ការវិនិយោគសំណង់អគារលំនៅឋានសហកម្មសិទ្ធិខ្ពស់ៗ (ខុនដូ) នៅកម្ពុជា ជាពិសេសរាជធានីភ្នំពេញ និងក្រុងព្រះសីហនុបាននិងកំពុងកើនឡើងគួរឲ្យកត់សម្គាល់ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ដើម្បីឆ្លើយតបនឹងតម្រូវការរបស់អតិថិជនក្នុងស្រុក និងក្រៅស្រុក។ ការកើនឡើងនៃអគារខុនដូក៏នឹងនាំមកនូវបញ្ហាប្រឈមមួយចំនួនៗដែលបញ្ហាមួយក្នុងចំណោមបញ្ហានានា គឺបញ្ហាបោះ ឬទម្លាក់វត្ថុពីអគារខុនដូ ឬអគារសហកម្មសិទ្ធិខ្ពស់។
ដើម្បីងាយយល់ពីបញ្ហានេះខ្ញុំសូមលើកពីហេតុការណ៍ដែលបានកើតឡើងចំពោះខ្ញុំផ្ទាល់ជាឧទាហរណ៍។
ហេតុការណ៍៖ នៅពេលរសៀលថ្ងៃអង្គារសប្តាហ៍មុនខ្ញុំបាទបាននាំភ្ញៀវបរទេសទៅជួបពិភាក្សាការងារនៅក្នុងទីតាំងកាហ្វេក្នុងអគារខុនដូ Vista របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ សង្កាត់ឫស្សីកែវ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។ ខ្ញុំបាទបានចតរថយន្តទៅតាមការណែនាំរបស់បុគ្គលិកសន្តិសុខរបស់អគារខុនដូ Vista នៅមុខទ្វារចូលទៅអគារនៅប៉ែកខាងលិចនៃអគារនេះ។ នៅម៉ោងប្រហែល ១៦ និង ៤០ នាទីមានដែកកេះ ១ បានធ្លាក់ពីជាន់ខាងលើនៃអគារមកលើកញ្ចក់រថយន្តរបស់ខ្ញុំបាទបណ្តាលឲ្យបែកប្រេះស្រាំកញ្ចក់។
ក្រោយពីមានរឿងនេះកើតឡើងក្រុមហ៊ុន ឬអ្នកគ្រប់គ្រងអគារខុនដូ Vista មិនមានលទ្ធភាពរកជនបង្កមកទទួលខុសត្រូវទេដោយសារមិនមានកាមេរ៉ាតាមដានពីខាងក្រៅអគារ និងបុគ្គលិកមិនអាចរកឃើញជនបង្ក។ ខាងតំណាងក្រុមហ៊ុនគ្រប់គ្រងអគារខុនដូ និងក្រុមហ៊ុនបុរីវីឡាទួលសង្កែក៏បដិសេធមិនទទួលខុសត្រូវលើការខូចខាតដែរ។ ខ្ញុំដែលជាជនរងគ្រោះត្រូវរ៉ាប់រងចំណាយលើការខូចខាតនេះ។
សំណួរទី ១៖ តើកត្តាអ្វីដែលបណ្តាលឲ្យជនបង្កប្រព្រឹត្តទង្វើបែបនេះ?
វាអាចបណ្តាលមកពីអំពើអចេតនា ឬការធ្វេសប្រហែសរបស់ជនបង្ក។ ក្រៅពីអំពើអចេតនាការចោលវត្ថុ ឬធ្វើឲ្យធ្លាក់វត្ថុពីអគារខ្ពស់មកក្រោមគឺជាឥរិយាបថខុសឆ្គង (Anti-Social Behavior) ដែលកើតឡើងដោយសារចំណុចទី១៖ ជំងឺផ្លូវចិត្តមិនអាចគ្រប់គ្រងឥរិយាបថរបស់ខ្លួនឯងបាន និងចំណុចទី២៖ បរិបទអំណោយផលដល់ជនបង្ករួចផុតពីការទទួលខុសត្រូវ។
ចំពោះចំណុចទី១ យើងមិនមានអ្វីត្រូវនិយាយច្រើនទេក្រៅពីការជំរុញឲ្យពួកគាត់ (អ្នកបង្ក) ទៅទទួលការព្យាបាលជាមួយអ្នកឯកទេស។ ចំពោះចំណុចទី ២ យើងត្រូវពិភាក្សាច្រើនដើម្បីស្វែងរកដំណោះស្រាយ។ អ៊ីចឹងចូលដល់សំណួរទី២។
សំណួរទី២៖ តើអ្វីទៅជាបរិបទដែលអំណោយផលដល់ជនបង្ករួចផុតពីការទទួលខុសត្រូវចំពោះឥរិយាបថខុសឆ្គងរបស់គាត់?
