ក្រោយ​ពេល​បញ្ចប់​ពិធី​ជួបជុំ​នានា​ទាំង​ពិធី​បុណ្យ​ជាតិ​ដូចជា​បុណ្យ​ភ្ជុំបិណ្ឌ បុណ្យចូលឆ្នាំ បុណ្យអុំទូក ឬក៏​ការ​ប្រកួត​កីឡា​នៅ​ពហុកីឡដ្ឋាន​ជាតិ​ជាដើម ក៏ដូចជា​ពិធី​ឯកជន​របស់​ប្រជាពលរដ្ឋ យើង​តែង​សង្កេត​ឃើញ​មាន​សំរាម​បន្សល់​ចោល​ពាសវាល​ពាសកាល​នៅ​កន្លែង​ប្រារព្ធ​ពិធី​។

ករណី​បែប​នេះ​ក៏​មិន​លើកលែង សូម្បី​តែ​ក្នុង​ពិធី​ជួបប្រជុំ​មន្ដ្រី​សង្ឃ​ប្រចាំ​ឆ្នាំ​ក៏​ឃើញ​មាន​បន្សល់​នូវ​ដប​ទឹក​សុទ្ធ​ដែល​ឆាន់​អស់​បោះចោល​រាយប៉ាយ​ពេញ​ក្នុង​សាល​ប្រារព្ធ​ពិធី​ដែរ​។ ការបរិភោគ​ចំណី​អាហារ​​រួច​យក​ស្បោង ឬ​កំប៉ុង​ដែល​វេចខ្ចប់​ទៅ​បោះចោល​ក្នុង​ធុងសំរាម​សឹង​ថា​ជា​រឿង​ចម្លែក​។

ទម្លាប់​អាក្រក់​នៃ​ការ​ចោល​សំរាម​ឥត​របៀប​បែប​នេះ​យូរៗ​ទៅ​ធ្វើឲ្យ​ការ​ចោល​សំរាម​ពាសវាល​តាម​ទីសាធារណៈ បាន​ក្លាយ​ជា​រឿង​ធម្មតា​និយាយ​ចំពោះ​ប្រជាពលរដ្ឋ​ទូទៅ​។ ថ្វី​ដ្បិត​ថា​អាជ្ញាធរ​បាន​ខ្នះខ្នែង​ធ្វើការ​អំពាវនាវ​ខ្លះៗ​ដែរ ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​គ្រប់គ្រង​កាកសំណល់​ទាំង​នៅ​តាម​គេហដ្ឋាន ក៏ដូចជា​តាម​ទីសាធារណៈ ក៏ប៉ុន្ដែ​ការបោះ​ចោល​សំរាម​ឥត​សណ្ដាប់ធ្នាប់​នៅ​តែ​ជា​បញ្ហា​ចោទ​ដដែល​។

ក្រៅពី​បញ្ហា​រញ៉េរញ៉ៃ​នៃ​ចរាចរណ៍​តាម​ដងផ្លូវ ការ​បោះ​សំរាម​ចោល​ឥត​របៀប បាន​ជះឥទ្ធិពល​អាក្រក់​ដល់​មុខមាត់​ជាតិ​យើង​មិន​តិច​ទេ​។ វា​បាន​ឆ្លុះបញ្ចាំង​ពី​ភាព​ឥត​សណ្ដាប់ធ្នាប់​គ្មាន​វិន័យ គ្មាន​ការយល់ដឹង អសីលធម៌ និង​មិន​ថ្លៃថ្នូរ​នៃ​ប្រជាពលរដ្ឋ​យើង​ជា​រួម​ដែល​បរទេស​ដែល​បាន​មក​ឃើញ​ហើយ​គ្រវី​ក្បាល​ហួស​ចិត្ដ​។

