ជាទូទៅ​ក្នុង​ចំណោម​អ្នក​រកស៊ី​លក់ដូរ គេ​មាន​គោលការណ៍​​មួយ​គឺ​ «​អតិថិជន​ជា​ស្ដេច​» ​ក្នុង​ន័យ​ថា អ្នក​ផ្គត់ផ្គង់​ទាំង​ផលិតផល ឬ​សេវា​នានា​ត្រូវ​តែ​តម្កល់​អតិថិជន​ជា​ធំ​ជានិច្ច​។ ​

យើង​ច្រើន​​យល់​ថា ទោះ​ផលិត​អ្វី​ក៏ដោយ​ត្រូវ​តែ​តម្រូវ​ចិត្ដ​អតិថិជន មិន​​ត្រូវ​ជំទាស់​ចិត្ដ​អតិថិជន​ឡើយ បើ​មិន​ដូច្នោះ​ទេ​អតិថិជន​នឹង​​មិន​ទិញ មិន​ប្រើប្រាស់​ផលិតផល​​ ឬ​សេវា​នោះ​ឡើយ បើ​ទោះ​ជា​ពេល​ខ្លះ ការចង់​បាន​នោះ​មិន​ទំនង​ក៏ដោយ ក៏​ជាទូទៅ​អ្នក​លក់​ត្រូវ​បាន​គេ​បង្រៀន​មក​ថា កុំ​ឈ្លោះ​ជាមួយ​អតិថិជន​ឱ្យ​សោះ​។ ថ្វី​ដ្បិត​យើង​ដឹង​ជាទូទៅ​​ថា អតិថិជន​មាន​ឥទ្ធិពល​លើ​អ្នក​​ផ្គត់ផ្គង់​អ្នក​ផលិត​ និង​អ្នក​ចែកចាយ​ទំនិញ​​ ឬ​សេវា​នានា​ក៏ដោយ ប៉ុន្ដែ​ពលរដ្ឋ​ខ្មែរ​ទំនង​ជា​មិន​ទាន់​​យល់​ច្បាស់​ពី​ឥទ្ធិពល​របស់​អតិថិជន និង​អ្នក​ប្រើប្រាស់​ឡើយ​។

ក្រោយ​បដិវត្ដន៍​នៅ​អឺរ៉ុប​ឆ្នាំ​ ១៩៧៥ សហគមន៍​អឺរ៉ុប​ដែល​ក្រោយ​មក​ជា​សហភាព​អឺរ៉ុប​បាន​ផ្ដោត​ការចាប់​អារម្មណ៍​យ៉ាង​ខ្លាំង​លើ​ការផ្ដល់​ព័ត៌មាន​ត្រឹមត្រូវ និង​គ្រប់គ្រាន់​អំពី​ផលិតផល​ ឬ​សេវា​ដល់​អតិថិជន​។ ​អតិថិជន​ដែល​ទទួល​បាន​ព័ត៌មាន​គ្រប់គ្រាន់​ពី​ផលិតផល ឬ​សេវា​មុន​ពេល​គេ​បញ្ជា​ទិញ ឬ​ប្រើប្រាស់​ផលិតផល​ ឬ​សេវា​នោះ​ត្រូវ​បាន​ហៅថា​ «​អតិថិជន​យល់​ដឹង​»​ (Informed customer)​។ ​

គេ​បង្កើត​ពាក្យ​អតិថិជន​យល់​ដឹង​នេះ​មក​មិនមែន​សម្រាប់​សម្គាល់​អតិថិជន​រូប​ណា​ដែល​រៀនសូត្រ​បាន​ខ្ពង់ខ្ពស់​នោះ​ឡើយ តែ​សំដៅ​ដល់​អតិថិជន​ទាំងឡាយ​ណា​ដែល​ស្គាល់ ដឹង និង​យល់​យ៉ាង​ត្រឹមត្រូវ​ពី​ផលិតផល​ ឬ​សេវា​ដែល​ខ្លួន​ប្រើប្រាស់​។

