ភ្នំពេញ ប៉ុស្ដិ៍ | ​ឆេះ​ស្ថានីយ​ប្រេង​បង្ក​ឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់

ឆេះ​ស្ថានីយ​ប្រេង​បង្ក​ឲ្យ​មនុស្ស​២​នាក់​របួស​ធ្ងន់

សន្តិសុខសង្គម

កាលបរិច្ឆេទផ្សាយ:
១១ កុម្ភៈ ២០១៣ | ១៤:៥២

អ្នកយកព័ត៌មាន:
ឃុត សុភចរិយា

ប្រធានបទផ្សេងៗ

បន្ទាយមានជ័យៈ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ពី​រនាក់​បាន​រង​បួស​ធ្ងន់ ក្នុង​ឧប្បទ្ទវ​ហេតុ​ភ្លើង​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មួយ ស្ថិត​នៅ​ស្រុក​មង្គលបុរី ខេត្ត​បន្ទាយ​មាន​ជ័យ​កាល​ពី​ព្រឹក​ថ្ងៃ​ទី​៩ ខែ​កុម្ភៈ​ដែល​ជា​ថ្ងៃ​បុណ្យ​ចូល​ឆ្នាំ​ចិន បណ្ដាល​មក​ពី​កង្វះ​បច្ចេក​ទេស​ក្នុង​ការ​បូម​ផ្ទេរ​ប្រេង​ចេញ​ពី​ស៊ី​ទែន​រថយន្ត ទៅ​ស៊ី​ទែន​ស្តុក​ក្នុង​ស្ថានីយ។

លោក ចាន់ តារា ស្នង​ការរង​កណ្ដាល​ស្ថិតិនិង​អគ្គិភ័យ​ខេត្ត បាន​ប្រាប់​ឲ្យ​ដឹង​កាល​ពី​ម្សិលមិញ​ថា ជន​រង​គ្រោះ​ក្នុង​ឧប្បទ្ទវ​ហេតុ​នេះ​ឈ្មោះ ណុប ទូច អាយុ​៧២ឆ្នាំ ជា​ថៅកែ​ស្ថានីយ​ប្រេង​ឥន្ធនៈ និង​លោក លី ហួ អាយុ​៣០​ឆ្នាំ ជា​កម្មករ​បាន​ឆេះ​រលាក​ពេញ​ទាំង​ខ្លួន​ប្រាណ បន្ទាប់​ពី​មាន​ការ​ឆាប​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ តេលា​មួយ នៅ​ភូមិ​អូរស្ងួត ឃុំ​អូរ​ប្រាសាទ ស្រុក​មង្គល​បុរី កាល​ពី​ថ្ងៃទី​៩ ខែ​កុម្ភៈ​ដែល​ជា​ថ្ងៃ​ដំបូង​នៃ​ពិធី​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណី​ចិន។

លោក​បាន​ថ្លែង​បន្ត​ថា៖​«បច្ចុប្បន្ន ជន​រងគ្រោះ​ទាំង​ពីរ​នាក់​កំពុង សម្រាក​ព្យាបាល​នៅ​មន្ទីរ​ពេទ្យ​ខេត្ត​នៅ​ឡើយ ដោយសារ​ការ​ឆេះ​រលាក​ធ្ងន់ធ្ងរ​ពេក ខណៈ​អ្នក​ទាំង​ពីរ​ព្យាយាម​យក​បំពង់​ពន្លត់​អគ្គិភ័យ​បាញ់​ពន្លត់​ភ្លើង នៅ​មុន​ពេល​មាន​ការ​ជួយ​អន្តរាគមន៍​ពី​ក្រុម​ពន្លត់​អគ្គិភ័យ​ខេត្ត​មក​ដល់»។

