
ជាតិស្ករផ្ទុកដោយពពួកងាវអាចច្នៃជាថ្នាំប្រឆាំងជំងឺមហារីកមួយចំនួន។
ក្រុងឡុងដ៍: ការសិក្សាមួយបានអះអាងថា ងាវអាចប្រើសម្រាប់ព្យាបាលជំងឺមហារីក។ ការពិសោធបានរកឃើញជាតិស្ករចម្រោះចេញពីអាហារគ្រឿងសមុទ្រមួយប្រភេទនេះ ដែលអាចបញ្ឈប់កោសិកាដុំសាច់ជាច្រើនសណ្ឋានមិនមានការរីករាលដាល។
ក្រុមអ្នកវិទ្យាសាស្ដ្រ បាននិយាយថា ងាវ អាចត្រូវបានប្រើសម្រាប់ព្យាបាលកុមារកើតជំងឺមហារីកពីព្រោះវាអត់បង្កការឈឺចាប់ និងជះឥទ្ធិពលអវិជ្ជមានតិចតួចបំផុត។
គ្រឿងសមុទ្រនេះមានតម្លៃថោក និងអាចមានប្រសិទ្ធភាពស្មើនឹងឱសថគីមីមួយចំនួន។ ក្រុមអ្នកវិទ្យាសាស្ដ្របានធ្វើតេស្ដការព្យាបាលដ៏ចម្លែកនេះលើជំងឺឈាមសស៊ីឈាមក្រហម ជំងឺមហារីកសុដន់ សួត និងពោះវៀន និងបានប្រាប់ថា លទ្ធផលរបស់ពួកគេនឹងក្លាយជាតម្រុយដ៏ជោគជ័យ។
ប៉ុន្ដែការទទួលទានងាវនឹងមិនអាចព្យាបាលមហារីកបានឡើយ ដែលក្រុមអ្នកវិទ្យាសាស្ដ្រ បានឲ្យដឹងថា ស្ករប្រភេទខ្លះត្រូវតែញែកចេញដាច់ដោយឡែក និងផលិតជាឱសថសម្រាប់ចាក់ចូលសព៌ាង្គកាយវិញ។
ការសិក្សាពីសាកលវិទ្យាល័យ សាល់ហ្វដ ក្នុងក្រុងមេនឆេស្ទើរ បានធ្វើការស្រាវជ្រាវវែកញែកកោសិកាមហារីកក្នុងមន្ទីរពិសោធន៍។ ក្រុមអ្នកជំនាញ អះអាងថា ស្ករញែកចេញពីងាវទូទៅ អាចមានប្រសិទ្ធភាពបង្ក្រាបមហារីកដូចនឹងឱសថគីមីស្ដង់ដារមួយចំនួន និងប្រើតែក្នុងកម្រិតតិចតួចប៉ុណ្ណោះ។
ពេលជាតិស្ករជ្រាបចូលកោសិកាដុំសាច់ វាបានផលិតនូវអ្វីដែលក្រុមអ្នកវិទ្យាសាស្ដ្រ បានហៅថា «សកម្មភាពប្រឆាំងនឹងការរីករាលដាល» ឬបញ្ឈប់ការដុះរីកធំនៃការកោសិកាមហារីក។
យ៉ាងណាក្ដី ក្រុមអ្នកស្រាវជ្រាវ សង្ឃឹមថា ការសិក្សាបន្ថែមនឹងអាចស្វែងរកមូលហេតុពិស្ដារជាងនេះ៕HR