
ទឹកស្ទឹងសែន នៅស្រុកសណ្តាន់ ខេត្តកំពង់ធំកំពុងរីងស្ងួតដល់បាតកាលពីសប្តាហ៍មុន។ តុង សុប្រាជ្ញ
នៅរដូវវស្សា នៅស្រុកខ្មែរ សឹងតែរាល់ឆ្នាំ ទឹកជំនន់លិចភូមិ លិចស្រែ បាក់ស្ពាន បាក់ផ្លូវ បាក់ច្រាំង និងខូចខាតហេដ្ឋារចនាសម្ព័ន្ធ បាននាំគ្នាប្រញិបប្រញាប់រកធ្វើទំនប់ទឹកការពារភ្លាមៗ បើទោះបីជាកន្លែងខ្លះ ទប់មិនជាប់ក៏ដោយ។
ប៉ុន្តែប៉ុន្មានខែក្រោយមកគឺនៅពេលចូលដល់រដូវប្រាំង ទឹកក៏ស្រកហូរចេញអស់ដែរ ហើយស្ទឹងខ្លះដែលធ្លាប់តែមានទឹកពេញព្រៀបគឺអាចមូរជើងខោដើរឆ្លងកាត់បាន ដោយមិនបាច់ហែលឆ្លងទេ ខណៈស្ទឹងខ្លះទៀតរីងហួតប្រេះបែកក្រហែងក៏មាន។
បើនិយាយពីស្ថាប័នធ្វើការជាមួយនឹងទឹកទាំងទីក្រុង និងទាំងជនបទវិញ រួមមាន៖ ក្រសួងធនធានទឹក ក្រសួងកសិកម្ម ក្រសួងអភិវឌ្ឍន៍ជនបទ ក្រសួងបរិស្ថាន ក្រសួងឧស្សាហកម្ម និងសិប្បកម្ម ក្រសួងរ៉ែ និងថាមពល ក្រសួងរៀបចំដែនដី ក្រសួងសាធារណការ រដ្ឋាករទឹកស្វយ័ត និងរដ្ឋបាលថ្នាក់ក្រោមជាតិ ខេត្ត ស្រុក និងឃុំ។
ជាក់ស្តែងស្រុកខ្មែរបើផ្អែកទៅតាមទីតាំងភូមិសាស្ត្រ និងប្រព័ន្ធស្រោចស្រពទឹក មិនគួរណាខ្វះទេ យើងមានទឹកទន្លេមេគង្គមានអាងស្តុកទឹកទន្លេសាបមានទំហំធំប្រៀបដូចជាកូនសមុទ្រ មានទឹកស្ទឹងហូរមកពីភ្នំខ្វាត់ខ្វែង បឹងធម្មជាតិ ហើយមានតាំងពីទំនប់ទឹក ធ្វើជាបឹងសល់ពីជំនាន់ប៉ុលពតផង។
តែគ្រាន់តែគណៈកម្មការរឿងទឹកស្អាតហ្នឹង ក៏សម្បូរណាស់ដែរ ហើយមានតាំងពីថ្នាក់ជាតិ ដល់ថ្នាក់ក្រោមជាតិ តែទឹកនៅតែខ្វះខាត និងមានគ្រោះរាំងស្ងួត នៅតាមទីជនបទ ធ្វើស្រែមិនបាន មិនទាន់ចូលដល់ខែប្រាំងស្រួលបួលផង?