ជា​ប្រការ​គួរ​ឲ្យ​ខ្មាស​ណាស់ ដែល​ម្ចាស់​ប្រទេស​ក្នុង​ចំនួន​មិន​តិច គិតតែ​ពី​នាំគ្នា​សប្បាយ​ស៊ីផឹក​ស្រវឹង​ស្រា​រាំ​បែកស្លុយ​លលា​តែ​ហើយ​បោះ​កាកសំណល់​នានា​ចោល​តាម​ទីសាធារណៈ ដោយ​មិន​ទទួល​ខុសត្រូវ​ដោយ​ឥត​អៀនខ្មាស​។ ក្រៅពី​បញ្ហា​សោភ័ណភាព​សំរាម​ដែល​ស្អុយរលួយ​ប៉ះពាល់​ដល់​សុខភាព​ប្រជាពលរដ្ឋ​យ៉ាង​ខ្លាំង​។ លើស​ពី​នេះ​សំរាម​ដែល​ក្រ​រលួយ​ដូចជា​ថង់​ប្លាស្ទិក​សម្បក​ដប​ជាដើម បាន​បង្ក​ជា​ផលប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​បរិស្ថាន​។

និយាយ​ដល់​រឿង​ចោល​សំរាម​ឥត​របៀប អ្នក​ខ្លះ​អាច​យល់​ថា​នេះ​ជា​រឿង​តូចតាច​។ ប៉ុន្ដែ​ឥរិយាបថ​នៃ​បុគ្គល​ម្នាក់ៗ ចំពោះ​ការគ្រប់គ្រង​សំរាម​របស់​ខ្លួន​រួមផ្សំ​គ្នា វា​នឹង​ក្លាយ​ជា​ឥរិយាបថ​រួម​នៃ​ជាតិ​សាសន៍​យើង​។ យើង​ម្នាក់ៗ​ចូលចិត្ដ​ឲ្យ​ផ្ទះ​របស់​ខ្លួន​ស្អាតបាត ដោយ​មិន​ត្រូវ​ការរស់នៅ​ក្នុង​ភាព​កខ្វក់​ឡើយ​។ ចំណែកឯ​ប្រទេស​ប្រៀប​ដូចជា​ផ្ទះ​រួម​របស់​យើង​ទាំងអស់​គ្នា​។

ការ​បោះចោល​សំរាម​ឥត​​សណ្ដាប់ធ្នាប់​តាម​ទីសាធារណៈ មិន​ខុស​អ្វី​ពី​យើង​ពង្រាយ​សំរាម​ក្នុង​ផ្ទះ​របស់​យើង​ខ្លួនឯង​ឡើយ​។ បើ​ប្រទេស​នេះ​ជា​ផ្ទះ​រួម​របស់​ពួកយើង សួរថា តើ​ពួកយើង​គ្រប់​គ្នា​គ្មាន​ចំណែក​ក្នុង​ការជួយ​សម្អាត​ផ្ទះ​រួម​របស់​យើង​ទេ​ឬ​? ឬ​មួយ​ក៏​ថា​បើ​នរណា​ចង់​សម្អាត​ ឬ​ចូលចិត្ដ​សម្អាត គិត​តែ​ពី​សម្អាត​ទៅ ចំណែកឯ​អ្នក​ដែល​មិន​ចូលចិត្ដ​សម្អាត មិន​ចាំបាច់​ខ្វល់​ទេ​? នរណា​ដែល​គិត​បែប​នេះ​មិន​ត្រូវ​សោះ​តែ​ម្ដង​។ រឿង​ចូលរួម​ជួយ​សម្អាត​ប្រទេស​ដែល​ជា​ផ្ទះ​រួម​របស់​យើង វា​មិនមែន​ជា​រឿង​ថា ចូលចិត្ដ​ ឬ​ក៏​មិន​ចូលចិត្ដ​ឡើយ តែ​វា​គឺជា​កាតព្វកិច្ច​ដែល​ប្រជាពលរដ្ឋ​ម្នាក់ៗ​ត្រូវ​តែ​ទទួល​ខុសត្រូវ​បំពេញ​។

