ខណៈពលរដ្ឋកំពុងបារម្ភពីជំងឺកូវីដ១៩ តែមានសមត្ថកិច្ចដែលមានសិទ្ធិប្រើកាំភ្លើងខ្លីខ្លះបែរជាទាញចំណាប់អារម្មណ៍ពីមហាជនដោយបានបាញ់ប្រហារប្រពន្ធកូន ឬក៏ប្អូនថ្លៃខ្លួនឯងទៅវិញដែលទង្វើបែបនោះ ចង់មិនចង់បានធ្វើឲ្យប៉ះពាល់ដល់កិត្តិយសមន្ត្រីមិនតិចទេ។
គ្រាន់តែរយៈពេល ៣ សប្តាហ៍នៃខែមេសាថ្មីៗនេះមានករណីបាញ់ប្រហារលើប្រពន្ធ និងសមាជិកគ្រួសារខ្លួន ដែលអ្នកប្រព្រឹត្តទាំងនោះគឺជាមន្ត្រីសមត្ថកិច្ចដែលមានសិទ្ធិប្រើកាំភ្លើងធ្វើឲ្យមានការភ្ញាក់ផ្អើលពេញបណ្ដាញព័ត៌មាន។ ដោយសារតែករណីនេះបានធ្វើឲ្យមានការខ្លាចរអាចំពោះមន្ត្រីដែលជាសមត្ថកិច្ចមានកិត្តិយសស្របច្បាប់ តែបែរជាមកប្រព្រឹត្តបទឧក្រិដ្ឋលើសាច់ឈាមឯង និងមានបំណងសម្លាប់ ១ ពូជទៅវិញ។ តើធ្វើដូចម្តេចដើម្បីបញ្ចៀសសមត្ថកិច្ចប្រដាប់អាវុធពីការប្រព្រឹត្តឃាតកម្មបែបនេះ ?
ដូចជា ករណីទី ១) នៅយប់ថ្ងៃទី ៦ ខែមេសាមានករណីបាញ់អតីតប្រពន្ធដែលទើបតែលែងលះគ្នានៅខណ្ឌសែនសុខ រាជធានីភ្នំពេញដោយជនល្មើសជាមន្ត្រីនគរបាលខណ្ឌសែនសុខបណ្ដាលឲ្យស្លាប់ភ្លាមៗ ហើយកូនស្រីរបួសធ្ងន់ដែលមូលហេតុ មកពីឃើញបុរសជាមិត្តភក្តិប្រពន្ធជិះឡានជាមួយគ្នាក៏ប្រចណ្ឌ និងសងសឹកគ្នា។ រយៈពេល ៣ ម៉ោងក្រោយមកសមត្ថកិច្ចនៃស្នងការដ្ឋាននគរបាលខេត្តកណ្តាលបានឃាត់ខ្លួនពីស្រុកកៀនស្វាយមកវិញ។ ករណីទី ២) នៅថ្ងៃទី ១៥ មេសា មានមន្ត្រីនគរបាលប៉ុស្តិ៍បាក់ខែង ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញបានបាញ់ប្អូនថ្លៃ និងមានបំណងចង់បាញ់មួយពូជ តែគ្រាប់កាំភ្លើងបាញ់ចេញតែ ១ គ្រាប់។ ដំបូងឡើយមានជម្លោះជាមួយប្រពន្ធខ្លួនឯងដោយមន្ត្រីនោះបានដកកាំភ្លើងមកភ្ជង់ប្រពន្ធ តែពេលប្អូនថ្លៃឃើញ ក៏និយាយថាចាំបាច់យកកាំភ្លើងមកភ្ជង់គាត់? ភ្លាមនោះមន្ត្រីនគរបាលនោះបានបង្វែរកាណុងមករកប្អូនថ្លៃវិញ និងបានបាញ់ប្រហារតែម្តង ហើយក៏គេចខ្លួនបាត់។ ប៉ុន្តែ ១ សប្ដាហ៍ក្រោយមកសមត្ថកិច្ចនៃស្នងការដ្ឋានខេត្តស្ទឹងត្រែងក៏ចាប់បាននៅស្រុកថាឡាបរិវ៉ាត់។ ករណីទី ៣) កាលពីថ្ងៃ ២៦ មេសា