កាលពី​ថ្ងៃទី​​ ១ ខែ​ឧសភា ឆ្នាំ​ ២០១៨ នេះ​លោក សម រង្ស៊ី បាន​ហៅ​ការបោះឆ្នោត​ជាតិ​ដែល​នឹង​ឈាន​មក​ដល់​នា​ដំណាច់​ខែ​កក្កដា​ខាង​មុខ​នេះ​ថា ជា​ការ​បោះឆ្នោត​ក្លែងក្លាយ ប្រសិន​បើ​ការបោះឆ្នោត​នោះ​អវត្ដមាន​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ហើយ​គាត់​ក៏​បាន​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ជួយ​ចែកចាយ​ខិត្តប័ណ្ណ កុំ​ឲ្យ​ពលរដ្ឋ​ទៅ​បោះឆ្នោត​ដោយ​ក្នុង​ខិត្តប័ណ្ណ​នោះ​ផ្ដល់​ជម្រើស​តែ​ ២ ​ឲ្យ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ថា បើ​ ១ មិន​ទៅ​បោះឆ្នោត​ស្មើ​នឹង​គាំទ្រ​គណបក្ស​សង្គ្រោះ​ជាតិ​ក្នុង​ចិត្ដ និង ២ ទៅ​បោះឆ្នោត​គឺ​ស្មើ​នឹង​គាំទ្រ​គណបក្ស​ប្រជាជន ទោះ​ជា​ទៅ​បោះ​ឲ្យ​បក្ស​ណា​ក៏ដោយ​។

ទង្វើ​របស់​លោក សម រង្ស៊ី នេះ​ឆ្លុះ​បញ្ចាំង​ពី​ចេតនា​មិន​ល្អ​របស់​គាត់​ដែល​អាង​តែ​ខ្លួន​ជា​បុគ្គល​ល្បី​មក​បំភាន់​ពលរដ្ឋ គឺ​ទី​ ១ ​ទង្វើ​នេះ​ជា​ការ​រំលោភ​លើ​សិទ្ធិ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​។ ទី​ ២ ទង្វើ​នេះ​ជា​ការ​កេងចំណេញ​នយោបាយ​សុទ្ធសាធ​។ ទី​ ៣ នេះ​ជា​ទង្វើ​យក​ឈ្នះ​ចាញ់​ចិត្ដ​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន និង​ទី ៤ នេះ​ជា​ការ​ឆ្លៀតឱកាស សង្កត់​កាង​មិន​ឲ្យ​បក្ស​នយោបាយ​ដែល​មាន​ឈាម​ថ្មី​ខុស​ពី​មុន​ងើប​មុខ​រួច​។

ទី​ ១ រំលោភ​លើ​សិទ្ធិ​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​។

ក) រំលោភ​លើ​សិទ្ធិ​របស់​អ្នក​គាំទ្រ​អតីត​សង្គ្រោះជាតិ​ដែល​អស់​ចិត្ដ​ចង់​ចេញ​ពី​បក្ស​នេះ​ដោយ​គិត​ថា អាណា​ក៏​ដូច​អាណា​ហើយ​លែង​ចង់​ទៅ​បោះឆ្នោត​ឲ្យ​បក្ស​ណា​ទាំងអស់ ទើប​មិន​ទៅ​បោះឆ្នោត​។ លោក​ សម រង្ស៊ី នៅ​តែ​ដេញ​តាម​ពាក់​ប្រឡៅ​ក​ឲ្យ​គេ ថា គេ​ជា​មនុស្ស​របស់​ខ្លួន​។

