សូម​គោរព​លោក​និពន្ធ​នាយក​ជា​ទី​រាប់អាន​!

ខ្ញុំ​បាន​អាន​សាចុះ​សាឡើង​ជាច្រើន​ដង ចំពោះ​អត្ថបទ​ដែល​មាន​ចំណងជើង​ថា «​អតីត​និស្សិត​នៅ​បរទេស​គួរ​មក​ស្រុក​វិញ​ចុះ​បញ្ជី​» ​សរសេរ​ដោយ​បងប្រុស​ តុង សុប្រាជ្ញ ចុះ​ផ្សាយ​ថ្ងៃទី​ ១ ខែ​ឧសភា ឆ្នាំ​ ២០១៨​។

ខ្ញុំ​សូម​ចូលរួម​យោបល់​ខ្លះ​ចំពោះ​កង្វះ​ទិន្នន័យ​នៃ​និស្សិត​ខ្មែរ​កំពុង​សិក្សា​នៅ​បរទេស និង​បញ្ហា​ដែល​និស្សិត​មួយ​ចំនួន មិន​ចង់​វិល​ត្រឡប់​ទៅ​មាតុភូមិ​វិញ​ក្រោយ​ពី​បាន​បញ្ចប់​ការសិក្សា​នៅ​បរទេស​។ ដើម្បី​ឱ្យ​កាន់តែ​ច្បាស់​ពី​បញ្ហា​ទិន្នន័យ​និស្សិត និង​គោលការណ៍​ទាក់ទាញ​និស្សិត​ឲ្យ​មក​បម្រើការ​នៅ​តាម​ស្ថាប័ន​មួយ​ចំនួន ខ្ញុំ​សូម​លើក​ជា​សំណួរ​ខ្លះៗ​ដូចតទៅ​៖

១ តើ​ក្រសួង​អប់រំ​បាន​ទាក់ទង ឬ​កសាង​បណ្តាញ​សម្រាប់​និស្សិត​ខ្មែរ​ដែល​ទទួល​បាន​អាហារូបករណ៍​ ឬ​បង់ថ្លៃ​សិក្សា​ដោយ​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​ដែរ​ឬ​ទេ​? បើ​មាន​តើ​ប្រសិទ្ធភាព​បាន​កម្រិត​ណា​? បើ​ក្រសួង​អប់រំ​យក​ចិត្ត​ទុក​ដាក់​លើ​ករណី​​នេះ ខ្ញុំ​ជឿជាក់​ថា​ទិន្នន័យ​អាច​ទាក់ទង​បាន​តាម​សមាគម​អតីត​និស្សិត​ខ្មែរ​នៅ​បរទេស​បាន​ដូចជា​សមាគម​អតីត​និស្សិត​ខ្មែរ​នៅ​អូស្ត្រាលី នូវែលសេឡង់ ជប៉ុន និង​នៅ​អឺរ៉ុប​ជាដើម​។ បើ​ថា​ទាល់​ខ្លាំង​អាច​ទាក់ទង​ទៅ​ក្រុម​ការងារ ឬ​បណ្តាញ​និស្សិត​បក្ស​ទៅ​ក៏​អាច​ដឹង​ដែរ​ពី​ចំនួន​និស្សិត​នៅ​ក្រៅ​ប្រទេស​។

