បញ្ហាម្ហូបសាច់សត្វស្រុកបច្ចុប្បន្ន មិនខ្វះខាតដូចកាលពីទសវត្សរ៍ឆ្នាំ ៨០ នោះទេ ដែលកាលពីសម័យនោះសម្បូរព្រៃឈើ សម្បូរជីវចម្រុះជាពិសេសសត្វព្រៃដែលច្រើនពេកចេញពីព្រៃរត់កាត់ថ្នល់ចូលភូមិដែលមានចំនួនសត្វព្រៃលើសលប់ គឺអ្នកភូមិដាក់អន្ទាក់ដើម្បីទទួលទានបាន ព្រោះវាមិនមានតុល្យភាពនៅក្នុងព្រៃ។ ហេតុអ្វីបានជាមកដល់សព្វថ្ងៃ នៅតែមានអ្នកហូបសត្វព្រៃទៀត ខណៈសត្វព្រៃកំពុងតែវិនាសជិតផុតពូជអស់?
សត្វព្រៃដ៏កម្រមួយចំនួនត្រូវស្ថាប័នរដ្ឋ ឬក៏ស្ថាប័នឯកជន ឬក៏អង្គការក្រៅរដ្ឋាភិបាលនៅតែដាក់ស្លាកសញ្ញា ដូចស្លាកសញ្ញាក្រសួងសុខាភិបាលមានរូបពស់វែកមានពិស ក្រសួងមហាផ្ទៃមានរូបតោ សហព័ន្ធបាល់ទាត់កម្ពុជាយករូបសញ្ញាគោព្រៃជានិមិត្តរូបរបស់ក្រុមបាល់ទាត់កម្ពុជា និងក្លិបបាល់ទាត់បឹងកេតមានរូបពស់នាគរាជជាដើម គឺសុទ្ធតែបង្ហាញនូវក្តីស្រឡាញ់ និងអភិរក្សសត្វព្រៃ យកមកតំណាងជាតិ។
តែបែរជាជនទុច្ចរិតរកស៊ីខុសច្បាប់នាំគ្នាដើរបរបាញ់ ឬក៏ដាក់អន្ទាក់សត្វព្រៃយកមកលក់ឲ្យឈ្មួញធ្វើម្ហូបតាមភោជនីយដ្ឋានលួចលាក់ទៅវិញ។ សួរថា តើអ្នកត្រូវការហូបសាច់សត្វព្រៃនោះជានរណា? អ្នកត្រូវការសត្វព្រៃមានគ្រប់ស្រទាប់វណ្ណៈ តែអ្នកក្រីក្រតូចតាចមិនសូវបានសាច់សត្វហ្នឹងហូបប៉ុន្មានទេ ព្រោះវាថ្លៃជាងសាច់សត្វស្រុកធម្មតា។
ការបរបាញ់សត្វព្រៃនេះដោយសារតែមានតម្រូវការទីផ្សារខ្លាំងយកមកហូប ហើយអួតដាក់គ្នាថា ឆ្ងាញ់ណាស់ ហើយប៉ូវកម្លាំងទៀត។ ម្យ៉ាងទៀត សល់ពីហូបសាច់ឈ្មួញទិញស្បែកយកមកធ្វើឱសថបុរាណខ្មែរ ឬចិនទៀតផង។ ថ្មីៗនេះមានការបរបាញ់សត្វព្រៃ មានលក្ខណៈទ្រង់ទ្រាយកាន់តែធំ ព្រានព្រៃបាញ់សុទ្ធតែប្រើគ្រាប់មានជាតិគីមី បាញ់ពីថ្ងៃទុកយប់បានចូលទៅយក ដើម្បីកុំឲ្យស្អុយ ដូចករណីបាញ់សត្វទន្សោង ២ ក្បាលជាសត្វព្រៃកម្រនៅក្នុងប្រទេសកម្ពុជាស្ថិតនៅឃុំពូជ្រៃ ស្រុកពេជ្រាដា ខេត្តមណ្ឌលគិរី កាលពីខែឧសភា ឆ្នាំ ២០២០ គឺនៅរកមុខអ្នកបាញ់មិនទាន់ឃើញផង។
