គ្រាន់តែធ្វើការប៉ាន់ប្រមាណការចំណាយទៅលើគ្រោះមហន្តរាយដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុង ១ ឆ្នាំៗ ខាតបង់អស់ ៣៣៧ លានដុល្លារក្នុងឆ្នាំ (HIB,201-3)។
ការគណនានេះគឺសំដៅទៅលើវិបត្តិគ្រោះថ្នាក់ចរាចរណ៍កើតឡើងភ្លាមៗដែលត្រូវបាត់បង់ជាក់ស្តែងនៅក្នុងឆ្នាំនេះទេ តែមិនបានគិតគូរពីផលប៉ះពាល់រយៈពេលវែងដូចជាបញ្ហាធនធានមនុស្សដែលបានស្លាប់ ឬក៏វិកលចរិត ឬក៏ពិការភាព រយៈពេលវែងមិនអាចធ្វើការងារបានដែលបន្ទុកនោះ ធ្លាក់ទាំងស្រុងទៅលើក្រុមគ្រួសារ សាច់ញាតិ និងរដ្ឋ។
ជាក់ស្តែងគ្រោះថ្នាក់ចរាចរណ៍ ២ ករណីធំៗនៅក្នុងខែនេះគឺករណីគ្រោះថ្នាក់លើផ្លូវជាតិលេខ ៤ រវាងរថយន្តសម្តេចក្រុមព្រះនរោត្តម រណឫទិ្ធ ជាមួយនឹងអ្នករត់តាក់ស៊ីដែលបណ្តាលឲ្យព្រះអង្គរងរបួសធ្ងន់ និងអ្នកម្នាង អ៊ុក ផល្លា បានទទួលមរណភាពផងដែរ។
រីឯករណីគ្រោះថ្នាក់ចរាចរណ៍ដោយឡែកមួយទៀត គឺនៅលើផ្លូវជាតិលេខ ៣ ក្នុងខេត្តតាកែវកាលពីចុងសប្តាហ៍កន្លងទៅនេះគឺរថយន្តវ៉ែន ១២ កៅអី ដែលដឹកអ្នកដំណើរជាមន្ត្រីជាន់ខ្ពស់របស់អង្គការ Save the Children ដែលបានធ្វើដំណើរត្រឡប់ពីបេសកកម្មនៅខេត្តកែបវិញ។
ផ្អែកតាមរបាយការណ៍ប៉ូលិសខេត្តតាកែវដែលទទួលបានអ្នករួចពីស្លាប់នៅក្នុងឧប្បត្តិហេតុនេះ និងអ្នកភូមិបានឃើញផ្ទាល់ភ្នែកដែល ភ្នំពេញ ប៉ុស្តិ៍ ទទួលបានគឺមូលហេតុនៃគ្រោះថ្នាក់នោះគឺអ្នកបើកបរមានអាការងោក នៅពេលកំពុងបើកបរ ហើយស្លន់ជាន់ហ្វ្រាំង ប៉ុន្តែរថយន្តនៅតែរេចង្កូត ធ្លាក់ផ្លូវហើយក៏បានទៅបុកដើមស្វាយចំពាក់កណ្តាលរថយន្តតែម្តង។
ក្នុងនោះមានអ្នកស្លាប់ ៤ នាក់ដែលជាប្រធានកម្មវិធី និងបច្ចេកទេស និងទីប្រឹក្សាក្នុងនោះមានស្ត្រីជនជាតិអូស្ត្រាលីម្នាក់ផងដែរ និងមានអ្នករបួសធ្ងន់ និងស្រាល ១០ នាក់ផ្សេងទៀត។ ចំណែកឯអ្នកបើកបរបានដាក់មេប្រូចបាត់ស្រមោល។
ការស្លាប់នេះគឺជាការបាត់បង់ដ៏ធំធេងចំពោះធនធានមនុស្សដែលភាពជាសមាជិកក្នុងគ្រួសារ ភាពជាម្តាយ និងឪពុកកំពុងចូលរួមចំណែកយ៉ាងសកម្មក្នុងការអភិវឌ្ឍសង្គម។
ទម្រាំបណ្តុះបណ្តាលក្លាយជាអ្នកដឹកនាំដ៏ល្អគឺត្រូវប្រើរយៈពេលជាច្រើនឆ្នាំក្នុងនោះដែរក៏មានអ្នកធ្លាប់បានអាហារូបករណ៍ទៅសិក្សានៅបរទេសផងដែរ។ នៅមានអ្នករបួសធ្ងន់ខ្លះទៀតកំពុងតែព្យាបាលគឺប៉ះពាល់ក្បាល ស្រាំឆ្អឹងក ខ្លះគ្រាំនៅផ្នែកខាងក្នុងខ្លួននៅឡើយទេ។ បន្ទុកនេះគឺត្រូវធ្លាក់កាន់តែធ្ងន់មកលើក្រុមគ្រួសារផង អង្គការផងមកលើរដ្ឋាភិបាលផង ជាពិសេស ឬ ជនរងគ្រោះខ្លះនៅជាប់ជំពាក់បំណុលធនាគារផង។
