ផ្អែក​លើ​សន្និបាត​បូក​សរុប​លទ្ធផល​ការងារ​អប់រំ យុវជន និង​កីឡា រៀងរាល់​ឆ្នាំ​បង្ហាញ​តែ​ចំនួន​និស្សិត​អាហារូបករណ៍​បរទេស​មក​រៀន​នៅ​ស្រុក​ខ្មែរ​​ និង​ចំនួន​និស្សិត​ខ្មែរ​ទៅ​រៀន​នៅ​បរទេស​តាមរយៈ​ក្រសួង​អប់រំ​ប៉ុណ្ណោះ​។ តែ​នៅ​ក្នុង​របាយការណ៍​មិន​បាន​បញ្ជាក់​ពី​ទិន្នន័យ​នៃ​ចំនួន​និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​រៀន​នៅ​បរទេស​ត្រឡប់​មក​វិញ ហើយ​បើ​និស្សិត​ដែល​បង់​លុយ​ទៅ​រៀន​សាកលវិទ្យាល័យ​នៅ​បរទេស​ជា​លក្ខណៈ​ឯកជន​វិញ រឹត​តែ​គ្មាន​ទន្និន័យ​ទៅ​ទៀត​។

តើ​រាជរដ្ឋាភិបាល​គួរ​ពិចារណា​ស្វែងរក​យន្តការ​ណា​មួយ​សមស្រប​ដើម្បី​ទាក់ទាញ​និស្សិត​ដែល​ទៅ​រៀន​នៅ​បរទេស​ទាំង​​អាហារូបករណ៍​ និង​ទាំង​ឯកជន​​ក្តី​ឲ្យ​ពួកគេ​វិល​ត្រឡប់​មក​អភិវឌ្ឍ​ប្រទេស​ជាតិ​វិញ​ជាមួយ​នឹង​ការរៀបចំ​ផែនការ​ជាតិ​ចំពោះ​ធនធាន​មនុស្ស​ក្នុង​ស្រុក​ដែល​មាន​ស្រាប់ ?

ចំពោះ​ការ​ខកខាន​មិន​បាន​រាយការណ៍​នូវ​អាំងឌីកាទ័រ​ពី​ចំនួន​និស្សិត​ដែល​ទៅ​រៀន​នៅ​បរទេស ហើយ​ត្រឡប់​មក​វិញ​ប៉ុន្មាន​នាក់ មិន​ត្រឡប់​មក​វិញ​ប៉ុន្មាន​នាក់​នេះ​មាន​តាំងពី​យូរ​ឆ្នាំ​មក​ហើយ ព្រោះ​ក្រសួង​អប់រំ​មិន​មាន​គោលការណ៍​ជាក់លាក់​​ចំពោះ​ពួកគេ អ៊ីចឹង​ហើយ​ទើប​បាន​ជា​មាន​តែ​ទិន្នន័យ​នៅក្នុង​ប្រព័ន្ធ​បន្តិចបន្តួច​ហ្នឹង​ទៅ​។ ចំពោះ​អ្នក​ត្រឡប់​មក​មាតុប្រទេស​វិញ ហើយ​ចុះ​បញ្ជី​ថា ខ្លួន​បាន​ទៅ​រៀន ប៉ុន្តែ​ក្រៅពី​នេះ​រដ្ឋាភិបាល​មិន​អាច​គ្រប់គ្រង​ទិន្នន័យ​និស្សិត​ទាំង​នោះ​បាន​ទេ​។

