ក្រុងវ៉ាស៊ីនតោន: ការស្ទង់មតិស្ដីពីស្ថានភាពជីវិតផ្លូវភេទបានបង្ហាញកាលពីថ្ងៃសុក្រថា ពលរដ្ឋអាមេរិកដែលអត់រួមភេទក្នុង ១ ឆ្នាំចុងក្រោយនេះបានកើនឡើងខ្លាំងក្នុងឆ្នាំ ២០១៨ ហើយមនុស្សជាច្រើនដែលខ្វះសិចទាំងនោះគឺជាបុរសអាយុខ្ទង់ ២០ ឆ្នាំ។
ការវិភាគលើទិន្នន័យស្រាវជ្រាវថ្មីមួយដោយកាសែត The Washington Post បានបង្ហាញថា បញ្ហាភេទសម្ព័ន្ធស្ដ្រី ១៨ ភាគរយអាយុចន្លោះពី ១៨ ទៅ ៣០ ឆ្នាំអត់បានរួមភេទសោះក្នុងឆ្នាំ ២០១៨ ខណៈអត្រាបុរសវិញមានដល់ ២៨ ភាគរយឯណោះ។
ជាទូទៅបុរសពេញវ័យរមែងជាបុគ្គលសកម្មភាពនឹងសិចផុលផុស ឬយ៉ាងហោចណាស់ជាវ័យស្រេកឃ្លាននឹងសិចបំផុត តែព័ត៌មានថ្មីនេះបែរជាបង្ហាញលទ្ធផលគួរឲ្យភ្ញាក់ផ្អើលទៅវិញ។
លោក ឡេអូណាដ សាក ជាចិត្ដវិទូ និងវេជ្ជបណ្ឌិតប្រចាំគ្រួសារដែលថ្លែងពីស្ថានភាពទូទៅមុនពេលបញ្ចេញលទ្ធផលនៃការសិក្សាពីស្ថានភាពភេទសម្ព័ន្ធនេះថា៖ «មូលហេតុជាច្រើនទំនងកើតពីចំណូលចិត្ដលេងវីដេអូហ្គេម និងមើលវីដេអូសិចច្រើន។ យុវជនជាច្រើនបានប្រាប់ខ្ញុំថា វីដេអូហ្គេម និងកុនសិចកាន់តែមានលក្ខណៈល្អប្រសើរជាងកាលពី ២០ ឆ្នាំមុន»។
ភាពខុសគ្នាដាច់ស្រឡះគឺរវាងអាយុដោយមនុស្សស្ថិតក្នុងវ័យខ្ទង់ ៣០ ឆ្នាំមានតែ ៧ ភាគរយដែលអត់រួមភេទកាលពីឆ្នាំមុន។ តួលេខក៏បានតែធ្វើឲ្យមានការភ្ញាក់ផ្អើលចំពោះក្រុមមនុស្សវ័យខ្ទង់ ៤០ ដែលមានតែ ៩ ភាគរយនិយាយថាពួកគេអត់រួមភេទសោះក្នុងឆ្នាំ ២០១៨ ហើយអ្នកអាយុពី ៥០ ទៅ ៥៩ ឆ្នាំមាន ១៣ ភាគរយដែលរាយការណ៍អត់បានរួមភេទ។
សម្រាប់ក្រុមមនុស្សអាយុចាប់ពី ៦០ ឆ្នាំឡើងពួកគេបានរាយការណ៍ពីការអត់សកម្មភាពលើគ្រែក្នុងចំនួន ៥០ ភាគរយស្ថេរ។
ប៉ុន្ដែជាទូទៅតួលេខ ២៣ ភាគរយដែលបានកើនឡើងពី ១៩ ភាគរយលើអត្រា ២០ ឆ្នាំមុនបានបង្ហាញអំពីការរីកចម្រើនរបស់ប្រទេសជាតិ បច្ចេកវិទ្យា តែជាការថយចុះនៃកាមតម្រេករបស់ពលរដ្ឋ។
ទិន្នន័យលើទម្លាប់រួមគ្រែរបស់ពលរដ្ឋអាមេរិកត្រូវបានប្រមូលឲ្យអង្គការស្ទង់មតិសង្គមទូទៅដែលត្រូវបានធ្វើឡើងដោយអង្គការស្រាវជ្រាវ NORC នៅសកលវិទ្យាល័យឈីកាហ្គោ និងវិភាគដោយ the Post។
កាសែតដដែលនេះក៏បានចុះផ្សាយបន្ដថាការវិភាគរបស់ខ្លួនបានវាយតម្លៃដល់ទំនោរអភិវឌ្ឍន៍ក្នុងរយៈពេល ៣ ទសវត្សរ៍ដោយសម្គាល់លើអត្រាពលរដ្ឋវ័យចំណាស់ និងអត្រាកំណើនខ្ពស់ចំពោះមនុស្សនៅលីវ៕ HR