ភ្នំពេញ: រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​បញ្ហា​ជំងឺ​ផ្លូវចិត្ត​បាន​ក្លាយ​ជា​ប្រធានបទ ដែល​ត្រូវ​បាន​យក​មក​ជជែក​ពិភាក្សា​ពេញ​បណ្ដាញ​សង្គម ក្រោយពី​មាន​ករណី​យុវជន​មួយ​ចំនួន​តូច​បាន​កើត​ជំងឺ​ផ្លូវចិត្ត​រហូត​ឈាន​ដល់​ការធ្វើ​អត្តឃាត​។

បើ​យោង​តាម​របាយការណ៍​របស់​អង្គការ​ចិត្ត​សង្គម​អន្តរវប្បធម៌​កម្ពុជា (TPO) បាន​បង្ហាញ​ថា ក្នុង​មួយឆ្នាំៗ​អង្គការ​បាន​ព្យាបាល​អ្នកជំងឺ​ផ្លូវ​ចិត្ត​បាន​ប្រហែល ១០ ០០០ នាក់​ទាំង​អ្នក​ជំងឺ​ទទួល​សេវា​ផ្ទាល់ និង​អ្នក​ទទួល​សេវា​ដោយ​ប្រយោល​។

អ្នក​ដែល​ទទួល​សេវា​ផ្ទាល់​គឺ​អ្នក​មក​ទទួល​ការប្រឹក្សា​នៅ​កន្លែង​ផ្ទាល់ និង​ទទួល​ព្យាបាល​។ ការព្យាបាល​ដោយ​ប្រយោល​គឺ​រួមមាន​តាមរយៈ​គ្រួសារ​មិត្តភក្តិ​ដែល​អង្គការ​នេះ​បាន​បង្រៀន​បណ្តុះបណ្តាល ហើយ​ពួកគាត់​បាន​អប់រំ និង​ផ្សព្វផ្សាយ​ទៅ​កាន់​អ្នកដទៃ​បន្ត​ទៀត​។

ក្នុង​ដំណើរការ​ជាង ២ ​ទសវត្សរ៍​មក​នេះ​អង្គការ TPO ព្យាបាល​ប្រជាជន​កម្ពុជា​បាន​ប្រហែល ២៤ ​ម៉ឺន​នាក់​។

បើ​យោង​តាម​សិក្សា​ស្រាវជ្រាវ​បាន​បង្ហាញ​ថា ជំងឺ​ផ្លូវចិត្ត​មាន​ច្រើន​ប្រភេទ​ដូចជា​ជំងឺ​បាក់​ទឹកចិត្ត ជំងឺ​ខ្លាច​ទីប្រជុំ ជំងឺ​វិកលចរិត ជំងឺ​បាក់ស្បាត និង​ជំងឺ​ជាច្រើន​ទៀត​។

ការបណ្ដុះបណ្ដាល​ជួយ​ព្យាបាល​ផ្លូវចិត្ត​ដោយ​ប្រយោល​។ រូបថត TPO Cambodia

លោក​វេជ្ជបណ្ឌិត​ឯកទេស​ជំងឺ​ផ្លូវចិត្ត ឈឹម សុធារ៉ា និង​ជា​នាយកប្រតិបត្តិ​អង្គការ TPO បាន​ប្រាប់​ឲ្យ ភ្នំពេញ​ប៉ុស្តិ៍ ដឹង​ថា​៖ «​ពី​ដើម​ឡើយ​ដោយសារ​តែ​យើង​មាន​សេវា​តិច យើង​មិន​ដឹង​ថា​ជំងឺ​ផ្លូវចិត្ត​ហ្នឹង​មាន ឬ​ក៏​អត់​ទេ​? ហើយ​ដល់​ពេល​ដែល​យើង​បង្កើត​សេវា​ហ្នឹង​ច្រើន ទើប​យើង​ដឹង​ជំងឺ​ហ្នឹង​កើតមាន​ឡើង​ច្រើន​ក្នុង​សង្គម​កម្ពុជា​គឺ​ដោយសារ​តែ​ប្រជាពលរដ្ឋ​មក​ជួប​យើង និង​ទទួល​ការព្យាបាល​»​។

ទន្ទឹម​នឹង​នេះ​លោក​វេជ្ជបណ្ឌិត​បាន​រំឭក​ថា​កាលពី​មុន​ប្រជាជន​ខ្មែរ​និយម​ហៅ​ជំងឺ​ផ្លូវចិត្ត​ថា​ជា​ជំងឺឆ្កួត ហើយ​ហៅ​អ្នក​ជំងឺ​ថា មនុស្ស​ឆ្កួត និង​ហៅ​ក្រុមគ្រូពេទ្យ​ថា ជា​ពេទ្យ​ឆ្កួត​។ កត្តា​ទាំង​នេះ​ហើយ​ដែល​ជា​ស្លាកស្នាម​ធ្វើឲ្យ​អ្នកជំងឺ​កាលពី​មុន​មិន​ហ៊ាន​មក​ជួប​គ្រូពេទ្យ​ដើម្បី​ទទួល​ការព្យាបាល​។