ទីផ្សារ​ដំណើរការ​ទៅ​បាន​ល្អ​ ឬ​យ៉ាង​ណា​អាស្រ័យ​លើ​តួអង្គ​អ្នក​ប្រើប្រាស់​ចូលរួម​យ៉ាង​សកម្ម​។

បើ​អតិថិជន​មិន​មាន​ការយល់ដឹង​គ្រប់គ្រាន់​ពី​ផលិតផល​ ឬ​សេវា​ទេ​ហើយ​គេ​មក​ទិញ​ទំនិញ​ ឬ​សេវា​នោះ​ប្រើ វា​អាច​ឱ្យ​អ្នក​ផ្គត់ផ្គង់​ខ្លះ​សប្បាយ​ចិត្ដ​ដោយ​យល់​ថា​កាល​បើ​អ្នក​ទិញ​មិន​សូវ​ដឹងអី នោះ​គេ​មុខ​ជា​អាច​រក​ចំណេញ​បាន​ច្រើន​មិន​ខាន​ (​សប្បាយ​ដោយ​លក់​កោរ​គេ​បាន​) តែ​គេ​មិន​ដឹង​ទេ​ថា ការរកស៊ី​របៀប​នោះ​មិន​អាច​បន្ដ​ទៅ​បាន​យូរ​អង្វែង​ឡើយ ដែល​ចាស់​ហៅថា រកស៊ី​លក់​ផ្លូវ​ ឬ​រកស៊ី​ហេងស៊យ​។

ថ្វីបើ​គេ​អាច​បោក​មនុស្ស​ទាំងអស់​ពេល​ខ្លះ ហើយ​អាច​បោក​មនុស្ស​ខ្លះ​ជា​រៀងរហូត​ក្ដី តែ​យ៉ាង​ណា​ក៏ដោយ​គេ​មិន​អាច​បោក​មនុស្ស​ទាំងអស់​ជា​រៀងរហូត​បាន​ឡើយ​។

ដូច្នេះ​តម្រូវ​ឱ្យ​អតិថិជន​មាន​សមត្ថភាព​គ្រប់គ្រាន់​ក្នុង​ការ​យល់ដឹង​ពី​សកម្មភាព​ទិញ និង​ប្រើប្រាស់​ផលិតផល ឬ​សេវា​របស់​ខ្លួន​។ ហេតុផល​ដែល​ជំរុញ​ឱ្យ​អតិថិជន​ឈាន​ដល់​ការសម្រេច​ចិត្ដ​ទិញ ទាមទារ​នូវ​ការយល់​ដឹង​ពី​ព័ត៌មាន​នានា​ដែល​ទាក់ទង​នឹង​ផលិតផល ឬ​សេវា​នោះ​ជា​ចាំបាច់​។

អតិថិជន​តែង​រំពឹង​ថា​គេ​អាច​ទទួល​បាន​នូវ​ការដោះដូរ​មួយ​ដែល​សមរម្យ ។ គ្មាន​អតិថិ​ជន​ណា​ម្នាក់​ចង់​បាន​ការដោះដូរ​ណា​មួយ​ដែល​មាន​លក្ខណៈ​កេងបន្លំ​ឡើយ ។

