ជា​ទ្រឹស្តី​ក្នុង​ការ​រកស៊ី វិនិយោគ​ក្នុង​ស្រុក​ក្តី លក្ខណៈ​អន្តរជាតិ​ក្តី​គឺ​តម្រូវ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​ប្រតិបត្តិការ​ឲ្យ​មាន​ក្រមសីលធម៌​ និង​ធ្វើ​យ៉ាង​ណា​ឲ្យ​ឆ្លើយតប​ទៅ​នឹង​ការ​ចូលរួម​ទទួល​ខុសត្រូវ​សង្គម​ (CSR-Corporate Social Responsibility)​។

ប៉ុន្តែ​នៅ​ស្រុក​យើង​មាន​តែ​ក្រុមហ៊ុន​ដែល​ធ្វើការ​ក្នុង​វិស័យ​ធនាគារ និង​ធានា​រ៉ាប់រង​ទេ ដែល​មាន​លក្ខណៈ​លេចធ្លោ​ជាង​គេ​ក្នុង​ការ​អនុវត្ត​មាន​តម្លាភាព​ដោយ​បង្ហាញ​របាយការណ៍​ហិរញ្ញវត្ថុ​ជា​សាធារណៈ​នៅ​លើ​គេហទំព័រ​របស់​ខ្លួន​ហើយ​មិន​ត្រឹម​តែ​ប៉ុណ្ណោះ​ទេ​គឺ​ខំ​ផ្សាយ​របាយការណ៍​នោះ​នៅ​តាម​កាសែត​ទៀត​។

ការ​ធ្វើ​ដូច្នេះ​ដើម្បី​កសាង​នូវ​ទំនុក​ចិត្ត​ដល់​អតិថិជន​ផង និង​ធ្វើ​ជា​អ្នក​ជួយ​លក់-ទិញ​ហ៊ុន​ផង​ (Broker) ​ហើយ​​លើស​ពី​នោះ​ក៏​ជា​ឱកាស​របស់​ក្រុមហ៊ុន​គេ​អាច​ចូលរួម​លក់-ទិញ​ភាគហ៊ុន​នៅ​ផ្សា​រមូលបត្រ​កម្ពុជា​យ៉ាង​ស្រួល​ផង​ដែរ​។ ជាពិសេស ​គឺ​ការ​ខិតខំ​ប្រកួត​ប្រជែង​ដើម្បី​ជា​ការ​ឆ្លើយតប​ទៅ​នឹង​ CSR ​ដូចជា​ជួយ​ចែក​អំណោយ​ជា​កង់​ដល់​កូនសិស្ស​គ្រួសារ​ក្រីក្រ ចែក​សម្ភារ​សិក្សា​ដល់​កុមារ​តាម​សាលារៀន​ចុង​​កាត់​មាត់​ញក ការ​ចែក​មួក​សុវត្ថិភាព​ ចែក​អង្ករ​ដល់​គ្រួសារ​​ក្រីក្រ និង​រហូត​ដល់​អាហារូបករណ៍​ដល់​និស្សិត​ដើម្បី​រៀន​នៅ​សាកល​វិទ្យាល័យ​ជាដើម​។

ឧទាហរណ៍​ក្រុមហ៊ុន​ធានា​រ៉ាប់រង​ Prudential បាន​សហការ​ជាមួយ​នឹង​ស្ថានទូត​អង់គ្លេស​ប្រចាំ​កម្ពុជា​ក្នុង​កម្មវិធី​ Chevening ​បាន​ផ្តល់​អាហារូបករណ៍​និស្សិត​ខ្មែរ​ទៅ​រៀន​កម្រិត​ថ្នាក់​ម៉ាស្ទ័រ​នៅ​ប្រទេស​អង់គ្លេស​ជា​រៀងរាល់​ឆ្នាំ​។ សកម្មភាព​នេះ​គឺជា​ការ​វិនិយោគ​មាន​លក្ខណៈ​យូរ​អង្វែង និង​សាង​កេរ្តិ៍ឈ្មោះ​របស់​ក្រុមហ៊ុន​ផង​ដែរ​។