ខ) រំលោភ​សិទ្ធិ​អ្នក​មិន​គាំទ្រ​បក្ស​កាន់​អំណាច​ហើយ​ក៏​មិន​គាំទ្រ​បក្ស​សង្គ្រោះ​ជាតិ ដោយ​ដាក់​ស្លាក​ឲ្យ​គេ​ថា​ជា​អ្នក​គាំទ្រ​បក្ស​កាន់អំណាច នៅ​ពេល​ដែល​គេ​ទៅ​បោះឆ្នោត​គាំទ្រ​បក្ស​ដោយ​ឡែក​ពី​បក្ស​កាន់អំណាច​។ បើ​ពលរដ្ឋ​ទាំង​នោះ​ទៅ​បោះឆ្នោត​គាំទ្រ​បក្ស​ដែល​គេ​ស្រឡាញ់ ដែល​មិនមែន​បក្ស​កាន់​អំណាច​សោះ លោក សម រង្ស៊ី មក​ពាក់​ស្លាក​ថា គេ​គាំទ្រ​បក្ស​កាន់​អំណាច​ទៅ​វិញ នោះ​វា​ជា​ការរំលោភ​លើ​សិទ្ធិ​បុគ្គល​។ កាន់តែ​ធ្ងន់​នោះ បើ​គេ​មាន​ធុរៈ​ទៅ​ក្រៅ​ប្រទេស​ខកខាន​ទៅ​បោះឆ្នោត​វិញ​គឺ​លោក​ដាក់​ស្លាក​ឲ្យ​គេ​ដោយ​មិន​បាន​សួរ​ចិត្ដ​គេ​ថា គេ​គាំទ្រ​ខ្លួន​។

ចំពោះ​អ្នក​មិន​គាំទ្រ​រដ្ឋាភិបាល​ទន្ទឹម​គ្នា​ក៏​មិន​គាំទ្រ​សង្គ្រោះ​ជាតិ បើ​វាស់​កម្រិត​នៃ​ភាព​មិន​ពេញ​ចិត្ដ​គឺ​គេ​អាច​ទទួល​យក​លោក​ ហ៊ុន សែន បាន​ជាង​បើ​ប្រៀប​ជាមួយ​លោក​ សម រង្ស៊ី​។ ហេតុនេះ​ការ​ដែល​គាត់​ថា មិន​ទៅ​បោះឆ្នោត​ស្មើ​នឹង​គាំទ្រ​គាត់ គឺជា​ទម្រង់​មួយ​ទៀត​នៃ​ការរំលោភ​លើ​សិទ្ធិ​។

គ) ទង្វើ​លោក​ សម រង្ស៊ី រំលោភ​សិទ្ធិ​អ្នក​ដែល​មិន​ទៅ​បោះឆ្នោត​ដោយ​ហេតុផល​ផ្ទាល់​ខ្លួន​ដោយ​ហៅ​គេ​ថា​ជា​អ្នកគាំទ្រ​របស់​ខ្លួន​។ ជា​រៀងរាល់​អាណត្ដិ​តែង​មាន​ពលរដ្ឋ​ប្រហែល ២០% មិន​ទៅ​បោះឆ្នោត ដែល​ចំនួន​នេះ​មិន​រាប់​ថា​ខ្ពស់​ឡើយ​។

នៅ​អាមេរិក​ចំនួន​នៃ​អ្នក​ទៅ​បោះឆ្នោត​ប៉ុន្មាន​អាណត្ដិ​ក្រោយៗ​នេះ​មិន​លើស​ពី​ ៦៥% ឡើយ ដូច្នេះ​អត្រា​អ្នក​ចេញ​ទៅ​បោះឆ្នោត​ជាង​ ៨០% នៅ​ស្រុក​ខ្មែរ​អាច​រាប់​បាន​ថា​ជា​កម្រិត​មួយ​ខ្ពស់​។ បើ​គិត​ត្រឹម​ថា​អ្នក​មាន​សិទ្ធិ​បោះឆ្នោត​ប្រហែល​ ១៥% មិន​ទៅ​បោះឆ្នោត​តាម​ទម្លាប់​ចាស់ រាល់​ការបោះឆ្នោត​នោះ​នឹង​មាន​តួលេខ​ជាង​ ១ ​លាន​នាក់​ដែល​លោក សម រង្ស៊ី ទាញ​ថា​ជា​អ្នក​គាំទ្រ​ខ្លួន​ទាំង​មិន​ដឹង​ថា​គេ​គាំទ្រ​បក្ស​ណា​។ ពលរដ្ឋ​ទាំង​នោះ​មួយ​ចំនួន​អាច​ជា​អ្នក​ដែល​មិន​ខ្វល់​នឹង​រឿង​នយោបាយ ហើយ​មិន​ទៅ​បោះឆ្នោត​។ ដូច្នេះ​ការនិយាយ​ថា​អ្នក​មិន​ទៅ​មក​ពី​គេ​គាំទ្រ​ខ្លួន​ជា​ទម្រង់​នៃ​ការរំលោភ​លើ​សិទ្ធិ​​ពលរដ្ឋ​។