បរិបទទី១- ការបោះ ឬគប់វត្ថុពីអគារខ្ពស់មិនងាយត្រូវបានអ្នកដទៃឃើញដូចការបោះ ឬគប់នៅតាមផ្លូវទេ។ ណាមួយនៅតំបន់ជុំវិញ ក៏មិនមានអគារខ្ពស់ដែលអាចឲ្យអ្នកនៅអគារផ្សេងមើលឃើញគាត់ប្រព្រឹត្ត។
បរិបទទី២- អាចជាការខ្វះខាតការបំពាក់កាមេរ៉ាសុវត្ថិភាពឲ្យបានគ្រប់គ្រាន់ទើបធ្វើឲ្យជនបង្កអាចគិតថា អ្នកដទៃនឹងមិនដឹង ឬមិនងាយរកឃើញទេ ប្រសិនបើគាត់បោះ ឬធ្វើឲ្យធ្លាក់វត្ថុមកក្រោមប៉ះពាល់ដល់អ្នកដទៃ។ ឬក៏អាចគិតថា អ្នកគ្រប់គ្រងមិនមានសមត្ថភាពគ្រប់គ្រាន់ក្នុងការស្រាវជ្រាវឃើញប្រសិនបើមានហេតុការណ៍ដូចនេះកើតឡើង។
បរិបទទី៣- គឺដោយសារពីមុនមកមិនសូវរកឃើញជនបង្ក និងមិនមានទណ្ឌកម្ម ឬការពិន័យធ្ងន់ធ្ងរដែលធ្វើឲ្យជនបង្កងាយនឹងប្រព្រឹត្តម្តងទៀត។ ដូចដែលការរកឃើញរបស់ចិត្តវិទូលោក Edward Thorndike ដែលដាក់ឈ្មោះថា ទ្រឹស្តី Law of Effect បានបញ្ជាក់ថា ឥរិយាបថដដែលរបស់គ្គលម្នាក់ងាយនឹងកើតឡើងម្តងទៀត ឬនឹងមិនងាយបញ្ឈប់ទេ ប្រសិនបើគាត់មិនទទួលកម្ម ឬទណ្ឌកម្ម។
សំណួរទី៣៖ បើអ៊ីចឹងយើងសួរថា តើក្រុមហ៊ុនមានទំនោរ ឬ Incentive ក្នុងការការពារកុំឲ្យមានបរិបទទាំងនេះ ឬកែលម្អបរិបទទាំងនេះឬទេ?
ចម្លើយគឺអាស្រ័យលើច្បាប់ និងការអនុវត្តច្បាប់ដែលមានចែងពីការទទួលខុសត្រូវរបស់ក្រុមហ៊ុន។
ប្រសិនបើច្បាប់មិនមានចែង ឬចែងមិនច្បាស់ នោះយើងមិនអាចរំពឹងខាងក្រុមហ៊ុនចូលរួមកាត់បន្ថយបញ្ហាទាំងនេះទេ ដោយសារតែមានបញ្ហា Moral Hazard នៃការសម្រេចចិត្តរបស់ក្រុមហ៊ុន។ Moral Hazard មានន័យថា បុគ្គល ឬក្រុមហ៊ុនមានទំនោរក្នុងការប្រថុយទៅនឹងហានិភ័យ ដោយសារបុគ្គល ឬក្រុមហ៊ុននោះមិនត្រូវចាប់ឲ្យទទួលខុសត្រូវលើផលប៉ះពាល់នៃការប្រថុយរបស់ខ្លួន។
ក្នុងករណីរបស់ខ្ញុំយើងអាចបកស្រាយថា ក្រុមហ៊ុនគ្រប់គ្រងខុនដូ Vista ដែលអភិវឌ្ឍដោយក្រុមហ៊ុនបុរីវីឡាទួលសង្កែមិនបានបំពាក់ឧបករណ៍ការពារ ឬឧបករណ៍ស្វែងរកជនបោះវត្ថុពីអគារ ដ្បិតអីបើមានគ្រោះថ្នាក់កើតឡើង ក្រុមហ៊ុនមិនចាំបាច់ទទួលខុសត្រូវ សងការខូចខាតរបស់អ្នកដទៃដែលបង្កដោយអ្នកស្នាក់នៅ ឬបុគ្គលិកនៅក្នុងអគាររបស់ខ្លួនផង។
