ពាក្យថា «ស្ត្រីវិលជើងក្រានមិនជុំ» អាចនឹងត្រូវបញ្ចប់នាពេលអនាគតដ៏ខ្លីខាងមុខ នៅពេលដែលផ្នត់គំនិតយេនឌ័រនៅក្នុងសង្គមកំពុងត្រូវបានផ្លាស់ប្តូរទៅតាមស្ថានភាព និងបរិបទរបស់ប្រទេស ឬក៏ស្ថាប័ននានា ឬក៏វិស័យឯកជនផងដែរ។
ខណៈវិស័យបាល់ទាត់នៅប្រទេសកម្ពុជាកំពុងមានការរីកចម្រើនបណ្តើរៗ ជាមួយនឹងការឆ្លើយតបឱ្យត្រូវទៅនឹងក្បួនច្បាប់របស់សហព័ន្ធបាល់ទាត់ប្រចាំអាស៊ី (AFC) ដែលជាភ្នែកជាច្រមុះរបស់សមាគមនៃសហព័ន្ធបាល់ទាត់ពិភពលោក (FIFA) ដែលតម្រូវឱ្យក្លិបដែលលេងនៅក្នុងលីគកំពូលនីមួយៗត្រូវមានថ្នាលបណ្តុះយុវជន និងស្ត្រីផងដែរ។
បើទោះបីជា AFC មិនតម្រូវឱ្យមានស្ត្រីភាពជាអ្នកដឹកនាំក្នុងវិស័យបាល់ទាត់ក៏ដោយ ក៏បច្ចុប្បន្ននេះមានស្ត្រី ២ រូបដែលកំពុងដឹកនាំក្លិបបាល់ទាត់ ២ ធំៗនៅក្នុងក្របខ័ណ្ឌលីគកំពូលដែលមានចំនួន ១៣ ក្លិបនោះគឺមានលោកស្រី ពុត ធីតា ប្រធានក្លិបបាល់ទាត់បឹងកេតដែលមានពហុកីឡដ្ឋាន Cambodia Airway ផ្ទាល់ខ្លួនផ្ទុកទស្សនិកជនបាន ២ ៥០០ នាក់ និងលោកស្រី កែ សួនសុភី ប្រធានក្លិបបាល់ទាត់វិសាខា ដែលមានពហុកីឡដ្ឋាន Prince ផ្ទាល់ខ្លួនផ្ទុកទស្សនិកជនបាន ១ ម៉ឺននាក់ដែលទើបតែសាងសង់បន្ថែមថ្មីទៀត។
ស្ត្រីទាំង ២ រូបនេះទើបតែបានចាប់ផ្តើមដឹកនាំ ២ រដូវកាលពេញដូចគ្នាក្នុងឆ្នាំ ២០១៩ និងឆ្នាំ ២០២០ ក្នុងការប្រជែងយកពានរង្វាន់ ២ ផ្សេងគ្នាគឺពានលំដាប់ទី ១ មិត្តហ្វូនខេមបូឌានលីគ (MCL) និងពានលំដាប់ទី ២ ពានសម្តេច ហ៊ុន សែន។ សមិទ្ធផលនៅឆ្នាំទី ១ គឺក្លិបវិសាខា ក្រោមការដឹកនាំដោយលោកស្រី កែ សួនសុភី បានចំណាត់ថ្នាក់លេខ ២ ជើងឯករងក្នុងលីគកំពូលនេះ រីឯក្លិបបឹងកេតក្រោមការដឹកនាំដោយលោកស្រី ពុត ធីតា បានទម្លាក់ក្លិបវិសាខានៅវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ហើយឈានទៅយកពានរង្វាន់សម្តេច ហ៊ុន សែន ឆ្នាំ ២០១៩។
តែមកដល់ឆ្នាំទី ២ នេះវិញ ក្លិបបឹងកេតរបស់លោកស្រី ធីតា បានក្លាយជាម្ចាស់ជើងឯកពានរង្វាន់លំដាប់ទី ១ មិត្តហ្វូនខេមបូឌានលីគ (MCL) នៅកម្ពុជាឆ្នាំ ២០២០ ដែលទើបទទួលបានកាលពី ២ សប្តាហ៍កន្លងទៅ។ រីឯក្លិបវិសាខារបស់លោកស្រី សុភី ក៏បានទទួលជយលាភីពានរង្វាន់សម្តេច ហ៊ុន សែន លំដាប់ទី ២ នៅវគ្គផ្តាច់ព្រ័ត្រជាមួយក្លិបណាហ្គាកាលពីថ្ងៃទី ៧ ខែវិច្ឆិកា បន្ទាប់ពីទម្លាក់ក្លិបបឹងកេតសងសឹកវិញនៅវគ្គជម្រុះឡើង ១/៤។