ម្យ៉ាងវិញ​ទៀត​បញ្ហា​ការបាត់បង់​និស្សិត​ដែល​ទៅ​រៀន​នៅ​ប្រទេស​រីកចម្រើន​រួច​ហើយ តែ​មិន​ត្រឡប់​មក​វិញ​នេះ មិនមែន​មាន​តែ​និស្សិត​អាហារូបករណ៍​ ឬ​ក៏​​តាមរយៈ​ឯកជន​នៅ​ស្រុក​ខ្មែរ​ទេ តែ​នៅ​ប្រទេស​ក្រីក្រ​ និង​មាន​ចំណូល​មធ្យម​ក៏​នាំ​គ្នា​គេចខ្លួន​ ឬ​ក៏​ចូលសញ្ជាតិ​ដើម្បី​មាន​សិទ្ធិ​រស់រាន​នៅ​ប្រទេស​គេ​ដែរ ដោយសារ​កត្តា​សេដ្ឋកិច្ច និង​ការងារ​ធ្វើឲ្យ​អ្នក​មាន​ចំណេះ​ចាប់ពី​កម្រិត​បរិញ្ញាបត្រ​ឡើង​ទៅ​ដល់​ថ្នាក់​ក្រោយ​បណ្ឌិត​ទៀត​ក៏​បញ្ហា​ទីផ្សារការងារ​ (Brain drain) នៃ​ប្រទេស​អភិវឌ្ឍន៍​ដែល​ពួកគេ​ធ្លាប់​បាន​ទៅ​សិក្សា​នៅ​ទី​នោះ ឬ​ក៏​ឆ្លង​ទៅ​ប្រទេស​ទី​ ៣ ​ផ្សេង​ទៀត​ក៏​មាន​ដែរ​។

ដំបូង​ឡើយ​និស្សិត​ម្នាក់ៗ​បន់​ឲ្យ​តែ​បាន​ទៅ​រៀន​នៅ​ប្រទេស​ជឿនលឿន សង្ឃឹម​ថា​នឹង​ត្រឡប់​មក​មាតុប្រទេស​វិញ ស្រាប់​តែ​ពេល​ទៅ​ដល់​ទី​នោះ​មើល​ទៅ​ដូចជា​ទំនង​ក៏​ចាប់ផ្តើម​រក​លេស​គេចវេះ​ងឿក​ចង់​​ទៅ​នៅ​ទីនោះ​តែ​ម្តង​។

ដោយ​លើក​ហេតុផល​ថា​ចង់​ឲ្យ​កូន​បាន​រៀន​សាលា​ល្អ​ ឬ​ក៏​ងាយស្រួល​រក​ការងារ​ធ្វើ​នៅ​ទី​នោះ​ហើយ​អ្នក​ខ្លះ​ទៀត​គឺ​មាន​បំណង​​ចង់​ទៅ​នៅ​ស្រុក​គេ​តែម្តង​គឺ​តាមរយៈ​បង់លុយ​សាលា​ហើយ​​ព្យាយាម​ចូល​សញ្ជាតិ​ដើម្បី​ទៅ​រស់នៅ​ស្រុក​គេ​តែ​ម្តង​។ នេះ​គឺជា​ហេតុផល​ចម្បង​ថា វា​ជា​​សកលភាវូបនីយកម្ម​ដោយសារ​មាន​ជំនឿ​លើ​ប្រទេស​លោក​​ខាង​លិច​ថា​មាន​ស្តង់ដារ ហើយ​រិះគន់​ប្រទេស​ខ្លួន​ទៅ​វិញ​។ នេះ​បើ​តាម​ទ្រឹស្តី​របស់​អ្នក​ស្រាវជ្រាវ​ពាណិជ្ជសាស្ត្រ Thomas Maak and Nicola Pless ឆ្នាំ​ ២០០៧​។

តែ​ផ្ទុយ​ទៅ​វិញ​អ្នក​ស្រាវជ្រាវ​សង្គម​វិទូ Sousa Santos ឆ្នាំ​ ២០០៥ រកឃើញ​ថា ការ​ដែល​មាន​ជំនឿ​ទៅ​លើ​ប្រទេស​លោក​ខាង​លិច​នោះ​គឺ​មកពី​មិន​មាន​ការខិតខំ​ប្រឹងប្រែង​ជំនួស​ផ្នែក​ខាង​ក្នុង​ខ្លួនឯង​ដោយ​ចាប់ផ្តើម​មកពី​ខាង​ក្រោម​ «from below»​។ ឧទាហរណ៍​ហេតុអ្វី​បាន​ជា​ប្រទេស​គុយបា​មាន​វេជ្ជបណ្ឌិត និង​ការព្យាបាល​មាន​កម្រិត​ខ្ពស់​នៅ​លើ​សកលលោក​?

