដល់​ពួកគេ​ដូចជា​អាហារ​បំប៉ន​ពេលព្រឹក ហូប​ទឹកស្អាត អនាម័យ​ស្អាត មធ្យោបាយ​ធ្វើដំណើរ​ជាដើម​តាមរយៈ​រដ្ឋ​ក្តី ម្ចាស់​ជំនួយ​ក្តី ការផ្តល់​សប្បុរសធម៌​ជា​លក្ខណៈ​ឯកជន​ក្តី​គឺ​សំដៅ​លើក​ទឹកចិត្ត​កុមារ​ឲ្យ​មាន​ការរៀនសូត្រ​ឲ្យ​បាន​ពេញលេញ ដើម្បី​ឆ្លើយតប​ទៅនឹង​ការប្តេជ្ញា​ចិត្ត​ជា​សកល​ថា ការអប់រំ​សម្រាប់​យើង​ទាំងអស់​គ្នា​ (Education For All)​។

ដូច​នៅ​ប្រទេស​ទ្វីប​អាហ្វ្រិក​អនុតំបន់​សាហារ៉ា អ្នកស្រាវជ្រាវ​រកឃើញ​ថា​មាន​កុមារី​ម្នាក់​ក្នុង​ចំណោម​ ១០ ​នាក់​មិន​បាន​មក​សាលារៀន​អំឡុង​ពេល​ពួកគេ​មាន​រដូវ​ដោយសារ​តែ​គ្មាន​លទ្ធភាព​ទិញ​កន្សែង សំឡី​​ ឬ​ក៏​ក្រដាស​អនាម័យ​។ នេះ​បើ​តាម​ការប៉ាន់ប្រមាណ​របស់​អង្គការ​មូលនិធិ​អង្គការ​សហប្រជាជាតិ​ដើម្បី​កុមារ​ (UNICEF) ​នៅ​ឆ្នាំ​ ២០១៦​។ អ៊ីចឹង​ហើយ​បាន​ជា​រដ្ឋាភិបាល​នៃ​ប្រទេស​កេនយ៉ា​បាន​ចាប់ផ្តើម​ធ្វើ​យុទ្ធនា​ការទិញ​កន្សែង និង​សំឡី​អនាម័យ​ឲ្យ​ទៅ​កុមារី​ចំនួន ២០ ​ម៉ឺន​នាក់​លើក​ដំបូង​នៃ​គម្រោង​សាកល្បង​កាលពី​ឆ្នាំ​ ២០១៧ កន្លងមកនេះ​។ បន្ទាប់មក​មិន​មាន​កុមារី​ណា​យក​លេស​បោះបង់​សាលា​ដោយសារ​តែ​គ្មាន​សម្ភារ​អនាម័យ​នៅពេល​មាន​រដូវ​នោះទេ (UNICEF, 2018) ​។

រីឯ​បង្គន់​ក៏មាន​តួនាទី​សំខាន់​សម្រាប់​កុមារី​ផងដែរ​ក្នុង​ការងាយ​បោះបង់​សាលា​របស់​ពួកគេ​មួយចំនួន ប្រសិន​បើ​សាលារៀន​នោះ​មិន​មាន​បង្គន់​អនាម័យ ឬក៏​មាន​បង្គន់​អនាម័យ​ដែរ តែ​ខ្វះ​ទឹក​ចាក់​ ឬ​ក៏​មិនមាន​អ្នក​ថែទាំ​ពិតប្រាកដ​។ នៅ​ឆ្នាំ ២០១៧ អង្គការ UNICEF បាន​ប៉ាន់ប្រមាណ​ថា ក្នុងចំណោម​កុមារី​នៅ​លើ​ពិភពលោក​ដែល​បាន​បោះបង់​ការសិក្សា​ក្នុង​នោះ​មាន​ ៦០ ​ភាគរយ​នៃ​ការបោះបង់​ការសិក្សា​គឺ​ដោយសារតែ​សាលារៀន​របស់​ពួកគេ ខ្វះ​បន្ទប់​លាង​សម្អាត​ពេល​ពួកគេ​មាន​រដូវ​ និង​ខ្វះ​បង្គន់​អនាម័យ​។

