បន្ទាប់​ពី​គណបក្ស​សង្គ្រោះជាតិ​ត្រូវ​បាន​រំលាយ​មក​ ម្នាក់ៗ​រវល់​តែ​ផ្តោត​ទៅ​លើ​សភាពការណ៍​នយោបាយ​ដែល​បត់បែន​យ៉ាង​លឿន​រហ័ស​ មុន​ការ​បោះ​ឆ្នោត​នៅ​ខែ​កក្កដា ​ខាង​មុខ​នេះ​ ដែល​ធ្វើ​ឲ្យ​ជន​ឱកាស​និយម​ឆ្លៀត​ប្រព្រឹត្ត​បទ​ល្មើស​គ្រប់​ប្រភេទ​គួរ​ឲ្យ​ភ្ញាក់​ផ្អើល ជា​ពិសេស​ គឺ​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី និង​កុមារី​ រួម​មាន​ការ​ចាប់រំ​លោភ​សេព​សន្ថវៈ ការ​រំលោភ​ហើយ​សម្លាប់ ការ​ធ្វើ​ឃាតកម្ម និង​ការ​ប្រើ​អំពើ​ហិង្សា​ក្នុង​គ្រួសារ​ជាដើម។

សកម្មភាព​អំពើ​ហិង្សា​ប្រឆាំង​ស្ត្រី និង​កុមារី​ដែល​ប្រព្រឹត្ត​ដោយ​បុរស​នោះ មាន​តាំង​ពី​មន្ត្រី​ជាន់​ខ្ពស់​រហូត​ដល់​ពលរដ្ឋ​សាមញ្ញ​រស់​នៅ​តំបន់​ជន​បទ​សូម្បី​តែ​ជន​ជាតិ​ដើម​ភាគ​តិច​ក៏មាន​ដែរ ដែល​ភាសា​សាមញ្ញ​ថា ចេះ​គ្រប់​គ្នា​តែ​ម្តង​ខាង​អំពើ​អាក្រក់។ ករណី​ខ្លះ​ការ​ប្រព្រឹត្ត​អំពើ​ហិង្សា​ដូច​គ្នា​ តែ​មាន​ចំណាត់​ការ​ តែ​ករណីខ្លះ​គឺ​គ្មាន​ស្រមោល​ក្នុង​ចំណាត់​ការ ឬ ក៏​អូស​បន្លាយ ឬ ក៏​សមត្ថកិច្ច​ធ្វើ​មិន​ដឹង​មិនឮ​ទៅ។

កាលពី​សប្តាហ៍​មុន​នេះ សារព័ត៌មាន​ក្នុង​ស្រុក​ចេញ​ផ្សាយ​ពី​សមត្ថកិច្ច​ទើប​តែ​ចាប់​បាន​ជន​សង្ស័យ​យុវជន​ អាយុ​ ១៨ ​ឆ្នាំ​ម្នាក់ ដែល​បាន​លួង​លោម​ជន​រងគ្រោះ​ជា​កុមារី​ អាយុ​ ១២ ​ឆ្នាំ ពី​សាលារៀន​យក​ស្កុត​បិទ​មាត់ ​និង​ច្រមុះ​ថប់​ដង្ហើម​រហូត​ដល់​ស្លាប់​នៅ​ក្រុង​ ប៉ោយប៉ែត ខេត្ត​ បន្ទាយមានជ័យ។ ករណី​មួយ​ទៀត​ គឺ​កើត​ឡើង​នៅ​ខេត្ត​ ត្បូងឃុំ​ ឃាតករ​បាន​ចូល​អារ​ក​ស្ត្រី និង​កូនៗ​ក្នុង​ផ្ទះ​តែ​ម្តង ដែល​ករណី​នេះ​សមត្ថ​កិច្ច​កំពុង​ស៊ើប​អង្កេត​តាម​ចាប់​ខ្លួន​ជន​ល្មើស។

អ្វីដែល​គួរ​ឲ្យ​ស្រណោះ​ចំពោះ​ការ​រីក​រាល​ដាល​នៃ​អំពើ​ហិង្សា​លើ​ស្ត្រី និង​កុមារី​នេះ​គឺមាន ៤ ​ករណី​ផ្សេងៗ​គ្នា​កើត​ឡើង​នា​ពេល​ថ្មីៗនេះ​​នៅ​តំបន់​ក្រុម​ជន​ជាតិ​ដើម​ភាគ​តិច​នៃ​ខេត្ត​ រតនគិរី​ គឺ​សុទ្ធតែ​សម្លាប់​​កុមារី​ដែល​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ក្នុង​នោះ​មាន​សេចក្តី​រាយ​ការណ៍​ពី​ករណី​រំលោភ​សេព​សន្ថវៈ​រួច​ហើយ​សម្លាប់​ផងដែរ។

