
អ្នកគ្រូបង្រៀនសិស្សអូទីសឹមនៅសាលាអប់រំពិសេសនៃការលូតលាស់អំពីការផ្ចង់អារម្មណ៍។ ហ្វេសប៊ុក សាលាអប់រំពិសេស
ភ្នំពេញ: បុត្រ ប្រសូតមកមានសុខភាពល្អ និងកាយសម្បទាពេញបរិបូណ៌ ជាអ្វីដែលឪពុកម្ដាយគ្រប់រូបបារម្ភដំបូងបំផុត ពេលកូនចាប់កំណើតមកភ្លាម។ រយៈពេលប៉ុន្មាន ១ ឆ្នាំ ការវិវត្ដរបស់បុត្រហាក់ខុសប្លែកពីកុមារដទៃដែលវ័យនេះទារកផ្ដើមចូលចិត្ដលេងជាមួយអ្នកនៅជុំវិញខ្លួន និងរៀននិយាយតាម ១ ឬ ២ ពាក្យ។ បុត្រ ប្រែជារពឹស មិនចាប់អារម្មណ៍ការប្រាស្រ័យទាក់ទងជាមួយអ្នកដទៃ និងផ្ដើមបាត់ភាសាបន្ដិចម្ដង។
អ្នកស្រី ភឿន លក្ខណា ជាម្ដាយរបស់បុត្រ ប្រាប់ថា៖ «ពេលឃើញកូនប្លែកបែបនេះ យើងជាឪពុកម្ដាយខិតខំស្វែងរកជួបពេទ្យ ជួបអ្នកជំនាញដើម្បីពិគ្រោះអំពីបញ្ហាកូន។ ពេលដឹងថា កូនខ្ញុំកើតជំងឺពិការភាពអូទីសឹម យើងអង្គុយយំ ពិបាកចិត្ដណាស់។ ប៉ុន្ដែដោយទទួលបានដំបូន្មានពីអ្នកជំនាញ យើងមិនភ្លេចនឹងការជួយ កូនគ្រប់វិធីសាស្ដ្រទេ»។
រហូតដល់ពេលមួយ អ្នកស្រីត្រូវបានណែនាំឲ្យមកចុះឈ្មោះចូលរៀនឯសាលាអប់រំពិសេសនៃការលូតលាស់ (សអពក)។ ការវិវត្ដរបស់ បុត្រ កាន់តែប្រសើរ និងអាចបន្ដចូលរៀនជាមួយកុមារធម្មតាបាន។
នៅសាលាអប់រំពិសេសនៃការលូតលាស់ ដែលសម្ពោធកាលពីខែកក្កដា ឆ្នាំ ២០១៧ ក្រោមគំនិតផ្ដួចផ្ដើមអ្នកស្រី ភោគ ម៉ានី ជាអ្នកម្ដាយមានកូនកើតអូទីសឹមផ្ទាល់ លោកគ្រូ អ្នកគ្រូបានជួយ បុត្រ ព្រមទាំងកុមារា កុមារីប្រមាណជាង ៤០ នាក់ទៀត ឲ្យមានការផ្ចង់អារម្មណ៍ជាងមុន ចេះលេងជាមួយកុមារដទៃ និងអាចប្រើភាសាខ្លះៗក្នុងរយៈពេល ១ ឆ្នាំមកនេះ។
អូទីសឹមជាពិការភាពនៃការអភិវឌ្ឍមួយជីវិតដែលប៉ះពាល់ចម្បងទៅលើផ្នែកសង្គម ទំនាក់ទំនង និងអាកប្បកិរិយា។ រោគសញ្ញាអាចប្រែប្រួលពីស្រាលទៅធ្ងន់ធ្ងរ និងអាចដាក់រោគវិនិច្ឆ័យក្នុងរវាងអាយុ ២-៣ ឆ្នាំ។
ដំណើរឆ្ពោះទៅមុខដោយការបោះជំហានសន្សឹមៗលើរយៈពេល ១ ឆ្នាំរបស់សាលាអប់រំពិសេស ជួយដឹកដៃកុមារពិការភាពខួរក្បាលពីកំណើតសម្លឹងមើលពន្លឺក្ដីសង្ឃឹមបណ្ដើរ។

លោកគ្រូ និងអ្នកគ្រូបង្រៀនសិស្សអំពីសមត្ថភាពផ្គូផ្គង។ ហេង ជីវ័ន