ទី​ ២ ទង្វើ​នេះ​ជា​ការ​កេងចំណេញ​នយោបាយ​សុទ្ធសាធ​។

លោក​ សម រង្ស៊ី​ប្រាកដ​ជា​ដឹង​មុន រឿង​មាន​ពលរដ្ឋ​ប្រហែល​ ២០% មិន​ចេញ​ទៅ​បោះឆ្នោត តែ​នៅ​តែ​ធ្វើ​ពើ​មិន​ដឹង ហើយ​ត្រៀម​បូក​ពួកគេ​ចូល​ជា​អ្នក​គាំទ្រ​បក្ស​ខ្លួន​។ អ៊ីចឹង​ពួកគេ​មិន​ត្រូវ​បាន​គាត់​កេងចំណេញ​ស្រស់ៗ​ទៅ​ហើយ​? ប្រហែល​ជា​បក្ស​កាន់​អំណាច​ក៏​កំពុងតែ​គិត​ដែរ​ថា បើ​បែប​នេះ​វា​ដូចជា​ស៊ី​ខ្សែ​លើ​គេ​ស្រួល​ពេក​ហើយ​។ ចំនួន​នោះ​បក្ស​កាន់​អំណាច​យក​មិន​បាន​ផង​មើល​ទៅ​គេ​ក៏​ទំនង​ជា​មិន​អាច​បោះ​ឲ្យ​គាត់​ស៊ី​ផុយៗ​បាន​ទេ​។ នេះ​ជា​ការ​កេងចំណេញ​តួលេខ​ផ្នែក​នយោបាយ​របស់​លោក សម រង្ស៊ី ដោយ​ចេតនា​។

ទី​ ៣ នេះ​ជា​ទង្វើ​យក​ឈ្នះ​ចាញ់​ចិត្ដ​ជាមួយ​លោក​នាយក​រដ្ឋមន្ដ្រី ហ៊ុន សែន របស់​លោក សម រង្ស៊ី​។

កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​លោក សម រង្ស៊ី ក៏​បាន​អំពាវនាវ​ផ្ទាល់​មាត់​ឲ្យ​ពលរដ្ឋ​កុំ​ទៅ​បោះឆ្នោត ហើយ​ត្រូវ​បាន​លោក​នាយក​រដ្ឋមន្ដ្រី​ដាក់​វិញ​យ៉ាង​ចត់​បាយ​ថា រៀន​ចប់​ថ្នាក់បណ្ឌិត​ហើយ តែ​អី​ក៏​ល្ងង់​ម្ល៉េះ​? ក្នុង​ចិត្ដ​មនុស្ស​ជាប់​មុខមាត់​ធំ​ដូច​លោក​ដែល​ធ្លាប់​ប្រកាស​ថា ធ្វើ​នយោបាយ​មិន​ចង់​បាន​អ្វី​ក្រៅ​ពី​ចង់​បាន​កិត្ដិយស​លោក​​អាម៉ាស់​អ្វី មិន​ស្មើ​នឹង​អ្នក​រៀន​មិន​ចប់​ឌី​ប្លូម​មក​ដៀល​អ្នក​រៀន​ចប់​ថ្នាក់​បណ្ឌិត​ថា ល្ងង់​ផ្នែក​យុទ្ធសាស្ដ្រ​ដូច្នេះ​ឡើយ​។ ហេតុតែ​ចង់​ឈ្នះ​ចិត្ដ​លោក​ ហ៊ុន សែន លុបលាង​ភាពអាម៉ាស់​ថា ការ​ដែល​ខ្លួន​ហៅ​ពលរដ្ឋ​កុំទៅ​បោះឆ្នោត​ជា​ការ​ល្ងង់ លោក​ក៏​បាន​ធ្វើ​រឿង​ល្ងង់​លើ​ល្ងង់​ដោយ​រុញ​បន្ថែម​កុំ​ឲ្យ​ចាញ់​ចិត្ដ​ដោយ​អំពាវនាវ​ជា​លាយលក្ខណ៍អក្សរ​។ នេះ​ជា​ចរិត​ចិត្ដ​ខ្លាំង មានះ​ចង់​តែ​ឈ្នះ​។ លោក សម រង្ស៊ី ខំប្រឹង​របៀប​នេះ​ដូច​ប្រឹង​ទឹក​ចុងក្រោយ ព្រោះ​ថា​បើ​ខក​អាណត្ដិ​នេះ​ទៀត គាត់​នឹង​ក្លាយ​ជា​ព្រឹទ្ធាចារ្យ​ដែល​ត្រូវ​ចូល​និវត្ដន៍​ទើប​ប្រឹង​លូក​ចុង​ក្រោយ​ផ្ដាំ​ឲ្យ​ក្មេង​ជំនាន់​ក្រោយ​មើល​ឃើញ​ថា គាត់​គឺ​ចិត្ដ​ខ្លាំង​អ៊ីចឹង​។