ម្យ៉ាងវិញទៀត ការខ្សត់ទឹកបែបនេះ ធ្វើឲ្យប៉ះពាល់ដល់ការបង្កើតថាមពលអគ្គិសនី មិនគ្រប់គ្រាន់ ដែលមានក្នុងស្រុកដូចជានៅវារីអគ្គិសនីនៅអាតៃ តាតៃឫស្សីជ្រំ សេសានក្រោម ២ ភ្នំកំចាយ គិរីរម្យទី ១ ទី ២ និងទី ៣ ជាដើម។
បើទោះបីជាកម្ពុជា បានទិញថាមពលអគ្គិសនីពីប្រទេសជិតខាងក៏ដោយ ក៏នៅតែប្រើប្រាស់មិនគ្រប់គ្រាន់ដែរ កត្តានេះហើយ ដែលធ្វើឲ្យអ្នកនៅទីក្រុងនានា ត្អូញត្អែរពីការដាច់ចរន្តអគ្គិសនី ផ្លាស់ប្តូរតាមតំបន់ដើម្បីចែករំលែកគ្នាប្រើប្រាស់។
ផ្ទះខ្លះនៅទីក្រុងគឺភ្ជាប់គ្នារវាងទឹក និងភ្លើង កាលណាចរន្តអគ្គិសនីដាច់ ទឹកដាច់ដែរ ឬរីឯផ្ទះខ្លះខ្វះខាតទឹកឡើងជាន់លើមិនដល់ផងដែរ។ បញ្ហាខ្វះភ្លើង ខ្វះទឹកនេះ ធ្វើឲ្យអ្នកលក់ម៉ាស៊ីនភ្លើង និងម៉ាស៊ីនបូមទឹក ដំឡើងថ្លៃលក់ជាងមុន នៅពេលអតិថិជនមានតម្រូវការច្រើន។
ហេតុផលមួយចំនួន ដែលមានការខ្វះខាតថាមពលអគ្គិសនី និងទឹកនេះ ត្រូវបានរដ្ឋាភិបាលលើកឡើងថា មកពីដំណើរសាងសង់អគារធំៗច្រើន។ បញ្ហាទឹក និងភ្លើងនេះ មានទំនាក់ទំនងគ្នា ក្នុងការបង្កើតថាមពលបម្រើគ្រប់វិស័យ តែបញ្ហាទឹក និងភ្លើងនេះ នៅតែខ្វះខាត សម្រាប់អ្នកទីក្រុង និងអ្នកជនបទជារៀងរាល់ឆ្នាំ បើទោះបីជារដ្ឋាភិបាលខំបង្កើតទំនប់វារីអគ្គិសនីជាបន្តបន្ទាប់ក៏ដោយ។
ចំពោះបញ្ហាទឹក ដែលជាដើមចមនៃការបង្កើតថាមពលអគ្គិសនី និងប្រព័ន្ធស្រោចស្រពកសិកម្មនេះ បើប្រៀបធៀបរវាងការសាងសង់ផ្លូវជាប់រហូតវិញ គឺមានតែក្រសួងសាធារណការ និងកងវិស្វកម្មរបស់ក្រសួងការពារជាតិ និងរដ្ឋបាលថ្នាក់ក្រោមជាតិទេ ជាអ្នកធ្វើផ្លូវ និងស្ពាន ដែលមិនទាន់ខូចផង ក៏ឈូសចេញសាងសង់ថ្មីដែរ ភាសាសាមញ្ញថា ធ្វើជាប់។
មកទល់បច្ចុប្បន្ននេះផ្លូវកៅស៊ូខ្វាត់ខ្វែង មានគ្រប់ទីកន្លែងហើយ មានទាំងក្រវាត់ក្រុង ខ្សែក្រវាត់ប្រទេសនៅតាមព្រំដែនផងដែរ ដូចផ្លូវលេខ ៦១ តាមជើងភ្នំដងរែកព្រំដែនថៃ។
រីឯប្រព័ន្ធធារាសាស្ត្រផ្លូវទឹកសម្រាប់ផ្គត់ផ្គង់ថាមពល និងស្រោចស្រពវិស័យកសិកម្មវិញ គឺខុសគ្នាឆ្ងាយណាស់ជាមួយនឹងផ្លូវថ្នល់ មិនត្រឹមតែប៉ុណ្ណោះ ទំនប់ទឹកដែលសល់ពីសម័យប៉ុល ពត និងបឹងធម្មជាតិមួយចំនួនធំ ត្រូវបានគេវាតទីលក់ផង និងលុបធ្វើកសិកម្ម កសិ-ឧស្សាហកម្ម និងយករ៉ែ។