នៅក្នុងផ្ទះល្វែងជួលមួយខ្នងជាប់របងព្រះសហគមន៍កាតូលិកបឹងទំពុន ដែលមានការរៀបចំធ្នើរដាក់ស្បែកជើងអមដោយរូបភាពបង្ហាញ ទូដាក់សៀវភៅចម្រុះ បន្ទប់ ៣ រចនាជាថ្នាក់រៀនកុមារយ៉ាងស្រស់ស្អាត និងបន្ទប់ហ្វឹកហាត់រួម ខណៈផ្ទះបាយប្រែក្លាយជាការិយាល័យរបស់បុគ្គលិកសិក្សា អ្នកម្ដាយមានកូនប្រុសទី ២ កើតអូទីសឹម អ្នកស្រី ភោគ ម៉ានី មានភារៈជាអ្នកសម្របសម្រួលរបស់សាលា ប្រាប់ថា៖ «ពេលនេះ យើងទទួលបង្រៀនកុមារអូទីសឹមសរុប ៤៣ នាក់។ ក្នុងនោះ មានស្រី ៧ នាក់ និង ប្រុស ៣៦ នាក់ ព្រមទាំង ថ្នាក់រង់ចាំរៀននៅថ្ងៃសៅរ៍ ចំនួន ២៦ នាក់ ស្រី ៣ នាក់ និងប្រុស ២៣ នាក់»។
អ្នកស្រី ប្រាប់ភ្នំពេញប៉ុស្ដិ៍ថា៖ «១ ឆ្នាំនេះ យើងទទួលបានសមិទ្ធផលលើកុមារ ៣ នាក់ ដែលនឹងបន្ដចូលរៀននៅសាលាមតេយ្យសន្ដីលូស៊ី ជាសាលាបង្រៀនកុមារធម្មតាបាន»។
យ៉ាងណាមិញ អ្នកស្រី លក្ខណា សម្ដែងការត្រេកអរបង្កប់នូវក្ដីព្រួយបារម្ភ ខណៈកូនប្រុសអាចបោះជំហានទៅសិក្សានៅសាលាកុមារធម្មតា។
អ្នកម្ដាយអូន បុត្រ និយាយថា៖ «អារម្មណ៍នៅតែគិត និងនឹកគិតថា កូនមិនដូចក្មេងធម្មតា។ ឥឡូវនេះ ចូលរៀនសាលាថ្មី មិនដឹងថា គាត់ទទួលការសិក្សាដូចម្ដេចទេ ពីព្រោះសាលាថ្មីនេះ គឺផ្លាស់ប្ដូរទាំងស្រុង។ ខ្ញុំអរចេះតែអរហើយ តែក៏បារម្ភខ្លាំងដែរ ពីព្រោះខ្ញុំដឹងថា កូនខ្ញុំឈឺហើយ ខ្ញុំត្រូវតាមមើលថែគាត់រហូត»។
បន្ថែមលើសមិទ្ធផលល្អរបស់កុមារទាំង ៣ នាក់នេះ អ្នកសម្របសម្រួលសាលាអប់រំពិសេសរូបនេះ បានបន្ដថា កុមារដែលធ្លាប់តែមានអាកប្បកិរិយារពឹស និងមិនអាចនៅជាក្រុម ពេលនេះអាចផ្ចង់អារម្មណ៍ល្អ ហើយក្មេងខ្លះចាប់ផ្ដើមវិវត្ដមានភាសាជាមួយពាក្យមួយព្យាង្គ។ ក្មេងខ្លះអត់ធ្លាប់ចេះកាន់ខ្មៅដៃ ឥឡូវគាត់អាចចេះកាន់ ហើយក្មេងខ្លះទៀតអាចនិយាយពាក្យ ៣ ព្យាង្គ។ ជាពិសេស ក្មេងដែលធ្លាប់តែធ្វើបាបខ្លួន បានកាត់បន្ថយ និងចេះរង់ចាំបានប្រសើរជាងមុន។
អ្នកស្រី ភោគ ម៉ានី បានរៀបរាប់អំពីដំណើរវិវត្ដន៍ចំណោះគ្រូបង្រៀនដែរថា៖ «បុគ្គលិកទទួលការបណ្ដុះបណ្ដាលពីអ្នកជំនាញមកពីប្រទេសសិង្ហបុរី ដែលជាម្ចាស់សាលាអូទីសឹមផ្ទាល់ ហើយឥឡូវ យើងអនុវត្ដបង្រៀនតាមសៀវភៅ Applied Behavior Analysis (ABA) របស់អាមេរិកជាគោលដើម្បីចែកចាយនូវអ្វីដែលកុមារនៅទីនេះខ្វះខាតដល់ពួកគាត់»។