បើទោះបីជាការវិនិយោគលើវិស័យបាល់ទាត់រាប់លានដុល្លារនេះជួបការលំបាកក្នុងការស្វែងរកប្រាក់ចំណូលដែលបានមកពីការឧបត្ថម្ភពីបណ្តាក្រុមហ៊ុនផ្សេងៗ ដើម្បីផ្សព្វផ្សាយពាណិជ្ជកម្ម ធ្វើឱ្យអ្នកមានៗឧកញ៉ាៗភាគច្រើនមិនសូវជាចាប់អារម្មណ៍ក្នុងការវិនិយោគជាមួយនឹងវិស័យបាល់ទាត់នេះក៏លោកស្រីទាំង ២ រូបនៅតែព្យាយាមបន្តប្រឹងប្រែងអភិវឌ្ឍលើកស្ទួយវិស័យកីឡាបាល់ទាត់នេះ ដើម្បីលើកមុខមាត់ប្រទេសជាតិតាមរយៈការជ្រើសរើសកីឡាករជម្រើសជាតិ និងការចូលរួមប្រកួត AFC Cup នៅតំបន់អាស៊ីជាដើម។
ដូចក្លិបបឹងកេតដែលទើបតែលើកពានបាល់ទាត់លីគកំពូលកាលពី ២ សប្តាហ៍មុនគឺបាន ១ កន្លែងចូលលេង AFC cup រួចហើយ ចំណែកឯក្លិបវិសាខារបស់លោកស្រី កែ សួនសុភី វិញទើបតែឈ្នះពានរង្វាន់សម្តេច ហ៊ុន សែន កាលពីថ្ងៃអាទិត្យកន្លងទៅគឺក្លិបវិសាខាបាន ១ កន្លែងដែរ តែតម្រូវឱ្យចូលរួមជម្រុះវគ្គ Play-off នៃពានរង្វាន់ AFC cup សិន មុនចូលលេងពេញសិទ្ធិដូចក្លិបបឹងកេតដែរ។
ក្នុងការប្រកួតឆ្លងផុត ១ វគ្គៗក្នុង ១ រដូវកាលៗមានការតានតឹងខ្លាំងណាស់ ទាំងនៅក្នុងក្របខ័ណ្ឌលីគកំពូលទាំងពានសម្តេច ហ៊ុន សែន ជាពិសេសនៅពេលដែលជំងឺកូវីដ១៩ចូលមកធ្វើឱ្យក្លិបបាល់ទាត់ទាំងអស់ជួបការលំបាកកាន់តែខ្លាំង។ សម្រាប់ក្លិបដែលមានទ្រព្យធនច្រើន មិនសូវប៉ះពាល់ទេ ដូចក្លិបវិសាខារបស់លោកស្រី សុភី តែសម្រាប់ក្លិបបឹងកេតរបស់លោកស្រី ធីតា ប៉ះពាល់សេដ្ឋកិច្ចរបស់ក្លិបខ្លាំងមែនទែន។
លោកស្រី ធីតា បានប្រកាសជាសាធារណៈសម្រេចកាត់ប្រាក់ខែកីឡាករទាំងអស់ ៥០ ភាគរយក្នុងអំឡុងពេលផ្អាកការប្រកួតដោយសារតែជំងឺកូវីដ ១៩ តែប្រាក់ខែនោះបានវិលត្រឡប់មកពេញលេញ ១០០ ភាគរយវិញ នៅពេលក្រសួងសុខាភិបាលបានអនុញ្ញាតឱ្យបើកការប្រកួតឡើងវិញ។
យ៉ាងណាមិញលោកស្រី ធីតា ធ្លាប់បានប្រាប់សារព័ត៌មាន ភ្នំពេញ ប៉ុស្តិ៍ ថា អ្វីដែលកាន់តែរងសម្ពាធខ្លាំងមួយទៀតនោះ នៅពេលដែលកីឡាករឆ្នើម ចាន់ វឌ្ឍនាកា របស់ក្លិបបឹងកេតបានលាឈប់លេងពាក់កណ្តាលទី បន្ទាប់ពីក្រសួងបានអនុញ្ញាតឱ្យចូលលេងឡើងវិញបានមួយប្រកួតដំបូង។ ខណៈពេលនោះអ្នកគាំទ្របឹងកេត និងអ្នកគាំទ្រកីឡាករ ចាន់ វឌ្ឍនាកា បានរិះគន់យ៉ាងខ្លាំងមកលើលោកស្រី ធីតា តាមរយៈបណ្តាញសង្គមហ្វេសប៊ុកចំពោះការសម្រេចចិត្តចាកចេញរបស់កីឡាករវឌ្ឍនាកានោះ។
លោកស្រី ពុត ធីតា កន្លងមកធ្លាប់បង្ហើបឱ្យភ្នំពេញប៉ុស្តិ៍ដឹងថា៖ «វិបត្តិសេដ្ឋកិច្ច ដោយសារជំងឺកូវីដ១៩ ដូចជា ការបិទក្បាលម៉ាស៊ីនអ៊ីចឹងគឺវាសាហាវមែនទែន ព្រោះយើងមិនបានត្រៀមខ្លួនក្រុមហ៊ុនយើង ក៏មិនបានត្រៀម ម្ល៉ោះហើយយើងបានស៊ូ ដោយយើងបានប្រមែប្រមូលអស់ហើយនូវធនធានដែលកីឡាករក៏បានយល់ចិត្តយើងដែរ ទោះបីយើងមិនបានផ្តល់ឱ្យពួកគាត់ពេញលេញ»។