តើ​អ្នក​គ្មាន​អារម្មណ៍​ថា អៀន​ទេ​ឬ​នៅពេល​ដែល​បាន​ឮ​ពី​ជនបរទេស ដែល​មក​លេង​ស្រុក​យើង​និយាយ​ថា ប្រទេស​របស់​អ្នក​ស្រស់ស្អាត​គួរ​ឲ្យ​ចូលចិត្ដ​ណាស់ ប៉ុន្ដែ​គួរ​ឲ្យ​ស្ដាយ​ដែល​ប្រទេស​របស់​អ្នក​មាន​បញ្ហា​រឿង​ចោល​សំរាម​ពាសវាល និង​មាន​ភាព​រញ៉េរញ៉ៃ​ក្នុង​ការ​បើកបរ​តាម​ដងផ្លូវ​ខ្លាំង​ពេក​?

បើ​ឥរិយាបថ​មិន​គួរ​ឲ្យ​កើតឡើង​បែប​នេះ កើត​មាន​ឡើង​ក្នុង​ចំនួន​តិចតួច​នោះ​វា​នឹង​មិន​ក្លាយ​ជា​បញ្ហា​គួរ​ឲ្យ​កត់សម្គាល់​ប៉ុន្មាន​ឡើយ​។ ប៉ុន្ដែ​មិន​ថា​តែ​ប្រជាពលរដ្ឋ​សាមញ្ញ​ទូទៅ​នៅ​តាម​ជនបទ ដែល​ពួកគាត់​មិន​សូវ​ជា​មាន​ការយល់ដឹង​ពី​រឿង​អនាម័យ​ពី​សុខភាព ពី​ផលប៉ះពាល់​នៃ​ការបំផ្លាញ​បរិស្ថាន​ជាដើម ដែល​នៅ​ជុំវិញ​ផ្ទះ​របស់​គាត់​មួយ​ចំនួន​ធំ ឃើញ​មាន​បន្សល់​ចោល​នូវ​ថង់ប្លាស្ទិក​រាយប៉ាយ និង​កន្លែង​ខ្លះ​ជា​វាលស្រែ​សោះ ក៏​ឃើញ​មាន​ថង់ប្លាស្ទិក​រាយ​ពេញ​ដី​ដែរ សូម្បី​តែ​មនុស្ស​ដែល​មាន​ឋានៈ​សង្គម​ខ្ពស់​ខ្លះ ក៏​គ្មាន​ការ​យល់​ដឹង​ពី​រឿង​នេះ​ដែរ​។

