ក្រុងវ៉ាស៊ីនតោន: ពលរដ្ឋហ្វាំងឡង់ ដែលតែងតែចូលបន្ទប់សោណា អាចជួយកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាលជាងអ្នកដែលមិនសូវឧស្សាហ៍ទៅ។ នេះបើយោងតាមការសិក្សាមួយកាលពីថ្ងៃពុធ។
របាយការណ៍ក្នុងប្រតិបត្ដិ Neurology គឺជាការសិក្សាដំបូង អំពីទំនាក់ទំនងរវាងសោណា និងជំងឺដាច់សរសៃឈាមខួរក្បាល ដោយផ្អែកលើមនុស្សជាង ១៦០០ នាក់ដែលត្រូវបានតាមដានរយៈពេលមធ្យម ១៥ ឆ្នាំ។
របាយការណ៍បន្ដថា អ្នកដែលចំណាយពេលសោណាពី ៤ ទៅ ៧ ថ្ងៃក្នុងមួយសប្ដាហ៍ បានបង្ហាញការកាត់បន្ថយហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល ៦១ ភាគរយ ជាងអ្នកដែលទៅតែម្ដងក្នុងមួយសប្ដាហ៍។
អត្ថប្រយោជន៍ក៏ត្រូវទទួលបានសម្រាប់អ្នកដែលចូលសោណា ២ ឬ ៣ ដងក្នុងមួយសប្ដាហ៍ ដោយមានកាត់បន្ថយហានិភ័យ ១៤ ភាគរយលើសអ្នកដែលចូលសោណាតែម្ដង។
អ្នកនិពន្ធការសិក្សា Setor Kunutsor នៃសាកលវិទ្យាល័យប្រ៊ីស្ដុល បានឲ្យដឹងថា៖ «សោណា ទំនងជាមានប្រសិទ្ធភាពកាត់បន្ថយសម្ពាធឈាម ដែលជួយឲ្យចៀសឆ្ងាយពីហានិភ័យជំងឺដាច់សរសៃឈាមខួរក្បាល»។
ការសិក្សាកន្លងមក ក៏បានភ្ជាប់ទម្លាប់ចូលបន្ទប់សោណាទៅនឹងការកាត់បន្ថយហានិភ័យជំងឺលើសឈាម ជំងឺសរសៃប្រសាទ និងមរណភាពពីជំងឺបេះដូង។ ប៉ុន្ដែក្រុមអ្នកជំនាញ បាននិយាយថា អ្នកខ្លះគួរតែចៀសវាងការចូលបន្ទប់សោណា រួមទាំងអ្នកដែលទើបមានជំងឺបេះដូង អ្នកមានបញ្ហាបំពង់ក និងមនុស្សចាស់មានសម្ពាធឈាមទាប៕