រីឯព្រៃឈើ និងរុក្ខជាតិជីវចម្រុះ ដែលមានស្រាប់នៅជុំវិញតាមដងទន្លេ ស្ទឹង បឹងបួ ដែលជាផ្នែកមួយក្នុងការជួយទ្រទ្រង់ធនធានទឹក ក៏ត្រូវបានគេកាប់បំផ្លាញស្ទើរគ្មានសល់ ហើយប្រព័ន្ធធារាសាស្ត្រទប់ទឹក សម្រាប់ស្រោចស្រព ក៏មិនគ្រប់គ្រាន់ នៅខែវស្សាលិចទឹក នៅខែប្រាំងអស់ទឹក រីងស្ងួតបែកក្រហែង។ បើមើលពីលើយន្តហោះវិញ គឺខែវស្សាសុទ្ធតែទឹក បើខែប្រាំងវិញស្ងួតហួតហែង បានត្រឹមតែបន្ទោសដាក់គ្នារឿងការប្រែប្រួលអាកាសធាតុ យករួចខ្លួន ទៅចប់ហើយ។
បើប្រៀបធៀបជាមួយនឹងប្រទេសជិតខាងវិញ ប្រព័ន្ធធារាសាស្រ្តរបស់គេមាន ទឹកស្រោចស្រពប្រើប្រាស់ខួបប្រាំងខួបវស្សា សម្រាប់កសិកររបស់គេ មិនចាំបាច់ធ្វើចំណាកស្រុកមករស់នៅទីក្រុង ឬក៏ទៅធ្វើពលករនៅក្រៅប្រទេសនោះទេ។
ថ្មីៗនេះ រាជរដ្ឋាភិបាល បានប្រកាសថា កំពុងចរចាជួលកប៉ាល់ម៉ាស៊ីនភ្លើងពីប្រទេសតួកគី យកមកចតនៅទន្លេចតុមុខ ដើម្បីបន្ថែមថាមពលដែលកំពុងតែខ្វះថាមពលអគ្គិសនីនៅរាជធានីភ្នំពេញ និងក៏ជំរុញឲ្យបុកអណ្តូងយកទឹកប្រើប្រាស់នៅតាមជនបទ។
តែដំណោះស្រាយនេះ គឺបានតែរយៈពេលខ្លី មិនមានយុទ្ធសាស្រ្តជាក់លាក់រយៈពេលវែងនោះទេ ព្រោះនៅតំបន់ខ្លះ បុកអណ្តូងហើយ នៅតែបូម ឬក៏សប់មិនចេញទៀត ដូចនៅតំបន់ខ្លះក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺជាដើម និងការជួលម៉ាស៊ីនភ្លើង គ្រាន់តែជាការដោះទាល់ម្តងម្កាលនោះទេ។
ហេតុដូចនេះ រាជរដ្ឋាភិបាល គួរតែប្តូរទិសដៅកាត់បន្ថយការសាងសង់ផ្លូវណាដែលមិនសូវចាំបាច់ឬក៏សង់កន្លែងដដែលៗ ងាកមករៀបចំប្រព័ន្ធធារាសាស្ត្រ ប្រឡាយ និងជីវចម្រុះទ្រទ្រង់តំបន់ប្រភពទឹកដែលមានស្រាប់ ដើម្បីបង្កើនថាមពលវារីអគ្គិសនីផង បង្កើនការធ្វើកសិកម្មសម្បូរបែបគ្រប់រដូវផង និងដើម្បីបញ្ចៀសទឹកជំនន់ផង ថែមទាំងអាចជួយរួមចំណែកកាត់បន្ថយការកើនឡើងកម្តៅនៃភពផែនដីផង។ ណាមួយក្រសួងដែលធ្វើការជាមួយនឹងទឹកហ្នឹង មានច្រើនស្រាប់ គ្រាន់តែទម្លាក់ថវិកាមក គឺដឹងតែដំណើរការបានហើយ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com