ផ្ទុយ​ទៅ​វិញ​ក្រុមហ៊ុន​អចលនទ្រព្យ​ដីធ្លី ផ្ទះ​សំបែង​នៅ​ស្រុក​ខ្មែរ​មួយ​ចំនួន មិន​ត្រឹម​តែ​មិន​ឆ្លើយតប​ទៅ​នឹង​ CSR ​នេះ​ទេ​គឺ​មាន​តែ​ធ្វើឲ្យ​ប្រជាពលរដ្ឋ​កាន់តែ​ក្រ​ទៅៗ​ដូចជា​បណ្តេញចេញ​ដោយ​គ្មាន​សំណង​ ឬ​ក៏​បណ្តេញ​ចេញ​ដោយ​ទទួល​បាន​សំណង​បន្តិច​បន្តួច មិន​ស័ក្ដិសម​នឹង​តម្លៃ​ដី និង​ផ្ទះ​សំបែង​ជាក់ស្តែង​ក្រោម​ស្លាក​ «​តំបន់​អភិវឌ្ឍន៍​»​។

ក្រុមហ៊ុន​ខ្លះ​បាន​សហការ​ជាមួយ​អាជ្ញាធរ​ដែនដី​តាមរយៈ​ឈូស​ឆាយដី ផ្ទះ​យក​តែ​ម្តង​ ឬក៏​បូម​ខ្សាច់​ពន្លិច​ផ្ទះ​យក​ដី​តែ​ម្តង ឬ​ក៏​បើ​មាន​ករណី​អគ្គិភ័យ​នៅ​តំបន់​នោះ​ក្រោយ​មក​ឈូស​យក​ដី​តែ​ម្តង​ក៏​មាន​។ ដូច​ករណី​នៅ​ប្លុក​ខាង​មុខ​ប៊ុលឌិញ​ចាស់​បន្ទាប់ពី​ឆេះ​ផ្ទះ​អស់​គឺ​ប្រមូល​ប្រជាពលរដ្ឋ​រងគ្រោះ​ទាំង​នោះ​យក​ទៅ​ដាក់​នៅ​អន្លង់​ក្ងាន​ខណ្ឌ​សែនសុខ រីឯ​អ្នក​ភូមិ​បុរី​កីឡា​ខ្លះ​ត្រូវ​អាជ្ញាធរ​យក​​ទៅ​ដាក់​នៅ​ឧដុង្គ​ខ្វះ​ទឹក​ខ្វះ​ភ្លើង​សព្វ​គ្រប់ រីឯ​អ្នក​ភូមិ​បឹងកក់​ខ្លះ​វិញ​ពូកែ​ដេញ​មិន​ចេញ​បូម​ខ្សាច់​ពន្លិច​ផ្ទះ​តែ​ម្តង​ដោយ​ម្ចាស់​ផ្ទះ​បាន​ត្រឹម​តែ​ឈរ​សម្រក់​ទឹកភ្នែក​មើល​ផ្ទះ​របស់​ខ្លួន​តែ​ប៉ុណ្ណោះ​។ រីឯ​ការ​បណ្តេញ​ចេញ​ធំៗ​ផ្សេង​ទៀត​ដូចជា​តំបន់​ដីក្រហម​ជិត​ស្ថានទូត​រុស្ស៊ី និង​តំបន់​កោះពេជ្រ​ទាំង​មូល សុទ្ធ​តែ​តំបន់​ក្តៅ​ទាំងអស់​។