ករណី​នេះ​នៅតែ​ជា​បញ្ហា​ពាក់ព័ន្ធ​ទៅនឹង​សាលា​រដ្ឋ​នៅ​ស្រុក​ខ្មែរ​ផងដែរ ដែលជា​ទូទៅ​សាលារៀន​ណា​ក៏មាន​បង្គន់​ដែរ តែ​ត្រង់​ថា​មាន​ទឹក​ចាក់​ក្រោយពេល​បទ​ជើង​រួច​នោះ​ឬ​អត់​? មាន​អ្នក​ទទួល​ខុសត្រូវ​សម្អាត​ហើយ ឬ​នៅ​? មាន​ដាក់​វេន​កូនសិស្ស​ឲ្យ​សម្អាត​បង្គន់​អនាម័យ​នោះ​ហើយ​ឬ​នៅ​? ក្នុង​បន្ទប់​បង្គន់​មាន​សាប៊ូ​លាងដៃ​ហើយ​ឬ​នៅ​? ប្រសិនបើ​មិនមាន​ទេ គឺ​ស្មើនឹង​អត់​មាន​បង្គន់​អ៊ីចឹង ពីព្រោះ​ប្រើប្រាស់​អត់​កើត ហើយ​ក្លិនស្អុយ​ចេញពី​បង្គន់​ទាំង​ទឹកនោម​​ និង​លាម​កនៅ​កកស្ទះ​ពេញ​ក្នុង​បង្គន់​នោះ​។

សម្រាប់​កុមារា ពួកគេ​ចេះតែ​លួច​ដើរ​ឈរ​នោម​តាម​ដើមឈើ ឬ​ក៏​របង​សាលា​បាន តែ​កុមារី​វិញ​មិន​អាច​មាន​ទម្លាប់​ និង​ឥរិយាបថ​បែបនេះ​បានទេ​។ បញ្ហា​នេះ​កើតមានឡើង​តាំងពី​ទសវត្សរ៍​ឆ្នាំ​ ៨០ ឆ្នាំ​ ៩០ ​មក​ម្ល៉េះ ចុះ​ហេតុអ្វី​មក​ដល់​សម័យ​នេះហើយ​សាលា​ដែល​មានទឹក​គ្រប់គ្រាន់​ហើយ​នៅតែ​បង្គន់​អនាម័យ​គគ្រិច​ស្អុយ​ឆ្អេះ​ទៀត​? បើ​សាសា​នៅ​ជនបទ​ខ្លះ ពិតជា​ពិបាក​រក​ទឹក​មែន​នៅ​ខែ​ក្តៅ​ហួតហែង ហើយ​ជីក​អណ្តូង​អត់​ចេញ​ទឹក​ទៀត រកតែ​ទឹកស្អាត​ហូប​មិន​បាន​ផង ហើយ​គួបផ្សំ​ជាមួយ​នឹង​ទម្លាប់​ទៅ​បត់ជើង​ចូល​ព្រៃ​បាំងៗ​ជុះ​ទីនោះ​នៅមាន​នៅឡើយ​ផង​គឺ​ក្លិនស្អុយ​នៅតែ​ជុំវិញ​និង​បរិវេណ​សាលារៀន​ខ្លួនឯង​ហ្នឹង​ដែរ​។