ជាមួយគ្នានេះដែរអ្នកបាញ់សម្លាប់សត្វ «កេងកងធំ» បានចូលខ្លួនមកសុំទោសសាធារណជន និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុសនៅក្រសួងបរិស្ថានដែលគាត់បានបាញ់នៅពេលទៅកម្សាន្តនៅរមណីយដ្ឋានទឹកធ្លាក់អន្លង់ក្មេងលេង ទឹកជ្រោះ ៩ ជាន់ ក្នុងឧទ្យានជាតិព្រះមុនីវង្សបូកគោក្នុងភូមិសាស្ត្រខេត្តកំពត។ នេះបើតាមសេចក្តីរាយការណ៍របស់ក្រសួងបរិស្ថាននៅលើគេហទំព័ររយៈពេល ៤ ខែដើមឆ្នាំ ២០២០ មន្ត្រីឧទ្យានុរក្សនៃក្រសួងបរិស្ថានបានបង្ក្រាបបទល្មើស ធនធានធម្មជាតិបានចំនួន ២ ៣៣៣ ករណី។ ក្នុងនោះគ្រាន់តែដោះអន្ទាក់សម្លាប់សត្វព្រៃបានចំនួន ៨ ៩៥០ អន្ទាក់ ព្រមទាំងបានដកហូតកាំភ្លើង កាំភ្លើងកែច្នៃ ស្នាតេះដែលប្រើប្រាស់សម្រាប់បរបាញ់សត្វបានចំនួន ២៣៩ ដើម។ លើសពីនេះក៏មានមនុស្សជិត ២០០ នាក់ ត្រូវចងក្រងសំណុំរឿងបញ្ជូនទៅតុលាការ ដើម្បីជំនុំជម្រះក្តីតាមនីតិវិធី។
តែទោះបីជាយ៉ាងណាក៏ដោយ ក៏ការបង្ក្រាបភោជនីយដ្ឋានដែលលក់ម្ហូបសត្វព្រៃកម្រចាត់វិធានការ ឬបិទហាងទាំងនោះណាស់។ អ៊ីចឹងបើទីផ្សារនៅតែដើរ នៅតែត្រូវការ ការផ្គត់ផ្គង់នៅតែផ្តល់បន្តទៅទៀតអ៊ីចឹងមានតែចេញគោលការណ៍បិទហាងលក់សាច់សត្វព្រៃតែម្តង មិនត្រឹមតែទៅចាប់ផាកពិន័យនោះទេ។ ព្រោះសត្វព្រៃកាន់តែខើចទៅៗចង់អស់បើទោះបីជាមានការខំប្រឹងលើកស្ទួយសត្វព្រៃដ៏កម្រក៏ដោយ ដូចនៅខេត្តកំពង់ធំមានរូបសំណាកដំរីជាន់ខ្លានៅខេត្តមណ្ឌលគិរី មានរូបសំណាកសត្វគោព្រៃ ១ គូដែរ។ អ៊ីចឹងសំណួរសួរថា ហេតុអ្វីបានជានៅប្រទេសគេ មានសិទ្ធិបាញ់សត្វព្រៃបាន?
