ភ្នំពេញៈ ល្បីល្បាញ​ពី​រូបភាព​ក្រុម​បុរស​សាច់ដុំ​សម្ញែង​សាច់​ទាំង​ផ្ទាំង​តាម​បណ្ដាញ​សង្គម​នោះ ហាង Paradise massage ជា​កន្លែង​ម៉ាស្សា​សម្រាប់​បុរស ផ្ដល់​សេវា​ដោយ​បុគ្គលិក​ប្រុសៗ​រូបរាង​សង្ហា​មាន​ជំនាញ និង​វិជ្ជាជីវៈ​ច្បាស់លាស់​។

អ្នកគ្រប់គ្រង Paradise massage លោក ឆេង វាសនា បាន​ប្រាប់​ឲ្យ​ភ្នំពេញ ប៉ុស្តិ៍ ដឹង​ថា​៖ «Logo ផ្សព្វផ្សាយ​ដែល​ក្រុម​ការងារ​ខ្ញុំ​ថត​ស្លៀកខោ​ទ្រនាប់​ហ្នឹង​គ្រាន់​តែ​ជា​ស្ទីល ឬ​ប៊េនន័រ​សម្រាប់​ទាក់ទាញ​ភ្ញៀវ​ទេ​។ ចំណែកឯ​ការ​ម៉ាស្សា​គឺ​បុគ្គលិក​របស់​យើង​មាន​ឯកសណ្ឋាន​ត្រឹមត្រូវ​មាន​ខោចែវ និង​អាវ​វាល​ក្លៀក​។ អ៊ីចឹង​កុំ​យល់ច្រឡំ​បង​»​។

យ៉ាងណា​មិញ​កន្លែង​ម៉ាស្សា​មាន​ចំនួន ៦ បន្ទប់ និង​មាន​បុគ្គលិក ១៥ នាក់​ជា​ប្រុស​នេះ​ក៏​មិន​ទទួល​ភ្ញៀវ​នារី​ដែរ​ដោយ​លោក ឆេង វាសនា លើក​ហេតុផល​ថា​៖ «​ដោយសារ​តែ​បុគ្គលិក​សុទ្ធតែ​ជា​បុរស ដូចនេះ​ខ្លាច​មាន​បញ្ហា​អ្វី​។ អ៊ីចឹង​ការពារ​វា​មុន​»​។

អ្នកគ្រប់គ្រង​វ័យ ២៦ ​ឆ្នាំ​ធ្លាប់​បាន​បម្រើ​សេវា​ភ្ញៀវ​នៅ​សណ្ឋាគារ​មួយ ឯ​ក្រុង​បាត់ដំបង​ជាទី​ដែល​លោក​បាន​ក្រេបជញ្ជក់​ចំណេះដឹង​ម៉ាស្សា​ពី​អ្នក​ជំនាញ​មកពី​ប្រទេស​ថៃ​មុន​នឹង​មក​រាជធានី​ភ្នំពេញ​ដាក់​ពាក្យ​ធ្វើការ​នៅ Paradise Massage​។

ហាង​ម៉ាស្សា​បុរស​នេះ​ត្រូវ​បាន​បង្កើតឡើង​ឲ្យ​ខុសប្លែក​ពី​កន្លែង​ម៉ាស្សា​ដទៃទៀត​ដែល​មាន​បុគ្គលិក​ភាគច្រើន​ជា​នារី ដើម្បី​ផ្ដល់​ឱកាស​ការងារ​ប្រាក់ខែ​សមរម្យ​ដល់​បុគ្គលិក​ប្រុសៗ​មកពី​ខេត្ត និង​ជនបទ​។

បុគ្គលិក​ពាក់អាវ​កាក់ ស្លៀក​ខោចែវ និង​ចងក្រមា​។ រូបថត Yousos Apdoulrashim

ស្ថិត​នៅក្នុង​ចំណោម​បុគ្គលិក​សាច់ដុំ​ស្លៀក​ខោចែវ លោក ចាន់ សាយ អាយុ ២៨ ឆ្នាំ បាន​ប្រាប់ ភ្នំពេញ ប៉ុស្ដិ៍​ថា​៖ «​កាល​មុន​ខ្ញុំ​ធ្វើ​សំណង់ និង​ធ្វើស្រែ​នៅ​ស្រុក​កំណើត​ត្បួងឃ្មុំ ហើយ​ឃើញ​កន្លែង​ម៉ាស្សា​ហ្នឹង​បង្ហោះ​រើស​បុគ្គលិក អត់​ចេះ​ក៏​គេ​យក​ដែរ អ៊ីចឹង​បាន​ខ្ញុំ​សម្រេច​មក​ធ្វើការ​នៅ​ហ្នឹង​»​។