ប៉ុន្តែ​បច្ចុប្បន្ន​នេះ​ដោយសារ​តែ​មាន​ការយល់​ដឹង​ច្រើន​ពី​បញ្ហា​ជំងឺ​ផ្លូវចិត្ត ដូចនេះ​ការនិយាយ​ពី​បញ្ហា​ជំងឺ​ផ្លូវចិត្ត​មិន​សូវ​មាន​ការពិបាក​ដូច​មុន​នោះ​ឡើយ​។ លោក​យល់​ថា​អ្នកមាន​ជំងឺ​ផ្លូវចិត្ត​ហ៊ាន​បើក​ចិត្ត​ទូលាយ និង​ព្យាយាម​ស្វែងរក​ការព្យាបាល​។

មនុស្ស​ម្នាក់ៗ​អាច​កើត​មាន​ជំងឺ​ផ្លូវចិត្ត​ដោយសារ​កត្តា ៣ ធំៗ​រួមមាន​៖

ទី​១ កត្តា​ជីវសាស្ត្រ (​ខួរក្បាល​) គឺ​អតុល្យភាព​នៃ​ជាតិគីមី​នៅក្នុង​ខួរក្បាល​។ ឧទាហរណ៍​ដូច​ជំងឺ​ធ្លាក់​​ទឹកចិត្ត​មាន​សារធាតុ​គីមី​អរម៉ូន​មួយ​ឈ្មោះ​សេរ៉ូតូនីម​។ កាលណា​ថយ​ចុះ វា​នឹង​ធ្វើឲ្យ​អារម្មណ៍​ប្រែប្រួល​មនុស្ស​ផ្លាស់​មក​ក្រៀមក្រំ​គិត​អ្វី​ពិបាក​។

ទី២ កត្តា​ចិត្តសាស្ត្រ​គឺ​សំដៅ​ទៅ​លើ​ខ្លួនឯង​យល់​ដឹង​អំពី​ហេតុការណ៍​កើតឡើង​មក​លើ​ខ្លួនឯង​។ ឧទាហរណ៍ បើ​យើង​ជា​មនុស្ស​ទុទ្ទិដ្ឋិនិយម​គឺ​ចូលចិត្ត​គិត​អាក្រក់​លើ​គេ លើ​ខ្លួនឯង និង​ធ្វើឲ្យ​មនុស្ស​នោះ​ងាយ​នឹង​មាន​ជំងឺ​ផ្លូវចិត្ត ដែល​ខុសប្លែក​ពី​អ្នក​ដែល​គិត​ល្អៗ ឬ​សាទរ​ចំពោះ​អ្នក​ដទៃ បុគ្គល​នោះ​នឹង​មិន​សូវ​មាន​កើត​ជំងឺ​ផ្លូវចិត្ត​នោះ​ឡើយ​។

ទី​៣ គឺ​កត្តា​សង្គម​រួមមាន​ការស្រឡាញ់​កូន​មិន​ស្មើ​គ្នា អំពើ​ហិង្សា​ក្នុង​គ្រួសារ បែកបាក់​ស្នេហា បាត់បង់​ការងារ និង​ជម្លោះ​សង្គ្រាម​ជំនួញ​។ កត្តា​ទាំងអស់​នឹងធ្វើ​ឲ្យ​មនុស្ស​មាន​បញ្ហា​ជំងឺ​ផ្លូវចិត្ត​។

លោក​វេជ្ជបណ្ឌិត ឈឹម សុធារ៉ា បាន​បញ្ជាក់​ថា​៖ «​សង្គម​កាន់តែ​រីកចម្រើន កាន់តែ​ប្រកួតប្រជែង​មនុស្ស​កាន់តែ​រត់​ទៅ​តាម​សង្គម​។ អ៊ីចឹង​ការរត់​ទៅ​តាម​សង្គម​ហួស​ពី​សមត្ថភាព​ហ្នឹង​ហើយ​អាច​ធ្វើឲ្យ​មនុស្ស​មាន​បញ្ហា​ផ្លូវចិត្ត ឬ​ជំងឺ​ផ្លូវចិត្ត​ច្រើន​ឡើង​​នាពេល​អនាគត​»​។

បើ​តាម​ការស្រាវជ្រាវ​កាលពី​ឆ្នាំ ២០១០ របស់​អង្គការ​សុខភាព​ពិភពលោក ធនាគារពិភពលោក និង​សាកលវិទ្យាល័យ​ហាវើត​បាន​បង្ហាញ​ថា​នៅ​ឆ្នាំ​ ២០២០ ខាង​មុខ​នេះ​អត្រា​ស្លាប់​ដោយសារ​ជំងឺ​ផ្លូវចិត្ត​គឺ​ស្ថិត​នៅ​ក្នុង​កម្រិត​ទី ២ បន្ទាប់ពី​ជំងឺ​សម្ពាធ​ឈាម និង​បេះដូង ខណៈ​ដែល​អត្រា​ស្លាប់​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ឈរ​នៅ​លេខ​រៀង​ទី ៣៕