បើតាម​បទពិសោធ​របស់​ខ្ញុំ​ដែល​ធ្វើការ​ជាមួយ​ហ្នឹង​អនាម័យ​ស្អាត និង​ការចុះ​ពិនិត្យ​មើល​ភាពស្អាត​នៃ​បរិស្ថាន​នៅតាម​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យបង្អែក​រដ្ឋ និង​នៅ​សាលារៀន​ថ្មីៗ​នេះ​គឺ​ខាង​សេវា​សុខាភិបាល​គឺ​គេ​ដើរ​ឈាន​មុន​ហើយ​គ្មាន​អ្នកជំងឺ ឬ​ក៏​អតិថិជន​ណា មក​មណ្ឌល​សុខភាព ឬ​ក៏​មន្ទីរពេទ្យបង្អែក​រដ្ឋ គ្មាន​កន្លែង​បត់ជើងតូច ឬ​ក៏​ធំ​នោះទេ បើ​ទីតាំង​គ្មាន​ទឹក​ក៏​គេ​អាច​ទិញ​ទឹក ឬ​ក៏​ប្រើប្រាស់​ទឹកស្រះ ឬ​ក៏​ជីក​អណ្តូង​ជម្រៅ​ជ្រៅ​ដង​មកចាក់​ទឹក​ដែរ​។ ព្រោះ​មណ្ឌល​សុខភាព យក​ថវិកា​ហិរញ្ញប្បទាន​មក​ជួល​មនុស្សម្នាក់​មក​សម្អាត​មាន​សាប៊ូ​លាងដៃ​ទៀត ហើយ​បើ​មណ្ឌល​សុខភាព​ណា​អត់​មាន​ថវិកា​គ្រប់គ្រាន់ គឺ​គ្រូពេទ្យ​ចែកវេន​គ្នា​សម្អាត​សម្រាប់​ទទួល​អ្នកជំងឺ និង​អតិថិជន​ដែរ​។ ការដែល​មណ្ឌល​សុខភាព និង​មន្ទីរពេទ្យ​ធ្វើ​បាន​ស្អាត​ផ្នែក​បង្គន់​អនាម័យ​នេះ ក៏​ព្រោះតែ​ប្រព័ន្ធ​តាមដាន​ត្រួតពិនិត្យ​ដាក់ពិន្ទុ និង​វាយតម្លៃ​ច្បាស់លាស់​។ ម្យ៉ាងវិញ​ទៀត​មេឃុំ​ជា​ប្រធាន​គណៈកម្មការ​គ្រប់គ្រង​មណ្ឌល​សុខភាព ជាពិសេស​ស្ថាប័ន​នាំមុខ​ផ្នែក​សុខភាព​ផង​។

ចំណែកឯ​នៅតាម​សាលារៀន​រដ្ឋ​វិញ​កុំ​ថា​ឡើយ​តាម​ខេត្ត​នៅ​កណ្តាល​រាជធានី​ភ្នំពេញ ក៏​មាន​សាលា​ខ្លះ​នៅតែ​គគ្រិច​ក្លិនស្អុយ និង​ឆ្អេះ​ហួង​ទៅ​ក្បែរ​មិនបាន​ផង​។ ហេតុអ្វី​បាន​ជា​មិន​អភិវឌ្ឍ​ខ្លួន​សោះ​? បានត្រឹម​តែ​ទ្រឹស្តី​លាងដៃ​ស្អាត​ក្រោយពេល​បត់ជើង តែ​ដល់​មែនទែន​ទៅ​មិនបាន​អនុវត្ត​ដោយសារ​តែ​បង្គន់​គគ្រិច​ចូល​មិន​ចុះ​។

កាលពី​ខ្ញុំ​នៅ​រៀន​ទសវត្សរ៍​ឆ្នាំ ៨០ និង​ឆ្នាំ ៩០ ក៏​ដូច​តែ​គ្នា​ដែរ ទោះបី​ជា​គ្រូ​ដាក់​វេន​ឲ្យ​លាង​បង្គន់​ហើយ​នៅតែ​មិន​ស្អាត​ដដែល​ព្រោះ​មានកូន​សិស្ស​លាង មាន​កូន​សិស្ស​ខ្ជិល​ចាំតែ​ជុះ​ស្រាប់​។ រីឯ​មិត្ត​រួម​ថ្នាក់​ជា​នារី គឺ​មិន​ហ៊ាន​ចូល​បត់ជើងតូច ឬក៏​បត់ជើងធំ​ក្នុង​បង្គន់​នោះទេ​សុខចិត្ត​ញ៉ាំ​ទឹក​តិច ញ៉ាំ​អាហារ​តិច ដើម្បី​កុំឲ្យ​ឈឺ​បត់ជើង សុខចិត្ត​ទ្រាំ​ចាំ​ទៅ​ដល់​ផ្ទះ​។

