ក្រុងវែលីងតោន៖ ការផ្សព្វផ្សាយរបស់រដ្ឋាភិបាលនូវែសេឡង់ដែលបង្ហាញពីតារាសិច ២ នាក់ នៅផ្ទះក្មេងប្រុសម្នាក់បានជួយឲ្យយុទ្ធនាការសុវត្ថិភាពតាមអនឡាញថ្មីមានការចាប់អារម្មណ៍ខ្លាំង។
វីដេអូ «Keep It Real Online» បានបង្ហាញពីតួកុនសិចអាក្រាត ២ នាក់ ត្រូវបានទទួលដោយអ្នកម្ដាយក្មេងប្រុសនោះមុនពេលកុមាររូបនេះដើរចេញមកជួបអ្នកទាំង ២ ក្នុងសភាពភាំងស្មារតី ខណៈដៃម្ខាងកាន់កុំព្យូទ័រយួរដៃជាប់។
ស្ដ្រីអ្នកនាំពាក្យឲ្យរដ្ឋាភិបាលនូវែលសេឡង់បាននិយាយថា វីដេអូផ្សព្វផ្សាយនេះគឺជាផ្នែកមួយនៃយុទ្ធនាការដើម្បីជួយឪពុកម្ដាយដោះស្រាយបញ្ហាប្រឈមលើអនឡាញ រួមទាំងការលួងលោមក្មេង ដើម្បីសិចតាមអនឡាញ ការប្រមាថមាក់ងាយ និងរូបភាពអាសអាភាស។
វីដេអូនោះមានអ្នកចូលទស្សនារាប់លានដងតាំងពីបើកយុទ្ធនាការប្រមាណ ១០ ថ្ងៃមុន។
ស្ដ្រីអ្នកនាំពាក្យរូបនេះ បាននិយាយថា៖ «ការប្រតិកម្មចំពោះយុទ្ធនាការមានចំនួនច្រើនលើសលប់។ ១ សប្ដាហ៍កន្លះដំបូងនៃយុទ្ធនាការ វីដេអូផ្សព្វផ្សាយនេះត្រូវបានគេចូលទស្សនាសរុប ១១ លានដង»។
យុទ្ធនាការផ្សព្វផ្សាយចំណេះដឹងអំពីរូបភាពអាក្រាតមានអ្នកចូលទស្សនាជាង ២,៥ លានដងលើយូធូប គិតត្រឹមថ្ងៃទី ២៥ ខែមិថុនា។
ស្ដ្រីអ្នកនាំពាក្យបានបន្ដថា៖ «ក្នុងករណីការផ្សព្វផ្សាយអាសអាភាស វាបានទាក់ទាញចំណាប់អារម្មណ៍ចំពោះរឿងរ៉ាវសង្គមពិតថា ក្មេងៗជាច្រើនរៀនប្រព្រឹត្ដិផ្លូវភេទតាមភាពយន្ដសិច។ វាអាចធ្វើឲ្យប៉ះពាល់ដល់កុមារ និងបញ្ជូនសារមិនល្អអំពីអត្ថន័យ រូបភាពអាក្រាត និងសិចចំពោះក្មេងៗ»។
យុទ្ធនាការនេះគ្រោងនឹងបន្ដរហូតដល់ដំណាច់ខែកក្កដា៕ AFP/HR