
ឡានដឹកទំនិញធ្វើឲ្យបាក់ស្ពាននៅខេត្តកំពង់ឆ្នាំងពីឆ្នាំមុន។ សហការី
ពី ១ ថ្ងៃទៅ ១ ថ្ងៃ យានយន្ត នាំចូលចេះតែកើនឡើង រីឯ ផ្លូវជាតិភាគច្រើនទំហំទទឹងនៅដដែល បើទោះបីជាផ្លូវជាតិខ្លះ មានការជួសជុលធ្វើជាប់រហូត។ ផ្លូវជាតិដែលចាំបាច់ជាងគេគឺ ផ្លូវជាតិលេខ ៤ ពីភ្នំពេញទៅផែព្រះសីហនុ ដែលមានទំហំតូច មានរថយន្តធំៗ រថយន្តកុងតឺន័រធំៗ និងមានចំណោតតាមជ្រលងភ្នំជាច្រើន ហើយគ្រោះថ្នាក់ជាងគេ គួរតែផ្តល់អាទិភាពពង្រីកមុនគេ តែក្រសួងសាធារណការ និងដឹកជញ្ជូនទើបតែប្រកាសចាប់ផ្តើមធ្វើផ្លូវជាតិសម្រាប់ល្បឿនលឿនមួយទៀតនៅឆ្នាំនេះទេ។
រីឯផ្លូវរថភ្លើង ដាក់ឲ្យដំណើរការហើយផ្លូវពីភ្នំពេញទៅកំពង់សោមតែក្រសួងនេះ និងក្រុមហ៊ុន Toll Royal Railway មិនបានផ្សព្វផ្សាយឲ្យបានទូលំទូលាយ នូវសេវារថភ្លើង ២ ខ្សែរបស់ខ្លួន ពីភ្នំពេញទៅប៉ោយប៉ែត និងភ្នំពេញទៅខេត្តព្រះសីហនុតាំងពីដើមឆ្នាំ ២០១៧ ដែលផ្តល់សេវាដឹកជញ្ជូនអ្នកដំណើរ និងទំនិញ ដើម្បីកាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ធំៗនោះទេ។
ដោយសារសេវារថភ្លើង មិនមានដំណើរការល្អនិងការសាងសង់ផ្លូវល្បឿនលឿនថ្មីនេះមានការរង់ចាំយឺតយ៉ាវទើបបានជាការធ្វើដំណើរនិងការដឹកជញ្ជូន មានការមមាញឹកខ្លាំង នៅលើផ្លូវជាតិលេខ ៤ នេះ។
ជារឿយៗគ្រោះថ្នាក់ចរាចរណ៍ តែងតែកើតមានឡើង មិនថាយប់ ឬក៏ថ្ងៃនោះទេ ព្រោះម្នាក់ៗ បើកបរភាគច្រើនសុទ្ធតែប្រញាប់វ៉ាប្រជែងគ្នាដែលផ្លូវជាតិក៏តូចផង និងមានរោងចក្រនៅតាមផ្លូវក៏ច្រើនជាងគេទៀត។
កាលពីសប្តាហ៍កន្លងទៅ មានគ្រោះថ្នាក់ចរាចរណ៍ដ៏ធំមួយដែលរថយន្តដឹកថ្ម ១ គ្រឿងចុះចំណោតដាច់ ហ្រ្វាំង ទៅបុករះរថយន្តផ្សេងទៀតជាង ២០ គ្រឿង បណ្តាលឲ្យមនុស្សស្លាប់ម្នាក់ របួសធ្ងន់ ៨ នាក់ និងមានអ្នករបួសស្រាលមួយចំនួនទៀត។ បើមើលទៅទិដ្ឋភាពនៃគ្រោះថ្នាក់នេះ បើទោះបីជាមិនគ្រោះថ្នាក់ដល់អាយុជីវិតមនុស្សច្រើនក្តីក៏ម្ចាស់រថយន្តមានការស្តាយរថយន្តរបស់ខ្លួនដែលរងការខូចខាតទ្រង់ទ្រាយធំដែរ ឡានតូចខ្លះឡើងរមូរចូលគ្នា រួញកែលែងកើត ខ្លះខូចមួយចំហៀងពេញតែម្តង មកដល់ពេលនេះ មិនទាន់ដឹងថា ក្រុមហ៊ុនដឹកថ្មនោះ សងសំណងខូចខាតយ៉ាងណានោះទេរីឯអ្នកបើកបរឡានដឹកថ្មបើកទ្វារដាក់មេប្រូចបាត់។