ក្រៅពី​គុណភាព​ទំនិញ ឬ​សេវា​សមរម្យ​នឹង​តម្លៃ​ (​មិន​ត្រូវ​បាន​អ្នក​លក់​កោរ​មិន​ដាក់​ទឹក​) អតិថិជន​រំពឹង​ថា​ផលិតផល​ ឬ​សេវា​ដែល​គេ​ទិញ​នោះ​អាច​ប្រើ​បាន​ជា​ប្រយោជន៍​សម​នឹង​តម្លៃ​ដែល​គេ​បាន​ចំណាយ​។ ​ហេតុនេះ​ហើយ​បាន​​ជា​គេ​តម្រូវ​ឱ្យ​អ្នក​ផលិត ត្រូវ​តែ​បង្ហាញ​នូវ​ព័ត៌មាន​ចាំបាច់​មួយ​ចំនួន​ពី​ផលិតផល​ ឬ​សេវា​ដល់​អតិថិជន​។ អតិថិជន​គ្រប់ៗ​រូប​មាន​សិទ្ធិ​៖ ជ្រើសរើស​ទំនិញ ឬ​សេវា​ណា​មួយ​ដែល​គេ​ពេញចិត្ដ​​ដោយ​សេរី​,​សិទ្ធិ​ទទួល​បាន​ព័ត៌មាន​នានា​អំពី​ផលិតផល ដែល​វា​អាច​ជា​ការសរសេរ​លើ​សម្បក​​វេចខ្ចប់​។

លើស​ពី​នេះ​គេ​ក៏​តម្រូវ​​ឱ្យ​ប្រើប្រាស់​នូវ​ភាសា​ដែល​អ្នក​ប្រើប្រាស់​ងាយ​អាន និង​យល់​បាន​។ ជា​ឧទាហារណ៍​លើ​បាវ​ជីគីមី​ដែល​នាំ​ចូល​មក​លក់​ក្នុង​ស្រុក​ខ្មែរ តម្រូវ​ឱ្យ​មាន​សរសេរ​ការណែនាំ​ពី​ផលិតផល​ជា​ភាសា​ខ្មែរ​ក្នុង​ទម្រង់​មួយ​ដែល​កសិករ​ខ្មែរ​ចេះ​អក្សរ​តិចតួច អាច​អាន និង​យល់​ន័យ​បាន​។

ក្រៅពី​ខ្លឹមសារ​ការណែនាំ​នោះ​គួរ​តែ​សរសេរ​ឱ្យ​ច្បាស់​ទាំង​ពណ៌ និង​ទំហំ​ដើម្បី​ចៀសវាង​នូវ​ចេតនា​ចង់​លាក់បាំង និង​បន្លំ​ពី​អ្នក​ផលិត​ខិលខូច​មួយ​ចំនួន​។ តួយ៉ាង​ការ​ណែនាំ​ពី​គ្រោះថ្នាក់​នៃ​ការជក់បារី​លើ​កញ្ចប់​បារី​ត្រូវ​តែ​សរសេរ​ធំៗ​ពណ៌​ដិត​ច្បាស់ៗ​លើ​ទីតាំង​មួយ​នៃ​កញ្ចប់​បារី​ដែល​ងាយ​មើលឃើញ​។ មាន​ន័យ​ថា ត្រូវ​តែ​ឱ្យ​អ្នក​ប្រើប្រាស់​បាន​ឃើញ​បាន​ដឹង​បានឮ ពី​ផលប៉ះពាល់​ចំពោះ​សុខភាព​មកពី​ការ​ប្រើប្រាស់​ផលិតផល​នោះ​ជា​មុន​សិន​មុន​ពេល​គេ​សម្រេច​ចិត្ដ​ជក់បារី​។

គោលការណ៍​នៃ​អតិថិជន​យល់​ដឹង​គឺ​ដើម្បី​ការពារ​អតិថិជន ព្រោះ​កង្វះ​ការយល់​ដឹង​ពី​ផលិតផល​ ឬ​សេវា​ណា​មួយ​ដែល​អតិថិជន​ប្រើ​នឹង​ធ្វើឱ្យ​ភាគី​អតិថិជន​បាត់​ប្រយោជន៍​។

