«សីលធម៌ និងអភិសមាចារ (មារយាទដ៏ល្អក្រៃលែង ឬជ្រះថ្លា) ក្នុងជីវភាពសង្គមក៏មានការស្រុតចុះគួរឲ្យព្រួយបារម្ភណាស់ដែរ ដែល ជាហេតុនាំឲ្យមាន ការប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេចក្តីថ្លៃថ្នូរ និងនិរន្តរភាពនៃវប្បធម៌ និងចីរភាពរបស់សង្គមទៅអនាគត»។ នេះគឺជាព្រះរាជបន្ទូលក្នុងព្រះរាជសារដ៏កម្រមួយនៃអង្គព្រះមហាក្សត្រកម្ពុជាកាលពីថ្ងៃទី ៣ ខែ កញ្ញា ឆ្នាំ ២០២០ កន្លងទៅ បន្ទាប់ពីមានអំពើហិង្សា និងឃាតកម្មសាហាវៗប្រមាណជាង ១០ ករណី កាលពីសប្តាហ៍មុននេះ។
អំពើហិង្សា និងឃាតកម្មសាហាវៗដែលត្រូវបានសារព័ត៌មានចុះផ្សាយព្រោងព្រាតរួមមាន៖ ទី១) យុវជន ២ នាក់ខឹងម្ចាស់ហាងមើលងាយបានបាញ់ស្លាកហាងស៊ីកណេតឈ័រចំនួន ៤ គ្រាប់នៅក្នុងសង្កាត់បឹងកក់ ១ ខណ្ឌទួលគោករាជធានីភ្នំពេញ។ ទី២) កូនប្រុសរបស់ឧកញ៉ា ញឹក ផន ដែលមានជម្លោះពាក្យសម្តីក្នុងរឿងបើកបររហូតដកកាំភ្លើង AK មកសម្ញែងគំរាមដៃគូជម្លោះនៅស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង។ ទី៣) ករណីយុវជនអាយុ ២៤ ឆ្នាំ រំលោភសេពសន្ថវៈ និងសម្លាប់កុមារីអាយុ ១៤ ឆ្នាំក្នុងបន្ទប់ជួលនៅខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី៤) ករណីបុរសម្នាក់បានអារ.ក សម្លាប់ម្តាយបង្កើតរបស់ខ្លួនប្រព្រឹត្តនៅសង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។ ទី៥) ករណីបុរសជាប្ដីបានចាក់សម្លាប់ប្រពន្ធរួចក៏អារ.ក ខ្លួនឯងតែមិនទាន់ស្លាប់ ដោយសារបុរសជាប្តីនោះមកសុំត្រូវគ្នាវិញតែប្រពន្ធមិនព្រមនៅស្រុកអង្គស្នួល ខេត្តកណ្តាល។ ទី៦) មានករណីស្រដៀងគ្នាទៅនឹងករណីទី ៥ ដែរ បុរសជាជនដៃដល់ដែលអារ.ក សម្លាប់សង្សារខ្លួនឯងជាអ្នកលក់ឡេតាមអនឡាញរួចចាក់សម្លាប់ខ្លួនឯងតាមក្រោយ នៅខណ្ឌដង្កោ រាជធានីភ្នំពេញ។ ទី៧) មានករណីសម្លាប់រង្គាលក្នុងគ្រួសារដែលបង្កឡើងដោយឪពុកច្របាច់កសម្លាប់កូនស្រី ៣ នាក់ រួចឪពុករូបនោះក៏បានចងកសម្លាប់ខ្លួនតាមក្រោយនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ។ ទី៨) មានករណីយុវជនម្នាក់ខឹងម្ដាយរបស់ជនរងគ្រោះជាសង្សារ មិនព្រមឲ្យពួកគេស្រឡាញ់គ្នា ក៏ដាច់ចិត្តចាក់សម្លាប់សង្សារខ្លួននៅលើថ្នល់ខណ្ឌកំបូល រាជធានីភ្នំពេញ។ ទី៩) មានករណីកុមារីម្នាក់ត្រូវបានគេសង្ស័យថាត្រូវបានឃាតករអារ.