ក្រុងញូវយ៉ក៖ ការសម្រេចកាមខ្លួនឯងរបស់បុរសរមែងត្រូវបានលើកយកមកលេងសើចនៅក្នុងភាពយន្ដក្ដៅសាច់ ឬរឿងកំប្លែង។ ប៉ុន្ដែការសិក្សាថ្មីមួយបានបង្ហាញនូវអ្វី ដែលទម្លាប់ធ្លាប់រងនូវការសើចចំអកនេះ បែរជាផ្ដល់អត្ថប្រយោជន៍យ៉ាងក្រាសក្រែលដល់សុខភាពបុរសទៅវិញ ដោយការសម្រេចកាមខ្លួនឯងញឹកញយជួយកាត់បន្ថយហានិភ័យមហារីកក្រពេញប្រូស្ដាតយ៉ាងច្រើនសន្ធឹក។
តើការសម្រេចកាមញឹកញយប៉ុន្មានទើបមានប្រសិទ្ធភាព? យោងតាមការស្រាវជ្រាវថ្មីមួយពីសាកលវិទ្យាល័យហាវើដ បានបង្ហាញថា បុរសដែលបាញ់ជីងចក់ ២១ ដង ឬច្រើនជាងនេះក្នុងមួយខែ អាចកាត់បន្ថយហានិភ័យមហារីកក្រពេញប្រូស្ដាត ៣៣ ភាគរយ។
ដើម្បីទទួលបានលទ្ធផលនៃការស្រាវជ្រាវនេះ ក្រុមអ្នកស្រាវជ្រាវបានស្ទង់មតិបុរស ៣១ ៩២៥ នាក់ តាមរយៈសំណួរអំពីភាពញឹកញយនៃការសម្រេចកាមខ្លួនឯង។ ក្រុមស្រាវជ្រាវបន្ទាប់មកតាមដានអ្នកចូលរួមទាំងនេះរយៈពេល ១៨ ឆ្នាំ ដោយកត់ត្រាបុរសណាខ្លះ ដែលវិវត្ដន៍កើតជំងឺមហារីកក្រពេញប្រូស្ដាតអំឡុងពេលសិក្សានេះ។
បុរសៗត្រូវបានវាយតម្លៃតាមពិន្ទុ ៣ប្រភេទ គឺមួយឆ្នាំមុនចែកចាយតារាងសំណួរ អំឡុងវ័យ ២០ ឆ្នាំរបស់ក្រុមបុរសចូលរួម និងអំឡុងឈានដល់វ័យ ៤០ ឆ្នាំ។
ការសិក្សាបានសន្និដ្ឋានថា អត្រាសម្រេចកាមខ្លួនឯងជារឿយៗអាចជួយកាត់បន្ថយអត្រាហានិភ័យមហារីកក្រពេញប្រូស្ដាត។
លើសពីនេះ វាមិនមែនជាការសិក្សាលើកដំបូងដែលរកឃើញថា ការសម្រេចកាមទៀងទាត់អាចជួយរក្សាសុខភាព។ ប៉ុន្ដែវាជាការសិក្សាលើកដំបូង ដែលក្រុមអ្នកស្រាវជ្រាវបង្ហាញពីបរិមាណនៃការសម្រេចកាមខ្លួនឯងជាក់លាក់។
ថ្វីដ្បិតតែការសិក្សានេះ និងការស្រាវជ្រាវដទៃទៀត ក្រុមអ្នកជំនាញនៅតែមិនទាន់ប្រាកដទាំងអស់ពីមូលហេតុអ្វីដែលការសម្រេចកាមជាគន្លឹះផ្ដល់សុខភាពល្អនោះទេ។ ក្រុមវេជ្ជបណ្ឌិតជាច្រើន រួមទាំង លោក Ian Kerner ជាអ្នកព្យាបាលរោគផ្លូវចិត្ដ និងអ្នកប្រឹក្សាស្ដីពីបញ្ហាផ្លូវភេទ ក្នុងទីក្រុងញូវយ៉កជឿថាការបាញ់ជីងចក់បានបញ្ចេញជាតិពុលនិងបាក់តេរីគ្រោះថ្នាក់ ដែលស្ទួយដល់ភាពរឹងមាំនៃក្រពេញប្រូស្ដាត។
ប៉ុន្ដែការសម្រេចកាមខ្លួនឯងមិនមែនជាវិធីសាស្ដ្រល្អតែមួយគត់នោះទេវេជ្ជបណ្ឌិត Kerner បានគូសបញ្ជាក់ថា៖ «វាមិនមានលក្ខណៈខុសគ្នារវាងការបញ្ចេញទឹកកាមតាមរយៈការបាញ់ជីងចក់ ឬការរួមភេទជាមួយដៃគូនោះទេ។ ដូច្នេះការដាក់សកម្មភាពសិចជាអាទិភាពក៏ជាជម្រើសដ៏មានប្រយោជន៍មួយផងដែរ»។
ក្រៅពីកាត់បន្ថយហានិភ័យមហារីកក្រពេញប្រូស្ដាតវេជ្ជបណ្ឌិត ក៏បានលើកឡើងថាការសម្រេចកាមបានផ្ដល់អត្ថប្រយោជន៍ច្រើនទៀតដូចជា បង្កើតភាពស្រណុកសុខស្រួលនិងបានបន្ធូរភាពតានតឹងផងដែរ។
លោកបាននិយាយថា៖ «វាជាឱកាសបង្កើនការយកចិត្ដទុកដាក់ចំពោះខ្លួនឯង។ ការសម្រេចកាមអាចកាត់បន្ថយភាពតប់ប្រមល់ និងគ្រប់គ្រងបញ្ហាថប់បារម្ភតាមធម្មជាតិថែមទៀត»។
ច្បាស់ណាស់ថាការសម្រេចកាមយ៉ាងតិច ២១ដងក្នុងមួយខែមិនមែនជាវិធីគេចផុតពីបញ្ហាមហារីកក្រពេញប្រូស្ដាតនោះទេ។ លោកវេជ្ជបណ្ឌិត Kerner បានណែនាំទទួលទានរបៀបអាហារសម្បូរបន្លែសាច់ត្រីដែលសម្បូរខ្លាញ់អូមេហ្គា ៣ និងទទួលទានអាហារពណ៌ក្រហមដូចជាប៉េងប៉ោះដែលសម្បូរលីកូភេន ក៏ដូចជាផលិតផលសណ្ដែកសៀង ដែលផ្ទុក isoflavones។
លោកបានណែនាំឱ្យឧស្សាហ៍ទៅឆែកសុខភាព រួមទាំងពិនិត្យក្រពេញប្រូស្ដាតនិងធ្វើលំហាត់ប្រាណជាប្រចាំផងដែរ៕ HR