បើ​ទោះបី​ជា​សហគមន៍​អាស៊ាន​មិន​បាន​ចម្លង​យក​ម៉ូ​ដែល​ទាំង​ស្រុង​ពី​សហគមន៍​អឺរ៉ុប​ក្តី​ក៏​សមាជិក​អាស៊ាន​ហាក់​មិន​បាន​ជួយ​ស្វះស្វែងរក​ការ​ផ្សះផ្សា​គ្នា​រវាង​សមាជិក​គ្នាឯង និង​បញ្ហា​ផ្ទៃក្នុង​របស់​សមាជិក​ប៉ុន្មាន​នោះ​ទេ ម្យ៉ាង​ទៀត​គិត​តែ​ពី​រឿង​ក្នុង​ស្រុក​ខ្លួនឯង ខ្លាច​គេ​ថា​ជ្រៀតជ្រែក​កិច្ចការ​ផ្ទៃក្នុង​គ្នា ដោយ​ប្រកាន់​ខ្ជាប់​នូវ​សសរស្តម្ភ​ទាំង ៣ របស់​សហគមន៍​អាស៊ាន​គឺ​សហគមន៍​សុវត្ថិភាព​នយោបាយ សហគមន៍​សេដ្ឋកិច្ច និង​សង្គមវប្បធម៌​។

សូម្បី​តែ​ការចេញ​សេចក្តី​ថ្លែងការណ៍​រួម​ក៏​ពេល​ខ្លះ​មាន​លក្ខណៈ​ផ្ទុយ​គ្នា​ផង​ដែរ​រីឯ​ពាក្យ​ថា​ «​សហគមន៍​មួយ​គោលដៅ​តែ​មួយ​!»(One community one destiny!) ចាប់​តាំង​ពី​ចុង​ឆ្នាំ​ ២០១៥ ក៏​មិនមាន​អី​ដំណើរការ​បញ្ចូល​គ្នា​បាន​ស្រួលបួល​នៅ​ឡើយ​ទេ​។ ម្យ៉ាង​វិញ​ទៀត​ប្រទេស​សិង្ហបុរី​ជា​ប្រទេស​មួយ​ដែល​មាន​ប្រាក់ខែ​ខ្ពស់​ជាង​គេ​នៅ​លើ​ពិភពលោក​ក៏​មិន​បាន​ជួយ​អាស៊ាន​អ្វី​ជា​ដុំកំភួន​ដែរ សហគមន៍​នៅ​តែ​ទទួល​មូលនិធិ​គាំទ្រ​មួយ​ផ្នែក​ធំ​ពី​សហគមន៍​អឺរ៉ុប​ដដែល​។

តែ​ក្នុង​នាម​សមាជិក​អាស៊ាន​កម្ពុជា​ហាក់​ដូចជា​មាន​ការប្រឹងប្រែង​ពង្រឹង​ផ្នែក​សេដ្ឋកិច្ច​របស់​ខ្លួន​ដោយ​ឡែក​ពី​គេ​ផង​ដែរ ដើម្បី​រត់​តាម​បណ្តា​សមាជិក​មួយ​ចំនួន​ផង​ដែរ​គឺ​ស្ថិត​ក្នុង​កម្រិត​កំណើន​សេដ្ឋកិច្ច​ថេរ​មួយ​រង្វង់ ៧ ភាគរយ ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ បើ​ប្រៀបធៀប​ជាមួយ​ប្រទេស​ថៃ​មាន​កំណើន​រំពឹង​ទុក​តែ ៤.១ ភាគរយ និង​ប្រទេស​ម៉ាឡេស៊ី​រំពឹង​តែ ៥.៣ ​ភាគរយ​នោះ​ទេ​។ នេះ​បើ​តាមរយៈ​មូលនិធិ​រូបិយវត្ថុ​អន្តរជាតិ​ (IMF) បាន​ព្យាករ​កំណើន​សេដ្ឋកិច្ច​ឆ្នាំ ២០១៨ នេះ​។