ម្យ៉ាងវិញទៀត ឃើញធ្វើតែមួយប្រាវនៅពេលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែនបានប្រកាសរឿងការបង្ក្រាបរថយន្តកាត់ត ទ្រុងបន្ថែមឡើងលើផង និងតឲ្យ បានវែងផងហួសស្តង់ដារកំណត់របស់ក្រសួងសាធារណការ និងដឹកជញ្ជូនផង ហើយក៏នៅតែឃើញរថយន្តធំៗតទ្រុង នៅតែបើកបរពេញតែផ្លូវជាតិដដែលហើយផ្លូវថ្នល់ខូចជាង គេក៏ដោយសារតែរថយន្តដឹកទំនិញលើសកំណត់ពេលខ្លះរថយន្តដឹកទំនិញតទ្រុងវែងពេកហើយដឹកលើសចំណុះក៏ធ្វើឲ្យបាក់ស្ពានផងដែរ។
កាលពីខែវិច្ឆិកា ឆ្នាំ២០១៨ ថ្មីៗកន្លងមកនេះ ស្ពានជីប្រង ដែលស្ថិតនៅឃុំខ្លុងពពក ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំងត្រូវបានបាក់ដោយសាររថយន្តតទ្រុង។ សឹងតែរឿងធម្មតារបស់ពួកអ្នកបើកបរឡានដឹកទំនិញតទ្រុង និង កុងតឺន័រធំៗគឺបើកបរអាងតែរថយន្តរបស់ខ្លួនធំជាងគឺមិនសូវគិតគូរពីជីវិតអ្នកបើកបរដទៃទៀត ដែលធ្វើដំណើរតាមផ្លូវដូចគ្នានោះ ទេបើកយកតែឈ្នះដៃ ហើយនៅ ពេលដែលប៉ះពារ ឬក៏បុកគេ គឺដឹងតែបើកទ្វាររត់ចោលឡានយក រួចខ្លួនបាត់ហើយគ្មានក្រមសីលធម៌ នោះទេ។
រីឯរថយន្តតទ្រុងខ្លះយកទៅដឹកធុងកុងតឺន័រទៅវិញរឹតតែខុសស្តង់ដារទៅទៀតពីព្រោះ វាធ្វើឲ្យងាយកើតមានគ្រោះថ្នាក់ជាងគេពេលឡើងស្ពាន គឺធុងកុងតឺន័ររអិលធ្លាក់ចុះមកក្រោម។
បើតាមស្តង់ដារអន្តរជាតិ (ISO) ពាក្យថា «កុងតឺន័រ» មានន័យជាយាន (ធុង) សម្រាប់ថ្ពក់ជាមួយក្បាលរថយន្តដែលមានប្រវែង ៣ កម្រិតគឺ៤៥ ហ្វីត (១៣,៧១ ម៉ែត្រ) ៤៨ ហ្វីត (១៤,៦៣ ម៉ែត្រ)និង ៥៣ ហ្វីត (១៦,១៥ ម៉ែត្រ) មិនគិតទាំងក្បាលរថយន្តទេ បើតក្បាលទៀតឡើងដល់ ១៨ ម៉ែត្រ ឬក៏ ១៩ ម៉ែត្រ រីឯ «សឺមីកុងតឺន័រ» គឺវែងបំផុតត្រឹមតែ ៤០ ហ្វីតទេ។ តែនៅក្នុងច្បាប់ចរាចរណ៍ជាតិវិញ គឺពាក្យថា «រ៉ឺម៉ក» មានន័យជាយានសម្រាប់ថ្ពក់ជាមួយរថយន្តតែម្តង (ដូចឡានកាម៉ាសសណ្តោងកន្ទុយខាងក្រោយ ១ ទៀត) រីឯពាក្យថា «សឺមីរ៉ឺម៉ក» មានន័យជាយានសម្រាប់ថ្ពក់ជាប់ជាមួយក្បាលរថយន្តសណ្តោង (ដូចឡានកុងតឺន័រ)។
