ក្រុងប្រេស៊ីលីយ៉ា: ក្រុមអ្នកស្រាវជ្រាវអន្ដរជាតិ បានព្រមានថា ការវះកាត់លើកំប៉េះគូទឲ្យងខ្ទើតគឺជានីតិវិធីកែសម្ផស្សដ៏គ្រោះថ្នាក់បំផុត។ នីតិវិធីនេះកាន់តែទទួលបានការពេញនិយម ខណៈស្ដ្រីនាំគ្នាប្រាថ្នាចង់បានត្រគាកមូលក្លំ ដូចតារាល្បីៗ រួមទាំង គីម កាដាសៀន តារារ៉េបនាង នីកគី មីណាច និងនាង ក្លូ ខាន ផងដែរ។
ប៉ុន្ដែការវះកាត់លើកទម្រង់គូទក៏បង្កើនហានិភ័យមរណៈខ្ពស់ជាងការវះកាត់កែសម្ផស្សណាៗទាំងអស់។ នេះបើយោងតាម Multi Society Gluteal Fat Grafting Task Force។
ក្នុងរបាយការណ៍ដ៏គួរឲ្យស្លុតមួយ ក្រុមការងារបានឲ្យដឹងថា៖ «អត្រាមរណៈចំពោះមនុស្សម្នាក់ក្នុងចំណោម ៣០០០ នាក់ ជាអត្រាខ្ពស់បំផុតសម្រាប់ការវះកាត់កែសម្ផស្ស»។
ការវះកាត់សពអ្នកជំងឺ ដែលបានស្លាប់ បានបង្ហាញថា ពេទ្យវះកាត់បានចាក់បញ្ចូលជាតិខ្លាញ់ច្រើនហួសកម្រិត។ របាយការណ៍ បានបន្ថែមថា អ្នកជំងឺ ដែលប្រាថ្នាគូទមូលក្លំគួរតែធ្វើទៅតាមនីតិវិធីដំណាក់កាលច្បាស់លាស់ ជាជាងវះកាត់ម្ដងសម្រេចលទ្ធផល។
ហានិភ័យនៃសេចក្ដីស្លាប់គួរតែត្រូវបានលើកយកមកជជែកប្រាប់គ្រប់អ្នកប្រាថ្នាវះកាត់គូទទាំងអស់។ ការវះកាត់លើកទម្រង់គូទឲ្យងក្លំត្រូវប្រើសារធាតុខ្លាញ់ពីបរិវេណដទៃនៃសរីរាង្គ ដូចជាខ្លាញ់ក្បែរចង្កេះ មកបំពេញសាច់កំប៉េះគូទ។
គ្លីនិកនានាបានរាយការណ៍ពីនីតិវិធី ដែលមានតម្លៃចន្លោះពី ៨៣០០ ទៅ ១៤០០០ ដុល្លារ (៣៦ លានរៀលទៅ ៥៦ លានរៀល) បានកើនឡើងជាង ៥០ ភាគរយបើធៀបនឹងចំនួនកាលពី ៥ ឆ្នាំមុន៕HR