មានការបាញ់សម្លាប់ប្រពន្ធដើមនៅសង្កាត់ចាក់អង្រែ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ដោយសារតែប្រពន្ធរអ៊ូច្រើនថា ធ្វើផ្ទះឲ្យប្រពន្ធចុងស្អាតជាងផ្ទះខ្លួនឯង ក៏ប៉ុន្តែបន្ទាប់ពីបាញ់រួច មន្ត្រីយោធារូបនេះបានប្រគល់ខ្លួនឲ្យកងរាជអាវុធហាត់ដើម្បីសម្រាលទោសនៅថ្ងៃដដែល។
ជុំវិញករណីបាញ់ប្រហារក្នុងគ្រួសារឆៅៗបែបនេះគេពុំឃើញមានស្ថាប័នរដ្ឋ ជាពិសេសក្រសួងកិច្ចការនារី និងបណ្តាអង្គការដែលធ្វើការទាក់ទងនឹងសិទ្ធិស្ត្រី និងយេនឌ័រចេញសេចក្តីថ្លែងការណ៍ថ្កោលទោសទេ។
ករណីសម្រេចចិត្តបាញ់សមាជិកគ្រួសារស្លាប់ភ្លាមៗបែបនេះធ្វើឲ្យមតិសាធារណជន ជាពិសេសអ្នកជាប់សាច់ឈាមមន្ត្រីប្រដាប់អាវុធខ្លាចរអា ខណៈរូបភាពបែបនេះកើតឡើងងាយៗពេកហាក់គ្មានស្តាយស្រណោះអ្វីបន្តិចសោះ។ ដោយសារមានករណីនេះបានធ្វើឲ្យមានចោទជាសំណួរថា បើមានកូនស្រីគួរឲ្យកូនរៀបការជាមួយមន្ត្រីប្រដាប់អាវុធដែរឬទេ?
បើតាមលោក ពេជ្រ បញ្ញា មន្ត្រីចិត្តសាស្ត្រនៃអង្គការ TPO បានលើកឡើងថា ការសម្រេចចិត្តបាញ់ប្រពន្ធខ្លួនឯងភ្លាមៗនេះគឺឫសគល់នៃបញ្ហាបណ្តាលមកពីសមត្ថកិច្ចដែលមានកាំភ្លើងនៅដៃស្រាប់នោះ មានគំនុំពីមុនមកដោះមិនចេញក៏ទាល់ច្រក និងមិនមានអ្នកជួយរកដំណោះស្រាយផង។ ការមិនបាននិយាយចេញឲ្យគេដឹងអ៊ីចឹង ហាក់ដូចជាអស់ជម្រើសធ្វើឲ្យគាត់មានស្ត្រេស (Stress) ខ្ពស់ អ៊ីចឹងការសម្រេចចិត្តក៏លឿនដែរ។
ដូចករណីទី ៣ អ៊ីចឹង បើមិនបានបាញ់ប្រពន្ធខ្លួនឯងក៏មកជម្រះបញ្ជីជាមួយប្អូនថ្លៃដែរ ហើយចង់រាលដាលដល់ ១ គ្រួសារទៀត អ៊ីចឹងមានន័យថា មិនមែនត្រឹមតែករណីប្តីប្រពន្ធទេ។ ចំណែកព្រះតេជព្រះគុណ គូ សុភាព ជំនាញខាងសមាធិនៅវត្តគ្រោធវ័នគល់ទទឹង សង្កាត់ព្រែកថ្មីមានសង្ឃដីកាថា ដោយសារបុគ្គលអ្នកប្រព្រឹត្តនោះមានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរ ហើយមានលក្ខណៈលោភៈ ទោសៈ មោហៈក្នុងខួរក្បាលវិលវល់ ប្រសិនបើរបស់អ្វីមួយ ឬក៏នរណាម្នាក់ដែលខ្លួនយកមិនបាន អ្នកដទៃក៏គ្មាននរណាយកបានដែរ។