មាន​តែ​ជនស​ង្ស័យ​ម្នាក់​ទេ​ក្នុង​ចំណោម​ ៤ ​ករណី​ដែល​បាន​កើត​ឡើង​ ត្រូវ​បាន​ឃាត់​ខ្លួន​ដោយ​សមត្ថកិច្ច។ ចុះ​ហេតុអ្វី​បាន​ជា​ខេត្ត​ដែល​រស់​នៅ​តំបន់​ដាច់​ស្រយាល និង​ការ​រស់​នៅ​ភាគ​ច្រើន​ជា​ជន​ជាតិ​ដើម​ភាគ​តិច​ដែល​កម្រ​មាន​ករណី​រំលោភ ​និង​ការ​សម្លាប់​ស្ត្រី​ក៏​ដូច​ កុមារី​បែប​នេះ បែរ​ជា​កើត​ឡើង​ផ្ទួន​គ្នា​បែប​នេះ​ទៅ​វិញ?

កន្លង​មក​ ករណី​រំលោភ​ហើយ​សម្លាប់​នេះ គេ​ឃើញ​កើត​មាន​ច្រើន​តែ​នៅ​ទីក្រុង​ទេ ដូច​ក្នុង​របាយការណ៍​របស់​ក្រសួង​មហាផ្ទៃ​នៅ​ឆ្នាំ​ ២០១៦ ​គ្រាន់​តែ​នៅ​រាជធានី​ភ្នំពេញ ​មាន​ករណី​រំលោភ​សេពសន្ថវៈ​ដល់​ទៅ​ ២៣ ​ករណី​ដែល​សមត្ថកិច្ច​បាន​រាយការណ៍។

ក្នុងករណី​រំលោភ​នោះ ក៏​មាន​សម្លាប់​ស្ត្រី និង​កុមារី​ផងដែរ។

សម្រាប់​របាយការណ៍​របស់​ក្រសួង​ឆ្នាំ​ ២០១៧ មិន​បាន​បង្ហាញ​ពី​តួ​លេខ​ករណី​រំលោភ​និង​ករណី​រំលោភ​ហើយ​សម្លាប់​នោះ​ទេ ហេតុអ្វី​បាន​ជា​នគរបាល​ជាតិ​មិន​បាន​រាយការណ៍​អំពី​ករណី​នេះ​ជូន​ទៅ​ក្រសួង​​ មហាផ្ទៃ? តើ​ឲ្យ​ក្រសួង​ដាក់​ផែន​ការ​របៀប​ដូច​ម្តេច​ចំពោះ​វិធានការ​អន្តរាគមន៍ និង​វាស់វែង​ពី​ទំហំ​នៃ​ករណី​រំលោភ​សេពសន្ថវៈ​នេះ? ឬ ក៏​ស្ថាប័ន​អង្គការ​ក្រៅ​រដ្ឋាភិបាល​ចូល​រួម​ជួយ​សហការ​ចំពោះ​កិច្ច​ប្រឹង​ប្រែង​ករណី​រំលោភ​នេះ​យ៉ាង​ដូចម្តេច? ទោះ​បី​ជា​យ៉ាង​ណា​ក្ដី​ក៏​មាន​របាយការណ៍​អង្គការ​សិទ្ធិមនុស្ស​ អាដហុក ដែល​បាន​ចូលរួម​អន្តរាគមន៍​ចំពោះ​ករណី​រំលោភ​សេពសន្ថវៈ​នេះ​ដែរ​ គឺ​អង្គការ​នេះ​បាន​រាយការណ៍​ពី​ករណី​រំលោភ​នៅ​ឆ្នាំ​ ២០១៧ ​មាន​ ១៣១ ​ករណី បើ​ប្រៀប​ធៀប​ជាមួយ​ឆ្នាំ​ ២០១៦ ​មាន​ប្រហាក់​ប្រហែល​គ្នា​គឺ​ ១៣៣ ករណី។

ប៉ុន្តែ នៅ​ក្នុង​នោះ ​បែរ​ជា​ករណី​រំលោភ​ហើយ​សម្លាប់​ គឺ​មាន​ការ​កើន​ឡើង​ទៅ​វិញ​គឺ​ឆ្នាំ​ ២០១៦ កើត​ឡើង​តែ​ ៥ ​ករណី​ទេ ប៉ុន្តែ​នៅ​ឆ្នាំ​ ២០១៧ មាន​ដល់​ទៅ​ ៩ ​ករណី។ តើ​ត្រូវ​រក​វិធាន​ការ​ណា​ទៀត​ ដើម្បី​បង្ការ​មុន​កុំ​ឲ្យមាន​ករណី​រំលោភ​ហើយ​សម្លាប់​កើត​ឡើង​ទៀត?