គោលការណ៍​នេះ​តម្រូវ​ឱ្យ​ក្រុមហ៊ុន​នានា​ដែល​ចង់​ប្រកប​អាជីវកម្ម​ត្រូវ​តែ​ប្រតិបត្ដិការ​អាជីវកម្ម​ផលិត​ទំនិញ​ ឬ​សេវា​របស់​ខ្លួន​ដោយ​ភាពត្រឹមត្រូវ ដោយ​ភាពស្មោះត្រង់​ប្រកប​ដោយ​ភាព​ថ្លៃថ្នូរ មិន​បោកប្រាស់​អតិថិជន​ហើយ​វា​ក៏​ជំរុញ​នូវ​គុណភាព​នៃ​ការវិនិយោគ​ផង​ដែរ​។ ​

អតិថិជន​យល់​ដឹង​មាន​ក្រមសីលធម៌​ និង​​ការទទួល​ខុសត្រូវ​នឹង​ជំរុញ​ឱ្យ​អ្នក​ផលិត មាន​ក្រមសីលធម៌ និង​ប្រកប​ដោយ​ការទទួល​ខុសត្រូវ​ក្នុង​ការ​វិនិយោគ​។ ក្រុមហ៊ុន​ត្រូវ​តែ​គិតគូរ​ដោយ​យក​ចិត្ដ​ទុកដាក់​លើ​ចំណុច​មួយ​ចំនួន​គឺ​៖ ធានា​គុណភាព​នៃ​ផលិតផល​ ឬ​សេវា​ដែល​ខ្លួន​ផ្គត់ផ្គង់​,​បង្ហាញ​ពី​ការណែនាំ​ពី​ផលិតផល​, បំពេញ​លក្ខខណ្ឌ​ស្រប​ច្បាប់​នានា​ក្នុង​ការបើក​អាជីវកម្ម​,​ការប្រើប្រាស់​បុគ្គលិក​និយោជិត​ត្រូវ​តែ​គោរព​តាម​ច្បាប់​ការងារ​។

ក្រុមហ៊ុន​ក៏គួរ​តែ​ទទួល​ខុស​ត្រូវ​លើ​អត្ដចរិត​របស់​បុគ្គលិក​ខ្លួន​ផង​ដែរ​។ ភាព​អសីលធម៌ ភាព​អាត្មានិយម ភាព​ព្រហើន​របស់​បុគ្គលិក​មិន​ត្រូវ​បាន​ចែក​ដាច់​ពី​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ឡើយ​។ ភាពផ្ទាល់ខ្លួន​ជា​រឿង​ដោយឡែក​ក៏​​ប៉ុន្ដែ​ក្នុង​ករណី​ណា​មួយ​ដែល​ភាព​ផ្ទាល់ខ្លួន​នោះ​បាន​បង្ហាញ​ពី​អត្ដចរិត​គឃ្លើន​បែប​ពលរដ្ឋ​ដែល​ខ្វះ​ការយល់ដឹង​ពី​សិទ្ធិ​​ និង​កាតព្វកិច្ច​ពលរដ្ឋ​នោះ ភាពផ្ទាល់ខ្លួន​នោះ​លែង​អាច​ផ្ដាច់​ចេញ​ពី​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ហើយ​។

ក្រុមហ៊ុន​​ក៏​ត្រូវ​តែ​គោរព​ក្រម​បរិស្ថាន​​ដោយ​មិន​ធ្វើ​អាជីវកម្ម​ដោយ​បញ្ចេញ​នូវ​ផលប៉ះពាល់​បរិស្ថាន​ដោយ​មិន​អើពើ​ក្នុង​ការបំពេញ​នូវ​កាតព្វកិច្ច​តម្រូវ​នានា​មួយ​ចំនួន​ដើម្បី​ប៉ះប៉ូវ​នូវ​ផលប៉ះពាល់​ទាំង​នោះ​ដែល​រួមមាន ការបំពុល​ទឹក បំពុល​ដី បំពុល​ខ្យល់ ការបំពុល​សំឡេង ជាដើម​​គឺ​សុទ្ធតែ​ជា​ការទទួល​ខុសត្រូវ​របស់​ក្រុមហ៊ុន​ផលិត​។

