ភ្នំពេញ: ក្មេងប្រុស អាយុ ១៣ ឆ្នាំម្នាក់បានយកពូថៅកាប់ទៅលើបងស្រីបង្កើតដែលមានផ្ទៃពោះ ៨ ខែរហូតដល់ស្លាប់ដោយប៉ុនប៉ងយកលុយពីបងស្រីរបស់គេកាលពីចុងសប្ដាហ៍កន្លងមកនេះ មិនត្រូវបានចោទប្រកាន់ដោយតុលាការនោះទេ ព្រោះតែមិនទាន់គ្រប់អាយុ។
អំពើមនុស្សឃាតនេះបានកើតឡើងកាលពីថ្ងៃទី ២៩ ខែធ្នូ ឆ្នាំ ២០១៧ នៅភូមិសួនស្លា ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង រីឯក្មេងប្រុសដែលជាជនដៃដល់ ត្រូវអយ្យការអមសាលាដំបូងខេត្ត បាត់ដំបង ប្រគល់ឲ្យទៅមន្ទីរសង្គមកិច្ចខេត្តទទួលខុសត្រូវ ដោយសារជនដៃដល់មិនទាន់គ្រប់អាយុត្រូវជាប់ពន្ធនាគារ។
លោក ជេត វណ្ណនី ស្នងការរងផ្នែកព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត បាត់ដំបង បានថ្លែង កាលពីម្សិលមិញ ថា៖ «ក្មេងប្រុសដៃដល់នោះត្រូវតុលាការប្រគល់ឲ្យទៅខាងមន្ទីរសង្គមកិច្ចខេត្តហើយ ដើម្បីយកទៅអប់រំព្រោះតុលាការយល់ឃើញថាក្មេងនោះមានអាយុទើបតែ១៣ឆ្នាំ។ ក្មេងនោះពិតជាបានសម្លាប់បងស្រីរបស់ខ្លួនពិតមែន»។
លោកមី គឹមសាន្ត អធិការរងផ្នែកព្រហ្មទណ្ឌស្រុក បវេល បញ្ជាក់ថា ក្មេងបង្កហេតុឈ្មោះហួន រាហ៊ូភេទប្រុសអាយុ ១៣ ឆ្នាំហើយបើតាមសំបុត្រកំណើតគឺនៅខ្វះ ៧ ខែទៀតទើបគ្រប់ អាយុ ១៤ ឆ្នាំ។ ឯបងស្រីបង្កើតរងគ្រោះឈ្មោះ ហួន រ៉ានី អាយុ ៣២ ឆ្នាំរស់នៅភូមិឃុំកើតហេតុជាមួយគ្នា។
កម្លាំងបានចុះដល់កន្លែងកើតហេតុឃើញស្រ្តីរងគ្រោះដេកស្លាប់ក្នុងខ្ទមចាំស្រែដោយផ្នែកផ្ទែមុខនិងក្បាលត្រូវក្មេងដៃដល់កាប់បែកក្បាល និងខ្ទេចមុខ និងមានស្នាមកាប់លើដៃ និងដងខ្លួនផងសរុបពី ៤ ទៅ ៥ ពូថៅ។ ដោយកូនស្រីស្រ្តីរងគ្រោះអាយុទើបតែ៣ឆ្នាំក៏ត្រូវក្មេងដៃដល់កាប់ត្រូវក្បាលរបួសធ្ងន់ដែរ។
តាមចម្លើយក្មេងដៃដល់ថា មុនកើតហេតុបងស្រីរបស់គេបានលក់ស្រូវបានជិត ១ លានរៀល។ លុះពេលថ្ងៃត្រង់ក្នុងថ្ងៃកើតហេតុនោះបងស្រីគេកំពុងដេកលេងក្នុងអង្រឹងក្នុងខ្ទម។ ពេលនោះដោយមានបំណងចង់បានលុយផងរូបគេក៏បានដើរពីក្បាលដំណេកស្រ្តីរងគ្រោះហើយយកពូថៅដែលដាក់នៅក្បែរនោះកាប់សំពងក្បាលតែម្តង។
ក្មេងដៃដល់ម្នាក់នេះបាននិយាយប្រាប់លោកថា គេធ្លាប់ប្រើប្រាស់គ្រឿងញៀន។
ក្មេងប្រុសត្រូវសមត្ថកិច្ចឃាត់ខ្លួនហើយសមត្ថកិច្ចដកហូតបានលុយខ្មែរចំនួន ២៤១ ៦០០ រៀល និងលុយបាតចំនួន ២៥ ៤៦០ បាតព្រមវត្ថុតាងពូថៅដៃចំនួន ១ ផង៕