បញ្ហា​ថ្នាំងថ្នាក់​នេះ​ធ្វើឲ្យ​មាតាបិតា​សិស្ស​ដែល​មាន​លទ្ធភាព​មួយ​ចំនួន​គឺ​យក​កូនស្រី​របស់​គេ​ដាក់​នៅ​សាលា​ឯកជន​វិញ ព្រោះ​សាលា​គេ​ស្អាត​ស្រាប់​។ ហេតុ​ដូច្នេះ​ហើយ​សាលា​គួរតែ​ជជែក​គ្នា​ជាមួយ​មាតាបិតា​សិស្ស​នៅពេល​ប្រជុំ​បើក​បវេសនកាល​ខាងមុខ​នេះ​គឺ​លើក​បញ្ហា​បង្គន់​អនាម័យ​នេះ មក​ដាក់​លើ​តុ​ដើម្បី​រក​ដំណោះស្រាយ​តម្រូវការ​ជាក់ស្តែង​ថា តើ​ជួល​អ្នកសម្អាត ឬ​ក៏​ឲ្យ​កូនសិស្ស​ដាក់​វេន​គ្នា​សម្អាត​? និយាយ​ឲ្យ​ចំ​គឺ​ត្រូវមាន​អ្នកគ្រប់គ្រង​បង្គន់​អនាម័យ​ស្អាត និង​​សាប៊ូ​លាងដៃ​សម្អាត​។

ជា​ការពិត​កាលពី​សប្តាហ៍​មុន​ខ្ញុំ​បាន​ដើរ​សង្កេត​មើល​បង្គន់​អនាម័យ​តាម​សាលា​រដ្ឋ​មួយ​ចំនួន​នៅ​ភ្នំពេញ​ឃើញ​អនុវិទ្យាល័យ​ចតុមុខ​មាន​ទឹកស្អាត​ប្រើប្រាស់ និង​មាន​អ្នក​សម្អាត​គ្មាន​ក្លិនស្អុយ​ឆ្អេះ និង​ឆ្អាប​នោះទេ​។ រីឯ​វិទ្យាល័យ​ព្រះស៊ីសុវត្ថិ​ដែល​ត្រូវបាន​ក្រសួង​ដាក់​ឈ្មោះ​ថា សាលា​ជំនាន់​ថ្មី​ហ្នឹង កំពុង​តែ​អភិវឌ្ឍ​ខ្លួន​ឲ្យ​សម​នឹង​ឈ្មោះ​ គឺ​សង់​អគារ​បង្គន់​អនាម័យ​ថ្មីៗ ស្អាត​ស្របទៅ​តាម​និយាម​ស្តង់ដា​មាន​បែងចែក​កន្លែង​កុមារា​នោម បន្ទប់​កុមារា បន្ទប់​កុមារី និង​បន្ទប់​កុមារ​ពិការ ក៏​អាច​រុញ​រទេះ​ឡើង​បាន​ដែរ​។

ហេតុ​ដូច្នេះហើយ​ក្រសួង​អប់រំ គួរតែ​បន្ថែម​ពិន្ទុ​ឲ្យ​ច្រើន ចំពោះ​អនាម័យ​ស្អាត​នេះ​សម្រាប់​ឧបករណ៍​វាស់វែង​ (Tools) ដើម្បី​ចុះ​ប្រព័ន្ធ​តាម​ត្រួតពិនិត្យ​ដាក់ពិន្ទុ តាមដាន និង​វាយតម្លៃ​សាលារៀន​នីមួយៗ​ធ្វើ​យ៉ាងណា​ដើម្បី​លុបបំបាត់​អត្រា​បោះបង់​ការសិក្សា​របស់​កុមារី​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com