ក្រុមហ៊ុន​អលចនទ្រព្យ​ទាំងនោះ​សុទ្ធ​តែ​សន្យា​ថា​ប្រែ​ក្លាយ​តំបន់​ទាំង​នោះ​ទៅ​ជា​តំបន់​អភិវឌ្ឍន៍ តែ​បន្ទាប់ពី​បាន​ក្រុមហ៊ុន​ទៅ​ជា​ដោះស្រាយ​តាមរយៈ​ធម៌​ក្តៅ​ដោយ​ក្រោយ​ពេល​យក​ពី​ប្រជាពលរដ្ឋ​មក​តំបន់​មួយ​ចំនួន​បែរ​ក្លាយ​ទៅ​ចេញ​ជា​​ផ្ទះល្វែង ផ្ទះ​វីឡា​ប្រណីត អគារ​ខុនដូ​ខ្ពស់​លក់​មាន​តម្លៃ​ថ្លៃ​កប់​ពពក​ទៅ​វិញ​។

រីឯ​ ដី​ខ្លះ​ទៀត​ហាក់បី​ដូចជា​ទុក​ចោល​ធ្វើ​តារាង​បាល់ទាត់​ ឬ​ក៏​ហាង​ផឹកស៊ី​រាត្រី​ទៅ​វិញ​ដើម្បី​កុំ​ឲ្យ​គេ​ថា​អត់​ធ្វើ​អី ដែល​តាមពិត​ក្រុមហ៊ុន​នោះ​​កំពុង​រង់ចាំ​មើល​ថា​តើ​មាន​ក្រុមហ៊ុន​ធំៗ​មក​ទិញ​បន្ដ ន្អាល់​នឹង​លក់​ក្នុង​តម្លៃ​ថ្លៃ​ទៅ​តាម​ទីផ្សារ​សព្វ​ថ្ងៃ​នេះ​។ បើ​នៅ​បឹងកក់​វិញ​ក្នុង​ប្លង់​ដំបូង​សុទ្ធ​រីសតមាន​បឹង​លម្ហែកាយ តែ​មក​ទល់​ពេល​នេះ​មួយ​ផ្នែក​ធំ​មិន​ទាន់​អភិវឌ្ឍ​អ្វី​ជា​ដុំ​កំភួន​ទេ ឃើញ​តែ​សាងសង់​ភាគ​ខាង​លិច​ចេញ​ជា​ផ្ទះល្វែង​ និង​អគារ​ខុនដូ​ទៅ​វិញ​។

ឥឡូវ​នេះ​នៅ​សល់​អ្នក​ភូមិ​បុរីកីឡា​ប្រមាណ​ជា​ ២០ ​គ្រួសារ​​ និង​បឹងកក់​ភូមិ​ ២២ ​សល់​តែ​ជាង​ ២០ ​គ្រួសារ​ទៀត​តែ​ប៉ុណ្ណោះ​ដែល​កំពុង​ដោះស្រាយ​ដែល​មក​ទល់​ពេល​នេះ​ទំនាស់​ទាំង​នោះ​មាន​រយៈពេល​ ១០ ​ឆ្នាំ​ទៅ​ហើយ ។

កាលពី​ខែ​សីហា​ឆ្នាំ​មុន​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ជំរុញ​ឲ្យ​សាលា​រាជធានី​ដោះស្រាយ​ដីធ្លី​ជាមួយ​អ្នក​ភូមិ​ឲ្យ​អស់​ឆាប់​ចប់​ទៅ​។ តែ​មក​ទល់​ពេល​នេះ​អាជ្ញាធរ​នៅ​តែ​កំពុង​ដោះស្រាយ​ករណី​គ្រួសារ​ដែល​សល់​ចុង​ក្រោយ​នេះ​ដែល​ឆ្លង​​កាត់​វិវាទ​រ៉ាំរ៉ៃ​ជាង​ ១០ ​ឆ្នាំ​កន្លង​មក​ហើយ​។