ក រួចរំលោភតាមក្រោយបណ្ដាលឲ្យស្លាប់នៅខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ និងទី១០) ករណីមន្ដ្រីយោធាម្នាក់កាប់ប្រពន្ធខ្លួនឯងចំនួន ៤ ពូថៅផ្ទួនៗបណ្ដាលឲ្យរងរបួសធ្ងន់ រួចរត់ទៅចងកបញ្ចប់ជីវិតខ្លួនឯងតាមក្រោយនៅស្រុកត្រាំកក់ ខេត្តតាកែវជាដើម។
ចំពោះករណីអំពើហិង្សា និងឃាតកម្ម ១០ ករណីខាងលើនេះ គឺសមត្ថកិច្ចនគរបាល និងកងរាជអាវុធហត្ថបានឃាត់ខ្លួនជនល្មើស និងកសាងសំណុំរឿងបញ្ជូនទៅតុលាការស្ទើរតែគ្រប់ករណី។ ទាក់ទងនឹងការស៊ើបអង្កេតរកអត្តសញ្ញាណ និងឈានដល់ការចាប់ខ្លួនជនល្មើសរបស់សមត្ថកិច្ច ឥឡូវមានគ្រប់គ្រាន់ហើយពោលគឺជនល្មើសមិនងាយរត់រួចនោះទេ។ នេះគ្រាន់តែជាផ្នែកមួយនៃការចូលរួមអនុវត្តគោលនយោបាយភូមិ-ឃុំមានសុវត្ថិភាពទេ តែអ្វីដែលសំខាន់នោះគឺការទប់ស្កាត់អំពើហិង្សា និងឃាតកម្មកុំឲ្យកើតឡើងនៅក្នុងតំបន់របស់ខ្លួន។
ក៏ប៉ុន្តែការបង្ការកុំឲ្យមានករណីទាំងនេះកើតឡើង គឺមិនត្រូវពឹងផ្អែកទាំងស្រុងតែទៅលើកងកម្លាំងសមត្ថកិច្ចនោះទេ។
ផ្ទុយទៅវិញលុះត្រាតែមានការចូលរួមទាំងអស់គ្នា ពីព្រោះថាករណីនៃអំពើហិង្សា និងឃាតកម្ម វាមានដើមចមរបស់វា។ ដូចករណីទាំង ១០ ខាងលើនេះ គឺមានមូលហេតុខ្លះដូចគ្នានឹងជនល្មើសប្រើប្រាស់គ្រឿងស្រវឹង និងគ្រឿងញៀនដែលតែងយកមកធ្វើជាលេសដើម្បីធ្វើសកម្មភាព ខ្លះមានកាំភ្លើងនៅនឹងដៃ ចេះតែរមាស់ដៃ លើសសម្តីសូម្បី ១ ម៉ាត់ក៏មិនបាន។
ករណីខ្លះគឺមានគំនុំតែម្តង ដោយខ្លួនជាបុរសមិនខំប្រឹងធ្វើអំពើឲ្យល្អទេ តែបែរជាចាំតែប្រចណ្ឌប្រពន្ធ ឬឲ្យតែមានការទើសទាស់អីបន្ដិច ក៏សម្លាប់ចោលតែម្តង ហើយករណីហិង្សា និងឃាតកម្មទាំង ១០ ខាងលើនេះគឺបុរសជាអ្នកប្រព្រឹត្តទាំងអស់។ អ៊ីចឹងហើយបានមានមតិភាគច្រើនចោទសួរថា តើបុរសគួរឲ្យខា្លចមែនទេ? អ៊ីចឹងការអប់រំសីលធម៌ក្តី ការតាំងផ្លូវចិត្តក្តី ជាទូទៅគឺផ្តោតទៅបុរសក្នុងបំណងឲ្យមានសន្តិភាពទាំងផ្លូវកាយ និងផ្លូវចិត្ត ដើម្បីឲ្យជីវិតរស់នៅក្នុងសង្គមមានភាពថ្លៃថ្នូរ។
