កូន​មាស​ឪពុក!

ពុក​បាន​ចំណាយ​ពេល​ច្រើន​គួរសម ទម្រាំ​អាច​បណ្តុះ​ចិត្ត​ក្លាហាន​បាន​ប៉ុណ្ណេះ សរសេរ​លិខិត​តូច​មួយ​ក្នុង​ថ្ងៃ​ដែល​កូន​ទទួល​សញ្ញាបត្រ​ក្នុង​ថ្ងៃ​ ១៥ ​កើត ខែបុស្ស ឆ្នាំជូត ព.ស ២៥៦៤​។ ពុក​គ្មានអ្វី​ជា​អំណោយ​ជា​មាសប្រាក់​គ្មាន​ទាំង​បាច់ផ្កា សង្ហា​ស្អាត​ស្រស់​ដល់​កូន​ពុក​ឡើយ ពុក​មាន​តែ​ពាក្យពេចន៍​បន្តិចបន្តួច​​ទុក​ជា​គតិ ជា​មាគ៌ា​សម្រាប់ ប្រតិបត្តិ​ទៅ​ថ្ងៃក្រោយ​ក្រែង​ថា ពុក​កាន់តែ​ចាស់ រូប​កាយ​នេះ​ច្បាស់​ជា​នឹងត្រូវ​កាន់កាប់​ដោយ​ជរា បៀតបៀន​ដោយ​ព្យាធិ ធ្វើឱ្យ​ភ្លេចភ្លាំង​សតិ​ស្រុត​កម្លាំង​ខ្វល់​អំពល់ មិន​សល់​ពាក្យពេចន៍​សម្តី​ឱ្យ​ពីរោះ​ក្បោះក្បាយ​រ៉ាយរ៉ាប់ សារសព្ទ​ទៅ​កូន​បានល្អ​។ ពាក្យ​ខ្លះ​របស់​ពុក​ក្នុង​ថ្ងៃនេះ​ជា​ពាក្យ​របស់​ម្តាយកូន​ដែល​ផ្តែផ្តាំ​ឱ្យ​ពុក​និយាយ​ជំនួស​ជួសមុខ​គាត់​ផង​។

កូន​មាស​ឪពុក​! ជា​ភ័ព្វ​ព្រេង​សំណាង​របស់​កូន​ណាស់​ដែល​កូន​ពុក​បាន​រៀន​ចប់​ដល់​ថ្នាក់ខ្ពស់​រហូត​ចប់​ចុង​ចប់​ដើម​តាម​ក្តីប្រាថ្នា​របស់​ម៉ែ​ពុក និង​ខ្លួន​កូន ហើយ​ចេះ​ភាសាបរទេស អង់គ្លេស បារាំង ចិន យួន មាន​ជំនាញ​ ៣- ៤ ​មុខ​យ៉ាងពិត​ប្រាកដ​ដែល​សង្គមជាតិ​ត្រូវការ​ជា​ចាំបាច់​ក្នុង​សម័យ​ទំនើប​នេះ​។ រូប​កូន​ជា​ផលិតផល​នៃ​សន្តិភាព ឯ​ម៉ែ​ពុក​វិញ​ជា​ផលិតផល​នៃ​សង្គ្រាម​ដិតដាម​ដោយ​ស្លាកស្នាម​ហិង្សា និង​ការបាក់​ស្បាត​ផ្លូវចិត្ត​។ ជំនាន់​ម៉ែ​ពុក ម៉ែ​ពុក​គ្មាន​ពេល​នឹង​សង្វាត​ឱហាត​រៀនសូត្រ​ច្រើន​ដូច​កូន​ឡើយ ដោយសារ​សង្គ្រាម​បង្ហូរ​ឈាម​រវល់​តែ​រត់គេច​គ្រាប់ផ្លោង តោង​ចាប់​មុង​កន្ទេល​ននៀល​គេចវេះ ដេក​លាក់ខ្លួន​ពួន​អាត្មា​ក្នុង​ព្រៃ​ជ្រៅ​តូចធំ ហាលសន្សើម ក្រោម​ភ្លៀង​ផ្គរ​រន្ទះ ថែម​ទាំង​មាន​ពេល​ខ្លះ​ត្រូវ​ស៊ី​កន្លាត ក្អាត់ សត្វល្អិត​ជា​អាហារ​ក៏មាន​រហូត​ជីតា​របស់​កូន​បាន​រំឭក​លេងសើច​ប្រាប់ ពុក​ថា កាល​ពុក​នៅ​ក្មេង សត្វ​ជើង​ ៤ ពុក​តម​តែ​តុ គ្រែ និង​កៅអី សត្វ​ជើង​ ២ ​ពុក​តម​តែ​កាំជណ្តើរ ឯ​សត្វ​ហើរ​ពុក​តម​តែ​យន្តហោះ​។

