មេៗមួយចំនួនឃើញតែសម្ញែងដាក់គ្នារឿងដូរសៀវភៅប៉ាស្ព័រអស់ ៤ ទៅ ៥ ក្បាលហើយ ដោយសារការដើរទៅបរទេសច្រើនពេក តាមរយៈការងារចូលរួមប្រជុំក្តី សន្និសីទអន្តរជាតិក្តី សិក្ខាសាលាក្តី វគ្គបណ្តុះបណ្តាលរយៈពេលខ្លីក្តី ទៅកម្មសិក្សាក្តីជាដើម។
មេៗខ្លះទៀតបង្ហាញសាច់ដុំថា ខ្លួនមានសិទ្ធិជាងគេកាន់ប៉ាស្ព័រដល់ទៅ ២ ឬ ៣ សញ្ជាតិបត់បែនទៅតាមប្រទេសដែល មិនចំណាយលុយទៅលើវីសារបស់ពួកគាត់ រីឯកូនចៅវិញបានត្រឹមតែត្អូញត្អែរថា៖ «អ្នកបានទៅនៅតែបានទៅ អ្នកអត់នៅតែអត់លិទ្ធដដែលអ៊ីចឹង»។ តើពេលណាបានលោក-លោកស្រី គិតគូររឿងផ្តល់ឱកាសឲ្យបុគ្គលិករបស់ខ្លួនអាចចូលរួមអភិវឌ្ឍខ្លួនតាមរយៈទៅបរទេស?
ពាក្យថា «មេៗ» នៅក្នុងបរិបទនេះគឺសំដៅចំពោះប្រធានអង្គការក្រៅរដ្ឋាភិបាល ប្រធានអង្គភាពស្ថាប័នរដ្ឋ ប្រធានក្រុមហ៊ុន CEO សាកលវិទ្យាធិការ ចាងហ្វាងកាសែត ឬក៏ប្រធានកម្មវិធីអង្គការសហប្រជាជាតិ UN ប្រធានកម្មវិធីរបស់អង្គការ ប្រធានផ្នែកនៅក្រុមហ៊ុន ព្រឹទ្ធបុរសនៅតាមសាកលវិទ្យាល័យ និងនិពន្ធនាយកកាសែតជាដើម និយាយរួមគឺកម្រិតគ្រប់គ្រងដែលមានសិទ្ធិសម្រេចនៅក្នុងអង្គភាព។
ការដើរចោលកន្លែងធ្វើការទៅបរទេសរបស់មេៗខ្លះ មានលក្ខណៈច្រើនហួសហេតុគឺហាក់បីដូចជាចាត់ទុកការិយាល័យធ្វើការហ្នឹងជាស្ថាប័នគ្រាន់តែជាឈ្នាន់មួយជាឱកាសសម្រាប់ទៅបរទេសតាមរយៈការងារក្តី តាមរយៈការអញ្ជើញពីអ្នករៀបចំកម្មវិធីសនិ្នសីទក្តី និងដើរកម្សាន្តផងដែរ។ មេខ្លះ គឺមិនបានគិតគូរកូនចៅថ្នាក់ក្រោមទេ ឲ្យតែគេអញ្ជើញទៅចូលរួមប្រជុំ ឬកម្មវិធីនៅបរទេសគឺដឹងតែទៅហើយមិនបានជ្រើសរើសថា ប្រទេសហ្នឹងធ្លាប់ទៅ ឬក៏កម្មវិធីហ្នឹងធ្លាប់ចូលរួម ឬក៏ចាំកម្មវិធីលើកក្រោយនោះទេគឺដឹងតែ «អញ» មេ យកអស់នៅពេលត្រឡប់ពីបរទេសមកមិនដែលយកចំណេះដឹងហ្នឹងមកចែករំលែកដល់បុគ្គលិករបស់ខ្លួននោះទេ។
មេៗខ្លះយកលេសមិនត្រឹមតែមិនឲ្យទៅបរទេសទេ ថែមទាំងចំអកឲ្យកូនចៅជាទូទៅថា ទៅធ្វើអ្វីបើស្តាប់ភាសាគេមិនបានផងនោះ ហើយការងារនៅកន្លែងច្រើនទៀត។ មេខ្លះមានចរិតចង្អៀតចង្អល់ បើខ្លួនឯងរវល់មិនបានទៅហើយ ក៏មិនឲ្យកូនចៅទៅដែរ គឺផ្អឹបទុកលិខិតអញ្ជើញទៅចូលរួមកម្មវិធីនៅបរទេសហ្នឹងចោលទៀតក៏មានព្រោះខ្លាចកូនចៅហ្នឹងចេះជាងខ្លួន។ មេៗ មានដែលសួរមន្ត្រីក្រោមឱវាទរបស់ខ្លួនហ្នឹងចង់ទៅបរទេសដែរអត់? មានដែលចង់ផ្តល់ឱកាសឲ្យពួកគាត់រៀននូវអ្វីដែលថ្មីដែរឬក៏អត់?