ពេល​អ្នក​ឃើញ​មនុស្ស​ដែល​ជិះ​ក្នុង​រថយន្ដ​ទំនើប​តម្លៃ​ខ្ទង់​ម៉ឺន​ដុល្លារ បើក​កញ្ចក់​ឡាន​ចោល​សំរាម​ពី​ក្នុង​ឡាន​មក​លើ​ថ្នល់ តើ​ក្នុង​ចិត្ដ​អ្នក​យល់​ថា បុគ្គល​នោះ​ជា​មនុស្ស​ដែល​មាន​ចរិត​​ដូចម្ដេច​ដែរ​? គេ​បោះ​សំណល់​អាហារ ឬ​ដប​ទឹក​ចោល​តាម​កញ្ចក់​ឡាន ព្រោះ​គេ​មិន​ចូលចិត្ដ​ឲ្យ​មាន​សំរាម​ក្នុង​ឡាន​ដ៏ថ្លៃ​របស់​គេ​ ប៉ុន្ដែ​គេ​បាន​គ្រវែង​សំរាម​មក​តាម​ដង​ផ្លូវ​ទៅវិញ​។ តើ​អាច​ដែរ​ទេ ដែល​អ្នក​ថា បុគ្គល​នោះ​មាន​ចរិត​ថ្លៃថ្នូរ​ហើយ​អ្នក​គោរព​បុគ្គល​នោះ​? ដោយ​ស្មោះត្រង់​គឺ​មិន​អាច​ទេ ហើយ​មាន​តែ​លួច​គិត​ថា អ្នក​នោះ​ម្ដេច​ក៏​អន់​ចរិត​ម្ល៉េះ​? ឪពុកម្ដាយ​ចាស់ទុំ គួរតែ​ធ្វើ​ខ្លួន​ជា​គំរូ​ដល់​ក្មេងៗ​ក្នុង​ការ​មាន​សណ្ដាប់ធ្នាប់​គ្រប់គ្រង​សំរាម​របស់​ខ្លួន ដោយ​​បង្រៀន​កូន​ឲ្យ​ចេះ​វេចខ្ចប់​សំរាម ចេះ​បែងចែក​ប្រភេទ​សំរាម និង​ចេះ​យក​សំរាម​ចោល​ក្នុង​ធុង​សំរាម​ ឬ​បើ​គ្មាន​ធុងសំរាម​ទេ គួរតែ​ទុក​វា​ក្នុង​ឡាន​សិន កុំ​ចេះ​តែ​ចោល​ពាសវាល​ពាសកាល​ដែល​វា​ជា​គំរូ​ដ៏សែន​អាក្រក់​ដល់​ក្មេងៗ​ឲ្យ​ចោល​សំរាម​ឥត​របៀប​តាម​ខ្លួន​ដែរ​។

កុំ​ថា តែ​សំរាម​ធំ សូម្បីតែ​​រឿង​សំណល់​ស្ករ​កៅស៊ូ​ក៏​អ្នក​ជា​ឪពុកម្ដាយ​ជា​ចាស់ទុំ​គួរ​តែ​បង្រៀន​កូន និង​ក្មេងៗ​ឲ្យ​ចេះ​ខ្ចប់​វា​ដោយ​ត្រឹមត្រូវ​ជា​ជាង​បណ្ដោយ​ក្មេង​មិន​ដឹង​អី​ខ្ជាក់​យក​ទៅ​បិត​លេង​ផ្ដេសផ្ដាស​។ ប្រហែល​ជា​មិន​អត់​ទេ​ដែល​មាន​ឪពុកម្ដាយ​មួយ​ចំនួន​ធ្លាប់​មាន​បទពិសោធ​ដែល​កូនតូច​យក​ស្ករ​កៅស៊ូ ទៅ​បិទ​លើ​តុ បិទ​លើ​ពូក បិទ​លើ​សក់​ក្បាល បិទ​លើ​សម្លៀកបំពាក់ និង​បិទ​លើ​ពូក​ឡាន​ជាដើម​។

ប្រជាពលរដ្ឋ​ជា​អ្នក​បង្កើត​សំរាម ឯ​អាជ្ញាធរ​មាន​នាទី​ជា​អ្នក​ប្រមូល​សំរាម គឺ​មាន​ភាគី​បង្កើត​សំរាម​/​អ្នក​ទទួល​សេវា​សាធារណៈ​/​ប្រជាពលរដ្ឋ​ និង​មាន​ភាគី​ប្រមូល​សំរាម​/​អ្នកបម្រើ​សេវាសាធារណៈ​/​រដ្ឋាភិបាល ដែល​ត្រូវតែ​យល់​ពី​គ្នា នោះ​ទើប​វា​ដំណើរការ​ទៅ​ដោយ​ប្រសិទ្ធភាព​។