ភាពជោគជ័យ​ដ៏ត្រចះត្រចង់​របស់​កូន​ថ្ងៃនេះ​ជា​មោទនភាព​របស់​គ្រួសារ​យើង​ផង ពូជពង្ស​វង្សត្រកូល​យើង​ផង​របស់​ម៉ែ​ពុក​ផង និង​របស់​ជាតិ​ផង​។ ម៉ែ​ពុក​ក្រ​ទាំង​ចំណេះ ទាំង​ទ្រព្យ និង​ពាក្យសម្តី តែ​ម៉ែ​ពុក​បាន​ប្រឹងប្រែង ខ្នះខ្នែង​ឃ្មាតខ្មី លីសែង គាស់កាប់ យប់​ថ្ងៃ ចំណាយ​កម្លាំង ចូក​ចាំង ទាំង​ឈឺ ទាំង​ជា​មិន​ហ៊ាន​សម្រាក​ប្រឹង​រក​យកប្រាក់​ទុក​ឱ្យ​កូន​បាន​រៀន​ខ្ពស់ យក​ចំណេះ​ជា​ទ្រព្យ​សុខ ទ្រព្យឧត្តម​សមសួន​សម្រាប់​ជីវិត កុំឱ្យ​ជាន់​ដាន​ម៉ែ​ពុក​។ ចូរ​កូន​ចាត់ទុក​ចំណេះវិជ្ជា​នេះ​ថា​ជា​ទ្រព្យ ដែល​ម៉ែ​ពុក​បាន​ចែក​ទៅ​ចុះ​។

កូន​ដឹង​ទេ​? មិនមែន​មនុស្ស​ទាំងអស់​សុទ្ធតែ​បាន​រៀនសូត្រ​ខ្ពង់ខ្ពស់​ដូច​កូន​ឡើយ​។ មាន​មនុស្ស​រាប់រយ​លាន​នាក់​ក្នុង​ពិភពលោក​ដែល​កំពុង​គ្មាន​ឱកាស​ចូលរៀន​សោះ​ស្រប​ពេល​អ្នកមាន​ឱកាស​ខ្លះ កំពុង​ពិបាក​ចិត្ត​មិនដឹង​រៀន​អ្វី​។ កុមារ​រាប់លាន​នាក់​កំពុង​រត់គេច​ពី​សង្គ្រាម សុំ​តែ​រស់ ឯ​កូន​ពុក​ឯណេះ​កំពុង​អង្គុយ​ក្នុង​ថ្នាក់​ស្រួល​មាន​ហូបចុក​គ្រប់គ្រាន់​។ បើ​កូន​ប្រៀបធៀប​ចំណុច​ទាំងអស់នេះ​កូន​នឹង​គិតថា ឱកាស​នៃ​ការអប់រំ​ដែល​កូន​បាន​ពេលនេះ​ជា​អំណោយ​បុណ្យ​លាភ​ដ៏មហាសាល មាន​តម្លៃ​ជា​អនេក​ដែល​កូន​ត្រូវ​ប្រើប្រាស់​ចំណេះ​ទាំងនេះ តែ​ក្នុង​ផ្លូវ​ល្អ​ជា​និរន្តរ៍​តទៅ​។