សរុបមកវិញ នៅពេលដែលក្រុមហ៊ុនដែលប្រើរថយន្តធុនធ្ងន់តទ្រុងនិងកុងតឺន័រខុសខ្នាតនេះ គឺបានផលប្រយោជន៍មកក្រុមហ៊ុនដឹកជញ្ជូនចំណេញដឹកបានច្រើន។ តែរថយន្តធុនធ្ងន់ខុសខ្នាតទាំងនោះ ធ្វើឲ្យមានផលប៉ះពាល់គឺងាយនឹងខូចផ្លូវថ្នល់និងស្ពានសាធារណៈដែលបានមកពីការប្រមូលពន្ធពីប្រជាពលរដ្ឋទាំងអស់គ្នា និងកម្ចីពីបរទេសមកសាងសង់ ថែទាំនិងជួសជុល។ ម្យ៉ាងវិញទៀត រថយន្តតទ្រុងហ្នឹង វែងពេកបើកទើសផ្លូវពិបាកវ៉ាផង និងងាយគ្រោះថ្នាក់ពេលដឹកទំនិញ ថ្ម ស៊ីម៉ងត៍ឬក៏ដីធ្ងន់ៗពេក លើសកម្លាំងធ្វើឲ្យ ហ្រ្វាំងងាយនឹងដាច់ពេលកំពុងបើកបរ។
ប្រសិនបើគ្រោះថ្នាក់ចរាចរណ៍ នៅតែមានទ្រង់ទ្រាយធំបែបនេះ គឺមិនបានជួយធ្វើឲ្យអត្រាស្លាប់ដោយសារគ្រោះថា្នក់ចរាចរណ៍ ៦ នាក់ក្នុង ១ ថ្ងៃ មានការធ្លាក់ចុះនោះទេ។ នេះជាការប៉ាន់ប្រមាណរបស់រដ្ឋាភិបាលបច្ចុប្បន្ន ហើយក៏មិនបានធ្វើឲ្យការចំណាយទៅលើគ្រោះមហន្តរាយដោយសារគ្រោះថ្នាក់ចរាចរណ៍នៅទូទាំងប្រទេសក្នុងមួយឆ្នាំៗខាតបង់អស់ ៣៣៧ លានដុល្លារក្នុងឆ្នាំ (HIB, 2013) ថយចុះនោះដែរ។
ហេតុដូចនេះ ទី១) រាជរដ្ឋាភិបាលគួរតែរ៉ូតរះ ទៅតាមផែនការសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុ និងគួរតែបញ្ចប់រថយន្តតទ្រុងខុសបច្ចេកទេស និងរថយន្តដែលចាស់ៗពុកផុយពេក កុំឲ្យបើកនៅលើផ្លូវទៀត។
ទី២) ក្រុមហ៊ុនដែលមានរថយន្តធំៗ និងកុងតឺន័រ គួរអប់រំអ្នកបើកបររបស់ខ្លួនតាំងពីចូលធ្វើការ ឲ្យយល់អំពីគុណធម៌ ភាពជាមនុស្សគិតគូរពីអាយុជីវិតអ្នកបើកបរដទៃទៀត មិនមែនអាងតែបើកឡានធំៗ បើកកាងពេញផ្លូវនោះទេ។ ជាពិសេសក្នុងករណីរថយន្តដាច់ ហ្រ្វាំងដោយអចេតនា គឺមានតែទាញចង្កូតបត់គេចពីគេឯងឲ្យខាងតែបាន ពោលគឺដូចករណីខាងលើ អ្នកបើកបរបួងចង្កូតចេញពីថ្នល់ខាងស្តាំដៃឲ្យអស់ មិនមែនបើកព្រលែងបុករះគេឯងពេញផ្លូវធ្វើឲ្យគ្រោះថ្នាក់រហូតដល់ ២០ ទៅ ៣០ រថយន្ត ហើយបើកទ្វាររថយន្តរត់បាត់នោះទេ។
ទី៣) ក្រុមហ៊ុន Toll Royal Railway ផ្សព្វផ្សាយលើកកម្ពស់ឲ្យក្រុមហ៊ុនប្រើប្រាស់រថភ្លើងដឹកទំនិញឲ្យបានច្រើនហើយមានតម្លៃថោកទៀតផង។ ទី៤) បើមិនចាំបាច់ណាស់ណាទេ អ្នកបើកបរគួរតែបើក វាងពីភ្នំពេញទៅតាមខេត្តកំពតហើយឆ្លងចូលផ្លូវកាត់ព្រៃនប់ឆ្ពោះទៅខេត្តព្រះសីហនុវិញ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com