ក្រុងហ្សឺណែវ: គេង​យោល​មិន​ត្រឹម​តែ​មាន​ប្រសិទ្ធភាព​ចំពោះ​ទារក​នោះ​ទេ​។ មនុស្ស​ធំ​ដែល​ព្យាយាម​ដេក​ស្កប់​អាច​សាកល្បង​ចំណាយ​ប្រាក់​ទិញ​អង្រឹង​មួយ​ដើម្បី​ជា​ប្រយោជន៍​ចំពោះ​ដំណេក​ដូច​កូនក្មេង​។

ក្រុម​អ្នកវិទ្យាសាស្ដ្រ​បាន​រកឃើញ​ថា​អ្នក​ដែល​គេង​យោល​ចុះ​ឡើងៗ​ឆាប់​លង់លក់ និង​ទទួល​បាន​នូវ​ដំណេក​ស្កប់ស្កល់​ជាង​។ លើស​ពី​នេះ​ដំណេក​របស់​ពួកគេ​ក៏​ជួយ​បង្កើន​ការចងចាំ​បាន​ល្អ​នៅ​ថ្ងៃ​បន្ទាប់​ផង​ដែរ​។

ក្រុម​អ្នកស្រាវជ្រាវ​ដឹកនាំ​ដោយ​សាកលវិទ្យាល័យ​ក្រុង​ហ្សឺណែវ​បាន​ស្នើសុំ​មនុស្ស​ពេញវ័យ​ ១៨ ​នាក់​ចំណាយ​ពេល​ ១ ​រាត្រី​ឲ្យ​សាក​ដំណេក​លើ​គ្រែ​ធម្មតា និង​ ១ ​ក្រុម​ទៀត​គេង​យោលអង្រឹង​ចុះ​ឡើងៗ​។

ពេល​ស្ថិត​ក្នុង​ដំណេក​យោល​ចុះ​ឡើងៗ​ពួកគេ​បាន​ដេក​លង់លក់​លឿន​ជាង ៦ នាទី និង​មិន​សូវ​ជា​ភ្ញាក់​កណ្ដាល​អធ្រាត្រ​ផង​ដែរ​។ ការសិក្សា​ទ្រង់ទ្រាយ​តូច​នេះ​បាន​រកឃើញ​ថា អ្នក​គេង​យោល​តិចៗ​មាន​អារម្មណ៍​ជ្រះថ្លា​ពេល​បំពេញ​ការងារ​ប្រចាំថ្ងៃ និង​ការសិក្សា​នៅ​ព្រឹក​ថ្ងៃ​បន្ទាប់ ខណៈ​ដំណេក​មាន​តួនាទី​សំខាន់​ក្នុង​ការរក្សា​ព័ត៌មាន​ក្នុង​ខួរក្បាល​៕ HR