ទី​ ៤ ទង្វើ​នេះ​ជា​ការ​ឆ្លៀតឱកាស​កាង​សង្កត់​មិន​ឲ្យ​បក្សនយោបាយ​ឈាម​ថ្មី​ក្រោក​រួច​របស់​លោក សម រង្ស៊ី​។ បក្ស​សង្គ្រោះ​ជាតិ​បាន​យក​ស្លាក​ថា ជា​បក្ស​ប្រឆាំង​ទៅ​ពាក់​ថា​គេ​ជា​បក្ស​ប្រឆាំង​ដាច់​មុខ​។ គេ​ថា គេ​ទើប​ជា​អ្នក​ប្រឆាំង​តែ​មួយ​គត់ ក្រៅពី​គេ គ្មាន​នរណា​ប្រឆាំង​ឡើយ​។ គាត់​ប្រឹង​បិទ​បាំង​ថា គ្មាន​បក្ស​ដទៃ​ជា​បក្ស​ប្រឆាំង​ថ្មី​ឡើយ​។ ទង្វើ​នេះ​កំពុង​តែ​ខ្ទប់​កូន​ខ្មែរ​ដែល​មាន​ឈាម​ថ្មី មិន​ឲ្យ​ងើប​មុខ​រួច ឬ​អាច​ហៅ​បាន​ថា លូត​ក្ដិចត្រួយ ហើយ​មិនមែន​ក្ដិច​ចោល​ទេ តែ​ក្ដិច​រួច​បួង​ចូល​មាត់​។ ពេល​លេប​គេ​បាត់​ហើយ គាត់​នៅ​ធ្វើ​មុខស្មើ ដូច​អត់​មាន​រឿង​អី​កើតឡើង ហើយ​លាប​មាត់​គេ​ផ្សេង​ថា​ជា​អ្នក​ហូប​ថែម​ទៀត​។ ធ្វើ​ដល់​ថ្នាក់​នេះ​លើស​ហើយ​!

ការ​គិត​ថា​គ្មាន​នរណា​ប្រឆាំង​ដល់​ខ្លួន ជា​ការ​មិន​ព្រម​បើក​ចិត្ដ​មើល​អ្នក​ផ្សេង​។ បើ​គេ​ពិត​ជា​មើល​មិន​ឃើញ​មែន នោះ​វា​ជា​រឿង​សមត្ថភាព​ក្នុង​ការមើល តែ​វា​ជា​ការ​ក្ដិចត្រួយ​បើ​គេ​ឃើញ​ហើយ តែ​ធ្វើ​ពើ​ជា​មិន​ឃើញ​ហើយ​ជាន់​គេ​ពន្លិច​។ ជា​ធម្មជាតិ​គឺ​រលក​ក្រោយ​តែង​ច្រាន​រលក​មុន​។ វា​មិន​ដែល​មាន​រលក​មក​តែ​មួយ​ហើយ​គេ​ហៅ​វា​ថា ជា​រលក​ឡើយ វា​ត្រូវ​តែ​ប្រដេញ​គ្នា​ទើប​បង្កើត​បាន​ជា​រលក​។

