បើទោះបីជាក្រុមបាល់ទាត់ជម្រើសជាតិកម្ពុជាបានឈ្នះលើក្រុមជម្រើសជាតិឡាវនៃការប្រកួត AFF SUZUKI CUP 2018 ជាមួយលទ្ធផល ៣ ទល់នឹង ១ ក្នុងទឹកដីខ្លួនឯងនៅស្តាតអូឡាំពិកកាលពីថ្ងៃទី ២០ ខែវិច្ឆិកាកន្លងទៅនេះក៏ដោយ ក៏ចំនួនទស្សនិកជនដែលចូលមកទស្សនាមានចំនួនតែ ២៥ ០០០ នាក់ទេ។ ចំនួនទស្សនិកជននេះមានការធ្លាក់ចុះជិតពាក់កណ្តាលបើប្រៀបធៀបកាលពីឆ្នាំ ២០១៥ ដែលអ្នកទស្សនាភ្លូកទឹកភ្លូកដីដល់ចំនួន ៤៤០០០ នាក់លំដាប់លេខ ២ ប្រចាំអាស៊ីបន្ទាប់ពីប្រទេសជប៉ុន (the-afc.com)។
បើតាមបទពិសោធរបស់ខ្ញុំដែលចូលចិត្តទស្សនាផ្ទាល់ និងវិភាគបាល់ទាត់កម្រិតជាតិ និងអន្តរជាតិជិត ៣០ ឆ្នាំមកហើយគឺមានហេតុផល ៥ ចម្បងៗ បណ្តាលឲ្យទស្សនិកជនធ្លាក់ចុះដែលតម្រូវធ្វើយ៉ាងណាឲ្យប្រសើរឡើងវិញ៖
១- សហព័ន្ធកីឡាបាល់ទាត់កម្ពុជា បានធ្វើកំណែទម្រង់បានល្អចំណុចមួយចំនួនដូចជា ការបង្កើតគណៈកម្មការប្រកួតបាល់ទាត់ជាតិកម្ពុជា សណ្តាប់ធ្នាប់ សន្តិសុខ គណៈកម្មការវិន័យ ការរៀបចំអាជ្ញាកណ្តាល ការអនុវត្តច្បាប់ឆ្លើយតបនឹង AFC-FIFA និងមានទំនាក់ទំនងល្អជាមួយ AFC-FIFA ជាដើម។
ប៉ុន្តែនៅមានចំណុចខ្លះដោះស្រាយចំពោះបណ្តឹង ឬក៏ដាក់បន្ទុកមកលើក្លិប គ្រូបង្វឹក និងកីឡាករហាក់បីដូចជានៅមានការយឺតយ៉ាវ ការពិន័យ ការឆ្លើយតប និងការផ្សព្វផ្សាយអំពីច្បាប់នានារបស់ FIFA។ ពេលខ្លះមើលទៅសហព័ន្ធហាក់ដូចជាមិនមានមន្ត្រីធ្វើការគ្រប់គ្រាន់អ៊ីចឹង។
ជួនកាលដោយសារមានគំនិតទោរទន់ទៅចំពោះអ្នកគាំទ្រខ្លះដែលមិនសូវចេះមើលបាល់ទេ តែធ្វើការរិះគន់បញ្ហានេះដោយមិនសមហេតុសមផលដូចជាការរិះគន់ឲ្យបញ្ឈប់កិច្ចសន្យាលោកគ្រូ Leonardo Vitorino ដែលជាជនជាតិប្រេស៊ីលបង្ហាត់ជម្រើសជាតិ ដោយសារចាញ់ច្រើនគ្រាប់នៅវៀតណាម។
សម្រាប់ខ្ញុំវិញ ខ្ញុំគិតថាលោកគ្រូ Leonardo មានសមត្ថភាពគ្រប់គ្រាន់ ហើយប្លង់ និងទម្រង់លេងនៅលើទីលានប្រកួតស្មើខាងលើស្មើខាងក្រោមល្អដោយគាត់ហ៊ានលេងសាកល្បងផ្លាស់ប្តូរគំនិតកីឡាករឲ្យចេះបង្កើតឱកាសប្រយុទ្ធរកគ្រាប់បាល់ឲ្យបានច្រើនពោលគឺមិនឲ្យលេងទប់ ហើយចាំតែវាយបកលើគូប្រកួតវិញដូចលោកគ្រូមុនៗនោះទេ។ អ្នកដែលទស្សនាបាល់ទាត់ជាប្រចាំបានយល់ ហើយក៏គាំទ្រទម្រង់លេងលោកគ្រូ Leonardo ផងដែរ។ ចំណុចនេះគឺសហព័ន្ធគួរមានជំហររឹងប៉ឹងខ្លួនឯងផង។
