ក្រុងវ៉ាស៊ីងតោន: អ្នក​ម្ដាយ ដែល​ទទួលទាន​ច្រើន​អំឡុងពេល​បំបៅកូន​ដោយ​ទឹក​ដោះ អាច​ធ្វើ​ឲ្យ​ទារក​ប្រឈម​នឹង​ការ​ធាត់​ឡើង​ទម្ងន់​ជ្រុល និង​ឆាប់​ពេញ​វ័យ មុន​កាល​កំណត់។

បញ្ហា​ឆាប់​ពេញវ័យ អាច​បង្ក​ជា​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែម ឬ​បញ្ហា​ការ​បន្ដ​ពូជ​ក្នុង​គ្រា​នៃ​ជីវិត។ នេះ​បើ​យោង​តាម​ឯកសារ​ដែល​ធ្វើ​បទ​បង្ហាញ​នៅ​កិច្ច​ប្រជុំ​ប្រចាំ​ឆ្នាំ​លើក​ទី ១០០ របស់ Endocrine Society ក្នុង​ក្រុង​ឈីកាហ្គោ។

លោក វ៉ាង ម៉េង​ជី អ្នកដឹកនាំ​ការស្រាវជ្រាវ​បាន​ប្រាប់ Xinhua ថា៖ «យើង​បាន​ផ្ដល់​របប​អាហារ​ខ្លាញ់​ច្រើន​ដល់​កណ្ដុរ​ចាប់​ពី​ពេល​វា​ផ្ដល់​កំណើត​កូន និង​ចាប់​ផ្ដើម​បំបៅ​ដោះ​កូន​រហូត​ដល់​ពួកវា​ផ្ដាច់​ដោះ។ វា​មាន​ពេល​វេលា​យ៉ាង​តិច ២១ ថ្ងៃ។ ការ​សិក្សា​ក្រុម​ទី ២ មេ​កណ្ដុរ​ត្រូវបាន​ផ្ដល់​របប​អាហារ​ធម្មតា​ក្នុង​បរិមាណ​ប៉ុន​គ្នា»។

លោក វ៉ា ជា​ជំនួយការ​សាស្ដ្រាចារ្យ​សាកល​វិទ្យាល័យ​តូឡេដូ នៃ​មហា​វិទ្យាល័យ​វេជ្ជសាស្ដ្រ និង​វិទ្យាសាស្ដ្រ​ជីវិត​រដ្ឋ​អូហាយ៉ូ ឲ្យ​ដឹង​ថា៖ «លទ្ធផល​ទាំង​នេះ បាន​បង្ហាញ​ថា ដំណាក់​កាល​បំបៅ​ដោះ​កូន​ពិត​ជា​សំខាន់​ដែល​មាន​ឥទ្ធិពល​លើ​ការ​ពេញ​វ័យ​ក្រមុំ»។

លោក​បាន​សម្គាល់ថា នៅ​ទូទាំង​ពិភពលោក ការ​ពេញវ័យ ចាប់​ផ្ដើម​ឆាប់​រហ័ស​ជាង​សម័យ​មុន។

លោក វ៉ាង បាន​បន្ដ​ថា៖ «ការ​បំបៅ​ទឹក​ដោះគោ​ទាក់ទង​នឹង​កំណើន​ហានិភ័យ​ធាត់​លើស​ទម្ងន់​ចំពោះ​កុមារ។ លទ្ធផល​ទាំង​នេះ យ៉ាង​ណា​មិញ ពេល​ម្ដាយ​បំបៅ​ដោះ​កូន មិន​ទទួល​ទាន​អាហារ​សមល្មម និង​ប្រកប​ដោយ​សុខភាព វា​អាច​បង្កើន​ហានិភ័យ សុខភាព​ផ្សេងៗ​ចំពោះ​កូន»៕HR