រឿង​អំពាវនាវ​ឲ្យ​ពលរដ្ឋ​បាច​ខិត្តប័ណ្ណ​លោក សម រង្ស៊ី សាក​អញ្ជើញ​មក​បាច​ខិត្តប័ណ្ណ​នោះ​ខ្លួន​ឯង​ទៅ​។ អ្នក​បាច​ជំនួស​លោក​ស្រួល​មិន​ស្រួល​អាច​ត្រូវ​បាន​គេ​ចោទ​ថា បង្ក​អសន្ដិសុខ​សង្គម ហើយ​ជា​លទ្ធផល​គឺ​គុក​។ តែ​តាម​មើល​បើ​មាន​អ្នក​គាំទ្រ​លោក​ជាប់គុក​នោះ​លោក​រឹត​តែ​សប្បាយ ព្រោះ​បើ​កាល​ណា​មាន​ការ​បំបែក​មាន​ការ​ចាប់ចង​ដល់​ប្រើ​កម្លាំងបាយ​មាន​ពលរដ្ឋ​ហូរឈាម​នោះ​លោក​មុខ​ជា​សប្បាយ​នឹង​បំពង​សំឡេង​មិន​ខាន គឺ​បើ​កាន់​តែ​មាន​ហេតុភេទ​អាក្រក់​កើតឡើង​ដល់​ចេញ​ឈាម​ពលរដ្ឋ នោះ​កាន់​តែ​ល្អ​សម្រាប់​នយោបាយ​របស់​លោក​។

លោកស្រី​ ហ្គោល ដាមែរ៍ អតីត​នាយករដ្ឋមន្ដ្រី​អ៊ីស្រាអែល​បាន​លើក​ជា​គតិ​មួយ​ថា អ្នក​ដឹកនាំ​ណា​ម្នាក់​ដែល​មិន​ដែល​រួញរា​ចិត្ដ​ក្នុង​ការ​រុញ​យុទ្ធ​មិត្ដ​ខ្លួន​ឲ្យ​ទៅ​ស្លាប់ នោះ​គេ​មិន​សម​ជា​អ្នកដឹកនាំ​ឡើយ​។ ឆ្លុះ​មក​មើល​អតីត​ប្រធាន​បក្សប្រឆាំង​រូប​នេះ​វិញ គាត់​បែរ​ជា​មាន​ឈាម​ត្រជាក់​សប្បាយ​នឹង​រុញ​អ្នក​គាំទ្រ​ខ្លួន​ឲ្យ​គេ​ធ្វើបាប​ដើម្បី​យក​ជា​ឈ្នាន់​ឈាន​ទៅ​តតាំង​តម្លៃ​ខ្លួន​ជាមួយ​បក្ស​កាន់​អំណាច​ទៅ​វិញ​។

មិន​ទាន់​មាន​សន្ទស្សន៍​ណា​មួយ​មក​វាស់​ថា​គ្រប់​ការ​ចេញ​ទៅ​បោះឆ្នោត​គឺ​សុទ្ធតែ​គេ​គាំទ្រ​បក្ស​កាន់​អំណាច​ឡើយ ហើយ​ក៏​រឹត​តែ​គ្មាន​សន្ទស្សន៍​ណា​មក​វាស់​ថា​អ្នក​មិន​ទៅ​បោះឆ្នោត សុទ្ធ​តែ​គាំទ្រ​សង្គ្រោះ​ជាតិ​ដែរ​។ តាំងតែ​ពី​ដើម ទាំង​អ្នក​ទៅ​បោះឆ្នោត​សឹង​ទាំងអស់ អ្នក​នយោបាយ​សឹង​ទាំងអស់​រួម​នឹង​បរទេស​មួយ​ចំនួន​មើល​ឃើញ​ថា​លើ​ទីលាន​នយោបាយ​ខ្មែរ​មាន​ត្រឹម​តែ​ភាគី​ ២ ​ប៉ុណ្ណោះ​ដែល​ប្រឈម​មុខ​គ្នា​។