ចម្លើយ​យ៉ាង​សាមញ្ញ​គឺ​មកពី​ប្រទេស​នេះ​មាន​ជំនឿ​លើ​កិច្ចខិតខំ​ប្រឹងប្រែង​របស់​ខ្លួន​ផ្ទាល់​។

ទោះបី​ជា​រដ្ឋាភិបាល​ប្រទេស​ក្រីក្រ​ និង​អភិវឌ្ឍន៍​មធ្យម​មិន​អាច​ឃាត់ឃាំង​ចំពោះ​បញ្ហា​និស្សិត​មួយ​ចំនួន​ដែល​ទៅ​សិក្សា​នៅ​បរទេស ហើយ​មិន​ត្រឡប់​មក​វិញ​ក៏ដោយ ក៏​ប្រទេស​ខ្លះ​គឺ​មាន​គោលនយោបាយ​ច្បាស់លាស់​របស់​គេ​ដើម្បី​ទាក់ទាញ និស្សិត​ដែល​បាន​ទទួល​អាហារូបករណ៍​ទៅ​សិក្សា​នៅ​បរទេស និង​ទៅ​សិក្សា​តាមរយៈ​ឯកជន​ក្តី​ឲ្យ​ត្រឡប់​មក​មាតុប្រទេស​វិញ​។

នៅ​ប្រទេស​ចិន​កាលពី​ឆ្នាំ​ ២០១៧ រដ្ឋាភិបាល​ចិន​គឺ​បាន​លើក​យក​បញ្ហា​និស្សិត​ដែល​ទៅ​រៀន​នៅ​បរទេស​មក​ដាក់​ជា​យុទ្ធសាស្ត្រ​សម្រាប់​អភិវឌ្ឍ​ធនធានមនុស្ស​នៅ​អង្គ​សន្និសីទ​ពិគ្រោះ​យោបល់​នយោបាយ​ថ្នាក់ជាតិ​របស់​ប្រជាជន​ចិន គឺ​ដើម្បី​ឲ្យ​ស្រប​ទៅ​នឹង​គោលនយោបាយ​ជាតិ​ពី​ផ្លូវ​មួយ ខ្សែក្រវាត់​មួយ​ «One Road One Belt»​។

បើ​តាម​របាយការណ៍​របស់​ក្រសួង​អប់រំ​ចិន​គឺ​​ ៨០ ​ភាគរយ​នៃ​និស្សិត​ទៅ​រៀន​​សរុប​ ៤៣២ ៥០០ ​នាក់ និង ៩៨ ​ភាគរយ​នៃ​និស្សិត​អាហារូបករណ៍​ចំនួន​ ៣០ ០០០ ​នាក់​របស់​រដ្ឋាភិបាល​ដែល​ពួក​គេ​បាន​វិល​ត្រលប់​មក​ស្រុក​វិញ ​នេះ​គឺជា​ទិន្នន័យ​នៅក្នុង​ឆ្នាំ​ ២០១៦​។

អតីត​គោលនយោបាយ​កូន​តែ​មួយ​របស់​ចិន ​គឺ​ជា​រឿង​មួយ​ដែល​ចូលរួម​ចំណែក​ទាក់ទាញ​និស្សិត​ចិន​ឲ្យ​ត្រឡប់​មក​ជួបជុំ​គ្រួសារ​វិញ​។ ​តែ​បញ្ហា​ដំណោះស្រាយ​ធំ​នោះ​គឺ​រដ្ឋាភិបាល​ចិន​​ផ្តល់​ទីផ្សារ​ការងារ​កាន់តែ​​ច្រើន​សម្រាប់​ពួកគេ​នៅ​តាម​ទីក្រុង​ទំនើប​ដើម្បី​ឆ្លើយតប​ទៅ​នឹង​ចំណេះដឹង​ដែល​ពួកគេ​បាន​សិក្សា​ពី​បរទេស​នោះ​ហើយ​​ប្រាក់ខែ​ក៏ដំឡើង​ទៅ​តាម​ទីផ្សារ​ផង​ដែរ ជាពិសេស​រដ្ឋាភិបាល​បាន​ទាក់ទាញ​អតីត​និស្សិត​ចិន​ដែល​ធ្វើការ​នៅ​ប្រទេស​ជឿនលឿន​ដោយ​ឲ្យ​ប្រាក់ខែ​ប្រហាក់​ប្រហែល​គ្នា​ដើម្បី​ឲ្យ​ពួកគេ​វិលត្រឡប់​មក​ជួយ​កសាង​ប្រទេស​ជាតិ​គេ​វិញ​។