បើ​គេ​គិត​ថា​ការ​ពហិការ​ចំពោះ​ផលិតផល​ក្រុមហ៊ុន​របស់​គេ​ដោយ​មនុស្ស​ ១ ​ក្រុម​ជា​រឿង​តូចតាច​នៃ​ចំណែក​ទីផ្សារ​របស់​គេ​ដែល​គេ​មិន​បាត់បង់​ប្រាក់​ចំណេញ​ព្រោះ​អ្នក​ប្រើប្រាស់​ដទៃ​ដែល​ខ្វះ​ការយល់​ដឹង​ក្នុង​ចំនួន​ច្រើន​នៅ​តែ​ប្រើ​ក៏ដោយ តែ​អ្វី​ដែល​គេ​បាត់​គឺ​គេ​បាត់​ក្រេឌីត បាត់​ទំនុក​ចិត្ដ បាត់​តម្លៃ​នៃ​ភាព​ជា​ក្រុមហ៊ុន​ត្រឹមត្រូវ ដែល​រកស៊ី​ដោយ​ការទទួល​ខុសត្រូវ​។

អ្នក​ប្រើប្រាស់​ដែល​មាន​ការយល់ដឹង​មាន​ឥទ្ធិពល​លើ​អ្នកផលិត​គឺ​គេ​អាច​ដាក់​សម្ពាធ​ទៅ​លើ​អ្នក​ផលិត​ឱ្យ​គោរព​ក្រមសីលធម៌​ និង​ទទួល​ខុសត្រូវ​ក្នុង​ការ​វិនិយោគ តាមរយៈ​ការធ្វើ​ពហិការ​លើ​ការប្រើប្រាស់​ផលិតផល​ ឬ​សេវា​របស់​ក្រុមហ៊ុន​ណា​មួយ បើ​គេ​រកឃើញ​ថា​ក្រុមហ៊ុន​នោះ​រកស៊ី​ដោយ​មិន​គោរព​គោលការណ៍​ណា​មួយ​ខាង​លើ​។ ​

យើង​ធ្លាប់​ឃើញ​មក​ហើយ​ក្នុង​រដ្ឋ​មួយ​នៃ​ប្រទេស​អូស្ដ្រាលី ពេល​ដែល​អ្នក​ប្រើប្រាស់​​បាន​ដឹង​ថា​មាន​ទី​សត្ដឃាត​មួយ​​កន្លែង​បាន​សម្លាប់​សត្វ​គោ​យក​សាច់​ជា​អាហារ​ក្រោម​រូបភាព​សាហាវ​ព្រៃផ្សៃ ពលរដ្ឋ​គេ​បាន​នាំ​គ្នា​ពហិការ​មិន​ទិញ មិន​ហូប​សាច់​ដែល​ចេញ​ពី​ទី​សត្ដឃាត​នោះ​។ សម្លាប់​សត្វ​យក​សាច់​គឺ​ត្រូវ​តែ​សម្លាប់​ហើយ តែ​គេ​អាច​ជ្រើស​យក​ការសម្លាប់​ក្រោម​រូបភាព​មួយ​ដែល​មិន​សាហាវ​ព្រៃផ្សៃ​ហួសហេតុ​។