២- គណៈកម្មការប្រកួតបាល់ទាត់កម្ពុជា (CNCC) ការធ្លាក់ចុះនៃអ្នកទស្សនាកម្រិតថ្នាក់ជាតិនេះក៏មកពីការមិនចាប់អារម្មណ៍ ការលេងក្នុងលីកក្នុងស្រុក (Cambodian Metphone Leagues) ដែលរៀបចំដោយគណៈកម្មការមានការផ្លាស់ប្តូរប្រព័ន្ធប្រកួតញឹកញាប់ពេក ម្តងលេងយកពិន្ទុខ្ពស់ជាងគេពេលចប់ចំនួនប្រកួតយកពានម្តងលេង Play-Off។ អ៊ីចឹងហើយគួរតែកំណត់យកប្រព័ន្ធណាមួយដែលនិយមជាងគេ ហើយប្រើរយៈពេលវែងប្រសើរជាង។
៣- អាជ្ញាកណ្តាល កន្លងមកសឹងតែរាល់ការប្រកួតម្តងៗ ក្លិបដែលចាញ់តែងតែបន្ទោសទៅលើអាជ្ញាកណ្តាលថាពិន័យខុសនេះ ខុសនោះអ៊ីចឹងហើយ ការគ្រប់គ្រងអាជ្ញាកណ្តាល គណៈកម្មការ CNCC គួរតែចាក់មើលការអនុវត្តរបស់អាជ្ញាកណ្តាល នៅពេលចាប់មិនច្បាស់ ធ្វើឲ្យមានបញ្ហាម្តងៗកុំឲ្យកើតមានលើកក្រោយទៀត ឬក៏កុំឲ្យមានភាពលម្អៀង។
ចំណុចដាច់ខាតរបស់អាជ្ញាកណ្តាលនោះគឺការគ្រប់គ្រង និងអន្តរាគមន៍ឲ្យទាន់ពេលវេលាកុំឲ្យកើតមានកីឡាករដេញវ៉ៃគ្នារត់ពេញតារាងបាល់ទាត់ដូចការប្រកួតរវាងក្លិបខេត្តស្វាយរៀង និងកងទ័ពកាលពីរដូវកាលមុនគឺមើលទៅអាក្រក់ណាស់។
៤- ប្រធានក្លិប អ្នកចាត់ការ និងគ្រូបង្វឹកខ្លះ មិនមានការយល់ដឹងអំពីច្បាប់ទម្លាប់ឲ្យបានគ្រប់គ្រាន់ពេលខ្លះការប្រើភាសាមិនសមរម្យ ឬក៏ញុះញង់កីឡាករឲ្យមានហិង្សានៅលើទីលានក៏មាន បើមិនដូច្នេះទេគឺបង្ហោះសារតាមបណ្តាញសង្គមហ្វេសប៊ុកវាយប្រហារមកលើសហព័ន្ធ ឬក៏សរសេរដៀមដាមឲ្យ អាជ្ញាកណ្តាល ឬក៏ក្លិបផ្សេងៗដែលជាគូប្រជែងរបស់ខ្លួននៅក្នង Leagues។
ចំណុចនេះសហព័ន្ធគួរតែស៊ើបអង្កេតហើយកំណត់អត្តសញ្ញាជាក់ស្តែង ហើយពិន័យឲ្យកាន់តែធ្ងន់ធ្ងរចំពោះក្លិបណាដែលមិនអនុវត្តតាម។ ព័ត៌មានថ្មីៗមានក្លិប ២ កំពុងតែវិវាទគ្នារឿងទិញកីឡាករ ៥ រូប រវាងក្លិបវិសាខា និងក្លិបភ្នំពេញក្រោន ហើយក្លិបទាំង ២ នេះកំពុងតែមានអំណេះអំណាងរៀងៗខ្លួន តែសហព័ន្ធមិនទាន់ចេញដំណោះស្រាយនៅឡើយទេ។
បើតាមក្លិបវិសាខាប្រារព្ធពិធីប្រកាសតែងតាំងប្រធានថ្មី និងកីឡាកររបស់ខ្លួន កាលពីសប្តាហ៍មុននេះក្នុងនោះមាន ៥ នាក់ដែលចេញពីក្លិបភ្នំពេញក្រោន ហើយអ្នកចាត់ការក្លិបអះអាងថាកុងត្រារបស់អ្នកទាំង ៥ នាក់នោះគឺចប់ហើយ។
រីឯក្លិបភ្នំពេញក្រោនវិញក៏ចេញសេចក្តីថ្លែងការណ៍ថានឹងដកខ្លួនចេញពីលីកកំពូល បើគ្មានសំណងសមរម្យដោយក្លិបអះអាងថា បានខិតខំបណ្តុះយុវជនថ្នាល និងការចំណាយផ្សេងៗទៅលើកីឡាករ ស៊ិន កក្កដា, អ៊ិន សុដាវីត, អ៊ុក សុវណ្ណ, គឹម ឆៃយ៉ា និង កែន ចាន់សុភកិ្ដ ដែលទើបទៅរួមរស់ជាមួយក្លិបវិសាខាគឺក្នុងរយៈពេលបណ្តុះបណ្តាលជាង ៥ ឆ្នាំនេះ ភ្នំពេញក្រោន បានចំណាយទៅលើពួកគេទាំងការបង់ថ្លៃសាលារៀន ការស្នាក់នៅ ការហូបចុក ការហ្វឹកហាត់ សំបុត្រយន្តហោះធ្វើដំណើរក្នុងពេលបោះជំរំហ្វឹកហាត់នានាក៏ដូចជាការប្រកួតអន្តរជាតិផ្សេងៗរួមទាំងសេវាសុខភាពផងដែរ។