ការដោះស្រាយ​បញ្ហា​សំរាម មិន​អាច​សម្រេច​ទៅ​បាន​ដោយ​ពឹងផ្អែក​តែ​ទៅ​លើ​ភាគី​អាជ្ញាធរ​តែ​ម្ខាង ហើយ​ប្រជាពលរដ្ឋ​ធ្វើ​មិន​ដឹង​មិន​ឮ​ក្នុង​ការ​សហការ​ឡើយ​។ រឿង​នេះ​ដាច់ខាត​ត្រូវតែ​មាន​ការចូលរួម​យ៉ាង​សកម្ម​ពី​ភាគី​ប្រជាពលរដ្ឋ​ទូទៅ​ផង​ដែរ ដោយ​ប្រជាពលរដ្ឋ​ម្នាក់ៗ​គួរតែ​មាន​ស្មារតី​ភ្ញាក់រឭក​ដោយ​ខ្លួនឯង ក្នុង​ការ​ទទួល​ខុសត្រូវ​ចំពោះ​សំរាម​ដែល​ខ្លួន​បាន​បង្កើត​។ ថ្វីដ្បិត​ថា ការប្រមូល​សំរាម​ជា​ភារៈ​របស់​អាជ្ញាធរ ប៉ុន្ដែ​មិន​បាន​ន័យ​ថា ប្រជាពលរដ្ឋ​គិត​តែ​ចោល​សំរាម​ផ្ដេសផ្ដាស​ពេញ​ទីកម្សាន្ដ និង​ទីសាធារណៈ​នានា ហើយ​ឲ្យ​អាជ្ញាធរ​ចាំ​តែ​ដើរ​ប្រមូល​ចោល​តាម​ក្រោយ​នោះ​ទេ​។

ត្រឹម​ឲ្យ​អាជ្ញាធរ​ទទួល​បន្ទុក​យក​សំរាម​ដែល​វេចខ្ចប់​ទុក​ដាក់​តាម​កន្លែង​ត្រឹមត្រូវ​ដោយ​ប្រជាពលរដ្ឋ​ទៅ​ចោល​នៅ​ទី​សមរម្យ​កំណត់​ណា​មួយ​ឲ្យ​បាន​ទាន់​ពេលវេលា នោះ​គឺ​បាន​ពេក​ហើយ​។ ប្រជាពលរដ្ឋ​គ្រប់​រូប​គួរ​តែ​មាន​ការយល់ដឹង​ពី​បញ្ហា​​សណ្ដាប់ធ្នាប់​អនាម័យ ហើយ​ទទួល​ខុសត្រូវ​ក្នុង​ការ​ចូលរួម​វេចខ្ចប់​សំរាម​របស់​ខ្លួន​ឲ្យ​បាន​ត្រឹមត្រូវ បើ​ទោះបី​ជា​យើង​មិនទាន់​ធ្វើ​បាន​ដល់​ថ្នាក់ ចេះ​បែងចែក​ប្រភេទ​សំរាម​ថា ជា​កាកសំណល់​ផ្ទះបាយ កាកសំណល់​ដែល​អាច​ប្រើ​ទៅ​ផលិត​ផលិតផល​ថ្មី​ឡើង​វិញ និង​កាកសំណល់​ឧស្សាហកម្ម​ជាដើម ហើយ​វេចខ្ចប់​ចោល​ដោយ​ឡែកៗ​ពីគ្នា​ក៏ដោយ ក៏​ក្នុង​ជំហាន​ដំបូង​គួរ​តែ​ចេះ​វេចខ្ចប់​វា​ជា​រួម​ដោយ​កុំ​ចេះ​តែ​គ្រវាត់​ចោល​ផ្ដេសផ្ដាស​ជាមុន​សិន​ដែរ​។

