ក្រុង​ញូវយ៉ក: ចំណងស្នេហា​អាចធ្វើ​ឲ្យ​ពិភពលោក​កាន់តែ​ស្រស់ថ្លា តែ​វា​ក៏​ជួយ​លើក​ស្ទួយ​សុខភាព​រាង​កាយ​ចាប់​ពី​សម្ពាធ​ឈាម កម្រិត​អាច​ទ្រាំទ្រ​នឹង​ការ​ឈឺ​ចាប់ ព្រមទាំង​ប្រតិកម្ម​អាល្លែក​ហ្ស៊ី​ផង​ដែរ។

ក្ដី​ស្រឡាញ់​ជា​លទ្ធផល​នៃ​សកម្មភាព​ក្នុង​បណ្ដុំ​តំបន់​ទាំង ១២ នៃ​ខួរ​ក្បាល។ នេះ​បើ​យោង​តាម​ក្រុម​អ្នក​ស្រាវ​ជ្រាវ​មក​ពី​សាកល​វិទ្យាល័យ​វើជីនៀ​ខាង​លិច រដ្ឋ​កាលីហ្វ័រ​នីញ៉ា។

សាស្ដ្រាចារ្យ សឺ ការី ខូ​ពើរ ជា​អ្នកឯកទេស​ខាង​ចិ​ត្ដ​វិទ្យា​មកពី​សាកល​វិទ្យាល័យ​មេនឆេស្ទ័រ បាន​និយាយ​ថា៖ «ព្រឹត្ដិការណ៍​ដ៏​មាន​តម្លៃ​ចំពោះ​ឆាក​ជីវិត ដូចជា ក្ដី​ស្រឡាញ់​នរណា​អស់​ពី​ចិត្ដ​ថ្លើម ជះ​ឥទ្ធិពល​ខ្លាំង​លើ​សរីរ​សាស្ដ្រ ព្រមទាំង​ផ្លូវ​ចិត្ដ។ ប្រព័ន្ធ​ស៊ាំ​ជំងឺ អ័រម៉ូន និង​កត្ដា​ជា​ច្រើន​ទៀត​ក៏​សុទ្ធ​តែ​ពាក់​ព័ន្ធ»។

ស្នេហា​អាច​បង្កើន​លទ្ធភាព​បំបាត់​ការឈឺចាប់​ថែមទៀត។ គ្រាន់តែ​គន់​មនុស្ស​ជាទី​ស្រឡាញ់​អាច​ជួយ​បន្ថយ​ការ​ផលិត​អ័រម៉ូន ដូផាមីន ដែល​ជំរុញ​ការ​បញ្ចេញ​អានុភាព​ឱសថ​បំបាត់​ការ​ឈឺចាប់​តាម​ធម្មជាតិ។

បើ​ឈានដល់​ដំណាក់កាល​ឱបថើប​ទៀត វា​កាន់តែ​ទទួល​ប្រយោជន៍​ជាច្រើន។ ការសិក្សា​មួយ​ចុះ​ផ្សាយ​ក្នុង​ព្រឹត្ដិបត្រ​ស្រាវជ្រាវ​ចិត្ដ និង​កាយ បាន​រក​ឃើញ​ថា ការ​ឱបថើប​កាត់​បន្ថយ​ការ​ផលិត​អ័រម៉ូន ហ៊ីស្ដាមីន ជា​សមាស​ធាតុ​បង្ក​អាល្លែកហ្ស៊ី។ គូស្នេហ៍​ដែល​ឱប​ថើប​គ្នា​ញឹក​ញយ​ក៏មាន​កម្រិត​កូលេស្ដេរ៉ូល​ទាប​ផង​ដែរ។

ការសិក្សា​ពីសា​កល​វិទ្យាល័យ​កាលីហ្វ័រ​នីញ៉ា ក៏បាន​បង្ហាញ​ផងដែរ​ថា អ្នក​ដែល​ឱបថើប​គ្នា​ជាប្រចាំ​ក៏​មិន​ងាយ​ជួប​នឹង​ជំងឺ​ធ្លាក់​ទឹក​ចិត្ដ ឬ​អារម្មណ៍​ក្រេវ​ក្រោធ​ដែរ៕HR