រីឯ ​សកម្មជន​បឹងកក់​ដែល​សល់​ទាំង​នេះ​កាលពី​សប្តាហ៍​មុន​នេះ​បាន​ដាក់​ញត្តិ​ទាមទារ​មក​សាលា​រាជធានី​ដើម្បី​ធ្វើ​អន្តរាគមន៍​ដោះលែង​អ្នកស្រី ទេព វន្នី ដែល​ជា​សកម្មជន​បឹងកក់​ផង​ដែរ ខណៈ​ដែល​ស្ដ្រី​រូប​នេះ​បាន​ជាប់​ក្នុង​ពន្ធនាគារ​ដោយសារ​ការ​តតាំង​ជាមួយ​នឹង​សមត្ថកិច្ច​រឿង​តវ៉ា​ដីធ្លី​របស់​គាត់​នៅ​បឹងកក់​នោះ​។ បើ​តាម​ប្រវត្តិ​ឯកសារ​កិច្ចព្រមព្រៀង​វិនិយោគ​រវាង​សាលា​រាជធានី​ភ្នំពេញ​ជាមួយ​ក្រុមហ៊ុន​​ស៊ូកាកូអ៊ីន​មាន​រយៈពេល​ ៩៩ ​ឆ្នាំ​ក្នុង​តម្លៃ​ ៧៩ ​លាន​ដុល្លារ​ដែល​បាន​ចុះ​ផ្សាយ​តាំងពី​ឆ្នាំ​ ២០០៧ ​មក​គឺ​ដី​បឹងកក់​នោះ​មាន​ទំហំ​ ១៣៣ ​ហិកតា​។

ប៉ុន្តែ​​មក​ទល់​បច្ចុប្បន្ន​នេះ​ទំហំ​ដី​យក​មក​អភិវឌ្ឍ​ពិត​តែ​ ១០៦ ​ហិកតា​​ប៉ុណ្ណោះ តែ​តម្លៃ​ដី​នៅ​បឹងកក់​នេះ​ត្រូវ​ស្ថាប័ន ICESCR ប៉ាន់​ប្រមាណ​តម្លៃ​សរុប​ដល់​ទៅ​ជាង​​ ២ ​ពាន់​លាន​ដុល្លារ​ប្រហែល​ជា​កើន​តម្លៃ​ដល់​ទៅ​ ២០ ​ដង​។

ជា​ផលវិបាក​ពី​បឹងកក់​នេះ​ប្រជាពលរដ្ឋ​រងគ្រោះ​នាំ​គ្នា​ធ្វើ​បាតុកម្ម​តវ៉ា​ យំសោក​បោក​ប្រាណ​ដូច​សត្វ​អក​ដោយសារ​តែ​បាត់បង់​ដីធ្លី និង​ផ្ទះ​សំបែង​របស់​ពួកគេ​រាប់​ឆ្នាំ ខាត​ពេលវេលា និង​ថវិកា​ធ្វើឲ្យ​បក្ស​កាន់​អំណាច​ខូច​មុខមាត់​នៅ​លើ​ឆាក​អន្តរជាតិ​ក៏​ដោយសារ​ជនរងគ្រោះ​ទាំង​នោះ​តវ៉ា​នេះ​ដែរ​។

ខ្លះ​ទៀត​ត្រូវ​បាក់បែក​គ្រួសារ និង​ជាប់គុក​ ៣ ​ទៅ​ ៤ ​ដង ដូច​ករណី​អ្នកស្រី​ យោម បុប្ផា ត្រូវ​ជាប់គុក​ផង​ចេញ​ពី​គុក​លែងលះ​គ្នា​ទៀត ខណៈ​ករណី​អ្នកស្រី ទេព វន្នី ជាប់គុក​ចេញ​ចូលៗ​ដូច​ទៅ​ផ្សារ​ដោយសារ​តែ​ក្តី​ឈឺចាប់​រឿង​ជម្រក​ដែល​ជា​តម្រូវការ​ចាំបាច់​ចំពោះ​ខ្លួន​ និង​អ្នកភូមិ​របស់​ខ្លួន​ធំធេង​ជាង​ដោយ​ពួកគេ​​លែង​ខ្វល់​រឿង​ការ​លំបាក​នៅក្នុង​ពន្ធនាគារ ហើយ​សកម្មជន​ខ្លះ​ទៀត​ត្រូវ​តុលាការ​ឲ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​។