ដើម្បី​ឲ្យ​ប្រជាពលរដ្ឋ​យើង​ទៅ​ជា​បែប​នោះ​គឺ​ទាមទារ​ឲ្យ​ប្រជាពលរដ្ឋ​មាន​ការ​យល់ដឹង​ពី​បញ្ហា​សំរាម​។ រឿង​នេះ​វា​មិន​លើស​ពី​សមត្ថភាព​ដែល​យើង​អាច​ធ្វើ​បានឡើយ​។ វា​ទាមទារ​ឲ្យ​មាន​ការ​ពន្យល់​ផ្សព្វផ្សាយ​ដោយ​យក​ចិត្ដ​ទុកដាក់​យ៉ាង​ទូលំទូលាយ​ពី​ភាគី​អាជ្ញាធរ​ទៅ​កាន់​ប្រជាពលរដ្ឋ​ឲ្យ​ចេះ​គ្រប់គ្រង​វេចខ្ចប់​ទុកដាក់​សំរាម​របស់ខ្លួន​ចំណែកឯ​អាជ្ញាធរ​មាន​នាទី​ធ្វើ​កិច្ចសហការ​ជាមួយ​ក្រុមហ៊ុន​ឯកជន​ក្នុងការ​ប្រមូល និង​គ្រប់គ្រង​សំរាម​ដែល​ប្រមូល​បាន​។ ប្រជាពលរដ្ឋ​ត្រូវ​គិត​ឲ្យ​យល់​ពី​ការទទួល​ខុសត្រូវ​របស់​ខ្លួន ហើយ​ទម្លាក់​ការយល់​ឃើញ​ទាំងនោះ​ទៅក្នុង​ចិត្ត​បន្ដិច​ម្ដងៗ រហូត​វា​បាន​ក្លាយ​ជា​ទម្លាប់​ជា​សីលធម៌​ដែល​ដុះ​ស្អិត​ក្នុង​ចិត្ដ​រហូត​ដល់​លើក​ដៃ​ចោល​សំរាម​ផ្ដេសផ្ដាស​លែងកើត នោះ​ទើប​រដ្ឋាភិបាល​លែង​សូវ​ឈឺក្បាល​រឿង​នេះ​។

បើ​ប្រជាពលរដ្ឋ​ទូទៅ​មិន​ផ្លាស់ប្ដូរ​នូវ​ឥរិយាបថ​មិន​ល្អ​ដែល​គេ​ធ្លាប់​ប្រព្រឹត្ដ​ដោយ​ខ្លួនគេ​ផ្ទាល់​ទេ នោះ​វិធានការ​នានា​របស់​រដ្ឋាភិបាល​គ្មាន​ប្រសិទ្ធភាព​ខ្ពស់​ក្នុង​ការ​អនុវត្ដ​ឡើយ​។ មិន​ថា​តែ​រឿង​សំរាម​ឡើយ បើ​គ្មាន​កិច្ចសហការ​យ៉ាង​ជិតស្និទ្ធ ដោយ​ការយល់ដឹង​ពី​ប្រជាពលរដ្ឋ​​ទូទៅ​ជាមួយ​រដ្ឋាភិបាល​ទេ នោះ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​រដ្ឋាភិបាល​មុខ​ជា​នឹង​លំបាក​សម្រេច​ដោយ​ជោគជ័យ​ណាស់​។

សូម​កុំ​គិត​ថា រឿង​សំរាម​ជា​រឿង​តូច​។ ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ចំពោះ​រឿង​នេះ​ឆ្លុះបញ្ចាំង​ពី​សីលធម៌​រស់នៅ​របស់​ប្រជាពលរដ្ឋ​ថ្លៃថ្នូរ ដែល​ពោរពេញ​ទៅ​ដោយ​អនាម័យ សណ្ដាប់ធ្នាប់ ការទទួល​ខុសត្រូវ និង​សីលធម៌​។ សីលធម៌​ខ្ពស់បំផុត​របស់​មនុស្ស​គឺ​ការទទួល​ខុសត្រូវ​ឯការ​ទទួល​ខុសត្រូវ​ខ្ពស់​បំផុត​របស់​មនុស្ស គឺ​ការទទួល​ខុសត្រូវ​ផ្នែក​មនសិការ​។

មាន​ន័យថា ​ការទទួល​ខុស​ត្រូវ​របស់​ប្រជាពលរដ្ឋ​ក្នុង​ការ​បំពេញ​នូវ​កាតព្វកិច្ច​ជា​ប្រជាពលរដ្ឋ​ល្អ ឆ្លុះ​បញ្ចាំង​ពី​សីលធម៌​របស់​បុគ្គល​ម្នាក់ៗ​ដែល​រស់នៅ​ក្នុង​សង្គម​ហើយ​ការទទួល​ខុសត្រូវ​នោះ​ទៀត​សោត​គឺ​ទទួលខុសត្រូវ​ដោយ​ការ​ភ្ញាក់រឭក​ដោយ​មនសិការ​ខ្លួនឯង មិនមែន​បំពេញ​ព្រោះ​តែ​មានការ​ចាប់បង្ខំ​ឡើយ​។ មនុស្ស​ដែល​មាន​ការទទួល​ខុសត្រូវ​ផ្នែក​មនសិការ​គេ​ទទួល​ខុសត្រូវ​លើ​គ្រប់​ទង្វើ​របស់គេ​ដោយ​ខ្លួនគេ​។

ការកំណត់​នូវ​សកម្មភាព​ណា​មួយ​ថា គួរ​ធ្វើ ឬ​មិន​គួរ​ធ្វើ​មិនត្រូវ​បានកំណត់​ដោយ​កត្ដា​ខាង​ក្រៅ ដូចជា​ការកម្រិត​ហាម​ពី​ច្បាប់​ជាការ​ផាកពិន័យ ឬ​ទណ្ឌកម្ម​ណា​មួយ​ឡើយ ផ្ទុយ​ទៅ​វិញ​គឺ​ពួកគេ​ប្រព្រឹត្ដ ឬ​មិន​ប្រព្រឹត្ដទ​ង្វើ​ណា​មួយ​អាស្រ័យ​លើ​មនសិការ​របស់​គេ​ប្រាប់​ថា គួរ ឬ​មិន​គួរ​ធ្វើ​។ ទង្វើ​ដែល​កើត​ពី​ការទទួល​ខុសត្រូវ​ផ្នែក​មនសិការ អាច​មើល​ឃើញ​តាំងពី​រឿង​តូចតាច​ក្នុង​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​បុគ្គល​នោះ​រាប់​តាំង​ពី​រឿង​ការ​ចោល​សំរាម​ឡើង​ទៅ​។ មិនមែន​ទាល់​តែ​ច្បាប់​ចែង​ថា ចោល​សំរាម​ផ្ដេសផ្ដាស​តាម​ទីសាធារណៈ​នឹង​ត្រូវ​ពិន័យ ទើប​គេ​មិន​ចោល​សំរាម​នោះ​ឡើយ​តែ​គេ​មិន​ចោល​សំរាម​ពាសវាល​ពាសកាល ព្រោះ​តែ​មនសិការ​របស់​គេ​ប្រាប់​គេ​ថា ប្រទេស​គឺជា​ផ្ទះ​រួម​របស់​គេ ដូច្នេះ​គេ​មាន​កាតព្វកិច្ច​ជួយ​សម្អាត​ផ្ទះ​រួម​របស់​គេ​។ គេ​យល់​យ៉ាង​ច្បាស់​ថា ការខ្វះ​សណ្ដាប់ធ្នាប់ ភាព​ឥត​អនាម័យ គឺជា​ផ្នែក​មួយ​នៃ​អសីលធម៌ គ្មាន​វិន័យ និង​ខ្វះ​ការយល់​ដឹង​។