តែ​ផ្ទុយ​ទៅ​វិញ​មេដឹកនាំ​សមាជិក​អាស៊ាន​ចូលចិត្ត​ធ្វើ​អ្វីៗ​តាម​គ្នា​ទៅវិញ​ធ្វើ​យ៉ាង​ណា​ដើម្បី​រក្សា​ស្ថិរភាព​តំណែង​របស់​ខ្លួន និង​របប​នយោបាយ​របស់​គណបក្ស​ខ្លួន​បាន​យូរ​អង្វែង សូម្បី​តែ​លោក​ ម៉ាហាធៀ ម៉ូហាម៉ាដ (Mahathir Mohamad) ដែល​បាន​បញ្ចប់​ការ​កាន់អំណាច​ជា​អតីត​នាយករដ្ឋមន្ត្រី​រួច​ហើយ​ក៏ដោយ ក៏​វិលត្រឡប់​មក​បន្ត​អំណាច​វិញ​ទោះ​ក្នុង​វ័យ​ជរាភាព ៩២ ឆ្នាំ​ក៏ដោយ​។

ឥទ្ធិពល​ធ្វើឲ្យ​ជះ​គ្នា​ទៅវិញ​ទៅមក​ក្នុង​ការ​គ្រប់គ្រង ម្តង​ឮ​គេ​ថា មីយ៉ាន់ម៉ា យក​តម្រាប់​តាម​កម្ពុជា ម្តង​គេ​ថា​កម្ពុជា​យក​តម្រាប់​តាម​ប្រទេស​ថៃ ម្តង​គេ​ថា ម៉ាឡេស៊ី យក​ស្ទីល​ពុករលួយ​តាម​កម្ពុជា​។

ឧទាហរណ៍​រឿង​ពុករលួយ​របស់​អតីត​នាយក​រដ្ឋមន្ត្រី​ម៉ាឡេស៊ី លោក​ ណាជីប រ៉ាហ្សាក់ (Najib Razak) ​ថា​បាន​យក​លំនាំ​កម្ពុជា​ដែល​ត្រូវ​បាន​គេ​រកឃើញ​ថា ១ ឆ្នាំៗ​មាន​ពិន្ទុ​ទាប​ទៅ​លើ​សន្ទស្សន៍​សូចនាករ​វាស់វែង​គឺ ២១ លើ ១០០ ជា​លេខ​រៀង​ខ្ពស់​ជាង​គេ​បំផុត​ក្នុង​ចំណោម​សមាជិក​អាស៊ាន​ (TI, 2017) មក​ដល់​រឿង​របប​គ្រប់គ្រង​ឯក​បក្ស​ជា​ធំ​ក្នុង​ការ​បោះឆ្នោត​ជាតិ​គឺ​កម្ពុជា​យក​លំនាំ​ធ្វើឲ្យ​ដូច​ប្រទេស​សិង្ហបុរី​តែ​យក​វិធីសាស្ត្រ​រំលាយ​បក្ស​តាម​របៀប​ប្រទេស​ថៃ​ដែល​ធ្វើ​បាន​ជោគជ័យ​កន្លង​មក​ទៅ​វិញ​។

ជាង​នេះ​ទៀត​របៀប​ដឹកនាំ​មួយ​ផ្នែក​ដែល​សមាជិក​អាស៊ាន​តែងតែ​ក្រឡេក​មើល​គ្នា​ទៅវិញ​ទៅមក​ផង​ដែរ​ថា​តើ​គេ​ធ្វើ​បាន​ជោគជ័យ​យ៉ាង​ដូចម្តេច​? ហើយ​គេ​ប្រើ​វិធីសាស្ត្រ​ដូចម្តេច​កុំ​ឲ្យ​គេ​មើល​ឃើញ​នៅ​លើ​គោក​ពេក​។