២ តើ​សាមី​ក្រសួង​ស្ថាប័ន​គ្រប់​វិស័យ​គួរ​ធ្វើ​យ៉ាង​ណា​ដើម្បី​ទាក់ទាញ​និស្សិត​ជយលាភី​បរទេស​ចូល​បម្រើការ​ក្នុង​ស្ថាប័ន​ខ្លួន​។ ចំណុច​នេះ ខ្ញុំ​សូម​លើក​ជូន​ការពិត​ជាក់​ស្តែង​ថ្មីៗ​មួយ​ដែល​សារព័ត៌មាន​កោះសន្តិភាព​បាន​ចុះផ្សាយ​កាលពី​ប៉ុន្មាន​ថ្ងៃ​មុន​ថា មាន​លោក​ប្រធាន​មន្ទីរ​នៃ​ខេត្ត​មួយ​បាន​តែងតាំង​កូន​ខ្លួនឯង​ជា​ប្រធាន​មន្ទីរ មុន​ពេល​ខ្លួនឯង​ចូលនិវត្តន៍​។ អ៊ីចឹង​បាន​ន័យ​ថា​អត់​ពី​គេ នៅ​មាន​កូន​គេ ក្មួយ​គេ ចៅ​គេ ចុះ​និស្សិត​ជយលាភី​ថ្មី ពេល​ណា​ទទួល​បាន​ឱកាស​?

ចំណុច​នេះ​មិត្ត​អ្នកអាន គិត​ខ្លួនឯង​ចុះ​ថា តើ​ក្រសួង​ស្ថាប័នរដ្ឋ​នីមួយៗ​មាន​ផែនការ​ច្បាស់លាស់​សម្រាប់​អភិវឌ្ឍ​ធនធាន​មនុស្ស​ក្នុង​ស្ថាប័ន​ខ្លួន​បាន​ដល់​កម្រិត​ណា​?

ដោយ​ឡែក​បញ្ហា​ក្រោយ​ពេល​រៀន​ចប់ និស្សិត​ខ្លះ​រួមមាន​ទាំង​ខ្ញុំ​ខ្លួនឯង​ផ្ទាល់​ដែល​ម្តង​ហើយ​ម្តង​ទៀត​បាន​ប្រកាស​ថា មិន​ចង់​ត្រឡប់​ទៅ​ស្រុក​វិញ អាស្រ័យ​ដោយ​មូលហេតុ​មួយ​ចំនួន​។ ទី​ ១ លក្ខខណ្ឌ​អាហារូបករណ៍​នៃ​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់ (DAAD) បាន​សម្រួល​ដល់​និស្សិត​ជយលាភី​អាច​បន្ត​ទិដ្ឋាការ ដើម្បី​ស្វែងរក​ការងារ​ធ្វើ​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​បាន​។ ការណ៍​នេះ​កើតឡើង​ដោយសារ​ភ្នាក់ងារ​ស្រាវជ្រាវ​បាន​រកឃើញ​ថា​ការ​ផ្តល់​ឱកាស​ដល់​និស្សិត​ជយលាភី​រក​ការងារ​ធ្វើ​ក្រោយ​បញ្ចប់​ការសិក្សា​នៅ​ប្រទេស​អាល្លឺម៉ង់ គឺ​មាន​ផលចំណេញ​មួយ​ចំនួន​ដូចជា និស្សិត​ជយលាភី អាច​រៀនសូត្រ​បន្ថែម​លើ​ទ្រឹស្តី​ដែល​បាន​រៀន​ក្នុង​ថ្នាក់​នូវ​ចំណេះធ្វើ​ជាក់ស្តែង​។

និស្សិត​ជយលាភី​ទាំង​នេះ​នឹង​ចូលរួម​លើក​កម្ពស់​ការ​អភិវឌ្ឍ​ក្នុង​សង្គម​អាល្លឺម៉ង់​តាមរយៈ​ចំណេះដឹង​ថ្មី​តាម​ជំនាញ​របស់​ខ្លួន​។ ម្យ៉ាង​ទៀត​ប្រសិន​បើ​និស្សិត​ជយលាភី​ទាំង​នោះ​រក​ការងារ​តាម​ជំនាញ និង​មាន​ប្រាក់បៀវត្សរ៍​សមរម្យ​បាន​នៅក្នុង​ប្រទេស​អាល្លឺម៉ង់​នោះ​ក្នុង​រយៈពេល​ ២ ​ឆ្នាំ​ចំនួន​លុយ​បង់ពន្ធ​ដែល​និស្សិត​ជយលាភី​បង់​ចូល​ក្នុង​រដ្ឋ​អាល្លឺម៉ង់​គឺ​មាន​ចំនួន​លើស​ពី​ចំនួន​លុយ​អាហារូបករណ៍​ដែល​រដ្ឋាភិបាល​សហព័ន្ធ​អាល្លឺម៉ង់​បាន​ជួយ​ដល់​និស្សិត​ជយលាភី​ក្នុង​រយៈពេល​រៀនសូត្រ​ ២ ​ឆ្នាំ​ទៅ​ទៀត​។