ដូចគ្នានេះដែរមន្ត្រីនគរបាលព្រហ្មទណ្ឌធ្វើការជាង ២០ ឆ្នាំ ១ រូបសុំមិនបញ្ចេញឈ្មោះដែលប្រើកាំភ្លើង និងអេកូមជាប្រចាំក៏ចែករំលែកបទពិសោធដែរថា៖ «កាលណាមន្ត្រីមានសមត្ថកិច្ចមានកាំភ្លើងនៅនឹងដៃហាក់បីដូចជា មានមោទនភាពថា មានគ្នា ១០ នាក់ដែរ។
ប្រសិនបើជនដៃដល់នោះមានបញ្ហាហើយមានអ្នកថែមល្បោយទៀតដូចជាប្រពន្ធឯង អ៊ីចេះអ៊ីចុះទៅធ្វើឲ្យគាត់កាន់តែមានកំហឹង ហើយបើថែមគ្រឿងស្រវឹងទៀតគឺទប់លែងជាប់ដូចមានអ្វីមកធ្វើឲ្យចិត្តគាត់ស្លុយលែងគិតអ្វីទាំងអស់»។ «តែផ្ទុយទៅវិញ បើមានអ្នកជួយផ្តល់យោបល់ឲ្យគាត់កាត់ចិត្ត ជនល្មើសហ្នឹងក៏អាចទប់បានតែមួយភ្លែតហ្នឹងជាប់ហើយគឺលែងអីហើយ»។
ទោះយ៉ាងណា មន្ត្រីនគរបាលព្រហ្មទណ្ឌរូបនោះបញ្ជាក់ថា៖ «វិធីដែលល្អបំផុតគឺការរៀបចំទុកដាក់កាំភ្លើងហ្នឹងឲ្យបានត្រឹមត្រូវ ចាក់សោឲ្យស្រួលបួល ហើយបើមិនចាំបាច់ទុកនៅផ្ទះចាក់សោក្នុងទូទៅកុំយកចេញផ្តេសផ្តាសវាងាយនឹងជ្រុលដៃជើង ឬក៏ទាស់ពាក្យសម្តីលើសខ្វះគ្នាមួយមាត់ក៏ដកចេញបាញ់ប្រាវដែរ ហើយអាងដាក់មេប្រូច ឬក៏បាញ់សម្លាប់ខ្លួនឯង»។
ម្យ៉ាងទៀត ប្រសិនបើមនុស្សសល់ពីធ្វើសង្គ្រាមធា្លប់បាញ់គ្នា ធ្លាប់សម្លាប់គ្នា នៅសមរភូមិ អ៊ីចឹងអ្វីដែលធ្លាប់បាញ់ហ្នឹងវានៅជាប់ដិតដាមនឹងអំពើហិង្សាបាញ់សម្លាប់គ្នាដោយងាយៗអ៊ីចឹងពេលទាស់ចិត្តអ្វីបន្តិចក៏ដកកាំភ្លើងមកភ្ជង់គេឯងភ្លាម ហើយបើប្រពន្ធគាត់វិញ ឲ្យតែហ៊ានតមាត់រឿងមានស្រីញីក្រៅបាញ់ភ្លាម។ ជួនកាលអ្នកមានកាំភ្លើងខ្លះ គឺប្រមាថជីវិតគេតែម្តងដោយហាឡើងសុទ្ធតែសម្លាប់ ១ ពូជដោយមិនបានគិតថា តើមានផលវិបាកក្រោយពេលប្រព្រឹត្តឡើយ។
សរុបមកវិញ មន្ត្រីប្រដាប់អាវុធស្របច្បាប់ដូចជា កងទ័ព ប៉េអឹម អង្គរក្ស និងប៉ូលិស ឬក៏មន្ត្រីមានសមត្ថកិច្ចជានគរបាលយុត្តិធម៌ដែលមានសិទ្ធិកាន់កាំភ្លើងដែរនោះគឺដូចជាគយកាំកុងត្រូល ពន្ធដារ និងមន្ត្រីបរិស្ថានជាដើម។ តែអ្វីដែលសំខាន់នោះគឺការគ្រប់គ្រងអាវុធរបស់គាត់ និងការគ្រប់គ្រងចិត្តឲ្យធ្ងន់ដើម្បីរក្សាកេរ្តិ៍ឈ្មោះខ្លួនឯងផង ស្ថាប័នខ្លួនផងដើម្បីចៀសវាងការប្រើអំពើហិង្សាបាញ់សម្លាប់គ្នានោះគឺ ទី ១) មិនត្រូវយកកាំភ្លើងជាប់នឹងខ្លួនទេ បើមិនចាំបាច់ ជាពិសេសនៅកន្លែងផឹកស៊ី។ ទី ២) ត្រូវគិតគូររឿងអនាគតគ្រួសារប្រពន្ធកូន និងសមាជិកគ្រួសារដែលជាប់សាច់ឈាមនឹងគ្នា។ បើលែងលះគ្នាហើយមិនគួរមកតាមចងកម្មពៀរគ្នាទៀតទេ គឺភាគីទាំង ២ មានសិទ្ធិយកប្តី ឬប្រពន្ធរៀងៗខ្លួនស្របតាមច្បាប់។ ទី ៣) មនុស្សទី ៣ ដែលជាមិត្តភក្ដិ ឬក៏ប្រធានអង្គភាពត្រូវជួយផ្តល់យោបល់ទៅអ្នកមានអាវុធ និងមានបញ្ហាផ្លូវចិត្តឲ្យចាកឆ្ងាយពីអំពើហិង្សា។ ទី ៤) ហាត់រៀនតាំងសមាធិខ្លួនឯង ប្រសិនបើមានបញ្ហាផ្លូវចិត្ត ឬក៏សួរយោបល់ពីរបៀបដោះស្រាយបញ្ហាផ្លូវចិត្តតាមរយៈអង្គការ TPO លេខទូរស័ព្ទ ០១៧ ២២២ ៣៧២។ រីឯទី ៥) ក្រសួងកិច្ចការនារី និងបណ្តាអង្គការដែលធ្វើការជាមួយសិទ្ធិស្ត្រី និងយែនឌ័រគួរតែផ្សព្វផ្សាយ និងចេញសេចក្តីថ្លែងការណ៍ថ្កោលទោស ចំពោះការប្រព្រឹត្តអំពើហិង្សាក្នុងគ្រួសារ ដែលជនល្មើសជាមន្ត្រីប្រដាប់អាវុធទាំងនោះជាជាងនៅស្ងៀមស្ងាត់មិនបានជួយសង្គម ជាពិសេសករណីបាញ់ប្រហារមកលើស្ត្រីធ្ងន់ធ្ងរបែបនេះ។
យ៉ាងណាមិញករណីបាញ់ប្រហារមនុស្សជាទីស្រឡាញ់ជាប្រពន្ធ ឬក៏មិត្តស្រីនៅស្រុកគេវិញ ក៏ត្រូវបានមហាជនរិះគន់ ឈឺឆ្អាល និងថ្កោលទោសយ៉ាងខ្លាំងក្លាផងដែរ ដូចជា ករណីជនពិការជើងទាំង ២ Oscar Pistorius ជនជាតិអាហ្វ្រិកខាងត្បូងដែលជាម្ចាស់មេដាយមាសអត្តពលកម្មពិភពលោក Paralympic ឆ្នាំ ២០១១ បានបាញ់សម្លាប់មិត្តស្រីរបស់គាត់ឈ្មោះ ReevaSteenkamp ដែលជាតារាបង្ហាញម៉ូដនៅចំថ្ងៃនៃក្តីស្រឡាញ់ ១៤ កុម្ភៈឆ្នាំ ២០១៣។
លោក Pistorius ត្រូវបានតុលាការរកឃើញថា មានទំនាស់ពាក្យសម្តីជាមួយនឹងមិត្តស្រី Steenkamp នៅថ្ងៃដដែល មុនពេលកើតហេតុហើយបានកាត់ទោសឲ្យគាត់ឲ្យជាប់ពន្ធនាគារ ១៥ ឆ្នាំ។ ករណីនេះធ្វើឲ្យមានការភ្ញាក់ផ្អើលពេញពិភពលោកហើយមានការថ្កោលទោសមកលើឃាតករជនពិការដ៏ល្បីនេះ បើទោះបីជាគាត់មានសិទ្ធិទិញកាំភ្លើង និងចុះបញ្ជីស្របច្បាប់ក៏ដោយ តែគាត់ត្រូវបានគេរកឃើញថា ប្រើកាំភ្លើងខុសច្បាប់ប្រើកាំភ្លើង (NYT, Nov. 24, 2017)៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com