ទោះជាយ៉ាងណាក៏ដោយមកដល់សម័យឌីជីថលសង្គមហ្វេសប៊ុកវិញ ហាក់បីដូចជា មានការបង្ហាញពីសកម្មភាពរបស់ជនប្រព្រឹត្តបទល្មើស ហើយអូសបន្លាយ (Drama) ទៅតាមការចែករំលែកគ្នាលើបណ្តាញសង្គមហ្វេសប៊ុកដោយដាក់រូបភាពហិង្សា ឬឃាតកម្មជាក់ស្ដែង ដែលរំលេចឲ្យឃើញពីទង្វើវាយដំ កាប់ចាក់គ្នា បាញ់គ្នាជាក់ស្តែង ឬក៏កាត់ក ដាច់ស្រស់ៗឈាមហូរដូចអារ.ក មាន់តែម្ដង។ ចំណែកអ្នកចូលរួមផ្តល់យោបល់ មិនព្រមឲ្យលុបរូបនោះចោលទេ គឺមានតែជេរគ្នា បញ្ចោរគ្នាបន្ថែមពីលើរូបភាពសាហាវៗ ហើយរូបភាពទាំងនោះក៏ត្រូវបានគេចែកគ្នាព្រោងព្រាតយ៉ាងច្រើនលើសលប់ ដែលចេតនានេះហាក់ចង់បង្ហាញគេឯងថាខ្លួនបានបង្ហោះរូបថតសាហាវហ្នឹងមុនគេ ដែលមានអ្នកចុច Like ឬក៏ Share ច្រើន។ រីឯការឈ្លោះជេរបញ្ចោរគ្នាដែលជាដើមហេតុបង្កឲ្យមានអំពើហិង្សាវិញគឺដូចជាស្បើយពីករណីតារាៗមកលេចធ្លោច្រើនលើកករណីស្ត្រីៗលក់ឡេតាមហ្វេសប៊ុកផ្សាយបន្តផ្ទាល់វិញម្ដង ពោលគឺបើមិនឈ្លោះគ្នាជាមួយអ្នកលក់ឡេគ្នា ឯង ក៏ឈ្លោះគ្នារវាងអ្នកលក់ឡេជាមួយសង្សាររបស់ខ្លួនយ៉ាងអនាធិបតេយ្យពេញបន្ទុកដែរ។
កន្លងទៅថ្មីៗនេះមានការប្រៀបធៀបគ្នារវាងការផ្សាយបន្តផ្ទាល់តាមហ្វេសប៊ុករបស់ស្រី្តអ្នកលក់ឡេឈ្លោះជេរបញ្ចោរគ្នាដោយមានមនុស្សជិត ១០ ម៉ឺននាក់ បានចូលមើល ហើយបើប្រៀបធៀបជាមួយការបង្រៀនគណិតវិទ្យា និងការពន្យល់ពីសារៈសំខាន់នៃមុខវិជ្ជាគណិតវិទ្យាវិញ គឺមានអ្នកចូលមើលត្រឹមតែ ១ ៣០០ នាក់ប៉ុណ្ណោះ។
ម្យ៉ាងវិញទៀតអ្នកលក់ឡេខ្លះសុទ្ធតែអាងខ្នងនៅពីក្រោយដោយខ្លះលេចឮមកថា ជាស្រីស្នេហ៍លោកនេះ លោកនោះ ឬក៏ឧកញ៉ានេះ ឧកញ៉ានោះ ហើយមានស្ត្រីលក់ឡេខ្លះ ពេលរកស៊ីមានបានរហូតឈានដល់ជួលមេធាវីឲ្យមកការពារទំនាស់ផលប្រយោជន៍របស់ខ្លួនទៀតផង និយាយឲ្យខ្លី បើស្តាប់សម្ដីពួកគេខ្លះដូចយកមេឃទ្រាប់អង្គុយអ៊ីចឹង។ ទាំងនេះសុទ្ធជាឫសគល់នៃបញ្ហាដែលបង្កឲ្យកើតមានអំពើហិង្សាដែលជះឥទ្ធិពលនៅក្នុងសង្គមសព្វថ្ងៃនេះជាពិសេសក្នុងអំឡុងពេលកូវីដ១៩នេះគឺមនុស្សភាគច្រើនទំនេរនៅផ្ទះ អ៊ីចឹងដើម្បីបំបាត់ស្ត្រេសគឺមានតែហ្វេសប៊ុកហ្នឹងហើយ ដែលមានគ្រប់រសជាតិគ្រប់រឿង តែក៏មានមេរៀនអវិជ្ជមានពីអំពើហិង្សាផងដែរ។