ករណី​រំលោភ​នេះ​ គឺ​វា​ហាក់​ដូចជា ជំងឺ​ឆ្លង​ទៅ​ហើយ ខណៈដែល​មធ្យោបាយ​ធ្វើ​ដំណើរ​កាន់​តែ​ស្រួល​ក្នុង​ការ​ធ្វើ​ចំណាក​ស្រុក​ពី​ស្រុក​ក្រោម​ទៅ​ប្រកប​របរ​នៅ​ស្រុក​លើ ពី​ស្រុក​លើ​មក​ស្រុក​ក្រោម​ដែល​វា​ជា​ចរន្ត​នៃ​របត់​ថ្មី​នៃ​ការ​រស់​នៅ។

ទន្ទឹម​នឹង​នេះ​ អ្វី​ដែល​អាច​ជា​ផល​ប៉ះពាល់​នោះ​ គឺ​​គំនិត​ដែល​ផុស​ចេញ​ជា​ការ​ចាប់​រំលោភ​និង​សម្លាប់​នេះ​ គឺជា​ហេតុ​ផល​មួយ​ដែល​ទាក់​ទង​នឹង​ការ​ធ្វើ​ចំណាក​ស្រុក​ ព្រោះ​ពីមុន ​ស្រុក​លើ​គេ​កម្រ​ឃើញ​កើត​មាន​ករណី​នេះ​ណាស់។

ជា​មួយ​គ្នា​នេះ​ដែរ​ គឺ​ការ​ងាយ​រក​បាន​នូវ​គ្រឿង​ញៀន​ដែល​ឈ្មួញ​តែង​តែ​ជ្រៀតនាំ​ចូល​ស្ទើរ​​គ្រប់​កន្លែង​ សូម្បី​តែ​ចុង​កាត់​មាត់​ញក​ណា​ក៏​មាន​ដែរ ខណៈព័ត៌មាន​តាមរ​យៈ​ទូរស័ព្ទ​ស្មាត​ហ្វូន​ដែល​ចំណាយ​លុយ​តិច​ក៏​អាច​បើក​មើល​រឿង​អាសអាភាស និង​រូប​ភាព​អាក្រាត​ស្រើប​ស្រាល​បាន​យ៉ាង​ស្រួល​ជា​មួយ​នឹង​រូប​ភាព​ហិង្សា​លើ​ស្ត្រី​ត្រូវ​បាន​បង្ហាញ​ឲ្យ​ច្រងាងៗ​តាម YouTube ស្រប​គ្នា​នឹង​នៅ​តាម​ Facebook ក៏​រឹត​តែ​សម្បូរ​ដែល​ជា​បច្ច័យ​មួយ​អាច​ឲ្យ​ជន​ល្មើស​ស្រើប​ស្រាល​ និង​យក​តម្រាប់​តាម​​រូប​ភាព​អាស​អាភាស​ទាំង​នោះ។

ឥឡូវ​នេះ​ ចូល​ដល់​រឿង​ក្តៅៗ​មួយ​ថ្មី​ទៀត​ដែល​សមត្ថកិច្ច​កំពុង​សាក​សួរ​អតីត​អភិបាល​ខេត្ត​តាកែវ លោក ​ឡាយ វណ្ណៈ ​ដែល​ជា​ជន​សង្ស័យ​ទាក់​ទិន​នឹង​ករណី​ឃាតកម្ម​លើ​ស្រ្តី​ មេម៉ាយ ​ជា​កំណាន់​ខ្លួន​ដែល​ធ្លាប់​​បម្រើ​ការ​នៅ​រដ្ឋសភា​ជាតិ​ បន្ទាប់​ពី​រដ្ឋាភិបាល​ដក​ចេញ​ពី​តំណែង​ជា​អភិបាល​ខេត្ត​ តាកែវ និង​ពី​ប្រធាន​គណបក្ស​ប្រជាជន​ប្រចាំ​ខេត្ត​នេះ​ កាល​ពី​សប្តាហ៍​មុន។