ករណីនេះនៅប្រទេសជឿនលឿនដូចនៅប្រទេសអាមេរិកក្តី នៅប្រទេសអូស្ត្រាលីក្តី គេមានកន្លែងអភិរក្ស មានកន្លែងអនុញ្ញាតឲ្យបាញ់សត្វព្រៃបាញ់លេងកម្សាន្តបាន តែក៏ត្រូវបង់លុយដែរ។ ដូចសត្វកង់ហ្គូរូនៅប្រទេសអូស្ត្រាលីមានប្រភេទអនុញ្ញាតឲ្យហូបបាន ព្រោះវាច្រើនពេកមិនមានតុល្យភាពជាមួយនឹងកន្លែងរស់នៅ ហើយវារត់ប្រសេចប្រសាចកាត់ថ្នល់ ឬក៏មកបំផ្លាញផលដំណាំកសិកម្ម អ៊ីចឹងលក្ខខណ្ឌនេះរដ្ឋគេអនុញ្ញាតឲ្យបាញ់សម្លាប់ (www.animallaw.info)។
ចំណុចនេះ គឺផ្ទុយពីស្រុកខ្មែរ ដែលកំពុងតែហិនហោចព្រៃឈើផង និងសត្វព្រៃខើចទៅៗគឺតម្រូវឲ្យមានតុល្យភាពនៃការរស់នៅរបស់ព្រៃឈើ និងជីវចម្រុះឡើងវិញសូម្បីតែសត្វត្មាតដែលគគ្រិចស៊ីតែគំរង់ ឬក៏សត្វស្អុយរលួយ ក៏គេនៅតែថែទាំវាដែរ ព្រោះដើម្បីរក្សាតុល្យភាពបរិស្ថាន។ វិស័យទេសចរណ៍ក៏និយមចាប់ផ្តើមមានការកែច្នៃ ទេសចរណ៍កម្សាន្តតាមបែបធម្មជាតិ ការថែរក្សាសត្វព្រៃទាំងបក្សាបក្សី ទាំងសត្វល្មូនផងដែរ។
បើតាមបទពិសោធល្អៗអំពីការស្រឡាញ់បរិស្ថាន និងការស្រឡាញ់សត្វព្រៃ ដោយមិនទទួលទានសត្វព្រៃនេះគឺជនបរទេសដែលមានអរិយធម៌ខ្ពង់ខ្ពស់គឺបានចម្លងវប្បធម៌ថែរក្សាសត្វព្រៃនេះមកអ្នកធ្វើការជាមួយ ឬក៏កូនសិស្សសាលាឯកជនដែលពួកគេតែងតែលើកទឹកចិត្តឲ្យកូនសិស្សពួកគេស្រឡាញ់ រៀនរបៀបថែទាំសត្វព្រៃតាំងពីតូចៗមកម្ល៉េះ សូម្បីតែសត្វឆ្កែ និងឆ្មាចិញ្ចឹមនៅផ្ទះវិញ ក៏ពួកគេលើកទឹកចិត្តឲ្យចិញ្ចឹម និងស្រឡាញ់ផងដែរ តែហាមហូបសាច់ឆ្កែដាច់ខាត។
ហេតុដូច្នេះហើយសូមនាំគ្នាបញ្ជូនសារតៗគ្នា ឈប់ហូបសាច់ព្រៃតទៅទៀតថា សត្វព្រៃគ្មានទៅឆ្ងាញ់ ឬក៏ប៉ូវជាងសាច់សត្វស្រុកនោះទេ គឺឆ្ងាញ់ដូចតែគ្នា សំខាន់ឲ្យតែសាច់ហ្នឹងស្រស់ និងអ្នកធ្វើម្ហូបចេះធ្វើឲ្យឆ្ងាញ់ទេ។ រីឯការបង្ក្រាបហាងលក់សាច់ព្រៃ គឺបិទហាងតែម្តង កុំឲ្យបន្តដដែលៗទៀត ពោលគឺបិទកន្លែងតម្រូវការចោលតែម្តង។
ចំណុចសំខាន់ ១ ទៀតគឺការអប់រំប្រជាពលរដ្ឋឲ្យស្រឡាញ់សត្វព្រៃ និងការមិនហូបសត្វព្រៃនៅតាមគ្រឹះស្ថានអប់រំ ទីវត្តអារាម និងតាមបណ្តាញសង្គម ឬក៏ការដាក់សំណួរប្រឡងប្រជែងយករង្វាន់ និងរឿងកំប្លែងនៅលើកញ្ចក់ទូរទស្សន៍តែម្តង៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com