ការណ៍​នោះ​បាន​បង្ខំ​ឱ្យ​ទីសត្ដឃាត​បែរ​មក​ប្រើ​ការ​សម្លាប់​សត្វ​យក​សាច់​តាម​លក្ខណៈ​បច្ចេកទេស​ដែល​គេ​កំណត់​ដោយ​មិន​ឱ្យ​ធ្វើ​ទារុណកម្ម​ដល់​សត្វ​ដែល​នឹង​ត្រូវ​សម្លាប់​។ ​យើង​ក៏​ធ្លាប់​បាន​ឮ​ដែរ​ដែល​អតិថិជន​នៃ​ក្រុមហ៊ុន​ស្បែកជើង​កីឡា​បរទេស​ម៉ាក​ល្បី​មួយ​បាន​ធ្វើ​ពហិការ​មិន​ប្រើ​ស្បែកជើង​ម៉ាក​នោះ ដោយ​អតិថិជន​ទាំង​នោះ​បាន​ទទួល​ដំណឹង​មក​ថា ក្រុមហ៊ុន​នោះ​បាន​ដាក់​រោងចក្រ​ផលិត​នៅ​ក្នុង​ប្រទេស​ក្រីក្រ​មួយ ហើយ​រោងចក្រ​នោះ​មិន​បាន​គោរព​ច្បាប់​ការងារ​នៃ​ប្រទេស​នោះ​ដោយ​កេង​កម្លាំង​ពលកម្ម​កម្មករ​ដោយ​មិន​គិត​ពី​តម្លៃ​នៃ​ការ​រស់​ (Cost of living) រួមទាំង​តម្លៃ​ជីវិត (Cost of life) របស់​និយោជិត​ក្នុង​រោងចក្រ​នោះ ហើយ​គេ​គិត​តែ​ពី​ប្រាក់​ចំណេញ​របស់​ក្រុមហ៊ុន​មួយ​មុខ​។

ដោយឡែក​នៅ​ស្រុក​យើង​ក៏​ធ្លាប់​មាន​បាតុកម្ម​ដោយ​កម្មករ​រោងចក្រ​ស្ករអំពៅ​មួយ​ដោយ​ពួកគេ​ស្រែក​ថ្កោលទោស​ក្រុមហ៊ុន​នោះ​ថា កំពុង​តែ​ផលិត​ «​ស្ករស​ឈាម​»​។

និយាយ​ចំពោះ​អតិថិជន​យល់​ដឹង បើ​គេ​ដឹង​ពី​ករណី​រំលោភសិទ្ធិ​កម្មករ​បែប​នោះ ពួកគេ​នឹង​មិន​ប្រើប្រាស់​ផលិតផល​នោះ​បន្ដ ហើយ​មុខ​ជា​ចូលរួម​ទាមទារ​ឱ្យ​ក្រុមហ៊ុន​ដែល​ខ្លួន​ធ្លាប់​គាំទ្រ​នោះ​ធ្វើការ​ដោះស្រាយ​សមស្រប​ណា​មួយ​ជាមួយ​កម្មករ​មិន​ខាន​។ កាលពី​ឆ្នាំ​មុន​នៅ​ទីក្រុង​ភ្នំពេញ​ក្នុង​ជម្លោះ​នៃ​ការបញ្ឈប់​បុគ្គលិក​មួយ​ចំនួន​ដែល​ជា​អ្នក​បើកបរ​រថយន្ដ​ក្រុង​នៃ​ក្រុមហ៊ុន​ដឹកជញ្ជូន​អ្នក​ដំណើរ​មួយ ក្រុម​បាតុករ​បាន​អំពាវនាវ​ឲ្យ​អ្នក​ដំណើរ​ធ្វើ​ពហិការ​មិន​ជិះ​រថយន្ដក្រុង​របស់​ក្រុមហ៊ុន​នោះ​លុះត្រា​តែ​មាន​ដំណោះស្រាយ​សមស្រប​។ ប៉ុន្ដែ​និយាយ​ចំពោះ​ពលរដ្ឋ​ដែល​ខ្វះ​ការយល់​ដឹង វា​លំបាក​ខ្លាំង​ណាស់​ក្នុង​ការ​ឲ្យ​ពួកគាត់​ក្លាយ​ខ្លួន​ជា​អតិថិជន​យល់ដឹង​។