ថ្មីៗ​នេះ​បន្ទាប់ពី​ការប្រកាស​លទ្ធផល​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​កាលពី​សប្តាហ៍​កន្លង​ទៅ​នេះ​គឺ​លោក​ ម៉ាហាធៀ ម៉ូហាម៉ាដ វិល​ត្រឡប់​មក​កាន់​តំណែង​ជា​លើក​ទី ២ បន្ទាប់ពី​ការចេញ​ពី​ឆាក​នយោបាយ​វិញ​ភ្លាមៗ​នោះ​លោក​ ម៉ាហាធៀ ​បាន​ដោះលែង​អតីត​គូប្រកួត​ប្រជែង​យ៉ាង​ស្រួចស្រាល់​គឺ​លោក អាន់វ៉ា អ៊ីប្រាហ៊ីម (Anwar Ibrahim) អតីត​មេបក្ស​ប្រឆាំង​ដែល​មាន​ឈ្មោះ Pakatan Rakyat និង​ជា​អតីត​ឧបនាយករដ្ឋមន្ត្រី​ពី​ឆ្នាំ​ ១៩៩៣ ដល់​ឆ្នាំ​ ១៩៩៨ និង​អតីត​រដ្ឋមន្ត្រី​ក្រសួង​ហិរញ្ញវត្ថុ​ពី​ឆ្នាំ​ ១៩៩១ ដល់​ឆ្នាំ​ ១៩៩៨ កាលនៅ​ធ្វើការ​ជាមួយ​គ្នា​ក្នុង​ការបង្កើត​រដ្ឋាភិបាល​ចម្រុះ​ឲ្យ​ចេញ​ពី​ពន្ធនាគារ​ផង​ដែរ​។

លោក​ អាន់វ៉ា ធ្លាប់​ត្រូវ​បាន​គូបដិបក្ខ​លោក​ ម៉ាហាធៀ ​កាលពី​អតីត​នាយករដ្ឋមន្ត្រី​នៃ​រដ្ឋាភិបាល​ម៉ាឡេស៊ី​កាលពី​ឲ្យ​ជាប់​គុក​ពី​ឆ្នាំ ១៩៩៩ ហើយ​ដោះលែង​ឆ្នាំ ២០០៤ ជាប់​ពី​បទចោទ​រឿង​រំលោភ​អំណាច​។

បន្ទាប់​មក​ទៀត​មក​ដល់​សម័យ​លោក​ ណាជីប លោក​ត្រូវ​បាន​ជាប់គុក​ជាថ្មី​ម្តង​ទៀត ពី​បទចោទ​រួមភេទ ភេទ​ដូច​គ្នា​រយៈពេល ៥ ឆ្នាំ​ពី​ឆ្នាំ​ ២០១៥ មក​ដល់​ពេល​ដោះលែង​មុន​កាល​កំណត់​កាលពី​ថ្ងៃទី​ ១៦ ខែ​ឧសភា​កន្លង​ទៅ​នេះ​។

ប៉ុន្តែ​រាល់​ការ​ឃុំឃាំង​លោក​ អាន់វ៉ា នៅក្នុង​ពន្ធនាគារ​នេះ​​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​គឺជា​ហេតុផល​នយោបាយ ហើយ​លោក​ អាន់វ៉ា បែរ​ជា​ត្រូវរ៉ូវ​ជាមួយ​លោក​ ម៉ាហាធៀ ម៉ូហាម៉ាដ បង្កើត​បក្ស​ថ្មី​ទើប​តែ​ឈ្នះ​ឆ្នោត​ទៅវិញ​គឺ​គណបក្ស Pakatan Harapan ដែល​ទើប​តែ​ផ្តួល​គូប្រកួត​គណបក្ស​លោក​ ណាជីប Barisan Nasional​។

ឥឡូវ​នេះ​លោក​ អាន់វ៉ា អ៊ីប្រាហ៊ីម អ្នក​នយោបាយ​ដ៏មាន​ប្រជាប្រិយភាព តែ​គ្មាន​ឱកាស​ក្នុង​ការដឹកនាំ​ប្រទេស​បាន​ត្រឡប់​មក​ជីវភាព​នយោបាយ​វិញ ជាមួយ​លោក​ ម៉ាហាធៀ ម៉ូហាម៉ាដ ដែល​ទើប​ជាប់​ឆ្នោត​ជា​នាយករដ្ឋមន្ត្រី​។ នេះ​បើ​តាម​របាយការណ៍​ដែល​បាន​ផ្សព្វផ្សាយ​ជាទូទៅ​។