យ៉ាងណាមិញវិធានការប្រឆាំងនឹងជំងឺកូវីដ១៩ គឺដូចជាបានរារាំងដល់សកម្មភាពចុះអប់រំសុខភាព និងអប់រំអំពើហិង្សាក្នុងគ្រួសារក៏ដូចជា អំពើហិង្សាផ្នែកយេនឌ័រ នៅតាមសហគមន៍ផ្ទាល់ ព្រោះមិនថាឡើយ អាជ្ញាធរមូលដ្ឋាន ឬក៏មន្ត្រីអង្គការសង្គមស៊ីវិលនោះទេគឺមិនបានចុះធ្វើសកម្មភាពតាមមូលដ្ឋានដូចពេលមុនឡើយ។ រីឯកងកម្លាំងសមត្ថកិច្ចវិញ ក៏រវល់នឹងរឿងកូវីដ១៩ហ្នឹងដែរ ហេតុដូច្នេះហើយទើបធ្វើជនល្មើសឆក់ឱកាសធ្វើសកម្មភាពប្រព្រឹត្តបទល្មើសផ្សេងៗបានដោយងាយនោះ។
ចំពោះដំណោះស្រាយបញ្ហាសង្គម និងសេដ្ឋកិច្ចរបស់រាជរដ្ឋាភិបាលក្នុងអំឡុងកូវីដ១៩ គឺបានតែ ១ ផ្នែកទេ តែបញ្ហាក្នុងគ្រួសារទាក់ទងផ្លូវចិត្ត ទាក់ទងនឹងសេដ្ឋកិច្ចគ្រួសារទាំងមូល គឺរងផលប៉ះពាល់ខ្លាំងណាស់ពីជំងឺកូវីដ១៩នេះ។ បញ្ហាអំពើហិង្សាដែលមានការកើនឡើងនេះមិនមែនមានតែនៅកម្ពុជានោះទេ ក៏ប៉ុន្តែនៅប្រទេសដទៃក៏ជួបនឹងបញ្ហាស្រដៀងគ្នានេះដែរ ខណៈពេលនៅផ្ទះជុំៗគ្នា ហើយឪពុក ឬម្តាយបាត់បង់ការងារ ជាហេតុធ្វើឲ្យបាត់ប្រាក់ចំណូល ស្របពេលដែលកូនពួកគាត់ខ្លះរៀនតាមអនឡាញ និងខ្លះមិនបានចូលសាលាជាដើមនោះ។
សរុបសេចក្ដីមក បញ្ហានៃអំពើហិង្សា និងឃាតកម្មដែលមានការកើនឡើងនេះ គឺទំនងជាមានទំនាក់ទំនងជាមួយនឹងការរីករាលដាលនៃជំងឺកូវីដ១៩។
ហេតុដូច្នេះការអន្តរាគមន៍ត្រូវតែដោះស្រាយតាមប្រទេសរៀងៗខ្លួន និងតាមផ្នែកនីមួយៗដែលអាចធ្វើបាន ឬក៏បញ្ជ្រាបទៅបាន តាមរយៈប្រព័ន្ធអប់រំលើអនឡាញ ការផ្តល់យោបល់វិជ្ជមានតាមសហគមន៍ក្តីតាមរយៈមេក្រូអមជាមួយនឹងវិធានការប្រឆាំងជំងឺកូវីដ ១៩ និងតាមបណ្តាញសង្គមហ្វេសប៊ុកជាជាងនៅស្ងៀមស្ងាត់។
ជាមួយនេះត្រូវរកវិធីសាស្ត្រលុបបំបាត់ការជេរបញ្ចោរគ្នាតាមបណ្តាញសង្គមហ្វេសប៊ុកដែលតែងកើតមានជារឿយៗដែលនេះក៏ជាឫសគល់នៃបញ្ហាហិង្សា និងឃាតកម្មផងដែរ។ រីឯការបង្កើនភ្លើងដោយប្រើប្រព័ន្ធសូឡាតាមផ្លូវតូចៗក្នុងសហគមន៍ក៏ជាដំណោះស្រាយមួយដែរជាពិសេសនៅខណ្ឌពោធិ៍សែនជ័យខណ្ឌដង្កោ និងខណ្ឌកំបូល រាជធានីភ្នំពេញដែលជាតំបន់រស់នៅមានលក្ខណៈចង្អៀតហើយងងឹតដែលជាផ្នែកមួយធ្វើឲ្យជនល្មើសអាចឆ្លៀតឱកាសប្រព្រឹត្តអំពើអបាយមុខ ហិង្សា និងរំលោភសេពសន្ថវៈ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com