នៅ​ថ្ងៃ​ទី​ ៧ ខែ​កុម្ភៈ​ខាង​មុខ​នេះ​អ្នកស្រី ទេព វន្នី នឹង​ត្រូវ​តុលាការ​កំពូល​កោះហៅ​ដើម្បី​បើក​សវនាការ​ករណី​របស់​គាត់​។ ករណី​នេះ​គឺជា​បញ្ហា​សន្តិសុខ​របស់​មនុស្ស​ជាតិ​ដែល​ជា​តម្រូវការ​ចាំបាច់​បំផុត​។

រីឯ​ផលវិបាក​មួយ​ទៀត​នោះ​គឺ​រឿង​បញ្ហា​បង្ហូរ​ទឹក​សម្អុយ​ចូល​ទន្លេ​ដោយសារ​តែ​ការ​លុប​បឹង​ក្នុង​ក្រុង​នេះ ហើយ​ទើប​តែ​​កាលពី​សប្តាហ៍​មុន​នេះ​មាន​ការ​បន្ទោស និង​ទម្លាក់​កំហុស​តៗ​គ្នា​ដោយ​លោក​ឧបនាយក​រដ្ឋមន្ត្រី ស ខេង ​បាន​ស្ដីបន្ទោស​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន​លើ​ករណី​បង្ហូរ​​ទឹក​សម្អុយ​ចូល​ក្នុង​ទន្លេ​ខាង​​ក្រោយ​ក្រសួង​តែ​ម្ដង​។

រីឯ​មន្ត្រី​បរិស្ថាន​ថា​បញ្ហា​ដោះស្រាយ​ទឹក​សម្អុយ​ក្នុង​រាជធានី​នេះ​គឺ​ក្រសួង​បាន​ផ្ទេរ​មក​ថ្នាក់​ក្រោម​ជាតិ​រួច​ហើយ​។ នេះ​គឺជា​ផលប៉ះពាល់​ដែល​កើតឡើង​មកពី​ការ​លុប​បឹង​ក្នុង​ក្រុង​ធ្វើ​ឲ្យ​ការ​ដោះស្រាយ​លំបាក​ណាស់​មិន​ដឹង​យក​ទៅ​ចាក់​ឯណា​ក្រៅពី​បឹង​ប៉ាយាប និង​មួយ​ផ្នែក​នៅ​បឹងទំពុន​គឺ​មាន​តែ​បង្ហូរ​ចូល​ទៅ​ក្នុង​​ទន្លេ​នេះ​ហើយ​។ ការ​អភិវឌ្ឍ​នៅ​ស្រុក​ខ្មែរ​គឺ​នាំ​គ្នា​លុប​បឹងត្រពាំង​ដែល​ខុស​ពី​ប្រទេស​គេ​នាំ​គ្នា​ជីកដី​ធ្វើ​បឹង​ ឬ​ក៏​អភិរក្ស​បឹង​ដែល​មាន​ស្រាប់ សូម្បី​តែ​ប្រទេស​សិង្ហបុរី​តូច​ប៉ុណ្ណឹង​ក៏​មាន​បឹង​កន្លែង​កម្សាន្ត​ក្នុង​ទីក្រុង​ដែរ ហើយ​បើ​នៅ​ទីក្រុង ​Minneapolis នៃ​សហរដ្ឋអាមេរិក​វិញ​ងាក​ទៅ​ណា​ក៏​ឃើញ​បឹង​ដែរ​។

