ក្រុងញូវយ៉ក: ត្រូវដឹងថាមុននឹងឲ្យកូនតូចលេងទូរស័ព្ទគួរគិតសាឡើងវិញ។ យោងតាមសេចក្ដីណែនាំរបស់វិទ្យាស្ថានកុមារអាមេរិក (AAP) បានបង្ហាញថា កុមារអាយុក្រោម ១៨ ខែ គួរចៀសវាងអេក្រង់អេឡិចត្រូនិកគ្រប់ប្រភេទ លើកលែងតែការប្រើប្រាស់កម្មវិធីវីដេអូទំនាក់ទំនង (Video Chat)។ កុមារអាយុច្រើនជាងនេះបន្ដិច ចន្លោះពី ១៨ ទៅ ២៤ ខែ អាចឲ្យមើលអេក្រង់ ដែលឪពុកម្ដាយជ្រើសរើសចំពោះតែកម្មវិធីល្អ។
ថ្មីៗនេះ វេជ្ជបណ្ឌិតកុមារបារាំង Anne-Lise Ducanda បានពន្យល់ពីលទ្ធភាពគ្រោះថ្នាក់នៃការមើលអេក្រង់ទូរស័ព្ទ ឬថេប្ល៊ិតយូរសម្រាប់កុមារអាយុ ២ ឆ្នាំ និងក្រោមនេះ ដែលបង្កបញ្ហាមួយចំនួនទាក់ទងនឹងកត្ដាទំនាក់ទំនងផ្ទាល់ ទំនាក់ទំនងសង្គម និងការអភិវឌ្ឍខួរក្បាល។
១. អេក្រង់ទូរស័ព្ទ ឬ ថេប្ល៊ិតរារាំងកុមារពីការអភិវឌ្ឍញាណនៃការកាន់ស្ទាប។
អ្នកស្រីវេជ្ជបណ្ឌិតបានលើកឡើងថា៖ «ខួរក្បាលកុមារតូចមានការអភិវឌ្ឍបែបនេះ។ គាត់ប្រើដៃកាន់ស្ទាបវត្ថុលេង និងយល់ដឹងពីបរិស្ថានពិតដោយការប្រើដៃ។ គាត់ក៏ដឹងរសជាតិដោយការប្រើមាត់ផងដែរ»។ ខួរក្បាលកុមារមិនអាចអភិវឌ្ឍពេញលេញដោយគ្មានញាណនៃការស្ទាបកាន់នោះទេ។
២. អេក្រង់ទូរស័ព្ទ ឬ ថេប្ល៊ិតរារាំងកុមារពីការស្វែងយល់ពីបរិស្ថានពិត។
វាធ្វើឲ្យកុមាររស់នៅឯកោ។ ឧទាហរណ៍ថា បើកុមារត្រូវបានប្រគល់បាល់មួយរូបគេអាចផ្ដើមវិភាគដោយ ប្រើញាណ។
គាត់នឹងដឹងថា វាមានរាងមូល ឬពេលច្របាច់វានឹងប្ដូរជាសំប៉ែត។ ពេលគាត់ចោលបាល់ ហើយវារមៀលលើក្ដារខួរក្បាលគាត់អាចវិភាគដឹងនូវអ្វីដែលខ្លួនបានធ្វើ។ ប៉ុន្ដែបើគាត់បន្ដមើលទូរស័ព្ទ ពន្លឺ និងរូបភាពក្នុងឧបករណ៍នឹងទាក់ទាញចិត្ដគេខ្លាំង ហើយគាត់នឹងពិបាកចាប់អារម្មណ៍លើវត្ថុពិតនៅជុំវិញខ្លួន។
៣. វារំខានការអភិវឌ្ឍផ្នែកភាសា។
កុមារអាចរៀន និងស្វែងយល់ពីភាសាកាន់តែរហ័ស បើមានការប្រាស្រ័យទាក់ទងផ្ទាល់ជាមួយមនុស្ស និងមនុស្ស។ ជាក់ស្ដែងបើឪពុកនិយាយទៅកាន់កូនពេលកំពុងមើលមុខគ្នាថា «កូន! មកនេះប៉ានឹងជួយស្លៀកពាក់ឲ្យ។
យើងទៅដើរលេងជាមួយគ្នា» ហើយឪពុកក៏ត្រូវធ្វើសកម្មភាពទៅតាមសម្ដីរបស់ខ្លួន កុមារប្រាកដជាយល់នូវអ្វីដែលឪពុកបាននិយាយ។ ប៉ុន្ដែបើកូនឮប្រយោគដូចគ្នានេះក្នុងរឿងគំនូរជីវចល ហើយវាមិនបានសំដៅលើរូបគេដោយផ្ទាល់ ពាក្យពេចន៍ទាំងនោះនឹងគ្មានប្រយោជន៍អ្វីទាល់តែសោះ។
យោងតាមបទពិសោធរបស់វេជ្ជបណ្ឌិត Ducanda កុមារដែលមើលទូរស័ព្ទច្រើនពេកបង្ហាញពីសញ្ញាអវិជ្ជមានមួយចំនួន ដែលមានលក្ខណៈស្រដៀងនឹងកុមារអូទីសឹម។
អ្នកស្រីបានណែនាំឲ្យកំណត់ពេលវេលាមើលទូរស័ព្ទចំពោះកុមារ (រួមទាំងឧបករណ៍អេឡិចត្រូនិក និងឧបករណ៍ហ្គេមនានា និងការមើលទូរទស្សន៍ជាដើម) មកត្រឹមតែ ១ ម៉ោងក្នុងមួយថ្ងៃ។ ជាជម្រើស វេជ្ជបណ្ឌិតរូបនេះ ស្នើឲ្យមានការសន្ទនាបន្ថែមជាមួយកូនតូចៗ និងលេងហ្គេមផ្លាស់ប្ដូរតួសម្ដែងជាដើម៕HR