ក្រុងញូវយ៉ក: ការស្ទង់មតិថ្មីបានបង្ហាញឲ្យដឹងថា ជាទូទៅ មនុស្សម្នាក់ៗរមែងផ្លាស់ប្ដូរកម្រាលពូករៀងរាល់ ២៤ ថ្ងៃម្ដង។ បុគ្គលនៅលីវប្រើពេល ៣៧ ថ្ងៃ ខណៈអ្នកមានដៃគូរួមគ្រែប្រើពេលជិត ២២ ថ្ងៃជាមធ្យម។
ការស្ទង់មតិក៏បានបង្ហាញពីគម្លាតយ៉ាងសម្បើមរវាងទម្លាប់របស់បុរស និងនារីក្នុងការផ្លាស់ប្ដូរកម្រាលពូក ដោយបុរសរង់ចាំដល់ជិត ៣០ ថ្ងៃ ខណៈនារី ប្រើពេល ១៩ ថ្ងៃ។
ពេលប្រតិបត្ដិការសិច បុរសរង់ចាំដល់ ១៨ ថ្ងៃទើបប្ដូរកម្រាលថ្មី ខណៈនារីត្រូវប្ដូរតែ ២ ឬ ៣ ថ្ងៃ។ ថ្វីដ្បិតតែក្រុមអ្នកជំនាញលើកទឹកចិត្ដឲ្យមានការសម្អាត និងផ្លាស់ប្ដូរកម្រាលពូករៀងរាល់មួយសប្ដាហ៍ម្ដង វានៅតែបង្ហាញច្បាស់ថា បុរស និងនារីមិនអនុវត្ដតាមឡើយ។
ជាក់ស្ដែង មនុស្សចំណាយពេលជិត ២ ភាគ ៣ សម្រាកនៅលើគ្រែ ឬ ៥៦ ម៉ោងក្នុង ១ សប្ដាហ៍ ដោយការបែកញើស ចេញខ្លាញ់ប្រេងនៃរាងកាយ និងកោសិកាស្បែកងាប់។
ក្រោយមក ពួកវានឹងប្រែក្លាយជាផ្សិត បាក់តេរី ធូលី លម្អង និងបញ្ហាអាល្លែកហ្ស៊ីដទៃទៀត ដែលតោងជាប់នឹងសាច់ក្រណាត់ ឬពូកឥតសម្អាតរយៈពេលយូរ។
ក្រុមហ៊ុន Mattress Advisor ដែលផ្ដល់ការសិក្សាអំពីពូក បានស្ទង់មតិពលរដ្ឋអាមេរិកជាង ១០០០ នាក់ ដើម្បីស្វែងរកពីទម្លាប់សម្អាតគ្រែ និងសាកសួរពួកគេពីទម្លាប់ផ្លាស់ប្ដូរកម្រាល។
លទ្ធផលបង្ហាញថា អ្នកដែលគេងអាក្រាត ឬអត់ងូតទឹកមុនពេលចូលដេក បន្ដដេកលើកម្រាលចាស់ដល់ ១៩ ថ្ងៃ។ បុរសមានដៃគូរួមគ្រែ រង់ចាំដល់ ២៩ ថ្ងៃទើបផ្លាស់ប្ដូរកម្រាល ខណៈនារីចាប់ផ្ដើមប្ដូរក្រោយ ១៩ ថ្ងៃ។
បុរសនៅលីវ កាន់តែខ្ជិលច្រអូស ដោយរង់ចាំដល់ជិត ៤៥ ថ្ងៃទើបប្ដូរកម្រាល ដែលអាចជាមូលហេតុពួកគេបន្ដនៅលីវ។ វាមិនមែនជារបាយការណ៍ទី ១ ទេ ដែលបុរសមានទម្លាប់អាក្រក់។ ការស្ទង់មតិមួយក្នុងឆ្នាំ ២០១៣ ដែលធ្វើឡើងដោយក្រុមហ៊ុនពូកអង់គ្លេស Ergoflex បានរកឃើញថា បុរសសម្អាតគ្រែដេកតែ ៤ ដងក្នុង ១ ឆ្នាំ។
ជាទូទៅ ក្រុមអ្នកស្រាវជ្រាវបានរកឃើញថា អ្នកមានសម្ព័ន្ធភាពស្នេហា ហាក់មានទំនោរសម្អាតគ្រែច្រើនជាង។ អ្នកមានប្ដីប្រពន្ធមានរយៈពេលមធ្យមតិចជាងរវាងការផ្លាស់ប្ដូរកម្រាលពូក ខណៈអ្នកមានដៃគូរួមគ្រែមានកំណត់ត្រាសម្អាតខ្នើយស្អាតបំផុត។
យ៉ាងណាមិញ ទម្លាប់សម្អាតគ្រែដេកនៅតែមិនទាន់គ្រប់គ្រាន់។ អ្នកជំនាញជាច្រើនបានណែនាំឲ្យមានការផ្លាស់ប្ដូរកម្រាលម្ដងក្នុងមួយសប្ដាហ៍ដើម្បីបញ្ចៀសបាក់តេរីរីករាលដាលតាមញើស និងកោសិកា ស្បែកងាប់៕HR