កាលពី​ឆ្នាំ​ ២០០៩ ខ្ញុំ​បាន​ចូលរួម​តាំងពិព័រណ៍​ស្តីពី​ទឹក​គ្មាន​ចរន្ត​ជាមួយ​វិចិត្រករ និង​សិល្បៈករ​នៅ​ស្ទូឌីយោបូផាណា ខ្ញុំ​បាន​ធ្វើ​បទបង្ហាញ​ជាមួយ​នឹង​រូបថត​អនុស្សាវរីយ៍​កាលពី​ខ្ញុំ​ធ្លាប់​ទៅ​លេង​នៅ​បឹងកក់​នៅ​ពេល​ម៉ោង​អត់​រៀន​ ឬ​ក៏​ពេល​ចូល​ឆ្នាំ​ជាដើម​។

បឹងកក់​គឺជា​កន្លែង​កម្សាន្ត​សប្បាយ​មួយ​ដើម្បី​យក​ខ្យល់​អាកាស​ល្អ​ណាស់ ​ខ្ញុំ និង​មិត្តភក្តិ​ធ្លាប់​ជិះ​ប៉េដេឡូ​ (​ជិះ​ទា​ធាក់​ឲ្យ​ទៅ​មុខ​) ​និង​ធ្លាប់​ហែល​ទឹក​បឹងកក់​លេង​ដែរ​កាលពី​ចុង​ទសវត្សរ៍​ឆ្នាំ​ ៨០ ​។ នៅ​ទី​​នោះ​ក៏​មាន សួនសត្វ កន្លែង​ជិះ​យន្តហោះ​លេង​កម្សាន្ត និង​មាន​កន្លែង​ផ្សេងៗ​ទៀត​ផង​ដែរ ដោយ​កាល​នោះ​ហាក់បី​ដូចជា​សប្បាយ​ខ្លាំង​ណាស់​។

ឥឡូវ​នេះ​បឹងកក់​លែង​មាន​ទៀត​ហើយ​ទៅ​ជា​កន្លែង​ទឹកភ្នែក​របស់​ប្រជាពលរដ្ឋ​ដែល​បាត់បង់​ផ្ទះ​សំបែង ដីធ្លី​ទៅ​វិញ​ក្រោម​ស្លាក​អភិវឌ្ឍន៍​ដែល​តាមពិត​ចេញ​ទៅ​ជា​ផ្ទះ​ល្វែង និង​ខុនដូ​ទៅ​វិញ​។

យ៉ាង​ណា​ក្ដី​បើ​អង្ករ​បាន​ក្លាយ​ជា​បាយ​ទៅ​ហើយ​ល្មម​ដោះស្រាយ​អ្នក​នៅ​សល់​ប៉ុន្មាន​គ្រួសារ​ចុង​ក្រោយ​ និង​​គួរ​ដោះលែង​អ្នកស្រី ទេព វន្នី ​ដើម្បី​បញ្ចប់​ទឹកភ្នែក និង​កម្មពៀរ​ជាមួយ​អ្នកភូមិ​បឹងកក់​​ទៅ​។ បើ​ទស្សនទាន​អ្នក​អភិវឌ្ឍន៍​ពិត​ទូទៅ គេ​មើល​ឃើញ​តំបន់​បឹងកក់​នេះ​គឺ​ស្ថិត​នៅ​កណ្តាល​ទីក្រុង​ល្អ ហើយ​មាន​ស្ថានីយ​រថភ្លើង​ស្រាប់​នៅ​ជាប់​តំបន់​នេះ​ដែល​គួរ​តែ​ផ្លាស់ប្តូរ​ការ​វិយោគ​ទៅ​ជា​មជ្ឈមណ្ឌល​ធ្វើ​ដំណើរ​មកពី​គ្រប់​បណ្តា​ខេត្ត​ទូទាំង​ប្រទេស​ទៅ​វិញ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com