កូន​មាសឪពុក​! ព្រោះ​កូន​នឹង​ចេញ​ធ្វើការ​អាច​នឹង​ជួប​ភព​ប្រសព្វ ដៃគូ​ជីវិត​នាពេល​ខាង​មុខ ដូច្នោះ​ហើយ​ក្នុង​ឱកាស​នេះ​ពុក​សូម​ផ្តាំ​ឱ្យ​កូន​ពុក​ចងចាំ​កត់ចំណាំ​តទៅ ចំពោះ​គុណ​ ៣ ដែល​កូន​ជំពាក់ និង​របៀប​សងគុណ​ទាំងនេះ​។ ការ​នឹករឭក និង​តបស្នង​គុណ​ទាំង​ ៣ ​នេះ​កូន​នឹង​បាន​សុខចម្រើន​ក្នុង​ជីវិត​គ្រួសារ និង​ការងារ​ទាំងពួង​។

គុណ​ទី​១៖ គឺ​កូន​ជំពាក់​គុណ​របស់​ម្តាយ​ឪពុក ព្រោះ​លោក​បាន​ប្រឹង​ចិញ្ចឹម​បីបាច់​ថែរក្សា​។ កូន​ត្រូវ​សងគុណ​លោក​ដោយ​ការកសាង​គ្រួសារ​មាន​ប្តី​ប្រពន្ធ មាន​កូនចៅ បន្ត​ពូជពង្ស​វង្ស​ត្រកូល និង​លើក​កិត្តិយស​ពូជពង្ស​វង្សត្រកូល​របស់​កូន​ឱ្យ​បាន​ខ្ពស់​ប្រសើរ​លើស​ដើម​។ ម៉ែ​ពុក​មិន​ចង់​ឱ្យ​កូន​មក​ចិញ្ចឹម​ម៉ែ​ពុក​ និង​រស់នៅ​ដូច​កាល​ម៉ែ​ពុក​ចិញ្ចឹម​កូន​ទេ ព្រោះ​ម៉ែ​ពុក​ដឹងថា មនុស្ស​ចាស់​រអ៊ូ​ច្រើន ឆាប់​ខឹង មិនទាន់​សម័យ តែ​ថា អំពើ​ល្អ​របស់​កូន​ជា​គំរូ​ដល់​ជន​ផងទាំងពួង​ផង ដល់​កូនចៅ​ប្រុស​ស្រី​របស់​កូន​ផង​ និង​បង្ហាញ​ពី​ការគោរព​វប្បធម៌​សាសនា​នៃ​កូន​ផង​។ កាល​កូន​នៅ​ឆ្ងាយ សូម​កូន​នឹក​ម៉ែ​ពុក​ផង ព្រោះ​កូន​ទទួល​បាន​អ្វី​គ្រប់យ៉ាង គឺ​គាត់​ជា​អ្នក​ផ្តល់​ឱ្យ​ដោយ​លោក​យក​សាច់ឈាម​មក​ប្តូរ​។ ដឹងគុណ​គាត់ ចិញ្ចឹម គាត់ គឺជា​ការបូជា​ដល់​ព្រះអាទិទេព ហើយ​កូន​នឹង​ចម្រើន​។