ចំពោះសម្ភារសិក្សា អ្នកស្រី ប្រាប់ថា អ្នកគ្រូលោកគ្រូជាអ្នកច្នៃបង្កើតសម្ភារសិក្សាដោយខ្លួនឯង។ ទាក់ទងគ្រឿងលើកទឹកចិត្ដកុមារ ភាគច្រើនសាលាទទួលបានពីឪពុកម្ដាយពួកគេផ្ទាល់ ដោយសារតែឪពុកម្ដាយដឹងថា កូនគាត់ចូលចិត្តអ្វីអ៊ីចឹង។
លោក ឆៃ សោភ័ណ្ឌរ័ត្ន ជាគ្រូម្នាក់ ប្រាប់ពីការបង្ហាត់បង្រៀនកុមារមានអាកប្បកិរិយាពិបាកថា ជាបទពិសោធថ្មីក្នុងឆាកជីវិតតាមរយៈការរិះរកវិធីសាស្ដ្រថ្មីៗដើម្បីជួយអភិវឌ្ឍពួកគេ។

អ្នកស្រី ភោគ ម៉ានី អ្នកសម្របសម្រួលសាលាអប់រំពិសេសនៃការលូតលាស់។ ហេង ជីវ័ន
លោកថា៖ «ខ្ញុំសង្កេតឃើញថា កុមារមានការអភិវឌ្ឍគួរឲ្យកត់សម្គាល់ ដូចជា ក្មេងដែលអត់មានភាសាប្រែទៅជាមានភាសា ចេះផ្ចង់អារម្មណ៍បានល្អ និងយល់បាននូវអ្វីដែលគ្រូនិយាយទៅកាន់គាត់»។
ចំពោះដំណេះដឹងបង្រៀន លោក រ័ត្ន លើកឡើងថា៖ «យើងអាចគ្រប់គ្រងស្ថានការណ៍ អាកប្បកិរិយាក្មេង បត់បែនតាមគាត់ និងអ្វីដែលសំខាន់នោះគឺបទពិសោធអត់ធ្មត់ ចេះរម្ងាប់អារម្មណ៍ បែបនេះទើបអាចបង្រៀនពួកគាត់បាន។ គ្រូៗទាំងអស់ស្រឡាញ់ និងអាណិត ហើយខិតខំព្យាយាមឲ្យកុមារអាចចូលរៀនជាមួយកុមារធម្មតា និងរីកចម្រើននៅថ្ងៃអនាគត»។
ជាមួយនឹងជំនួយពីព្រះសហគមន៍កាតូលិក អ្នកស្រី ម៉ានី បានស្នើប្រាក់បដិភាគពីឪពុកម្ដាយពី ៤០ ដុល្លារក្នុង ១ ខែ ឬតាមលទ្ធភាព។
យោងតាមការអង្កេតពាក់កណ្ដាលជំរឿនប្រជាជនឆ្នាំ ២០១៣ ដោយក្រសួងផែនការ បង្ហាញថា ជនពិការនៅកម្ពុជាមាន ២,១ ភាគរយស្មើនឹងប្រមាណ ៣០ ម៉ឺននាក់ ហើយ ៣៥ ភាគរយនៃចំនួននោះ គឺជាជនពិការគំហើញ រួមមាន ពិការភ្នែក ឬកំសោយគំហើញ ពិការភាពជុំវិញការអភិវឌ្ឍការរៀនសូត្រ ដូចជា វិកលទស្សន៍ (dyslexia) និងអូទីសឹម ឬពិការកាយសម្បទា រួមទាំង ជំងឺផាគីនសុន និងខ្វិនអវយវៈជាដើម។
ទោះជាសាលារំពឹងជំនួយពីបរទេសដើម្បីបន្ដបេសកកម្មរបស់ខ្លួនទៅមុខដោយរលូនក្ដី ក៏អ្នកស្រី ម៉ានី ស្វាគមន៍ជំនួយពីសប្បុរសជនក្នុងស្រុកដែរ។
អ្នកស្រីថា៖ «ខ្ញុំរីករាយនឹងទទួលរាល់ជំនួយដោយដៃទាំង ២ មិនថាប្រាក់កាស និងសម្ភារសិក្សា»។
សាលាអប់រំពិសេសនៃការលូតលាស់ (សអពក) ស្ថិតនៅផ្ទះ ១៥៧ អា ផ្លូវ 10BT ភូមិសន្សំកុសល ៤ សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ភ្នំពេញ៕