ក្នុង​ចិត្ដ​ពលរដ្ឋ​ដែល​មិន​ខ្វល់​ពី​បញ្ហា​សង្គម គេ​យល់​ថា​វា​គ្រាន់តែ​ជា​រឿង​បុគ្គល​សក់​អ្នក​ណា​ក្បាល​អ្នក​ហ្នឹង ចង់​អយុត្ដិធម៌​ឯណា​ក៏​អយុត្ដិធម៌​ទៅ​អញ​មិន​ខ្វល់​ (​អូន​អត់​ខ្វល់​!​អូន​អត់​ដឹង​អី​ហង​!)​។ ដូច្នេះ​ហើយ​ទើប​ពេល​គេ​ឮ​ពី​ការ​ធ្វើ​ពហិការ​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​ណា​មួយ​គេ​ក៏​សើច​ចំអក​ដោយ​មិន​ស្វែងយល់​ពី​ដំណើរ​រឿង​។

ការធ្វើ​ពហិការ​មិន​ប្រើប្រាស់​ផលិតផល​ ឬ​សេវា​នៃ​ក្រុមហ៊ុន​ណា​មួយ​ដើម្បី​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ធ្វើ​អាជីវកម្ម​ដោយ​ក្រមសីលធម៌ និង​ការទទួល​ខុស​ត្រូវ​មិនមែន​អាច​ធ្វើ​ចំពោះ​តែ​ក្រុម​ណា​មួយ​ទេ​។

ជា​ពលរដ្ឋ​ថ្លៃថ្នូរ មិនមែន​ជា​ប្រភេទ​អ្នក​ដែល​មើល​បំណាំ​ក្រុម​នេះ​ ឬ​ក្រុម​នោះ​ឡើយ តែ​ជា​ពលរដ្ឋ​ដែល​យក​ភាព​ត្រឹមត្រូវ​ជា​ធំ​។ បើ​គេ​ឃើញ​ការរំលោភ​បំពាន​ណា​មួយ​ប្រព្រឹត្ដ​ដោយ​ក្រុមហ៊ុន​ផលិត រួមទាំង​ការវិនិយោគ​ដោយ​ខ្វះ​ក្រមសីលធម៌ និង​ការទទួល​ខុសត្រូវ​នោះ ពលរដ្ឋ​ថ្លៃថ្នូរ​មុខ​ជា​ចូលរួម​ដាក់​សម្ពាធ​លើ​ក្រុមហ៊ុន​នោះ​ឲ្យ​បែរ​មក​ទទួល​ខុសត្រូវ​ចំពោះ​មុខ​អ្នកប្រើប្រាស់​។ ​នេះ​ហើយ​ជា​អត្ថន័យ​នៃ​អតិថិជន​ជា​ស្ដេច​។

បើ​អតិថិជន​មាន​ការ​យល់ដឹង​នោះ ពួកគេ​នឹង​មាន​អំណាច​ដាក់​សម្ពាធ​លើ​អ្នក​ផលិត​ឲ្យ​ធ្វើ​អាជីវកម្ម​ដោយ​ក្រម​សីលធម៌ និង​ដោយ​ការទទួល​ខុសត្រូវ​។ ​អាច​ទៅ​ជា​យ៉ាង​នោះ​បាន​គឺ​ទាមទារ​ឲ្យ​អ្នកប្រើប្រាស់​ត្រូវ​តែ​មាន​ការ​យល់ដឹង​ជាមុន​សិន​។ ​ជាទូទៅ​អតិថិជន​យល់ដឹង​ជា​ពលរដ្ឋ​យល់ដឹង​។ ​ប៉ុន្ដែ​ពេលដែល​ឮ​ពាក្យ​​ថា ពលរដ្ឋ​យល់​ដឹង​អតិថិជន​យល់ដឹង គេ​ក៏​សួរ​វិញ​ថា តើ​យល់​ដឹង​អំពី​អ្វី​? ពលរដ្ឋ​នៅ​ប្រទេស​ជឿនលឿន គេ​ដឹង​ភ្លាម​ថា​តើ​បុគ្គល​ម្នាក់​ត្រូវ​យល់​ដឹង​អ្វី​ក្នុង​នាម​ជា​ពលរដ្ឋ​? ​ការតាមដាន​ព័ត៌មាន​នានា​ទាំង​អំពី​បញ្ហា​ទូទៅ​ជុំវិញ​ខ្លួន​ក៏​ដូចជា បញ្ហា​សង្គម​បញ្ហា​នយោបាយ ជា​កាតព្វកិច្ច​ដែល​ពលរដ្ឋ​យល់​ដឹង​ធ្វើ​ជាប់​ជាប្រចាំ​ជា​ជាង​រស់នៅ​ក្នុង​សង្គម​នឹង​គេ​​ដែរ តែ​អ្វី​ក៏​មិន​ដឹង ​(​អត់​ដឹង​ខ្យល់​អី​ដឹង​តែ​ល្ហើយ​)​។

