ក្រុងឡុងដ៍: ទទួលទានដំណេក ៩ ម៉ោងក្នុង ១ យប់អាចប៉ះពាល់ដល់ការចងចាំស្មើដំណេកត្រឹម ៥ ម៉ោងដែរ។ វាត្រូវបានគេដឹងយ៉ាងច្បាស់ថា អ្នកដែលគេងតិចជាង ៥ ម៉ោងក្នុង ១ យប់អាចប៉ះពាល់ដល់អង្គចងចាំនៃខួរក្បាល។ ប៉ុន្ដែការសិក្សាមួយនេះបានរកឃើញថា ឥទ្ធិពលអវិជ្ជមានដូចគ្នាបានប៉ះពាល់ដល់អ្នកដែលគេងដល់ ៩ ម៉ោងក្នុង ១ យប់។
ក្រុមអ្នកស្រាវជ្រាវបានតាមដានពីការធ្វើតេស្ដអង្គចងចាំចំពោះមនុស្សជិត ៤០ ម៉ឺននាក់ដែលត្រូវបានស្នើឲ្យលេងល្បែងផ្គូផ្គងសន្លឹកបៀរ ៦ គូក្រោយពីបានមើលទីតាំងសន្លឹកបៀរនីមួយៗរួចហើយចំណាំទុកខ្លួនឯង។
ធៀបទៅនឹងអ្នកទទួលទានដំណេក ៧ ម៉ោងអ្នកគេងបាន ៩ ម៉ោងបានបង្កើតកំហុសឆ្គងដូចគ្នាចំពោះអ្នកគេងត្រឹម ឬតិចជាង ៥ ម៉ោង។ លទ្ធផលបានបង្ហាញថាការទទួលទានដំណេកលើសកំណត់ពេកប៉ះពាល់ដល់សមត្ថភាពនៃការគិតពិចារណា មិនខុសពីបញ្ហាកង្វះដំណេកឡើយ។
ក្រុមអ្នកជំនាញជឿថា អ្នកដែលគេងច្រើនម៉ោងពេកបែរជាទទួលបាននូវគុណភាពដំណេកខ្សោយទៅវិញដែលរារាំងបន្ទុកនៃខួរក្បាលខ្លះខ្វះដំណើរការត្រឹមត្រូវ និងប៉ះពាល់ចំពោះញាណស្គាល់ ។
វេជ្ជបណ្ឌិត វីចតូរៀ ហ្គាហ្វៀល អ្នកនិពន្ធជាន់ខ្ពស់នៃការសិក្សាមកពី University College London (UCL) បាននិយាយថា វាមិនច្បាស់ប្រាកដថា ដំណេកតិចតួចជះឥទ្ធិពលអវិជ្ជមានឡើយ តែបានហៅការរកឃើញនេះថាជាភាពមិនប្រក្រតី។
អ្នកស្រីបានបន្ដថា៖ «អ្នកខ្លះគិតថាឆាប់គេង និងគេងច្រើនម៉ោងតាមចិត្ដចង់ ពិតជាល្អ តែលទ្ធផលរបស់យើងបង្ហាញថា ដំណេកច្រើនម៉ោងពេកអាចប៉ះពាល់ដល់អង្គចងចាំ»៕ HR