តាមរយៈរបាយការណ៍របស់អង្គការពលកម្មអន្តរជាតិ (ILO) កាលពីឆ្នាំ ២០១៣ បន្ទាប់ពីបាក់អគារនៅរោងចក្រកាត់ដេរនៅប្រទេសបង់ក្លាដែសដែលធ្វើឲ្យកម្មករ កម្មការិនីស្លាប់ដល់ទៅចំនួន ១ ១៣២ នាក់ និងជាង ២ ៥០០ នាក់ផ្សេងទៀតរងរបួស។ គ្រោះមហន្តរាយដ៏ធំធេង នេះ ត្រូវបានគេយកមកធ្វើជាមេរៀនទ្រឹស្តី និងជាឧទាហរណ៍ពីការស៊ីសំណូក និងអំពើពុករលួយក្នុងការសាងសង់អគារគ្មានគុណភាព ដែលបណ្តាលឲ្យងាយបាក់រលំនោះ តាមរយៈការបណ្តុះបណ្តាលរយៈពេលខ្លី ដែលខ្ញុំបានសិក្សាកន្លងមក។
នៅប្រទេស កម្ពុជា កន្លងមក មានការបាក់ស្រុតរលំផ្ទះសំណង់ចាស់ជំនាន់បារាំងទាំងស្រុងផងដែរនៅក្បែរផ្សារចាស់ ដែលកាលនោះមិនមានមនុស្សស្លាប់ទេ តែមានអ្នករបួសធ្ងន់។ ក្រោយមកទៀតនៅឆ្នាំ ២០១៣ មានការបាក់ពិតានអគាររោងចក្រស្បែកជើងឈ្មោះ Wing Star នៅខេត្តកំពង់ស្ពឺ រោងចក្រនេះម្ចាស់ក្រុមហ៊ុនជាជនជាតិចិនតៃវ៉ាន់។ ការបាក់ពិតាននេះធ្វើឲ្យកម្មការិនី ២ នាក់ស្លាប់ភ្លាមៗ។
កាលពីខែ កញ្ញា ឆ្នាំ ២០១៨ មានការបាក់អគារសំណង់ ១ នៅទីក្រុងនៃខេត្តសៀមរាបបណ្តាលឲ្យកម្មករម្នាក់ស្លាប់ និង ៤ នាក់ផ្សេងទៀតរងរបួស។
រីឯនៅខេត្តព្រះសីហនុដែលកំពុងតែមានអគារសង់ខ្ពស់ៗច្រើនរីកដុះដាលដូចផ្សិតដោយក្រុមហ៊ុនចិន ហើយកាលពីថ្ងៃទី ២២ ខែ មិថុនា មានបាក់រលំអគារសំណង់កម្ពស់ ៧ ជាន់ នៅពេលទៀបភ្លឺ ខណៈកម្មករកំពុងតែដេកលង់លក់នៅក្នុងអគារដែលកំពុងសាងសង់នេះ ដែលការបាក់រលំនេះធ្វើឲ្យស្លាប់កម្មករ ២៨ នាក់ និងអ្នករងរបួស ២៦ នាក់។ នេះបើតាមរបាយការណ៍រដ្ឋបាលខេត្តព្រះសីហនុ។
ការបាក់រលំអគារដែលសង់ដោយក្រុមហ៊ុនចិននេះគឺជាសោកនាដកម្មមួយដ៏ធំធេង បន្ទាប់ពីការផ្អើលជាន់គ្នានៅស្ពានកោះពេជ្រ ដែលមានអ្នកស្លាប់ជាង ៣០០ នាក់កាលពីឆ្នាំ ២០១០។
មកទល់ពេលនេះសមត្ថកិច្ចឃាត់ខ្លួនអ្នកដែលពាក់ព័ន្ធចំនួន ៤ នាក់ ហើយតុលាការក៏បានធ្វើការចោទប្រកាន់រួចហើយផងដែរ ខណៈដែលអភិបាលខេត្តព្រះសីហនុ លោក យន្ត មីន បានលាលែងហើយលោក ញឹម វណ្ណដា អនុប្រធានគណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយត្រូវបានលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសដកពីតំណែង។
ចុះស្ថាបត្យករ? វិស្វករ? មេការសំណង់? ក្រុមហ៊ុនធានារ៉ាប់រង? ជាមួយគ្នាក៏មានការបន្ទោសគ្នា និងការទម្លាក់កំហុសតៗគ្នា ហាក់បីដូចជាមានការគេចវេះពីការទទួលខុសត្រូវ បើទោះបីជាក្រុមហ៊ុនសាងសង់នេះត្រូវបានសមត្ថកិច្ចហាមឃាត់ មិនឲ្យសាងសង់ ២ ដង រួចមកហើយក៏ដោយក៏នៅតែអាចសាងសង់បានទៅមុខបន្តទៅទៀត តើមូលហេតុអ្វី បានជាក្រុមហ៊ុនចិននេះធ្វើបាន?