លោក​រៀបរាប់​ឲ្យ​ដឹង​ទៀត​ថា​៖ «​ពេល​មក​ធ្វើការ​នៅ​ទី​នេះ​ជីវិត​ខ្ញុំ​ផ្លាស់ប្តូរ​ច្រើន​ចេះ​ពី​របៀប​ម៉ាស្សា​ពី​ធ្វើការ​ធ្ងន់​មក​ធ្វើការ​ស្រាល ហើយ​ផ្លាស់ប្តូរ​ទម្លាប់​អាក្រក់​មក​ល្អ​។ ខ្ញុំ​អាច​រៀន​ភាសា​អង់គ្លេស​បាន​ទៀត​ពី​ភ្ញៀវ​បរទេស និង​ទទួល​បាន​ប្រាក់​ចំណូល​គួរសម​។ ខ្ញុំ​សប្បាយចិត្ត​ណាស់ ព្រោះ​នៅ​ទី​នេះ​យើង​មាន​ចំណង​មិត្តភាព​ល្អ ជួយ​គ្នា​ទៅវិញ​ទៅមក​ដូច​គ្រួសារ​តែ​មួយ​អ៊ីចឹង​បង​»​។

ហាង​ម៉ាស្សា​ដែល​ទទួល​អាជ្ញាប័ណ្ណ​ឲ្យ​បើក​ដំណើរការ​ពី​ក្រសួង​ពាណិជ្ជកម្ម​ស្របច្បាប់​នេះ​មាន​ការតុបតែង​មាន​ប្រកប​ដោយ​ផាសុកភាព បំពាក់​ម៉ាស៊ីនត្រជាក់ គ្រឿង​ក្រអូប​បែប​បុរាណ​ខ្មែរ និង​ផ្លែឈើ ដើម្បី​ឲ្យ​មាន​ក្លិន​បរិយាកាស​បែប​ធម្មជាតិ​។

ទន្ទឹម​នឹង​បុគ្គលិក​មាន​ជំនាញ​ម៉ាស្សា​ច្រើន​ក្បាច់ និង​ច្រើន​ប្រភេទ ផលិតផល ដែល​ប្រើប្រាស់​ត្រូវ​បាន​នាំចូល​ពី​ប្រទេស​ថៃ​ដោយ​មាន​ឈ្មោះ និង​ការផលិត​ត្រឹមត្រូវ​។

ក្នុង​​ ១ ​ថ្ងៃ Paradises massage ទទួល​បាន​ភ្ញៀវ​ចន្លោះ​ពី ១៥ ទៅ ២០ នាក់​ដោយ​ក្នុង​នោះ​ភ្ញៀវ​បរទេស​មាន​ប្រមាណ​ ៦០ ​ភាគរយ​អាយុ​ចាប់ពី ៣០ ឆ្នាំ​ឡើង​ទៅ និង​ភ្ញៀវ​ខ្មែរ​ភាគច្រើន​ជា​យុវវ័យ​។

សេវាកម្ម​ម៉ាស្សា​រួម​មាន ម៉ាស្សា​ប្រេង តម្លៃ ១៨ ដុល្លារ​ក្នុង​ ១ ​ម៉ោង ម៉ាស្សា​ខ្មែរ ឬ​ថៃ តម្លៃ ១៥ ​ដុល្លារ​ក្នុង​ ១ ​ម៉ោង ម៉ាស្សា​ជើង​តម្លៃ ១២ ​ដុល្លារ​ក្នុង​ ១ ​ម៉ោង ម៉ាស្សា​ស្ក្រាប់ (Scrub) តម្លៃ​ ២៥ ​ដុល្លារ​ក្នុង​ ១ ​ម៉ោង និង​ម៉ាស្សា​អារ៉ូម៉ា (Aroma) តម្លៃ ៣៥ ដុល្លារ​ក្នុង​ ១ ​ម៉ោង​។

ហាង Paradise massage ស្ថិត​នៅ​ផ្លូវ​លេខ ១៥ កែង​ផ្លូវ ១៤៤ ក្បែរ​ផ្សារកណ្តាល​ទាក់ទង​តាម​ទូរស័ព្ទ​លេខ ០១០ ៩៤៩១១៤ និង ០៨៦ ២៨០១៧២ និង​ទំព័រ​ហ្វេសប៊ុក Paradise Massage៕

វីដេអូ៖