ជាង​នេះ​ទៅ​ទៀត និស្សិត​ចិន​កាលពី​ ២០ ​ឆ្នាំ​មុន​ត្រឡប់​មក​ស្រុក​វិញ​ដោយ​លើក​ឡើង​នូវ​ទិស​ស្លោក​​ថា​៖ «​ប្រទេសជាតិ ត្រូវការ​ខ្ញុំ​!» ប៉ុន្តែ​ឥឡូវ​គេ​ប្តូរ​មក​ថា​៖ «​ខ្ញុំ​ត្រូវការ​ប្រទេស​ជាតិ​ខ្ញុំ​!»​។

ចុះ​ស្រុក​ខ្មែរ​យើង​វិញ តើ​មាន​អ្វី​ខ្លះ​ ឬ​ក៏​គោលនយោបាយ​​ជាក់លាក់​អ្វីខ្លះ ដើម្បី​ទាក់ទាញ​ឲ្យ​អតីត​និស្សិត​សិក្សា​នៅ​បរទេស​នោះ​ត្រឡប់​មក​វិញ​?

រីឯ​កាតព្វកិច្ច​របស់​និស្សិត​ដែល​បាន​ទៅ​រៀន​នៅ​បរទេស​ហើយ​តម្រូវ​ឲ្យ​ត្រឡប់​មក​ស្រុក​វិញ​បាន​ដែរ​ទេ ជា​ជាង​ឆ្លៀត​ឱកាស​​លួច​ចូល​សញ្ជាតិ ហើយ​សំងំ​សុខស្រួល​ដោយ​បើក​ភ្នែក​ឡើង​រិះគន់​រដ្ឋាភិបាល​ទៅ​វិញ​នោះ​។ តែ​ប្រសិន​បើ មាន​លក្ខខណ្ឌ​ខ្លះ និស្សិត​មាន​ឱកាស​ធ្វើការ​យក​បទពិសោធ​នៅ​ទី​នោះ​ក្តី​ ឬ​ក៏​នៅ​ប្រទេស​ផ្សេងៗ​ទៀត​ក្តី ហើយ​មាន​បំណង​នឹង​វិល​ត្រឡប់​មក​ស្រុក​វិញ​ក៏​ល្អ​ម្យ៉ាង​ដែរ ប្រសិន​​បើ​មាន​ឆន្ទៈ​ដូច​នេះ ដើម្បី​យក​បទពិសោធ​កម្រិត​អន្តរជាតិ ឬ​ក៏​កម្រិត​តំបន់​ក្តី​។

សរុប​មក​វិញ​ចំណុច​នេះ​គួរតែ​មាន​កិច្ចព្រមព្រៀង​ស្រុះស្រួល​គ្នា​ទាំង​ ២ ​ភាគី​រវាង​រដ្ឋាភិបាល និង​អតីត​និស្សិត​មកពី​បរទេស មាន​ន័យ​ថា រាជរដ្ឋាភិបាល​គួរតែ​ចាប់ផ្តើម​បើក​ឲ្យ​មាន​ការ​ចុះឈ្មោះ​និស្សិត​ដែល​ទៅ​រៀន​នៅ​បរទេស​ដោយសារ​អាហារូបករណ៍​ ឬ​ក៏​ដោយសារ​ឯកជន​ក្តី​ដោយ​បញ្ចូល​គ្នា​ទាំងអស់​សិន ។

រីឯ​ អតីត​និស្សិត​ធ្លាប់​ទៅ​រៀន​នៅ​បរទេស​ទាំងអស់​គួរ​តែ​មាន​ឆន្ទៈ​ចុះ​ក្នុង​បញ្ជី​ផង​ដែរ ជាពិសេស​លោក លោកស្រី​ដែល​ជា​ថ្នាក់ដឹកនាំ​ស្ថាប័ន​នានា​ក៏​គួរតែ​ចាប់ផ្តើម​បើក​ផ្លូវ​ផងដែរ​ដើម្បី​ឲ្យ​រដ្ឋាភិបាល​ដឹង​​ថា ធនធាន​មនុស្ស​មាន​ចំនួន​​ប៉ុន្មាន​នាក់​មកពី​បរទេស​វិញ ហើយ​បាត់​ធនធាន​ណា​ខ្លះ ៕

ចូលរួម​ផ្តល់​យោបល់​តាមរយៈ soprach.tong@phnompenhpost.com