មនសិការ​របស់​បុគ្គល​ថ្លៃថ្នូរ​រំឭក​ប្រាប់​ធ្វើឲ្យ​គេ​មិន​អាច​លើកដៃ​ចោល​សំរាម​នៅ​ទីសាធារណៈ ហើយ​ទោះបី​ជា​នៅ​ទីណា​ក៏ដោយ ក៏​ពួកគេ​ចៀសវាង​នូវ​ទង្វើ​ដែល​នាំ​ដល់​ការបំពុល​បរិស្ថាន​ថែម​ទៀត​។ ឥរិយាបថ​របស់​ប្រជាពលរដ្ឋ​ម្នាក់ៗ​ចំពោះ​រឿង​នេះ អាច​ជួយ​រក្សា​ការពារ​បរិស្ថាន​នៃ​ភព​ផែនដី​ទាំង​មូល​ឲ្យ​ស្រស់​បំព្រង​អាច​ទ្រទ្រង់​មនុស្ស​ឲ្យ​រស់​បន្ដ​ដោយ​សុខុមាលភាព​។

ជាតិ​យើង​អាច​មាន​សណ្ដាប់ធ្នាប់ មាន​វិន័យ មាន​សីលធម៌ និង​មាន​សេចក្ដី​ថ្លៃថ្នូរ​ទៅ​បាន​លុះត្រាតែ​ប្រជាពលរដ្ឋ​យើង​ហោច​បំផុត​ចំនួន​លើស​ពី​ពាក់កណ្ដាល​ជា​ប្រជាពលរដ្ឋ​យល់​ដឹង​ជា​ប្រជាពលរដ្ឋ​ដែល​មាន​សណ្ដាប់ធ្នាប់ មាន​វិន័យ មាន​សីលធម៌ និង​មាន​សេចក្ដី​ថ្លៃថ្នូរ​ជា​មុនសិន​។ ​រឿង​ខ្លះ​ជា​បញ្ហា​ជាតិ​ដែល​ទាមទារ​នូវ​ដំណោះស្រាយ​ផ្នែក​នយោបាយ​ធំៗ ដោយ​ទាមទារ​នូវ​ការចូលរួម​អនុវត្ដ​ពី​ភាគី​ពាក់ព័ន្ធ​យ៉ាង​ច្រើន ដែល​បើ​ទោះបី​ជា​ចង់​ដោះស្រាយ​លឿនៗ ក៏​វា​លំបាក​នឹង​ទៅ​រួច​ងាយ តែ​បើ​ត្រឹម​តែ​រឿង​ដែល​ខ្លួន​យើង​ម្នាក់ៗ​អាច​គ្រប់គ្រង​បាន​ដោយ​ខ្លួនឯង​ដូចជា​រឿង​សំរាម ក៏​ប្រជាពលរដ្ឋ​យើង​នៅ​តែ​មិន​ចេះ​ចូលរួម​គ្នា​គ្រប់គ្រង នោះ​ឃើញ​ថា ជាតិ​នេះ​នឹង​លំបាក​ឈាន​ទៅ​កសាង​ភាព​ថ្លៃថ្នូរ​សំរាប់​ជាតិ​សាសន៍​យើង​ណាស់​។

ជា​ប្រការ​ដែល​គួរ​ឲ្យ​ខ្មាស​គេ​ពេក​ណាស់ ពេល​ដែល​ឃើញ​គេ​ឈរ​នៅ​លើ​គំនរ​ថង់ប្លាស្ទិក ហើយ​នាំ​គ្នា​ច្រៀង​រាំ​ស្រែក​ថា “​មោទនភាព​ជាតិៗ​!”​។ សូម​ចាំ​ថា ផល​រួម​នៃ​ជាតិ​មួយ​ដែល​ពោរពេញ​ទៅ​ដោយ​ប្រជាពលរដ្ឋ​ថ្លៃថ្នូរ ដែល​មាន​ការយល់ដឹង​ពី​តួនាទី ពី​កាតព្វកិច្ច​ក្នុង​នាម​ជា​ប្រជាពលរដ្ឋ ហើយ​ចូលរួម​បំពេញ​វា​ដោយ​មនសិការ នោះ​ទើប​ជាតិ​សាសន៍​យើង​អាច​ថ្លៃថ្នូរ​កើត​៕

ដោយ ប៉ាង វ៉ាន់ថោនៈ vanthownpang@yahoo.com