ជាសមិទ្ធផលក្លិបបឹងកេតក្រោមការដឹកនាំរបស់លោកស្រី ពុត ធីតា ២ រដូវកាលនេះគឺឆ្នាំទី ១ ទទួលបានពានសម្តេច ហ៊ុន សែន នៅឆ្នាំទី ២ ក្លាយជាម្ចាស់ជើងឯកលីគកំពូលកម្ពុជា និងចូលរួមប្រកួតពានរង្វាន់ថ្នាក់តំបន់ AFC cup។ រីឯលោកស្រី កែ សួនសុភី គឺឆ្នាំទី ១ ទទួលបានជើងឯករងពានលីគកំពូលកម្ពុជានៅឆ្នាំទី ២ បានជយលាភីពានរង្វាន់សម្តេច ហ៊ុន សែន នៅថ្ងៃសៅរ៍សប្តាហ៍មុន ជារួមរដូវកាលនេះលោកស្រីទាំង ២ រូបឈ្នះពានរង្វាន់ម្នាក់ ១។
ភាពអស្ចារ្យនៃការដឹកនាំដោយស្ត្រី ២ រូបនេះធ្វើឱ្យមជ្ឈដ្ឋានទូទៅកោតសរសើរដែលជាស្ត្រីគំរូដំបូងដឹកនាំក្លិបបាល់ទាត់លីគកំពូលនៅកម្ពុជា ដែលពីមុនសង្គមគិតថា រឿងកីឡាបាល់ទាត់នេះជារឿងរបស់បុរសៗទេ តែឥឡូវផ្នត់គំនិតរបស់សង្គមចាប់ផ្តើមមានការផ្លាស់ប្តូរតាមរយៈតម្រូវឱ្យមានកីឡាករស្ត្រីចូលរួមចំណែកក្នុងវិស័យកីឡាបាល់ទាត់ដូចបុរសដែរ។ ការផ្តល់ឱកាសឱ្យស្ត្រីដឹកនាំដើម្បីចូលរួមអភិវឌ្ឍវិស័យកីឡាបាល់ទាត់នេះក៏ជាសញ្ញាមួយនៃការវិវត្តផ្នែកយេនឌ័រនៅប្រទេសកម្ពុជាក៏មានការប្រែប្រួលជាវិជ្ជមានពីការរើសអើងស្ត្រីមកជាការឱ្យតម្លៃស្ត្រីក្នុងភាពជាអ្នកដឹកនាំផងដែរ។
ជាងនេះទៅទៀតវាក៏ជាបទពិសោធ និងជាមេរៀនដ៏ល្អសម្រាប់បច្ចុប្បន្នផង និងសម្រាប់អនាគតរបស់យុវវ័យជំនាន់ក្រោយថា ទស្សនរើសអើងចំពោះស្ត្រីដែលថា «ស្ត្រីជាមនុស្សវិលជើងក្រានមិនជុំ» ឬក៏ «នោមមិនផុតកែង» ហ្នឹងត្រូវបានបញ្ចប់ក្នុងរជ្ជកាលនេះផងដែរ។
ហេតុដូច្នេះហើយក្រសួងកិច្ចការនារី ដែលជាស្ថាប័នដឹកនាំការលើកកម្ពស់ផ្នែកយេនឌ័រដែលមានស្ត្រីចូលរួម ក្នុងការអភិវឌ្ឍសង្គមសេដ្ឋកិច្ចដូចបុរសដែរ និងសមាគមសហគ្រិនស្ត្រីកម្ពុជា (CWEA) គួរតែដាក់បញ្ចូល និងលើកកម្ពស់ស្ត្រីភាពជាអ្នកដឹកនាំនៅក្នុងការវិនិយោគឧស្សាហកម្មគ្មានផ្សែង និងអភិវឌ្ឍលើវិស័យកីឡាបាល់ទាត់ ដែលមានលោកស្រី ពុត ធីតា ប្រធានក្លិបបឹងកេត និងលោកស្រី កែ សួនសុភី ប្រធានក្លិបវិសាខាទាំង ២ រូបនេះជាគំរូ និងភាពជាអ្នកដឹកនាំដោយជោគជ័យ។ ជាពិសេសបុរសៗជាស្វាមី គួរតែបើកចិត្តឱ្យទូលាយដូចស្វាមីលោកស្រីទាំងនេះក្នុងការចូលរួមអភិវឌ្ឍ និងភាពជាអ្នកដឹកនាំដូចបុរសផងដែរ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com