តាមពិតទៅបុគ្គលិកតាមផ្នែកនីមួយៗក៏គេចង់មានឱកាសទៅរៀនសូត្របន្ថែមនៅក្រៅប្រទេសដូចមេៗបរទេសដែរគឺចង់រៀនអ្វីដែលថ្មីទាក់ទងទៅនឹងការងារប្រចាំថ្ងៃ ដើម្បីជួយមកអង្គភាពវិញដែរ។ ទទួលបានផលប្រយោជន៍មួយចប់ដូចគ្នាគឺរួចថ្លៃសំបុត្រយន្តហោះ ថ្លៃកន្លែងស្នាក់នៅហូបចុក ថ្លៃការចូលរួមសិក្ខាសាលា ឬ ក៏សន្និសីទទទួលថវិកាសម្រាប់ចាយប្រចាំថ្ងៃ ស្គាល់មនុស្សថ្មីៗនៅទីនោះ មានឱកាសដើរកម្សាន្តលេងនៅបរទេសនោះផងដែរ និងអាចជួបជាមួយបងប្អូន និងមិត្តភក្តិនៅទីនោះក៏មាន ជាពិសេសបានក្រេឌីតមកពីក្រៅដែរ រីឯប្រាក់ខែនៅកន្លែងធ្វើការនៅតែទទួលបានដដែលទៀត។ ផលចំណេញច្រើនយ៉ាងហ្នឹងៗបានជាមេៗ មិនចង់ឲ្យបុគ្គលិកចូលរួមកម្មវិធីនៅក្រៅស្រុកនោះទុកទៅខ្លួនឯង។
ជាពិសេសលោក-លោកស្រីដែលជាប្រធានអង្គការនៅរយៈពេលយូរៗឆ្នាំនៅអង្កៀមផលប្រយោជន៍ អត់ចង់ទៅណាទេ ហើយក៏មិនចង់បណ្តុះបណ្តាលកូនចៅបានលូតទៅមុខដែរ ប្រធានអង្គការខ្លះគ្រាន់តែយកផលប្រយោជន៍ទៅក្រៅប្រទេសហ្នឹងសន្សំទិញបានឡានយ៉ាងស្អាត ១ គ្រឿង។
រីឯកូនចៅដែលមានឱកាសទៅបរទេសខ្លះគឺបានទៅតាមរយៈការងារជំនាញដែលមេៗមិនអាចស៊ីពីលើបានដូចជាមានឈ្មោះជាអ្នកស្រាវជ្រាវ អ្នកកាសែត គ្រូបង្រៀនឬក៏មន្ត្រីហិរញ្ញវត្ថុដែលត្រូវបានគេអញ្ជើញចំឈ្មោះតែម្តងដែលមេៗមិនទៅជំនួសបាន បានធ្លាក់មកដល់ដៃបុគ្គលិកនោះ។ បើមិនដូច្នេះទេ មេៗយកទៅបាត់ទៀត។
ជាផលវិបាកនៃការដើរទៅបរទេសច្រើនពេករបស់មេៗដែលជាប្រធានអង្គការ រហូតដល់ទៅ ១ ខែនៅកន្លែងធ្វើការតែ ១ សប្តាហ៍ក៏មានដែរអ៊ីចឹងគឺធ្វើឲ្យប៉ះពាល់ទៅនឹងប្រព័ន្ធការងារ និងការសម្រេចធំៗត្រូវបានរាំងស្ទះ។ បុគ្គលិកល្អៗ គេសម្រេចចិត្តលាឈប់ពីកន្លែងធ្វើការ និងបុគ្គលិកខ្លះលាឈប់ពីការងារដោយសារតែមេៗមិនផ្តល់ឱកាសចូលរួមអភិវឌ្ឍខ្លួននូវគំនិតថ្មីនោះ។
តែផ្ទុយទៅវិញប្រធានក្រុមហ៊ុន CEO ជាច្រើនវិញ ការចេញទៅក្រៅប្រទេសគឺចាំបាច់ និងមានផលប្រយោជន៍មកក្រុមហ៊ុនបានគេសម្រេចចិត្តចេញទៅបរទេសនោះ។ ព្រោះពួកគេជាអ្នកទទួលខុសត្រូវទៅលើសុខភាពរបស់ក្រុមហ៊ុនខាតចំណេញទាំងមូល និងមានការប្រយ័ត្នប្រយែងជាងប្រធានអង្គការដែលមិនគិតពីរឿងចំណេញខាតនោះទេ គឺដឹងតែធ្វើម៉េចចាយលុយម្ចាស់ជំនួយឲ្យត្រូវខ្ទង់ទៅរួចគ្នា អ៊ីចឹងមេៗនៅអង្គការគាត់ចូលចិត្តកម្មវិធីកម្សាន្តនៅបរទេសណាស់។