គុណ​ទី​២៖ កូន​បាន​ជំពាក់​គុណ​របស់​គ្រូ​បាអាចារ្យ​ដែល​បាន​បង្ហាត់បង្រៀន ប្រៀនប្រដៅ ផ្តល់​ចំណេះ និង​ជំនាញ​។ កូន​គ្រប់រូប​ត្រូវ​សងគុណ​គ្រូបាអាចារ្យ ដោយ​ការគោរព​ឱវាទ​របស់​លោក ចែករំលែក​ចំណេះដឹង​ដល់​អ្នកដទៃ បន្ត​រៀនសូត្រ​ខ្លួនឯង និង​យកចំណេះ​ជំនាញ​ទាំង​អម្បាលម៉ាន​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ ជួយ​ខ្លួនឯង​ផង ជួយ​គ្រួសារ​ផង និង​ជួយ​សង្គមជាតិ​ផង​។ ចូរ​កូន​នឹក​សាលា ដែល​កូន​ធ្លាប់​រៀនសូត្រ​ផង ព្រោះ​ជា​កន្លែង​ដែល​ជួយ​បណ្តុះបណ្តាល កូន​ឱ្យ​ក្លាយ​ជា​ធនធាន​ល្អ ជួយ​កូន​ឱ្យមាន​ការងារ​ល្អ មាន​មុខ​មាន​មាត់ តំណែង​បុណ្យ​យសសក្តា​។ នឹក​គ្រូ​ផង ព្រោះ​បើ​គ្មាន​ពួកគាត់ កូន​គ្មាន​ថ្ងៃនេះ និង​អនាគត​បែប​ហ្នឹង​ឡើយ​។ កូន​ត្រូវ​ចាំ​ថា ការចងចាំ​គាត់ ការគោរព​គាត់ គឺជា​ការឱ្យ​តម្លៃ​ចំណេះវិជ្ជា​។

គុណ​ទី​៣៖ ក្នុងនាម​ជា​ពលរដ្ឋ កូន​បាន​ជំពាក់​គុណ​របស់​ជាតិ​ដែល​បានផ្តល់​ការការពារ សន្តិសុខ សន្តិភាព អត្តសញ្ញាណ​ជាដើម​ដែល​ពលរដ្ឋ​គ្រប់រូប​ត្រូវ​សង​ដោយ​ការការពារ​សាសនា វប្បធម៌ ស្តាប់​មេដឹកនាំ គោរព​ច្បាប់​ជាតិ បរិច្ចាគ​ធនធាន​មាន​ចិត្ត​ស្នេហា​ជាតិ បណ្តុះ​គំនិត​ជាតិនិយម​ហ៊ាន​តស៊ូ​លះបង់​អាយុជីវិត ដើម្បី​ការពារជាតិ​មាតុភូមិ​ឱ្យ​គង់វង្ស ឱ្យ​សុខ​សន្តិភាព​មនោរម្យ ស្ថិរភាព​សង្គម​តទៅ​។ បើ​កូន​បាន​ធូរធារ​ហើយ ចូរ​កូន​ជួយ​ជាតិ​ផង ព្រោះ​សង្គមជាតិ​ផ្តល់​អ្វី​គ្រប់យ៉ាង ទាំង​គ្រួសារ សាសនា ការអប់រំ​ជាដើម​ដល់​កូន​។ កុំ​គិត​គ្រួសារ​ពេក ព្រោះ​បើ​គ្មាន​ជាតិ គ្រួសារ​ក៏​គ្មាន​។ កាលបើ​កូន​ជួយ​សង្គមជាតិ​មាន​ន័យថា​កូន​ជួយ​ខ្លួនឯង​។