ខណៈការសាងសង់នៅខេត្តព្រះសីហនុកំពុងតែកើនឡើង មានក្រុមហ៊ុនចិនមួយចំនួន ដើម្បីរកស៊ីឲ្យទាន់គេ ពេលដែលការរកស៊ីនៅទីនោះកំពុងតែមានកំណើនខ្លាំង គឺគេធ្វើកិច្ចសន្យាការសាងសង់សម្រាប់ តែរយៈពេលខ្លីពី ១៥ ឬក៏ ២០ ឆ្នាំទេ បន្ទាប់ពីនោះគឺគេប្រគល់អគារទាំងនោះ ឲ្យម្ចាស់ដីជនជាតិខ្មែរវិញទាំងស្រុង។ ម្ល៉ោះហើយគឺគេធ្វើយ៉ាងណាសាងសង់ ឲ្យបានលឿន ភាសាសាមញ្ញថា ដើម្បីរកស៊ីឲ្យទាន់គេ ដោយមិនគិតពីគុណភាពនៃសំណង់នោះទេ និងគ្មានអ្នកមកឆែកឆេរពិនិត្យគុណភាពសំណង់នោះទេមើលទៅហាក់បីដូចជាធ្វើមិនដឹងមិនឮ ឬក៏យកលុយពីក្រុមហ៊ុន ហើយនាំគ្នាស្ងាត់ៗទៅ? នេះហើយគឺជាបញ្ហា។
ម្យ៉ាងវិញទៀតផ្អែកតាមទឹ្រស្តីរបស់សុវត្ថិភាព និងសុខភាព នៅកន្លែងធ្វើការ (OSHA) គឺមានការប្រយ័ត្នប្រយែងខ្លាំង សម្រាប់សុវត្ថិភាពកម្មករ។ មានន័យថា មិនអាចអនុញ្ញាតឲ្យពួកគេទៅស្នាក់នៅលើអគារពេលយប់ដែលទើបតែសាងសង់ដែកតមិនទាន់ជាប់លាប់ ឬក៏ស្ងួតស៊ីម៉ងត៍ខាំជាប់គ្នាស្រួលបួលផងឲ្យឡើងដេកនៅលើនោះទេគឺមានហានិភ័យខ្ពស់ ទៅលើការបាក់អគារ ឬក៏ឆក់ខ្សែភ្លើងខ្វាត់ខ្វែងជាមួយនឹងចម្រឹងដែកផង ជាពិសេសគឺអាចម៍នោមនៅលើហ្នឹងផង។
នៅពេលមានបញ្ហាបាក់អគារដែលជាគ្រោះមហន្តរាយបង្កដោយទង្វើរបស់មនុស្សបែបនេះគឺ ធ្វើឲ្យខាតបង់ថវិកាជាតិផង និងឯកជនផង មានតែស្វែងរកសប្បុរជនជួយជំនួយដល់ជនរងគ្រោះទាំងនោះផង មើលទៅជីវិតកម្មករខ្មែរហាក់បីដូចជាងាយស្លាប់ផុយៗពេកហើយ។ ហេតុដូច្នេះហើយ រាជរដ្ឋាភិបាលគួរតែចេញសេចក្តីថ្លែងការណ៍ជាសាធារណៈមួយជាលាយលក្ខណ៍អក្សរក្នុងករណីឧបទ្ទវហេតុបាក់រលំអគារនេះ និងចេញជាផែនការក្របខ័ណ្ឌការងារមួយជាក់លាក់សម្រាប់គណៈកម្មការថ្មី សម្រាប់អនុវត្តបញ្ហាបាក់រលំអគារ។
បទពិសោធប្រទេស នីហ្សេរីយ៉ា វិញ កាលពីឆ្នាំ ២០១៧ បន្ទាប់ពីមានការបាក់រលំអគារមក រដ្ឋាភិបាលបានរៀបចំការសិក្សាស្រាវជ្រាវ និងបង្កើតក្របខ័ណ្ឌផែនការក្នុងការដោះស្រាយបញ្ហាបាក់អគារនេះ តាមរយៈការត្រួតពិនិត្យទៅលើសមត្ថភាពក្រុមហ៊ុនសាងសង់ និងទ្រព្យសម្បត្តិរបស់ក្រុមហ៊ុនការបង់ធានារ៉ាប់រង និងផែនការគ្រប់គ្រងទៅលើសុវត្ថិភាព និងសុខភាព។
យ៉ាងហោចណាស់ក្រុមហ៊ុនសាងសង់ ដែលមានវិជ្ជាជីវៈត្រូវមានលក្ខណសម្បត្តិ ៧ យ៉ាងរួមមាន ផែនការមេទីក្រុង ក្រុមការងារត្រួតពិនិត្យ និងវាយតម្លៃអចលនទ្រព្យស្ថាបត្យករវិស្វករ អ្នកសាងសង់ អ្នកត្រួតពិនិត្យ (ទីតាំងភូមិសាស្ត្រ និងព័ត៌មាន) និងអ្នកត្រួតពិនិត្យគុណភាព (Okolie, K. C et al, 2017)៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com