ម្យ៉ាងវិញទៀតបញ្ហាគ្រោះថ្នាក់ចរាចរណ៍ធំៗបែបនេះមិនមែនជាលើកដំបូងនោះទេ ហេតុដូច្នេះហើយយុទ្ធនាការកាត់បន្ថយគ្រោះថ្នាក់ចរាចណ៍នេះ មិនមែនគ្រាន់តែមានច្បាប់ ប្រកាស ផ្សព្វផ្សាយ ឬក៏ស្រង់ទិន្នន័យចំនួនជនរងគ្រោះនោះគ្រប់គ្រាន់ទេ គឺត្រូវអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹងទៅលើអ្នកបើកបរតែម្តង ដើម្បីឲ្យមានស្មារតីភាពជាម្ចាស់ការ ចំពោះអាយុជីវិតខ្លួនឯង និងក្រុមគ្រួសារខ្លួនឯងផង និងការគិតគូរដល់អាយុជីវិតអ្នកដំណើរដែលពឹងផ្អែកទៅលើអ្នកបើកបរទាំងស្រុងផង។
ដូចកាលពីសប្តាហ៍មុនមានមតិមហាជនទូទៅបានសាទរចំពោះចំណាត់ការរបស់មន្ត្រីសមត្ថកិច្ចខេត្តកំពង់ចាមដែលបានចុះធ្វើការត្រួតពិនិត្យតាមផ្លូវ ដោយធ្វើតេស្តគ្រឿងញៀនទៅលើអ្នកបើកបរ និងព្រូឡានយ៉ាងហោចណាស់ ក៏រកឃើញ និងឃាត់ខ្លួនពួកគេបាន ២០ នាក់ ដែលមានសារធាតុញៀន។
ការចុះពិនិត្យដោយមិនបានឲ្យដំណឹងមុន (Spot check) នៅតាមផ្លូវក្នុងខេត្តកំពង់ចាមនេះគឺជាចំណុចល្អ និងជាមេរៀនសម្រាប់សមត្ថកិច្ចខេត្តផ្សេងៗទៀតគួរតែធ្វើដូចនេះជាគំរូ និងផាកពិន័យឲ្យធ្ងន់ធ្ងរ ចំពោះពួកគេ និងក្រុមហ៊ុនពួកគេផងដែរ។
ជាងនេះទៅទៀតការចុះត្រួតពិនិត្យនេះគួរតែបន្តធ្វើឲ្យបានជាប់លាប់បានអ្នកបើករថយន្តរាងចាលហើយលុបបំបាត់វប្បធម៌អន្តរាគមន៍ពីអ្នកធំៗ ឬក៏ឧកញ៉ានេះឧកញ៉ានោះឲ្យខាងតែបាន។ កុំធ្វើដូចការត្រួតពិនិត្យដោយបាញ់ល្បឿនរថយន្តបើកបរលើសពីការកំណត់នោះ បានតែមួយឆាវហើយមកដល់ពេលនេះស្ងាត់ច្រៀបលែងឮការផាកពិន័យចំពោះការបើកលើសល្បឿននោះ។
ចំណុចនេះ គួរតែលើកយកមកអនុវត្តឡើងវិញ ហើយដូរទីតាំងធ្វើ Spot check ពិនិត្យល្បឿនផង បើមិនដូច្នេះទេ អ្នកបើកបរខ្លះដឹងថានៅកន្លែងនេះធ្លាប់ផាកពួកគេក៏បន្ថយល្បឿនមកវិញ តែផុតពីហ្នឹងបើកលឿនដដែល។
កន្លងមកក្រុមហ៊ុនរថយន្តបឺសខ្លះបានដាក់ GPS ដើម្បីវាស់ល្បឿនរបស់អ្នកបើកបរបាន បើហ៊ានបើកលើសល្បឿនគឺថៅកែទូរស័ព្ទស្តីឲ្យភ្លាម អ៊ីចឹងពួកគេមិនហ៊ានទេ។ តែសម្រាប់អ្នកបើកបរតាក់ស៊ី ឬក៏អ្នកបើកបរមានរថយន្តឈ្នួលផ្ទាល់ខ្លួនតើមាននរណាមកដាក់ GPS ពិនិត្យពួកគេបាន? អ៊ីចឹងហើយគឺមានតែសមត្ថកិច្ចហ្នឹងហើយជាអ្នកត្រួតពិនិត្យតាមដងផ្លូវ និងអ្នកធ្វើដំណើរជាមួយក្នុងរថយន្តហ្នឹងហើយជាអ្នកប្រាប់អ្នកបើកបរឲ្យបន្ថយល្បឿននោះ។