នេះ​ហើយ​ជា​ការ​យក​ចិត្ត​ទុកដាក់​លើ​ការអប់រំ អភិវឌ្ឍន៍​សង្គម និង​សេដ្ឋកិច្ច​របស់​អាល្លឺម៉ង់​ និង​ការជួយ​ទំនុក​បម្រុង​ដល់​និស្សិត​បរទេស​ដែល​ទោះ​ជា​មិន​មាន​សញ្ជាតិ​អាល្លឺម៉ង់​ក៏ដោយ​ក៏​នៅ​អាច​មាន​ឱកាស​បាន​ទទួល​ការអប់រំ​ទៅ​តាម​បទដ្ឋាន​ដែល​មាន​គុណភាព​មួយ​ច្បាស់លាស់​។

ទី​ ២ យើង​ងាក​ទៅ​ដែនដី​អច្ឆរិយ​របស់​កម្ពុជា​យើង​វិញ​ម្តង សួរ​ថា​តើ​និស្សិត​ជយលាភី​អាហារូបករណ៍​ដែល​មិន​មាន​ក្របខ័ណ្ឌ​ក្នុង​ស្ថាប័នរដ្ឋ​ប៉ុន្មាន​នាក់​ដែល​បាន​ទទួល​ការ​គាំពារ និង​ទំនុក​បម្រុង​ពី​រាជរដ្ឋាភិបាល​កម្ពុជា​?

បើ​យោង​តាម​បទពិសោធ​របស់​ខ្ញុំ​វិញ​គឺ​ថា​តាំង​ពី​មុន​រហូត​ដល់​រៀន​ជិត​ចប់ ខ្ញុំ​ដូចជា​មិន​បាន​ទទួល​អ្វី​ជា​ដុំកំភួន ជា​ការ​ទំនុក​បម្រុង​របស់​រាជរដ្ឋាភិបាល​កម្ពុជា​លើ​ការសិក្សា​នៅ​បរទេស​របស់​ខ្ញុំ​សោះ​។ មូលហេតុ​ដែល​ខ្ញុំ​និយាយ​បែប​នេះ ព្រោះ​ទី​មួយ​ខ្ញុំ​ទៅ​សុំ​ធ្វើ​លិខិត​ឆ្លងដែន ទោះបី​មាន​បញ្ជាក់​ថា​មុខរបរ​ជា​និស្សិត​មែន តែ​ខ្ញុំ​ត្រូវ​បង់​តម្លៃ​សេវា​តាម​ការកំណត់​របស់​ក្រសួង គឺ​បង់​តម្លៃ​ពេញ​ដូច​ប្រជាពលរដ្ឋ​ធម្មតា​។

ទី​ ២ ពុំ​មាន​ភ្នាក់ងារ​ ឬ​ស្ថាប័ន​ណា​មួយ​របស់​រដ្ឋាភិបាល​បាន​ជួយ​ណែនាំ​ខ្ញុំ ឬ​ខ្ញុំ​អាច​ពឹងពាក់​ដើម្បី​បាន​ស្វែងយល់​ពី​ការត្រៀម​ខ្លួន​រស់នៅ ធ្វើ​សមាហរណកម្ម​សង្គម និង​វប្បធម៌ ឬ​អាច​សុំ​ជា​ជំនួយ ប្រសិន​ករណី​បើ​ខ្ញុំ​មាន​បញ្ហា​នៅ​ក្នុង​ប្រទេស​ដែល​ខ្ញុំ​រៀន​។ ទី​ ៣ ក្រោយ​ពេល​រៀន​ចប់ ប្រសិន​បើ​ខ្ញុំ​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ​តើ​អង្គភាព​រដ្ឋ​ណា​ដែល​អាច​ឱ្យ​ខ្ញុំ​ទាក់ទង ដើម្បី​បាន​ស្វែងយល់​ពី​ការវិវឌ្ឍ​របស់​សង្គម​នឹង​ជួយ​សម្រួល ក្នុង​ឱកាស​ការងារ​ ឬ​ការអភិវឌ្ឍ​អាជីព​របស់​ខ្ញុំ​?