មួយវិញ​ទៀត​កូន​ត្រូវ​រាប់អាន​ញាតិ​ឱ្យបាន​ច្រើន​ជួយ​សង្គ្រោះ​ញាតិ ការពារ​អ្នកទន់ខ្សោយ​ក្នុង​នាម​ជា​មនុស្សជាតិ​ដូចគ្នា និង​ជាតិ​សាសន៍​តែមួយ​។ កុំ​ភ្លេច​សរសើរ​ពី​ជាតិ​យើង​ផង ពេល​កូន​ជួប​ប្រាស្រ័យ​ទាក់ទង​ជាមួយ​សាសន៍​គេ​។ បើ​សាសន៍​យើង ចូរ​កូន​កុំ​កំណាញ់​ឱកាស​ឱ្យសោះ ការផ្តល់​ឱកាស​ដល់​អ្នក​ដទៃ​ជា​ការផ្តល់​ឱកាស​ដល់​ខ្លួនឯង​។ កូនពុក​ក៏ត្រូវ​ចងចាំ​ដែរ​ថា ក្នុង​នាម​ជា​ពលរដ្ឋ​នៃ​ជាតិ​ម្នាក់ កូន​ជា​សសរទ្រូង​ ១ ​ដើម កូន​ត្រូវ​នៅ​ឱ្យ​ឆ្ងាយ​ពី​គ្រឿងញៀន ស្រា​ល្បែង​ពាលា​អាវាសែ នាំ​បង់ខាត​កិត្តិយស អស់ទ្រព្យ បែកបាក់ គ្រួសារ និង​កើត​រោគា​ផ្សេងៗ​។ បើ​កូន​ចង់​ជួយ​ជាតិ កូន​ត្រូវតែ​ជា​ពលរដ្ឋ​ដែល​មាន​សុខភាព​ល្អ និង​មានចំណេះ​ជំនាញ ព្រោះ​ជាតិ​ដែល​ខ្លាំង មិនមែន​ជាតិ​មាន​មនុស្ស​ច្រើន​ឡើយ តែ​ជា​ជាតិ​ដែលមាន​រាស្ត្រ​សុខភាព​ល្អ មាន​ចំណេះ ជំនាញ​អាច​ធ្វើ​ការងារ​ប្រកបរបរ​ចិញ្ចឹមជីវិត និង​មិនមែន​ជា​បន្ទុក​របស់​ជាតិ​។ សុខភាព​ល្អ​របស់​កូន​ជា​លាភ​ដ៏ឧត្តម​របស់​កូន របស់​គ្រួសារ និង​ជាតិ​។

កូន​ពុក​! វ័យ​ពុក​កាន់តែ​ចាស់​ជ្រេ​ណាស់​ទៅហើយ ភ្នែក​ក៏​ព្រឹល​ស្រវាំង កម្លាំង​ក៏​ខ្សោយ ចុក​រួយ​ស្រពន់ ទន់​រសោះ​អស់​ជើងដៃ គ្មាន ថ្ងៃ​ស្រាកស្រាន្ត​។ ថ្ងៃ​ណាមួយ ពុក​ប្រហែល​ជា​មិនអាច​នឹង​នៅ​ជា​ខ្នងបង្អែក​ជួយ​ចែករំលែក ប្រឹក្សា​កិច្ចការ​ជីវិត​ជាមួយ​កូន​បាន​ដូច​មុន​ឡើយ​។ កាលបើ​មិនមាន​វត្តមាន ពុក ចូរ​កូន​ចងចាំ​ថា អំពើ​ល្អ​របស់​កូន រមែង​ទទួល​បាន​ពរជ័យ​ពី​ម៉ែ​ពុក និង​ទេវតា​។ កូន​ត្រូវយក​ចំណេះវិជ្ជា​ដែល​កូន​ប្រឹង​សន្សំ​មក​ប៉ុន្មាន​ទៅ​ប្រើប្រាស់​ក្នុង​ផ្លូវ​ល្អ ជួយ ខ្លួនឯង ជួយ​គ្រួសារ និង​ជួយ​ជាតិ​។ ក្នុង​កាលៈទេសៈ​បែប​ណា​ក៏ដោយ ចូរ​កូន​កុំ​ប្រមាថ​ និង​ប្រែប្រួល​ឃ្លាតចាក​ពី​ភាព​ជា​អ្នកចេះដឹង​របស់​កូន ដូចជា​អំពៅ​មិន​ប្រែប្រួល​រសផ្អែម ទោះ​ស្ថិត​ក្នុង​ឃ្នាប​ដូច្នោះ​ដែរ​។

ម៉ែ​ពុក​សង្ឃឹម​ថា កូន​នឹង​បាន​ទទួល​គតិ​ខ្លះ​ពី​លិខិត​របស់​ពុក​ថ្ងៃនេះ​សម្រាប់​ដឹកនាំ​ជីវិត​។ ចុងបញ្ចប់ ម៉ែ​ពុក សូម​ជូនពរ​កូន​ឱ្យ​បាន​សុខ​ចម្រើន ជោគជ័យ តរៀង​ទៅ​៕

ពី​ពុក​របស់​កូន

បណ្ឌិត​ ដុំ វណ្ណៈ សាស្ត្រាចារ្យរង សាកលវិទ្យាល័យ កម្ពុជា