លោក​បាន​បញ្ជាក់​ថា ការ​ឆាប​ឆេះ​ស្ថានីយ​ប្រេង​ឥន្ធនៈ​តេលា​ដ៏ធំ​មួយ​នេះ​គឺ​បណ្ដាល​មក​ពី​ការ​បូម​ផ្ទេរ​ប្រេង​ចេញ​ពី​ស៊ី​ទែន​រថយន្ត ទៅ​ស៊ី​ទែន​ស្តុក​ក្នុង​ស្ថានីយ ដោយ​ខ្វះ​បច្ចេក​ទេស។ តាម​ការ​អះអាង​ពី​សាក្សី​ដែល​បាន​​ឃើញ​ហេតុ​ការណ៍​នេះ បាន​ឲ្យដឹង​ថា នៅ​ពេល​បូម​ផ្ទេរ​​ប្រេង​នោះ​កម្មករ​ម្នាក់​បាន​យក​ម៉ាស៊ីន​ចាស់​មួយ​ដែល​​មាន​ក្រមរ​ច្រែះ​នៅ​បំពង់​ស៊ី​ម៉ាំង ហើយ​ការ​តភ្ជាប់​ក្បាល​ទុយោ​បូម​ប្រេង​មិន​បាន​បិទ​ជិត​ល្អ ធ្វើ​ឲ្យ​ជ្រាប​ប្រេង​​ចេញ​មក​ក្រៅ។ ក្រោយ​មក​ផ្ទុះ​ក្រមរច្រែះ​ធ្លាក់​ពី​បំពង់​ក​ស៊ី​ម៉ាំង មក​ប៉ះ​នឹង​ចំហាយ​ប្រេង​ដែល​ជ្រាប​ចេញ​ក្រៅ​​នោះ បណ្ដាល​ឲ្យ​ឆាប​ឆេះ​យ៉ាង​សន្ធោ​សន្ធៅ​ឡើង​តែ​ម្ដង។

ទោះ​យ៉ាង​ណា​ក្ដី​ទំហំ​នៃ​ការ​ខូច​ខាត​មិន​ធ្ងន់ធ្ងរ​នោះ​ទេ ព្រោះ​មិន​មាន​ការ​ឆេះ​រាល​ដាល​ទៅ​ផ្ទះ​ប្រជា​ពលរដ្ឋ​ផ្សេង​ទៀត។

លោក ទី​ សា​វី នាយ​ផ្នែក​សេនា​ធិការ​នៃ​អធិការ​ដ្ឋាន​នគរបាល​ស្រុក អង្គរបុរី បាន​ប្រាប់​ភ្នំពេញ ប៉ុស្តិ៍​ឲ្យ​ដឹង​កាល​ពី​ថ្ងៃ​ម្សិល​មិញ​ផង​ដែរ​ថា នេះ​ជា​ការ​ឆេះ​លើក​ទី​២​ហើយ​នៅ​ក្នុង​ឆ្នាំ​នេះ សម្រាប់​ស្រុក​អង្គរបុរី ដែល​គ្រោះ​អគ្គិភ័យ​លើក​ទី​មួយ បាន​កើត​ឡើង​នៅ​ថ្ងៃ​ទី​២២ មករា ឆ្នាំ ២០១៣ នៅ​ចំណុច​ផ្សារ​បន្ទាយ​នាង ឃុំ​បន្ទាយ​នាង ស្រុក​មង្គល​បុរី ក្នុង​នោះ​បាន​បំផ្លាញ​តូប​និងផ្ទះប្រ​ជា​ពលរដ្ឋ​អស់​១១​ខ្នង ដោយ​ត្រូវ​អគ្គិភ័យ​ឆាបឆេះ​ទាំង​​ស្រុង និង​បង្ក​ឱ្យ​មាន​ការ​ខូច​ខាត​បាត់​បង់​ទ្រព្យ​សម្បត្តិ​អស់​ប្រមាណ​ជិត​១៧​ម៉ឺន​ដុល្លារ៕

Contact PhnomPenh Post for full article

Post Media Co Ltd
The Elements Condominium, Level 7
Hun Sen Boulevard

Phum Tuol Roka III
Sangkat Chak Angre Krom, Khan Meanchey
12353 Phnom Penh
Cambodia

Telegram: 092 555 741
Email: webmasterpppost@gmail.com