បើអ៊ីចឹងក្រុមហ៊ុនមានប្រយោជន៍ ឬ Incentive អ្វីទៅចំណាយថវិកាធនធានមនុស្ស និងពេលវេលាទៅបង្ការកុំឲ្យមានបញ្ហា និងដោះស្រាយបញ្ហានៅពេលមានគ្រោះថ្នាក់ដូច្នេះកើតឡើង? តែក៏មិនមែនមានន័យថា រាល់ក្រុមហ៊ុនគ្រប់គ្រងអគារខុនដូទាំងអស់សុទ្ធតែមានឥរិយាបថមិនទទួលខុសត្រូវដូច្នេះទេ។ ក៏អាចមានក្រុមហ៊ុនដែលស្ម័គ្រចិត្តចំណាយធនធានក្នុងការបំពាក់ឧបករណ៍ និងស្រាវជ្រាវរកជនបង្កផងដែរដើម្បីផ្តល់ទំនុកចិត្តដល់អតិថិជន អ្នកជិតខាង និងភ្ញៀវ។
បញ្ហា Moral Hazard អាចដោះស្រាយបានតាមរយៈការចង់មានការទទួលខុសត្រូវតាមផ្លូវច្បាប់។ តើច្បាប់របស់កម្ពុជាមានចែងឬទេអំពីបញ្ហានេះ?
ដោយខ្ញុំមិនមានជំនាញ អ៊ីចឹងសូមទុកឲ្យអ្នកជំនាញច្បាប់ចូលរួមផ្តល់យោបល់បកស្រាយ។
វិស័យអគារសហកម្មសិទ្ធិខ្ពស់ៗ (ខុនដូ) នៅកម្ពុជាទើបតែចាប់ផ្តើមអភិវឌ្ឍក្នុងដំណាក់កាលដំបូង។ ក៏ប៉ុន្តែតទៅមុខ កម្ពុជានឹងប្រាកដជាមានអគារសហកម្មសិទ្ធិខ្ពស់ៗ (ខុនដូ) ច្រើនជាងនេះដោយកត្តាសន្តិភាព ស្ថិរភាព កំណើនសេដ្ឋកិច្ច និងការវិវត្តនៃសង្គម។ ទន្ទឹមនឹងការអភិវឌ្ឍ បញ្ហាប្រឈមនឹងមកជាមួយ ដូចជាហេតុការណ៍ ឬគ្រោះថ្នាក់បែបនេះ ឬធ្ងន់ធ្ងរជាងនេះប្រសិនបើយើងមិនមានវិធានការពីពេលនេះទេនោះ។
ជាក់ស្តែងប្រទេសជិតខាងក្នុងអាស៊ានក៏បាន និងកំពុងជួបបញ្ហាទាំងនេះជាច្រើនករណីដែរ។ ឧទាហរណ៍នៅប្រទេសម៉ាឡេស៊ី មានគ្រោះថ្នាក់មួយកើតឡើងបណ្តាលឲ្យសិស្សវ័យ ១៥ ឆ្នាំម្នាក់បានបាត់បង់ជីវិត ដោយសារមានគេបោះកៅអីពីខាងលើអគារធ្លាក់ត្រូវចំក្បាលរបស់សិស្សនោះកាលពីឆ្នាំ ២០១៨។ ករណីស្រដៀងគ្នានៅប្រទេសសិង្ហបុរីគឺស្ត្រីវ័យ ៧៣ ឆ្នាំម្នាក់បានបាត់បង់ជីវិតដោយសារមានគេបោះដបស្រាពីអគារលំនៅឋានខ្ពស់កាលពីឆ្នាំ ២០១៩។
ទោះជាវិស័យអគារសហកម្មសិទ្ធិខ្ពស់ៗ (ខុនដូ) នៅកម្ពុជាទើបតែចាប់ផ្តើមអភិវឌ្ឍក្តី តែកម្ពុជាគួរស្វែងយល់ពីបញ្ហា និងបទពិសោធទាំងនេះពីប្រទេសដទៃដើម្បីការពារ និងកាត់បន្ថយបញ្ហាប្រឈមទៅថ្ងៃអនាគត៕
ពីខ្ញុំ គឹម មិនា អតីតនិស្សិតនៃសាលាគោលនយោបាយសាធារណៈ លីក្វាន់យូរ