បើតាមច្បាប់របស់ FIFA សម្រាប់ក្លិបអាជីពបាល់ទាត់នៅលើពិភពលោកក្នុងការដោះដូរកីឡាករ (Regulations on the Status and Transfer of Players) ដែលមានចែងច្បាស់ដូចជាមានមាត្រាអ្នកទី ៣ ចូលចែចូវ និងការចេញថ្លៃសំណង។ ប្រសិនដូចភ្នំពេញក្រោនលើកឡើងសម្រាប់កីឡាករ ៥ នាក់ដែលមានអាយុក្រោម ២៣ ឆ្នាំនោះគឺឆ្លើយតបទៅនឹងច្បាប់របស់ FIFA នេះ ទាំងស្រុងសម្រាប់ការបណ្តុះបណ្តាលថ្នាលអាយុក្រោមពី ១២ ទៅ ២៣ ឆ្នាំ។
ករណីនេះសហព័ន្ធគួរតែហ៊ានចេញមុខអារកាត់ផ្អែកទៅលើច្បាប់ ដើម្បីដោះស្រាយមន្ទិលសង្ស័យពីទស្សនិកជន បើមិនដូចច្នេះទេមានអ្នកគាំទ្របាល់ទាត់មួយចំនួនប្រកាសតាមគណនីហ្វេសប៊ុកនឹងមិនមើលបាល់ទាត់លីកក្នុងស្រុកតែម្តង។
ចំណុច ១ ទៀតក្លិបនីមួយៗមានលុយទិញកីឡាករហើយក៏ដោយ តែគួរតែមានក្រមសីលធម៌ ដោយមានការគោរពគ្នាខ្លះផងប្រសិនបើទិញកីឡាករក្លិបមួយម្តង កីឡាករជម្រើស ១១ នាក់ដំបូង កន្លះតារាងហើយតើឲ្យក្លិបហ្នឹងមានកីឡាករមកពីណាលេងទៀត? បើក្លិបនៅអន្តរជាតិក៏គេមិនទិញម្តង ៥ នាក់អ៊ីចឹងដែរយ៉ាងច្រើន ២ នាក់ហើយមានកិច្ចព្រមព្រៀងរវាងក្លិប និងក្លិបផងដែរ។
បញ្ហានេះសហព័ន្ធគួរតែលើកទឹកចិត្តដល់ក្លិបទាំងសងខាងឲ្យអង្គុយចុះហត្ថលេខាជាមួយគ្នាក្នុងការដោះដូរកីឡាករជាជាងលួចទិញគ្នាដោយលួចលាក់ ឬក៏លួចចែចូវមុនចប់កុងត្រា ដូចជាការឲ្យលុយចាយខ្លះមុនដូចពាក្យចចាមអារ៉ាម ជាដើម។
៥- រឿងកីឡាករខ្មែរយើងឥឡូវឲ្យតែរាងឡើងជើងល្បីតែបន្តិចចាប់ផ្តើមចេញចរិតតួឯកហើយគឺកាច់រាង ទារឡើងថ្លៃ តម្លៃខ្លួន ប្រាក់ខែ ដើរលេង ផឹកស៊ីតាមក្លិបរាត្រី ពួកម៉ាកគូកនមិនចេះខ្វះ និងលេងហ្វេសប៊ុកខានដេកខានពួនអស់ហើយ។ ចំណុចនេះគឺពេលខ្លះពួកគាត់ភ្លេចខ្លួនថា ពួកគាត់ប្រើថាមពលខ្លាំងក្នុងការសម្តែង បើគិតតែផឹក ចុះផឹកឡើងដុះក្បាលពោះរត់លែងរួចល្មម។
ក្លិបគួរតែបន្ថែមការគ្រប់គ្រងចំពោះឥរិយាបថពួកគេ ជាងនេះទៅទៀតគឺក្លិបគួរតែបញ្ឈប់អនុញ្ញាតឲ្យកីឡាករទៅថតកុន ដើម្បីលុយនោះទៅព្រោះពួកគេមិនមានពេលគ្រប់គ្រាន់ក្នុងការហ្វឹកហាត់ជាក្រុមបាននោះទេ៕
ចូលរួមផ្តល់យោបល់តាមរយៈ soprach.tong@phnompenhpost.com