ប្រសិន​បើ​ខ្ញុំ​ប្រឡង​ក្របខ័ណ្ឌ​ចូល​ក្រសួង​ស្ថាប័នរដ្ឋ​ណា​មួយ​ក៏​ប្រហែល​ពិបាក​ដែរ ព្រោះ​ខ្ញុំ​អាច​មាន​សមត្ថភាព​មិន​គ្រប់គ្រាន់​តាម​ការប្រឡង​ជ្រើសរើស ហើយ​ម្យ៉ាង​ទៀត​បើ​ជាប់​ក៏​ប្រហែល​ពិបាក​ធ្វើការ​ដែរ ដោយសារ​ខ្ញុំ​មិន​ចេះ​លុតក្រាប​ខុស​កាលវេលា និង​មួយ​ទៀត ចរិត​ខ្ញុំ​ផ្ទាល់​គឺ​ខ្ញុំ​ឃើញ​អី​ថា​ហ្នឹង ដូច​នេះ​ស្ថាប័ន​រដ្ឋ​ខ្លះ​គេ​មិន​ចូលចិត្ត​មនុស្ស​ដូច​ខ្ញុំ​នេះ​ទេ​។

គួរបញ្ជាក់​ផង​ដែរ​ចំពោះ​ការ​ទំនុក​បម្រុង​និស្សិត​ខ្មែរ​នៅ​ស្រុក​អឺរ៉ុប​នេះ ពិសេស​រូប​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​អរគុណ​ដល់​សហគមន៍​បងប្អូន​ខ្មែរ និង​ពុទ្ធបរិស័ទ ចំណុះ​ជើងវត្ត​នៅ​បណ្តា​ប្រទេស បែលហ្ស៊ិក បារាំង អាល្លឺម៉ង់ ស្វ៊ីស និង​អូទ្រីស​ជាដើម​ដែល​បាន​ជួយ​ខ្នះខ្នែង​រាល់​កង្វះខាត​របស់​ខ្ញុំ​។ ចំពោះ​ករណី​នេះ​ខ្ញុំ​ក៏​សូម​អរគុណ​ផង​ដែរ​ចំពោះ​តំណាង​ស្ថានទូត និង​ឯកអគ្គរាជទូត​ខ្មែរ​ប្រចាំ​នៅ​ប្រទេស​អាល្លឺម៉ង់​ដែល​បាន​ចាប់ផ្តើម​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​ជីវភាព​របស់​និស្សិត​ខ្មែរ​ក្នុង​បណ្តា​ប្រទេស​អឺរ៉ុប​ដែល​មាន​និវេសនដ្ឋាន ទូត​ខ្មែរ ក្រុង​ប៊ែរឡាំង​ជា​អ្នកតំណាង​។

ម្យ៉ាង​ទៀត​ខ្ញុំ​សូម​សំណូមពរ​ឱ្យ​ម្ចាស់​អត្ថបទ​នេះ​គួរ​សម្រួល​ពាក្យពេចន៍​ឡើង​វិញ​ចំពោះ​សំណេរ​របស់​ខ្លួន​ដែល​បាន​បញ្ជាក់​ដោយ​មិន​មាន​មូលដ្ឋាន​ច្បាស់លាស់​ថា​ «​រីឯ​កាតព្វកិច្ច​របស់​និស្សិត​ដែល​បាន​ទៅ​រៀន​នៅ​បរទេស​ហើយ​តម្រូវ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​បាន​ដែរ​ទេ ជា​ជាង​ឆ្លៀត​ឱកាស​លួច​ចូល​សញ្ជាតិ ហើយ​សំងំ​សុខ​ស្រួល​ដោយ​បើកភ្នែក​ឡើង​រិះគន់​រដ្ឋាភិបាល​ទៅ​វិញ​នោះ​»​។