ជាងនេះទៅទៀតនៅពេលមានបញ្ហារឿងអាស្រូវកើតឡើងហើយក៏គ្មាននរណាទៅប្តឹងប្ដល់ដែរ ដូចករណីលោកស្រី ម៉ម សុម៉ាលី អតីតប្រធានអង្គការ AFESIP ដែលល្បីខាងធ្វើការប្រឆាំងការជួញដូរស្ត្រី និងធ្វើដំណើរជួបមនុស្សសំខាន់ៗ និងប្រទេសជាច្រើននៅលើពិភពលោក តែក្រោយមកលោកស្រី ត្រូវបានគណៈកម្មការនាយកអង្គការ និងម្ចាស់ជំនួយបណ្តេញចេញ ដោយសារតែការកេងប្រវ័ញ្ចលើជនរងគ្រោះ និងការគៃបន្លំ។
ចុងបញ្ចប់គ្មានស្ថាប័នណាប្តឹងប្ដល់លោកស្រី សុម៉ាលី ឡើងតុលាការដើម្បីដាក់ទោសទណ្ឌ ឬក៏សងជាសំណងដែរនោះទេ។ ចំណុចនេះគឺខុសពីប្រធានក្រុមហ៊ុន CEO វិញ បើមានបញ្ហាហើយ គឺត្រូវគណៈកម្មការនាយកបញ្ឈប់ហើយរួចខ្លួននោះទេ ពេលខ្លះត្រូវជាប់បណ្តឹងឡើងតុលាការទៀត អ៊ីចឹងបានជាពួកគេមានការគិតគូរអង្គភាពរបស់គេជាងការដើរកម្សាន្តក្រៅប្រទេស។
តែគួរឲ្យកត់សម្គាល់ចំពោះមន្ត្រីរដ្ឋាភិបាលដែលធ្វើការនៅចំកន្លែងខ្លាញ់វិញ បើគេឲ្យលិខិតអញ្ជើញទៅបរទេសខ្លះគឺមិនចង់ទៅទេ ព្រោះខ្លាចដាច់ម៉ូយ រកស៊ី រត់ការឯកសារធំៗ ហើយបើមានគ្លីនិកនៅផ្ទះទៀតគឺមិនចង់ទៅមែនទែន។
បើតាមទ្រឹស្តីនៃការគ្រប់គ្រងអភិវឌ្ឍន៍ធនធានមនុស្សវិញ ការផ្តល់ឱកាសឲ្យបុគ្គលិកទៅបរទេស គឺជាគ្រឿងលម្អលើកទឹកចិត្ត និងជាពេលដែលមន្ត្រីកសាងសមត្ថភាពមកបម្រើការងារឲ្យអង្គភាពរបស់ខ្លួនវិញ។ ហេតុដូច្នេះមេៗ គួរតែហ៊ានលះបង់សាកល្បងផ្តល់ឱកាសឲ្យបុគ្គលិកទៅបរទេស នៅកន្លែងដែលខ្លួនធ្លាប់ទៅ ឬក៏កម្មវិធីដែលធ្លាប់ទៅរួចហើយនោះ។
បទពិសោធដ៏ល្អរបស់វិទ្យាស្ថានខ្មែរសម្រាប់សហប្រតិបត្តិការ និងសន្តិភាព (CICP) គឺមិនត្រឹមតែចែករំលែកផ្តល់ឱកាសដល់បុគ្គលិកបច្ចេកទេសរបស់ខ្លួនទៅបរទេសទេ សូម្បីតែខ្ញុំគ្រាន់តែជាសមាជិកអ្នកស្រាវជ្រាវ (Research Fellow) ក៏អង្គការ CICP ផ្តល់ឱកាសឲ្យខ្ញុំទៅចូលរួមសន្និសីទនៅក្រៅប្រទេសដែលតំណាងឲ្យស្ថាប័ននេះដើម្បីរក្សាទំនាក់ទំនងនៅក្រៅប្រទេសផង។
រីឯ អង្គការឃែរ CARE ជាកន្លែងដែលខ្ញុំធ្លាប់ធ្វើការជាមួយកាលពី ១៥ ឆ្នាំមុនក៏មានគោលការណ៍ផ្តល់ឱកាសដល់បុគ្គលិករបស់ខ្លួន ទៅបរទេសដែរ តែនៅពេលត្រឡប់មកវិញត្រូវធ្វើបទបង្ហាញចែករំលែកដល់ក្រុមការងារនូវអ្វីដែលខ្លួនបានរៀនពីបរទេសនោះ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com