ក្រុងប៉ារីស: បរិយាកាស​ខ្យល់​រង​ការបំពុល គឺជា​ដើម​ចម ១ ក្នុង​ចំណោម ៧ ករណី​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ក្នុង​ឆ្នាំ ២០១៦។ នេះ​បើ​យោង​តាម​ការ​សិក្សា​សហរដ្ឋ​អាមេរិក ដែល​រក​ឃើញ​ថា សូម្បី​តែ​កម្រិត​បំពុល​បរិយាកាស​តិច​តួច ក៏​អាច​បង្កើន​ហានិភ័យ​នៃ​ការ​វិវឌ្ឍ​ទៅ​រក​ជំងឺ​រ៉ាំរ៉ៃ​ផង​ដែរ។

ជំងឺ​ទឹកនោមផ្អែម ត្រូវបាន​គេ​ដឹងថា ជាប់​ពាក់ព័ន្ធ​នឹង​កត្តា​ជីវភាព​ដូចជា របប​អាហារ និង​ទម្លាប់​រស់​នៅ​គ្មាន​ការ​ហាត់​ប្រាណ។ ប៉ុន្តែ​ថ្មីៗ​នេះ ការ​សិក្សា​នៅ​សាកល​វិទ្យាល័យ​ផ្នែក​វេជ្ជសាស្ត្រ​ក្រុង​វ៉ាស៊ីនតោន​បាន​ឲ្យ​ដឹង​ថា ការ​បំពុល​បរិយាកាស ក៏​ជា​ដើម​ចម​នៃ​ជំងឺ​នេះ​ដែរ។

សារធាតុពុល​អាច​បន្ថយ​ការផលិត​ជាតិ​អាំងស៊ូលីន​ក្នុង​រាងកាយ។ ការ​សិក្សា​បាន​ប៉ាន់​ប្រមាណ​ថា ការ​បំពុល​បរិយាកាស​បាន​បង្ក​ឲ្យ​មាន​ជំងឺ​ទឹក​នោម​ផ្អែម​ចំនួន ៣,២ លាន​ករណី ទូទាំង​ពិភពលោក ក្នុង​ឆ្នាំ ២០១៦ ឬ​ប្រមាណ​ជា ១៤ ភាគរយ​នៃ​ករណី​ជំងឺ​ទឹក​នោម​ផ្អែម​កើត​ឡើង​ក្នុង​ឆ្នាំ​នោះ។

ជំងឺ​ទឹកនោមផ្អែម​បាន​យាយី​សុខភាព​មនុស្ស ៤២០ លាន​នាក់ និង​ជា​ជំងឺ​ដែល​រីក​រាល ដាល​ខ្លាំង​មួយ​ក្នុង​លោក។

អ្នកនិពន្ធ​ការសិក្សា Ziyad Al-Aly បាន​លើកឡើងថា៖ «ការសិក្សា​របស់​យើង​បង្ហាញ​ពី​ទំនាក់​ទំនង​រវាង​ខ្យល់​កខ្វក់ និង​ជំងឺ​ទឹក​នោម​ផ្អែម​ទូទាំង​សកល​លោក»។

ការសិក្សា​ដែល​ចុះផ្សាយ​ក្នុង​ព្រឹត្តិបត្រ Lancet Planetary Health បាន​រកឃើញ​ហានិភ័យ​នៅ​តែ​ខ្ពស់ ទោះបី​ជា​កម្រិត​ខ្យល់​កខ្វក់​ត្រូវ​បាន​ភ្នាក់ងារ​ការពារ​បរិស្ថាន​អាមេរិក និង​អង្គការ​សុខភាព​ពិភពលោក (WHO) ចាត់​ទុក​ថា មាន​សុវត្ថិភាព៕