មិនត្រូវខ្លាចចិត្តអ្នកបើកបរនោះទេនៅពេលឃើញអ្នកបើកបរនោះ បើកក្នុងល្បឿនលឿន ឬមានការធ្វេសប្រហែសពីព្រោះអ្នកដំណើរបានជួលត្រឹមត្រូវ អ៊ីចឹងពួកគេមានសិទ្ធិជួយត្រួតពិនិត្យល្បឿនរបស់អ្នកបើកផងដែរ មិនមែនចេះតែឲ្យអ្នកបើកបរធ្វើអ្វីស្រេចតែចិត្តនោះទេ។
ជាពិសេស នៅពេលដែលឃើញអ្នកបើកបរមានអាការធេងធោង ឬក៏ងោកគឺអ្នកដំណើរត្រូវស្នើសុំឲ្យគាត់ឈប់សម្រាកចូលហាងហូបអាហារសម្រន់ ដើម្បីឲ្យអ្នកបើកបរអាចដេកបិទភ្នែកបានពី ១០ ទៅ ១៥ នាទីឲ្យគាត់ស្វាងបន្តិច ឬក៏បើអាចមានការផ្លាស់ប្តូរអ្នកបើកបរឲ្យគាត់សម្រាកសិន សឹមឲ្យគាត់បន្តបើករថយន្តទៅមុខទៀត។ ការធ្វើដូច្នេះវាខាតពេលបន្តិច តែវាមានសុវត្ថិភាពច្រើនជាង។
ម្យ៉ាងទៀតអ្នកដំណើរគួរតែផ្តល់យោបល់ទៅអ្នកបើកបរដែលធ្លាប់តែមោទនភាព ចំពោះការបើកបររបស់ខ្លួនថាគាត់បើកបរច្បាស់នៅលើផ្លូវហ្នឹងក៏ដោយ ឬក៏ឲ្យគាត់ឈប់សម្រាកនៅលើឡាន ឬកន្លែងក្បែររថយន្តនៅពេលអ្នកដំណើរជាមួយគេត្រូវចុះធ្វើការដូចជាយកព័ត៌មានចុះស្រាវជ្រាវ ថតកុន ឬក៏ធ្វើសម្ភាសន៍ថតឯកសារជាដើមមានន័យថាពេលគាត់ធ្វើការបើកបរឲ្យគេសម្រាក តែពេលគេធ្វើការឲ្យគាត់សម្រាកវិញម្តង។
ករណីនេះខ្ញុំធ្លាប់ជួបប្រទះរួចហើយ ខ្ញុំតែងតែប្រាប់អ្នកបើកបរជារឿយៗឲ្យគាត់សម្រាកនៅក្បែរឡានយកកម្លាំងផង និងមើលអីវ៉ាន់ដែលទុកក្នុងឡានផង។ ជួនកាលគាត់ដើរមកមើលគេថតឯកសារ ឬក៏មកឈរមើលគេសម្ភាសដែរ ពេលខ្លះគាត់ឆ្លើយមកវិញថា ទុកអីវ៉ាន់នៅទីនេះគ្មាននរណាយកទេ។
ខ្ញុំឆ្លើយតបទៅអ្នកបើកបរវិញថា រឿងបាត់លុយអាចរកបាន តែបាត់ឯកសារសំខាន់ខ្លះទៅរកឯណាបាន? ដំណោះស្រាយពេលនោះគឺខ្ញុំសម្រេចលើកក្រោយគឺឈប់ជួលឡានគាត់ទៀតទៅ គឺស៊ើបសួរមិត្តភក្តិស្គាល់អ្នកបើកបរដែលមានវិជ្ជាជីវៈត្រឹមត្រូវ មានការទទួលខុសត្រូវវិញ។
បញ្ហានេះគឺអ្នកបើកបរខ្លះគាត់យល់ពីកាតព្វកិច្ចរបស់គាត់ និងការទទួលខុសត្រូវរបស់គាត់ផងដែរ គឺគាត់ចេះលៃលករកពេលសម្រាកផ្ទាល់ខ្លួន ដើម្បីកុំឲ្យបើកបររួយភ្នែកពិបាកបើកបរ ហើយមិនហ៊ានហូបស្រាទេ។
រីឯបញ្ហាមួយទៀតគឺរឿងរថយន្តតទ្រុងដែលលោកនាយរដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យកាត់កាលពីពេលថ្មីៗនេះ តែឥឡូវនៅឃើញរថយន្តតទ្រុងតកន្ទុយនៅវែងៗដដែលគឺមន្ត្រីអនុវត្តច្បាប់ថ្នាក់ក្រោមហាក់បីដូចជាអនុវត្តបានតែមួយភ្លើងចំបើងប៉ុណ្ណោះ។ ហេតុអ្វីបានអនុវត្តបញ្ហានេះមិនបាន?
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com