ក្រុងប៉ារីស: ក្រុម​អ្នកស្រាវជ្រាវ​បាន​ថ្លែង​កាល​ពី​ថ្ងៃ​អង្គារ​នេះ​ថា លំ​ហាត់​ប្រាណ​ស្រាលៗ​រយៈពេល​ប៉ុន្មាន​ម៉ោង​ក្នុង​មួយ​សប្ដាហ៍ ដោយ​គ្រាន់​តែ​បណ្ដើរ​សម្លាញ់​ជើង ៤ ឬ​ដើរ​ត្រុកៗ​ក្នុង​សួនច្បារ ជួយ​កាត់​បន្ថយ​អត្រា​មរណៈ​ចំពោះ​បុរស​វ័យ​ជ្រេ ទោះ​រយៈពេល​នៃ​ការ​ហាត់​ប្រាណ​នោះ​ខ្លី​ក៏ដោយ។

លទ្ធផល​នេះ ហាក់​ចម្រូង​ចម្រាស​នឹង​ការសិក្សា​មុនៗ ដែល​តម្រូវ​ឲ្យ​មនុស្ស​ចាស់​ហ្វឹក​ហាត់​ធ្ងន់ៗ​បន្តិច និង​មាន​រយៈ​វែង។ ជាក់​ស្ដែង នៅ​ចក្រភព​អង់គ្លេស មនុស្ស​ចាស់​ត្រូវ​បាន​ណែនាំ​ឲ្យ​ធ្វើ​លំ​ហាត់​ប្រាណ​ពី​ល្មមៗ ទៅ​សកម្ម​យ៉ាង​តិច ១៥០ នាទី​ក្នុង ១ សប្ដាហ៍ ដោយ​បែង​ចែក​ជា​ចំណែក​ម្ដងៗ​មិន​តិច​ជាង ១០ នាទី។

តែ​ផ្ទុយទៅវិញ​អ្នកនិពន្ធ បា​របារ៉ា ជេហ្វហ្វេរីស ជា​ជំនាញ​រោគ​រាត​ត្បាត នៅ​សាកល​វិទ្យាល័យ​ក្រុង​ឡុងដ៍ បាន​ប្រាប់ AFP ថា៖ «គោល​ការណ៍​ណែនាំ​លើ​បញ្ហា​សុខភាព​រាង​កាយ​នៅ​ចក្រភព​អង់គ្លេស និង​សហរដ្ឋ​អាមេរិក មិនបាន​បង្ហាញ​ពី​អត្ថ​ប្រយោជន៍​នៃ​ការ​ហាត់​ប្រាណ​លំៗ​នោះ​ទេ។ ពេល​គោល​ការណ៍​ណែនាំ​ទាំង​នោះ​ត្រូវបាន​សរសេរ​ចង​ក្រង វា​នៅ​មិន​ទាន់​មាន​ភ័ស្ដុតាង​គ្រប់គ្រាន់​នឹង​ធ្វើ​ការ​ណែនាំ​ផ្សព្វផ្សាយ​ឡើយ»។

ការសិក្សា ដែល​តាមដាន​លើ​បុរស ១២០០ នាក់ ដោយ​គ្មាន​ជំងឺ​បេះដូង​នៅ​អាយុ ៧០ ស្ដើង និង ៨០ ក្រាស់ បាន​បង្ហាញ​ថា គោល​ការណ៍​នេះ​គួរតែ​ត្រូវ​កែប្រែ។

លទ្ធផល​បាន​បង្ហាញ​ថា រាល់​សកម្មភាព​ទាំង​អស់ មិន​ថា​លំៗ​នោះ​ទេ សុទ្ធ​តែ​មាន​អត្ថ​ប្រយោជន៍។ មនុស្ស​ចាស់​គួរ​ធ្វើ​លំហាត់​ប្រាណ​ទោះ​អត់​ចេញ​បែក​ញើស​ក៏មាន​ប្រយោជន៍​ចំពោះ​សុខភាព​ដែរ៕