តែ​ពេល​នេះ​មិនមែន​បែប​នោះ​ឡើយ​គឺ​មាន​ ៣ ​មុំ​។ មុំ​បក្ស​កាន់​អំណាច​មួយ​មុំ​សង្គ្រោះ​ជាតិ​ ១ ​និង​មុំ​ថ្មី​គឺ​មុំ​គណបក្ស​ប្រឆាំង​ ២ ​ត្រួត​ដែល​ប្រឆាំង​នឹង​បក្ស​កាន់​អំណាច​ផង ប្រឆាំង​នឹង​បក្ស​ដែល​ឱប​ឈ្មោះ​ថា​ខ្លួន​ជា​បក្សប្រឆាំង​ដាច់​មុខ​ផង​។ មិន​និយាយ​ដល់​បក្ស​ទាំងឡាយ​ណា​ដែល​សល់​ប៉ុន្មាន​ខែ​មុន​បោះឆ្នោត ទើប​អើត​មុខ​ឡេមឡឺម​មក​នោះ​ឡើយ​និយាយ​តែ​ពី​បក្ស​ដែល​មាន​សកម្មភាព​ជា​ប្រចាំ​លើ​ទីលាន​នយោបាយ តាំងពី​ក្រោយ​បោះឆ្នោត អាណត្ដិ​មុន​មក​ដល់​មុន​បោះឆ្នោត ឃើញ​ថា​មាន​មិន​ច្រើន​ដល់​ថ្នាក់​រាប់​មិន​អស់​នោះ​ទេ​។

សាក​ពិនិត្យ​មើល​ពួកគេ​ដោយ​ចិត្ដ​ស្មើៗ​គ្មាន​អគតិ​នោះ​អ្នក​នឹង​រកឃើញ​គណបក្ស​ប្រឆាំង​ ២ ​ត្រួត​មិន​ខាន​។ បក្សប្រឆាំង​ ២ ​ត្រួត​មិន​បាន​ធ្វើការ​ប្រឆាំង​បុគ្គល​ឡើយ តែ​ប្រឆាំង​របៀប​ធ្វើការ​របស់​បុគ្គល​។ គេ​មិន​ថា​មាន​សែន​អត់​ស៊ី ឬ​មាន​ស៊ី​អត់​សែន ឬ​ដូច​លោក ហ៊ុន សែន ថា ទាល់​តែ​សែន​សិន​ទើប​មាន​អី​ស៊ី​តាម​ក្រោយ​នោះ​ឡើយ គឺ​អាច​ក្លាយ​ជា​បក្ស​ប្រឆាំង​ ២ ​ត្រួត​ទៅ​បាន គេ​ត្រូវតែ​ទៅ​ឲ្យ​ផុត​រឿង សែន រឿង ស៊ី តែ​គេ​គិត​ដល់​ប្រព័ន្ធ​ធានា​តុល្យភាព​អំណាច​រវាង​ពលរដ្ឋ​ម្ចាស់​ប្រទេស និង​អ្នក​កាន់​ការងារ​ស្រុកទេស​។

មិន​ថា​ជា​លោក​ សែន ឬ​លោក​ ស៊ី ឬ​លោក​ ខា ឬ​លោក​ដទៃ​ណា​ឡើយ ឲ្យ​តែ​អាច​មក​ធ្វើការ​ក្រោម​ប្រព័ន្ធ​ធានា​តុល្យភាព​អំណាច​បាន ឲ្យ​តែ​អាច​កសាង​សង្គម​មួយ​ដែល​ពលរដ្ឋ​ទាំងអស់ អាច​រស់នៅ​ដោយ​ស្មើភាព​គ្នា​ក្នុង​នាម​ជា​ម្ចាស់​ប្រទេស​បាន​នោះ​មនុស្ស​មួយ​ក្រុម​ដែល​លោក សម រង្ស៊ី កំពុង​តែ​ព្យាយាម​ក្ដិចត្រួយ បួង​លេប​ចូល​ពោះ​នេះ​នឹង​គាំទ្រ​មិន​ខាន​៕

ដោយ ប៉ាង វ៉ាន់ថោន ទាក់ទង​តាម​អ៊ីមែលៈ vanthownpang@yahoo.com