ក្រៅពី​ដឹង​ពី​សិទ្ធិ​ជា​ពលរដ្ឋ​ហើយ​គេ​ក៏​ដឹងថា​ក្នុង​នាម​ជា​ពលរដ្ឋ តើ​ពួកគេ​ត្រូវ​មាន​កាតព្វកិច្ច​អ្វី​ខ្លះ ដែល​ត្រូវ​ចូលរួម​បំពេញ​ថែម​ទៀត​។ ​ចំណែកឯ​អតិថិជន​យល់ដឹង​ក៏​ស្វែងរក​ព័ត៌មាន​នានា​ពី​ផលិតផល​ដែល​គេ​ប្រើ​ដែរ​។ ​ទាំងនេះ​ក៏​ព្រោះ​តែ​គេ​បាន​បណ្ដុះ​ពលរដ្ឋ​គេ​តាំងពី​កុមារ​នៅក្នុង​សាលារៀន ពី​សិទ្ធិ​ និង​កាតព្វកិច្ច​ក្នុង​នាម​ជា​ពលរដ្ឋ​។ ​ពលរដ្ឋ​គេ​ឲ្យ​តម្លៃ​លើ​ព័ត៌មាន​ឲ្យ​តម្លៃ​លើ​​ការចេះ​គិត​វិភាគ​លើ​ព័ត៌មាន​ដែល​គេ​ទទួល​បាន និង​ចេះ​ប្រើប្រាស់​ព័ត៌មាន​ដែល​ទទួល​បាន​ឲ្យ​មាន​ប្រយោជន៍​។

មាន​តែ​ពលរដ្ឋ​យល់ដឹង​ទេ ទើប​ជា​ពលរដ្ឋ​ថ្លៃថ្នូរ ហើយ​មាន​តែ​អតិថិជន​យល់​ដឹង​ដែល​តាមដាន​សកម្មភាព​ក្រុមហ៊ុន​ដែល​ខ្លួន​ទិញ​ជា​ប្រចាំ​ទេ​ទើប​អាច​មាន​ឥទ្ធិពល​ដាក់​សម្ពាធ​ឲ្យ​ក្រុមហ៊ុន​ផលិត​ផលិតផល​ ឬ​សេវា​នោះ​ឲ្យ​រកស៊ី​ដោយ​ត្រឹមត្រូវ​ស្មោះត្រង់​ដោយ​ទទួល​ខុសត្រូវ​ចូលរួម​ចំណែក​ជួយ​កសាង​សង្គម​ដោយ​មិន​គិតតែ​ពី​ប្រាក់​ចំណេញ​តែ​មួយ​មុខ​ដោយ​មិន​គិតពី​ផលប៉ះពាល់​នានា​ចំពោះ​អ្នក​ប្រើប្រាស់​៕

ប៉ាង វ៉ាន់ថោន, អ៊ីមែលៈ vanthownpang@yahoo.com