ដូចគ្នា​នេះ​ដែរ​លោក សម រង្ស៊ី និង​លោក កឹម សុខា អតីត​មេបក្ស​ប្រឆាំង​ដ៏ធំ​មួយ​ឈ្មោះ​គណបក្ស​សង្គ្រោះ​ជាតិ​ (CNRP) ​ដែល​ត្រូវ​បាន​តុលាការ​កំពូល​សម្រេច​រំលាយ​កាលពី​ចុង​ខែ​វិច្ឆិកា ឆ្នាំ​ ២០១៧ កន្លង​ទៅ​នេះ​។

លោក សម រង្ស៊ី ដែល​បាន​បង្ខំ​ខ្លួន​មិន​វិល​ត្រឡប់​មក​ស្រុក​វិញ បាន​ជាប់​ពិរុទ្ធ​ករណី​ផ្ទួនៗ នៅក្នុង​តុលាការ​មួយ​ចំនួន​ដូចជា បណ្តឹង​អតីត​រដ្ឋមន្ត្រី​ការបរទេស​លោក ហោ ណាំហុង ករណី​កាត់​ដី​ឲ្យ​ជនជាតិ​ភាគតិច​វៀតណាម​ជាដើម​។ រីឯ​លោក កឹម សុខា កំពុង​តែ​ជាប់​ចោទ​ពី​បទ​ក្បត់​ជាតិ​ក្នុង​ករណី​ផ្តួលរំលំ​រដ្ឋាភិបាល​ដែល​តុលាការ​កំពូល​នៅ​តែ​បន្ត​ឃុំ​ខ្លួន​កាលពី​ខែ​មីនា​កន្លង​ទៅ​នេះ​។

រំលាយ​គណបក្ស CNRP និង​ការឃុំ​ខ្លួន​មេដឹកនាំ​បក្ស​នេះ និង​បម្រាម​ហាម​មន្ត្រី​ចំនួន​ ១១៨ ​នាក់​ផ្សេង​ទៀត​មិន​ឲ្យ​ធ្វើ​នយោបាយ​រយៈពេល ៥ ឆ្នាំ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​រិះគន់​ថា​ជា​ហេតុផល​នយោបាយ តែ​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ប្រធាន​គណបក្ស​កាន់​អំណាច​ CPP បាន​លើក​ឡើង​ថា​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ដែល​នៅ​សេសសល់​មាន​សិទ្ធិ​បង្កើត​គណបក្ស​នយោបាយ​ថ្មី ដើម្បី​ឆ្លើយតប​ទៅ​នឹង​ការ​រិះគន់​នេះ​។

ទោះបី​ជា​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​ប្រកាស​ថ្មីៗ​នេះ​ថា​គ្មាន​ការចរចា​ជាមួយ​មេដឹកនាំ​គណបក្ស​ប្រឆាំង​នោះ​ទេ ដើម្បី​បង្រួបបង្រួម​គ្នា​មុន​ការបោះឆ្នោត​សកល​នេះ​ក៏ដោយ តែ​បើ​តាម​ការយក​លំនាំ​គ្នា​កន្លង​មក​នៅ​ក្នុង​ការដឹកនាំ​នៅ​ប្រទេស​ម៉ាឡេស៊ី​នេះ​គឺ​មេដឹកនាំ​បក្ស​ប្រឆាំង​ទាំង ២ ​រូប​នេះ​អាច​នឹង​ត្រូវ​ដោះលែង និង​អនុញ្ញាត​ឲ្យ​វិល​ត្រឡប់​មក​បន្ត​ជីវភាព​នយោបាយ​វិញ បន្ទាប់ពី​ការបោះឆ្នោត​សកល​ថ្ងៃ​ ២៩ ខែ​កក្កដា​ខាង​មុខ​នេះ​ប្រសិន​បើ​គណបក្ស​ប្រជាជន​ឈ្នះ​ឆ្នោត និង​បន្ត​កាន់​អំណាច​បន្ត​ទៀត​នេះ​ដោយ​លើក​ហេតុផល​នៃ​ការដោះលែង​នេះ​ថា​ជា «​ការបង្រួបបង្រួម​ជាតិ​» ដើម្បី​ឲ្យ​អន្តរជាតិ​មើល​ឃើញ​ថា​ខ្មែរ​រួបរួម​គ្នា​ឡើង​វិញ​៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com