ទាំង​នេះ អាច​ថា មក​ពី​អំណាច​សែ​ស្រឡាយ​លោក ឡាយ វ​ណ្ណៈ ​ចុះ​ខ្សោយ​ក៏​ថា​បាន ប៉ុន្តែ​វា​ក៏​អាច​ជា​ការ​សម្រេច​ចិត្ត​កាត់​សាច់​ស្អុយ​ ដើម្បី​ស្ដារ​មុខ​មាត់​សង្គម​ឡើង​វិញ​ក៏​ថា​បាន។

ប៉ុន្តែ​ទោះ​ជា​យ៉ាង​ណា​ មាន​អំពើ​ហិង្សា​ចំពោះ​ស្ត្រី​ក្នុង​កម្រិត​ស្រាល​ខ្លះ មិន​ត្រូវ​បាន​សមត្ថកិច្ច​ណា​អើពើ​ឡើយ ដោយសារ​តែ​អ្នក​ប្រព្រឹត្ត​នោះ​ ជា​អ្នក​ធំ ​ដូចជា ករណី​បង្ក​អំពើ​ហិង្សា​លើ​ស្ត្រី​កំណាន់​បែប​ខាំ​ឬ​ក្ដិច​ខ្ញាំ​ជាដើម ថ្វី​បើ​មាន​ការ​ស្នើ​ឲ្យ​ឆ្លើយតប​ជា​សាធារណៈ​ក៏​ដោយ។

ទាក់​ទង​នឹង​ករណី​នេះ​ដែរ ​គេ​នៅ​ចាំ​បាន​ថា​ នៅក្នុង​ឱកាស​ជួប​ជា​មួយ​នឹង​អ្នក​កាសែត​ប្រចាំ​ឆ្នាំ​នា​ពេល​កន្លង​ទៅ​នេះ លោក​នាយក​រដ្ឋមន្ត្រី ​ហ៊ុន ​សែន ​ក៏​ធ្លាប់​បាន​ប្រកាស​សួរ​ក្មួយៗ​ដែល​ជា​តារាៗ​ឲ្យ​ប្រាប់​ឈ្មោះ​តាតា ឬ ​អ្នក​ធំៗ​ណា​ដែល​ស្រឡាញ់​ខ្លួន​ឲ្យ​ច្បាស់​ផងដែរ​ ដើម្បី​កុំ​ឲ្យ​ខូច​ឈ្មោះ​អ្នក​ធំៗ​ទូទៅ ​តែ​គ្មាន​តារា​រូប​ណា​ម្នាក់​ហ៊ាន​ចេញ​មុខ​ប្រាប់​ពី​ឈ្មោះ​អ្នក​ធំ​ដែល​លួច​លាក់​បី​បាច់​រក្សា​និង​ទំនុក​បម្រុង​ខ្លួន​ជា​ថ្នូរ​នឹង​ស្នេហា​ខុស​វ័យ​នោះ​ទេ។

សរុប​មក​វិញ អំពើ​ហិង្សា​ប្រឆាំង​នឹង​ស្ត្រី និង​កុមារី​នេះ ​មិន​គួរ​​អនុវត្ត​បែប​លម្អៀង​ឬ​ក៏​ករណី​ខ្លះ​ធ្វើ​មិន​ដឹង​មិន​ឮ​នោះ​ទេ ប្រសិន​បើ​រក​ទៅ​ឃើញ​មាន​កំហុស​គឺត្រូវ​បើក​ឲ្យ​មាន​ការ​ស៊ើប​អង្កេត​ដូច​គ្នា ​និងសុំ​កុំ​ឲ្យ​ករណី​នេះ​ពាក់​ព័ន្ធ​នឹង​រឿង​នយោបាយ​ និង​បក្ខ​ពួក​សែ​ស្រឡាយ​អ្នកធំៗ បើ​មិន​ដូច្នេះ​ទេ​ កម្ពុជា​មិន​អាច​ឆ្លើយ​តប​ទៅនឹង​គោលដៅ​ទី​ ៥ ទាក់​ទងនឹង​សមភាព​យេនឌ័រ​នៃ​គោលដៅ​អភិវឌ្ឍន៍​ដោយ​ចីរភាព​បាន​នោះ​ទេ៕

ចូល​រួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com