សម្រាប់​ខ្ញុំ​ផ្ទាល់​ដែល​ជា​និស្សិត​ម្នាក់​មាន​បំណង​មិន​ត្រឡប់​ទៅ​ស្រុក​ខ្មែរ​វិញ សូម​បញ្ជាក់​ថា​ខ្ញុំ​ចង់​នៅ​ទី​នេះ​ប្រទេស​អាល្លឺម៉ង់​ក្នុង​គោលបំណង​ចង់​បាន​សញ្ជាតិ​មែន តែ​មិនមែន​ក្នុង​ន័យ​សំងំ​សុខស្រួល​ដោយ​បើកភ្នែក​ឡើង​រិះគន់​រដ្ឋាភិបាល​ទេ តែ​ខ្ញុំ​គិត​ថា​បើ​ខ្ញុំ​បាន​រស់នៅ​ទី​នេះ ខ្ញុំ​អាច​ជួយ​សង្គមជាតិ​របស់​យើង​បាន​ច្រើន ជាង​ត្រឡប់​ទៅ​វិញ ហើយ​ខ្ញុំ​ក៏​សូម​បញ្ជាក់​ឱ្យ​បាន​ច្បាស់​ផង​ដែរ​ថា ការរិះគន់​របស់​ខ្ញុំ គឺ​មិនមែន​ជា​ការរិះគន់​បែប​ពាសវាល​ពាសកាល​ឡើយ តែ​ជា​ការ​រិះគន់​តាម​រឿង​ដែល​ខ្ញុំ​គិត​ថា ខ្ញុំ​ត្រូវ​តែ​រិះគន់​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ​ម្ចាស់​ឆ្នោត​ដែល​មាន​កាតព្វកិច្ច សិទ្ធិ និង​សេរីភាព​ពេញលេញ​ក្នុង​ការ​បញ្ចេញមតិ​លើ​ការអភិវឌ្ឍ​សង្គម សេដ្ឋកិច្ច និង​នយោបាយ​ដែល​មាន​ធានា​ដោយ​រដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​។

សូម​អភ័យទោស​ទុក​ជា​មុន​ចំពោះ​កំហុស​ឆ្គង​លើ​ការប្រើប្រាស់​ពាក្យពេចន៍​ដោយ​ប្រការ​ណា​មួយ​ហើយ​ការសរសេរ​របស់​ខ្ញុំ​នេះ​ក៏​មិនមែន​ក្នុង​ន័យ​ផ្ចាញ់ផ្ចាល​អ្នក​ណា​ដែរ តែ​ខ្ញុំ​សរសេរ​ឱ្យ​មិត្ត​អ្នក​អាន​បាន​ជ្រាប​ពី​ជីវិត​និស្សិត ការ​គាំពារ​ពី​សំណាក់​សហគមន៍​ខ្មែរ និង​ការសម្រេច​ចិត្ត​មិន​ត្រឡប់​ទៅ​មាតុភូមិ​កម្ពុជា​វិញ​។

សូម​អរគុណ​ចំពោះ​ការអាន​របស់​អស់​លោក​អ្នក​៕

ដោយ​ ញ៉ូវ ប៉ិច តុងហ័ន ​និស្សិត​ពី​សាកលវិទ្យាល័យ​ឡែបស៊ីស​ ក្រុង​ឡែបស៊ីស រដ្ឋ​សាកសិន សាធារណរដ្ឋ​សហព័ន្ធ​អាល្លឺម៉ង់​។ អ៊ីមែលៈ tonghoinpech@gmail.com